"ជម្លោះ​កម្ពុជា​មិន​អាច​ដោះស្រាយ​បានទេ​បើ​បក្ស​​ទាំង​ពីរ​ពឹង​​មហា​អំណាច​រៀងៗ​ខ្លួន"

ដោយ ទីន ហ្សាការីយ៉ា
2017-12-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ (ឆ្វេង) លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ថ្លែង​ទៅ​កាន់​អ្នកកាសែត​នៅ​វិមាន​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី៩ ខែ​មេសា ឆ្នាំ​២០១៥។ RFA/Tin Zakariya
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ (ឆ្វេង) លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ថ្លែង​ទៅ​កាន់​អ្នកកាសែត​នៅ​វិមាន​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី៩ ខែ​មេសា ឆ្នាំ​២០១៥។ RFA/Tin Zakariya
RFA/Tin Zakariya

រដ្ឋាភិបាល​កម្ពុជា​កំពុង​ត្រូវ​បាន​ប្រទេស​លោក​សេរី​ខាងលិច និង​កុម្មុយនិស្ត​ចិន ប្រទាញប្រទង់​ដណ្ដើម​គ្នា ដើម្បី​ធ្វើជា​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន។ ខណៈ​អាមេរិក​ចង់​បាន​កម្ពុជា​ដើម្បី​ពង្រឹង​ឥទ្ធិពល​នៅ​អាស៊ីអាគ្នេយ៍ ហើយ​មេដឹកនាំ​កម្ពុជា​កំពុង​ងាក​ទៅ​រក​កុម្មុយនិស្ត​ចិន​ដោយសារតែ​ជំនួយ​គ្មាន​ចំណង។

អ្នក​ជំនាញ​កិច្ចការ​បរទេស​ព្រមាន​ថា បើសិនជា​រដ្ឋាភិបាល​សម្រេច​ងាក​ទៅ​ចាប់​មហា​យក្ស​ចិន​ទាំងស្រុង​នោះ កម្ពុជា​នឹង​មាន​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ ហើយ​ចលនា​បះបោរ​ប្រឆាំង​រដ្ឋាភិបាល ពី​ម្ចាស់​ឆ្នោត ក៏​នឹង​អាច​កើតមានឡើង​ជាមិនខាន។

អ្នក​ជំនាញ​ខាង​កិច្ចការ​បរទេស​លើក​ឡើង​ថា ជម្លោះ​នយោបាយ​នៅ​កម្ពុជា មិន​អាច​ដោះស្រាយ​បញ្ចប់​បានទេ បើសិនជា​មេដឹកនាំ​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង ពឹង​ផ្អែកលើ​ប្រទេស​មហាអំណាច​លោក​ខាង​លិច និង​មហាអំណាច​កុម្មុយនិស្ត​ចិន​នោះ លុះ​ណា​មេដឹកនាំ​ទាំង​ពីរ​ងាក​មក​រក​តុ​ចរចា​រវាង​ខ្មែរ នឹង​ខ្មែរ។

អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​អាយស៊ីស ( ISEAS-Yusof Ishak Institute) លោក ឈាង វណ្ណារិទ្ធិ និង​ជា​អ្នក​ជំនាញ​ខាង​កិច្ចការ​បរទេស មានប្រសាសន៍ថា ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​មាន​ភូមា និង​ថៃ ក៏​ជា​ប្រទេស​ដែល​មិន​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​មិន​ច្បាស់លាស់​ដែរ​កន្លងមក ក៏​ប៉ុន្តែ​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​មិន​មាន​ប្រតិកម្ម​នឹង​ការប្រកាស​ដាក់ទណ្ឌកម្ម​ខ្លាំងក្លា​ដូច​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ទេ។ លោក​បញ្ជាក់​ថា ការ​ប្រកាស​របស់​អាមេរិក និង​សហគមន៍​អាមេរិក ពី​ការ​ដាក់​ទណ្ឌកម្ម​បិទ​វីសា និង​ការប្រកាស​របស់​សភា​សហភាព​អឺរ៉ុប​បញ្ឈប់​អនុគ្រោះ​ពន្ធ​មក​កាន់​ទីផ្សារ​អឺរ៉ុប​ទាំង ២៧​ប្រទេស និង​អាមេរិក​នោះ ក៏​ព្រោះតែ​ប្រទេស​មហាអំណាច​លោក​ខាង​លិច​ទាំងនេះ មិន​ចង់​ឲ្យ​កម្ពុជា​ក្លាយ​ជា​កូន​នាគ​របស់​ចិន​ផ្ដាច់មុខ។ «»

សភា​អឺរ៉ុប​កាលពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ បាន​បោះឆ្នោត​ដោយ​ឯកច្ឆន្ទ​លើ​សេចក្ដី​សម្រេច​ចាត់វិធានការ​ទណ្ឌកម្ម​ធ្ងន់ៗ លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​រំលោភ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា។ ក្នុង​សេចក្ដី​សម្រេច​នេះ គឺ​សភា​អឺរ៉ុប ស្នើ​ឲ្យ​រដ្ឋាភិបាល​សហគមន៍​អឺរ៉ុប​ទាំងអស់ ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា រួម​ទាំង​ការនាំចេញ​ផលិតផល​ពី​វិស័យ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង និង​ទំនិញ​ដទៃ​ទៀត​ជា​បណ្ដោះអាសន្ន​សិន។ សេចក្ដី​សម្រេច​នេះ​សង្កត់​ធ្ងន់​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​ចងចាំ​ថា កិច្ចព្រមព្រៀង​នៃ​ការ​អនុគ្រោះ​ពន្ធ​នាំចេញ​ផលិតផល​ពី​កម្ពុជា ទៅកាន់​ទីផ្សារ​អឺរ៉ុប​នេះ អាច​បន្ត​ទៅ​ទៀត​បាន​តែ​ក្នុង​ករណី​ដែល​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​តែប៉ុណ្ណោះ។

លើស​ពី​នេះ​ទៅ​ទៀត ស្ថាប័ន​កិច្ចការ​បរទេស​សហភាព​អឺរ៉ុប​នៅ​ក្រៅ​ប្រទេស​ទាំងអស់ រួម​ទាំង​គណៈកម្មការ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ផង ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​ជន​ទាំងឡាយ​ដែល​ចូល​ដៃ​ក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ដើម្បី​បង្កក​ទ្រព្យសម្បត្តិ និង​ហាមឃាត់​មិន​ឲ្យ​ចូល​សហគមន៍​អឺរ៉ុប និង​បង្គាប់​ឲ្យ​ប្រធាន​សភា​អឺរ៉ុប បញ្ជូន​សេចក្ដី​សម្រេច​នេះ​ទៅ​គណៈកម្មការ ក្រុមប្រឹក្សា ស្ថាប័ន​កិច្ចការ​បរទេស​សហភាព​អឺរ៉ុប នៅ​ក្រៅ​ប្រទេស​ទាំងអស់ រដ្ឋ​ជា​សមាជិក​រដ្ឋាភិបាល និង​រដ្ឋសភា​កម្ពុជា និង​រដ្ឋាភិបាល​ប្រទេស​អាស៊ាន​ទាំងអស់​ដែរ។

ឆ្លើយតប​នឹង​ការសម្រេច​នេះ លោក ហ៊ុន សែន ថ្លែង​ហាក់​មិន​ខ្វល់​ពី​ការ​ដាក់​សម្រេច​ដាក់ទណ្ឌកម្ម​នេះ​ឡើយ។ លោក ហ៊ុន សែន អះអាង​ថា លោក មិន​មាន​ជំនឿ​ថា ការ​សម្រេច​របស់​សភា​អឺរ៉ុប​នេះ មិន​អាច​ចាប់​បង្ខំ​ឲ្យ​រដ្ឋាភិបាល​អឺរ៉ុប​អនុវត្ត​បាន​ដែរ។ «»

លោក ឈាង វណ្ណារិទ្ធិ បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន អាង​មហាអំណាច​កុម្មុយនិស្ត​ចិន​នៅ​ពី​ក្រោយខ្នង ដែល​ប្រកាស​ជំហរ​មិន​អើពើ​ទៅ​នឹង​ការប្រកាស​ដាក់ទណ្ឌកម្ម​ទាំងឡាយ​របស់​សហគមន៍​អឺរ៉ុប និង​អាមេរិក​នោះ។ លោក​បាន​ហៅ​ការ​ធ្វើ​នយោបាយ​របស់​មេដឹកនាំ​ខ្មែរ ជា​ការ​ធ្វើ​នយោបាយ​ប្រើ​អារម្មណ៍​ជាង​ប្រើ​យុទ្ធសាស្ត្រ។ «»

អ្នក​ជំនាញ​សេដ្ឋកិច្ច អះអាង​ថា រដ្ឋាភិបាល​អឺរ៉ុប នឹង​អាច​អនុវត្ត​តាម​ការ​ស្នើ​សុំ​របស់​សភា​សហភាព​អឺរ៉ុប ដរាបណា​លោក ហ៊ុន សែន មិន​ងាក​មក​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ទេ​នោះ។ ហើយ​បើសិន​ជា​សហភាព​អឺរ៉ុប ដាក់​សម្រេច​ដាក់ទណ្ឌកម្ម​មែន​នោះ រដ្ឋាភិបាល​កម្ពុជា​នឹង​ប្រឈម​បញ្ហា​ជាច្រើន ពិសេស​កម្មករ​រោងចក្រ​ជិត ១​លាន​នាក់ នឹង​បាត់បង់​ការងារ​ធ្វើ។ ក្រៅ​ពី​នេះ​ទៀត អឺរ៉ុប​ក្រៅពី​ទីផ្សារ​សំលៀកបំពាក់​នោះ ក៏​មាន​ទីផ្សារ​អង្ករ​របស់​កម្ពុជ​ដែរ។ ចំពោះ​ក្រុម​ឈ្មួញ​របស់​កម្ពុជា​ដែល​ជា​មនុស្ស​ជិត​ស្និត​របស់​រដ្ឋាភិបាល​ក៏​ធ្វើ​ជំនួញ​នៅ​អឺរ៉ុប ដែល​មាន​ទឹកប្រាក់​ប្រមាណ ៧​ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ ជាដើម។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ នយោបាយ លោក ហេង ស្រ៊ាង មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន មើលស្រាល​សភា​សហភាព​អឺរ៉ុប​មិន​បានទេ ព្រោះ​សភា​សហភាព​អឺរ៉ុប​​មាន​ឥទ្ធិពល​ទៅលើ​រដ្ឋាភិបាល មិនមែន​ដូច​សភា​កម្ពុជា​ដែល​នៅ​ក្រោម​ឥទ្ធិពល​រដ្ឋាភិបាល​នោះ​ឡើយ។ «»

ក្រៅ​ពី​នេះ​ទៀត ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ខាងមុខនេះ នឹង​បើក​កិច្ចប្រជុំ​មួយ ស្ដីពី​បញ្ហា​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ នៅ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៅ​បុរី​ញ៉ូវយក ក្នុង​នោះ​ក៏​មាន​ការចូលរួម​ពី​ប្រទេស​ជប៉ុន និង​បណ្ដា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែរ។

គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​ដែល​លោក ហ៊ុន សែន រំលាយ​គណបក្សសង្គ្រោះជាតិ​នោះ គឺ​សហគមន៍​អន្តរជាតិ បាន​ដាក់​ទណ្ឌកម្ម លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​បន្តបន្ទាប់​ដែរ ដូចជា នៅមុន​ចេញ​សេចក្ដី​សម្រេច​ដាក់ទណ្ឌកម្ម​បន្ថែម​របស់​សភា​សហភាព​អឺរ៉ុប សហភាព​អឺរ៉ុប ទើបតែ​បាន​កាត់​ផ្ដាច់​ជំនួយ​ទាំងអស់​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..)។ ចំណែក​ឯ​សហរដ្ឋអាមេរិក​វិញ ដែល​បាន​កាត់​ផ្ដាច់​ជំនួយ​ផ្នែក​បោះឆ្នោត​នេះ​ដែរ ក៏​ពន្លឿន​ចំណាត់​ការ​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា បន្ថែម​ទៀត​ដែរ។ ក្រោយ​កាត់​ផ្ដាច់​ជំនួយ​ផ្នែក​បោះឆ្នោត ជំហាន​បន្ទាប់​មក​ទៀត គឺ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​សម្រេច​បិទ​ទិដ្ឋាការ​ដល់​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា និង​ក្រុម​គ្រួសារ ដែល​មាន​ជាប់​ពាក់ព័ន្ធ​ការរំលោភ​សិទ្ធិមនុស្ស និង​ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ មិន​អោយ​ជាន់​ដី​សហរដ្ឋអាមេរិក។ ឥឡូវនេះ សហរដ្ឋអាមេរិក កំពុង​ស្រង់​បញ្ជី​ឈ្មោះ​បុគ្គល មន្ត្រី​រដ្ឋាភិបាល និង​ក្រុមហ៊ុន​សាជីវកម្ម ដើម្បី​ឈាន​ទៅ​បង្កក និង​រឹបអូស​ទ្រព្យសម្បត្តិ និង​បញ្ឈប់​កិច្ចសន្យា​ពាណិជ្ជកម្ម ព្រមទាំង​ផ្អាក​ការ​អនុគ្រោះ​ពន្ធ​នាំចេញ​ផលិតផល​ពី​កម្ពុជា ទៅ​ទីផ្សារ​អាមេរិក​ដែរ។

ទាំង​អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ ទាំង​ជំនាញ​ខាង​កិច្ចការ​បរទេស លើកឡើង​ដូចគ្នា ទោះបីជា​រដ្ឋាភិបាល​អះអាង​ថា រដ្ឋាភិបាល​មិន​ខ្វល់​ពី​ប្រទេស​មហាអំណាច​ខាងលិច ដោយ​រដ្ឋាភិបាល​ធ្លាប់​បាន​ដឹកនាំ​ប្រទេស​ដែល​ត្រូវ​ហ៊ុំ​ព័ន្ធ​សេដ្ឋកិច្ច​នៅ​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​ក្ដី ប៉ុន្តែ​សម្រាប់​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​មានការ​យល់ដឹង ពិសេស​ក្រុម​យុវជន​ដែល​អាច​នឹង​មិន​គាំទ្រ​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល នៅ​ពេល​នោះ វិបត្តិ​សេដ្ឋកិច្ច និង​ភាព​ចលាចល​ក្នុង​សង្គម ផ្ទុះ​ការ​តវ៉ា​ង​ប្រឆាំង​និង​រដ្ឋាភិបាល​លោក ហ៊ុន សែន នឹង​កើតឡើង​ជាមិនខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
Share

អ្នក​អាន​អនាមិក

ចរឹក មេដឹកនាំខ្មែរហ៑ុនសែន គាត់មិនគឹតពី ផលប្រយោជន៍ជាតិ ប្រជាជន ជាធំ ម្តងណាឡើយ គឺគាត់គឹតតែពីប្រយោជន៍ខ្លួនគាត់ ធ្វើម៉េចកាន់អំណាច ធ្វើមានបានអោយបានយូរ តែប៉ុណ្ណោះ ទោះជាត្រូវបំផ្លាញទ្រព្យសម្បត្តិជាតិ ទឹកដីអស់ជាច្រើន ក៏ដោយ !

Dec 17, 2017 10:55 PM

K.Kim to Ta Hunsein

tmil Ta Hun Sen is useless/worthless ever,outlaw man,jungle man,psychopath,hypocrite,moron,barbaric,traitor,tyrant,evil man,rapist,buffoon,serial killer,inhumane,coups d'etat,land grabber,criminal minds,rigging vote election,manslaughter,mad man,brutal man,bloodsucker,poison of power,stupid man,drug cartel,money laundering,gang ringleader,mafia,childish dictator and with all above,...that no any english genus dictionary word can describe about.This horrible man is a mass destruction and obstruction of justice"criminal mind conspiracy"this outlaw man would be brought to justice "ICC",before he'll start to kills more pple who dislike his brutal rule or oppression.

Dec 17, 2017 04:47 PM

យុវជន យុវនារី

សភាពការ ប្រទេសកម្ពុជា កំពុងត្រូវបាន តាចាស់ ហ៑ុន សែន បំផ្លាញទាំងអ្នកក្រ អោយងើបមិនរួច រួចបំផ្លាញទាំងអ្នកមាន អោយក្រវិញក្នុងពេលឆាប់ៗនេះអែង ឬ នេះហើយ បាទ ចាស !

Dec 17, 2017 11:06 AM

អ្នក​អាន​អនាមិក

Because the Khmer communists always have had their supports from Vietnam, china, and others, therefore, we, the free-Khmer needed to have our supports, too. Can you stop the Vietnam and china from helping their partners ?. I don't think that America has any interest on Cambodia. if they do they must have protected us so far.
I don't think your idea is logical.

Dec 17, 2017 10:40 AM

ភ​វរ្ម័ន

ពី បាវិត​ ស្វាយ​រៀង​

សុំ​កុំ​បំភ្លេច​ថា ទាំង​នេះ​វា​ផ្ដើម​ចេញ​ពី​​​​ភ្លើង​​​​សង្រ្គាម​​ឈ្លានពាន​​​​​​របស់​វៀតណាម​​​ទាំង​អស់​​និង​​​ជា​យុទ្ធ​សាស្រ្ដ​វៀតណាម​ត្រូវ​សម្លាប់​ជីវិត​លិទ្ធិ​ប្រជា​ធិបតេយ្យ​របស់​ប្រទេស​កម្ពុជា​ទើប​អាច​​​​រក្សា​អំណាច​​​​ឲ្យ​​លោក​ហ៊ុន​សែន​បាន ។ បក្ស​ប្រជាជន​បដិវត្តន៍​​​ជាអ្នក​​​​​អ​នុវត្តន៍នូវ​​​នយោបាយ​​​ឈ្លាន​​​ពាន​ទឹក​ដី​ខ្មែរ​ពី​សំណាក់​វៀត​ណាម​​​ដែល​ជា​និច្ច​កាល​​យួន​​ត្រូវ​​តែ​បំបែក​បំបាក់​​ឯកភាព​ជាតិ​ខ្មែរ រាំង​ស្ទះ​​មិន​ឲ្យ​ប្រជាជាតិ​ខ្មែរ​មាន​ឧ​កាស​​រក្សា​​លិទ្ធិ​ប្រជាធិបតេយ្យ​ពិត​បា្រកដ​បាន ។ បើ​ប្រជាជាតិ​កម្ពុជា​ពិត​ជា​មាន​មេ​ដឹក​នាំជាតិ​ ស្នេហាជាតិ​ខ្មែរ​ពិ​ត​ប្រាកដ​មិន​រណប​យួន នោះ​វៀតណាម​នឹង​មិន​អាច​បន្ដ​មហិច្ឆតា​ឈ្លានពាន​កម្ពុជា​ដោ​យ​ងាយ​ស្រួល​សោះ​ឡើយ ។

សូម​កុំ​ភ្លេច​​ថា​លិទ្ធិ​ប្រជាធិបតេយ្យ​ដែល​រកបាន​មក​ដោយ​លំបាក​វា​​​គ្មាន​​​២​ទេក្នុង​ប្រវត្តិសាស្រ្ដ​​ពិភព​លោក​នេះ នូវ​​​កិច្ចព្រម​ព្រៀង​សន្ដិ​ភាព ២៣​តុលា ១៩៩១​នៅ​ទីក្រុង​ប៉ារីស ​គាំទ្រ​ដោយ​​​អង្គការសហប្រជាជាតិ​និង​ប្រទេស​ទាំង១៨​ ជួយ​ឲ្យ​​ប្រទេសកម្ពុជា​​ប្រកាន់​យក​លិទ្ធិ​ប្រជា​ធិប​តេយ្យ​​​បញ្ចប់​សង្រ្គាមរ៉ាំរ៉ៃ​​ជាង​២​ទសវត្សរ៍... តែ​ពេល​នេះ​​ត្រូវ​របប​លោក​ហ៊ុន​សែន​​បំផ្លាញ​ចោល​ទាំងស្រុង​ ហើយរក្សា​វៀតណាម​ជា​ទី​បង្អែក​​ដដែល​ ថែម​ទាំង​​វិល​ទៅយក​ប្រ​ទេស​ចិនដែល​ជា​ដៃ​គូ​វៀត​ណាម​​​ជា​ស្ថាបនិក​សង្រ្គាម​ និង​​ម្ចាស់​នៃ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ជា​បង្អែក​ឡើង​វិញ​ដដែល​ ។

Dec 17, 2017 06:15 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល