មេឃុំ​បក្ស​កាន់​អំណាច​រង​ការ​ចោទ​ប្រកាន់​ថា​ទទួល​លុយ​ក្រោម​តុ​ជា​ថ្នូរ​បាន​សេវា​លឿន

ដោយ វ៉ែន សុមេធ
2017-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​បាត់ដំបង។
ផែនទី​ខេត្ត​បាត់ដំបង។
Photo: RFA

ប្រជាពលរដ្ឋ​និង​មេឃុំ​ចៅសង្កាត់​របស់​គណបក្ស​សង្គ្រោះជាតិ នៅ​ខេត្ត​បាត់ដំបង បាន​រិះគន់​មេឃុំ​ចៅសង្កាត់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​ខេត្ត​នេះ​មួយ​ចំនួន​ថា ចៅសង្កាត់​ខ្លះ​បាន​យក​ប្រាក់​ថ្លៃ​សេវា​សាធារណៈ ពី​ពលរដ្ឋ​ដោយ​ខុសច្បាប់​ជាប្រចាំ ចាប់​តាំង​ពី​ឡើង​កាន់​តំណែង​ជំនួស​ឲ្យ​បក្ស​ប្រឆាំង ដែល​តុលាការ​កំពូល​បាន​រំលាយ​ចោល​មក។ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​ចៅសង្កាត់​ព្រែកព្រះស្ដេច ក្រុង​បាត់ដំបង​បដិសេធ។

ប្រជាពលរដ្ឋ និង​មេឃុំ​ចៅសង្កាត់​គណបក្ស សង្គ្រោះជាតិ ខេត្ត​បាត់ដំបង ដែល​ទើប​បញ្ចប់​តំណែង​ថ្មីថ្មោង​លើក​ឡើង​ថា មេឃុំ​ចៅសង្កាត់​គណបក្ស​កាន់អំណាច​នៅ​ក្នុង​ខេត្ត​នេះ ហាក់​កំពុង​ត្រូវប៉ាន់​នឹង​តំណែង​ថ្មី​របស់​ខ្លួន ដោយ​បាន​ថវិកា​ក្រោម​តុ​ពី​ប្រជាពលរដ្ឋ​ច្រើនជាង​ពេលមុន។

ពលរដ្ឋ​ម្នាក់​រស់នៅ​សង្កាត់​ព្រែកព្រះស្ដេច ក្រុង​បាត់ដំបង ថ្លែង​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ធ្នូ​ថា កាលពីដើម​ខែ​ធ្នូ សាច់ញាតិ​ខ្លួន​បាន​ចំណាយ​ប្រាក់​ចំនួន ៦​ម៉ឺន​រៀល (៦០,០០០) ដោយ​ជូន​ទៅ​ចៅសង្កាត់ ៣​ម៉ឺន​រៀល និង​ស្មៀន​សង្កាត់ ៣​ម៉ឺន​រៀល ដើម្បី​បញ្ជាក់​ឯកសារ​យក​ទៅ​ខ្ចី​ប្រាក់​ពី​ធនាគារ៖ «ខ្ញុំ​ក៏បាន​ប្រាប់​ដែរ​ថា មិច​បាន​ឲ្យ​ប្រាក់​ច្រើន គេ​ថា​ក្រៅ​ម៉ោង​អីចឹង​ខ្លាច​គេ​ធ្វើ​មិនទាន់ ព្រោះ​អី​គាត់​ប្រញាប់​យក​ឯកសារ​ទៅ​ខ្ចី​លុយ​ពី​ធនាគារ ហើយ​បើ​យើង​ទៅ​មិនទាន់​ម៉ោង​៣​រសៀល​ទេ​ទាល់តែ​ស្អែក​ព្រឹក​បាន​អាច​ធ្វើ​បាន»

ចំណែក​សង្កាត់​ព្រែកព្រះស្ដេច គណបក្ស​សង្គ្រោះជាតិ ដែល​ទើប​បញ្ចប់​តំណែង​ដោយសារ​អំណាច​តុលាការ​កំពូល លោក ខាន់ ប៊ុនផេង មាន​ប្រសាសន៍​ថា មិនមែន​ប្រជាពលរដ្ឋ​ម្នាក់​ប៉ុណ្ណោះ​ទេ ដែល​ត្អូញត្អែរ​រឿង​ចៅសង្កាត់ និង​ស្មៀន​យក​ប្រាក់​ក្រោម​តុ​ពី​ប្រជាពលរដ្ឋ​នោះ លោក​អះអាង​ថា ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​ក៏​ជួប​បញ្ហា​នេះ​ដូចគ្នា៖ «ការ​ឲ្យ​ប្រាក់​ក្រោម​តុ​នៅ​ក្នុង​សាលាសង្កាត់​បើ​តាម​ខ្ញុំ​ដឹង​ប្រជាពលរដ្ឋ​ជូន​មិន​តិច​ជា​១​ម៉ឺន​រៀល​ទេ ក្នុង​មួយ​លើក​នោះ។ ប៉ុន្តែ​កាលដែល​ខ្ញុំ​ធ្វើជា​ចៅសង្កាត់​ខ្ញុំ​មិន​ឲ្យ​មន្ត្រី​ណា​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ទេ តែ​មក​ឥឡូវនេះ​មន្ត្រី​សង្កាត់​យក​ប្រាក់​ក្រោម​តុ​ពី​ប្រជាពលរដ្ឋ​វិញ​ដដែល»

ឆ្លើយតប​នឹង​បញ្ហា​នេះ ចៅសង្កាត់​ព្រែក​ព្រះស្ដេច​គណបក្ស ប្រជាជន​កម្ពុជា លោក តោ ហុន អះអាង​ថា ចាប់​តាំង​លោក​ឡើង​កាន់​តំណែង​ជា​ចៅសង្កាត់​ថ្មី​មក គឺ​តែងតែ​អនុវត្ត​ទៅតាម​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ ហើយក៏​ពុំ​មាន​ការ​យក​ប្រាក់​ក្រោម​តុ​ដូច​ការចោទប្រកាន់​នោះ​ឡើយ៖ «ហើយ​អ្នក​ណាមួយ​ដែល​ចេញមុខ​ថា ខ្ញុំ​យក​លុយ​ថា​តើ​យក​លុយ​នៅ​ត្រង់​ណា​? កន្លងមក​ខ្ញុំ​យក​លុយ​មែន​ខ្ញុំ​ចំពោះ​សេវា​របស់​រដ្ឋ ចំពោះ​ខ្ញុំ​ឲ្យ​តែ​ចុះហត្ថលេខា​រួច​ខ្ញុំ​ប្រគល់​ឯកសារ​ទៅ​ឲ្យ​ស្មៀន​ហើយ កន្លងមក​មាន​គេ​ហុច​ណេះ​ហុច​ណោះ​ដែរ តែ​ខ្ញុំ​មិន​ទទួល​ទេ​រឿង​សេវា​ខុសច្បាប់​អីចឹង»

ករណី​អាជ្ញាធរ​មូលដ្ឋាន​យក​ក្រៅ​សេវា នៅ​ឃុំ​ព្រែកហ្លួង ក៏​មាន​បញ្ហា​នេះ​ដែរ។ មេឃុំ​ព្រែកហ្លួង ស្រុក​ឯក​ភ្នំ គណបក្ស​ប្រឆាំង​ដែល​ទើប​ដកហូត​តំណែង​ដោយ​អំណាចតុលាការ​កំពូល អ្នកស្រី នី រំដួល មាន​ប្រសាសន៍​ថា សព្វថ្ងៃ​ប្រជាពលរដ្ឋ​ដែល​អ្នកស្រី​ធ្លាប់​ដឹកនាំ គឺ​ពួកគាត់​តែងតែ​មក​ប្ដឹង​អ្នកស្រី​អំពី​ករណី​មេឃុំ​ឡើង​កាន់​តំណែង​ថ្មី ដែល​ពួកគាត់​មិនបាន​បោះឆ្នោត​ឲ្យ​នោះ គឺ​មិនសូវ​រហ័សរហួន​រឿង​ការងារ​ជូន​ប្រជាពលរដ្ឋ​នោះ​ទេ។ អ្នកស្រី​បន្ថែម​ទៀត​ថា មេឃុំ​និង​ស្មៀនឃុំ​សកម្ម​ការងារ លុះ​ណា​ពួកគាត់​ផ្ដល់​ប្រាក់​ទឹកតែ ទើប​ពួកគាត់​បំពេញ​ឯកសារ​ជូន​បាន​ឆាប់រហ័ស៖ «ខ្ញុំ​ជួប​ពួកគាត់​ដោយសារ​ប្រជាពលរដ្ឋ​មក​រក​ខ្ញុំ​ដល់​ផ្ទះ​មក​សួរនាំ​ខ្ញុំ ហើយ​ក្រោយពី​សួរនាំ​គាត់​បាន​ត្អូញត្អែរ ការ​ធ្វើ​សេវា​ជូន​ពួកគាត់​យឺតយ៉ាវ និង​មាន​ការ​ទទួល​លុយ​ពី​ពួកគាត់ គឺ​មិន​ដូច​មេឃុំ​ចាស់​ទេ​ដែល​មិន​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ឡើយ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី លើក​ឡើង​ថា មេឃុំ​ចៅសង្កាត់​យក​ប្រាក់​បំពេញ​ឯកសារ​ពី​ប្រជាពលរដ្ឋ​ខុស​ពី​បទបញ្ជា​របស់​ក្រសួងមហាផ្ទៃ បើ​ទោះ​បី​ជា​ផ្ដល់​ឲ្យ​ក្រោម​តុ ឬ​លើ​តុ​ក្ដី។ លោក​ហៅថា ជា​អំពើ​ខុសច្បាប់៖ «ចង់​និយាយ​ថា លុយ​ដែល​ខុស​ពី​ការកំណត់​របស់​រដ្ឋាភិបាល​គឺ​ខុសច្បាប់​ហើយ ព្រោះ​បាន​ហាម​មិន​ឲ្យ​យក​ប្រាក់​ខុស​ពី​ច្បាប់​កំណត់​ទេ ហើយ​ការ​យក​ប្រាក់​ក្រោម​តុ​នេះ​គឺជា​អំពើពុករលួយ ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ត្រូវតែ​ចាត់​វិធានការណ៍​ដោយ​មិន​ចាំបាច់​មាន​គេ​ដាក់ពាក្យ​ប្ដឹង​នោះ​ទេ»

កន្លងមក​មេឃុំ​ចៅសង្កាត់​គណបក្ស​សង្គ្រោះជាតិ ខេត្ត​បាត់ដំបង នៅ​កន្លែង​ខ្លះ​ដូចជា​សង្កាត់​ព្រែកព្រះស្ដេច សង្កាត់​អូរចារ ក្រុង​បាត់ដំបង និង​ឃុំ​ព្រែហ្លួង ស្រុក​ឯកភ្នំ​ជាដើម ពួកគាត់​មិនបាន​យក​ថ្លៃ​បញ្ជាក់​លិខិតស្នាម​ពី​ប្រជាពលរដ្ឋ​នោះ​ទេ ដោយ​ពួកគាត់​ស្វែងរក​ថវិកា​ពី​សប្បុរសជន​ពី​ខាងក្នុង និង​ក្រៅ​ប្រទេស ដើម្បី​ផ្គត់ផ្គង់​ការ​ចំណាយ​ផ្សេងៗ នៅ​ក្នុង​ឃុំ​សង្កាត់​រៀងៗ​ខ្លួន​។ ប៉ុន្តែ​ក្រោយ​មក ពួកគាត់​បាន​យក​ថ្លៃ​សេវា​តាម​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ​វិញ បន្ទាប់ពី​មាន​លិខិត​ព្រមាន​ពី​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ថា ជា​ការ​ធ្វើ​ឲ្យ​បាត់បង់​ប្រាក់ចំណូល​របស់​រដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

កូនសិស្ស ហ៑ុន សែន ធ្វើតាមគ្រូ ហ៑ុន សែន
តូច សុី តូច . ធំ សុី ធំ
ធ្វើម៉េច បើ ជនល្មោភអំណាច ហ៑ុន សែន មិនព្រមកែ ខ្លួន

Dec 29, 2017 01:41 AM

គេហទំព័រ​ទាំងមូល