បក្ស​កាន់​អំណាច​ប្រកាស​ជា​ឱឡារិក​ទទួល​យក​លទ្ធផល​ឆ្នោត​ក្រុមប្រឹក្សា​ទាំង​មាន​ការ​រិះគន់

ដោយ មួង ណារ៉េត
2019-06-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូល​រួម​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៤ នៅ​ការិយាល័យ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០១៨។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូល​រួម​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៤ នៅ​ការិយាល័យ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០១៨។
Photo courtesy of SPM's page

គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​ជា​ឱឡារិក​ទទួលយក​លទ្ធផល​ឆ្នោត​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​ក្រុង​-​ស្រុក​-​ខណ្ឌ​អាណត្តិ​ទី​៣​នេះ បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប្រកាស​លទ្ធផល​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា។ មន្ត្រី​បក​ប្រឆាំង​និង​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ជំនាញ​ខាង​កិច្ចការ​បោះឆ្នោត មិន​ចាប់​អារម្មណ៍​ចំពោះ​ការប្រកាស​លទ្ធផល​នេះ​ទេ ព្រោះ​ចាត់ទុកថា​ជា​រឿង​មិន​ត្រឹមត្រូវ​និង​ជា​ល្បែង​បាយឡុកបាយឡ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

សេចក្ដី​ថ្លែងការណ៍​ចុះផ្សាយ​ថ្ងៃ​ទី​៨ ខែ​មិថុនា គណបក្ស​ប្រជាជន​កម្ពុជា​ចាត់​ទុក​លទ្ធផល​បោះឆ្នោត​នេះ​បាន​មក​ពី​ការបោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌។

លទ្ធផល​ផ្លូវ​ការដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា​បង្ហាញ​ថា អាសនៈ​នៅ​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​៥៥០ គណ បក្ស​ហ៊្វុនស៊ិនប៉ិច​ទទួល​បាន ៣ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ទទួល​បាន​៦។ ចំណែក​លទ្ធផល​អាសនៈ​នៅ​ថ្នាក់​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក​-​ខណ្ឌ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន ៣.៤៨៤ គណបក្ស​ហ៊្វុនស៊ិនប៉ិច ៣៣ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ទទួល​បាន​៣៨។

ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះជាតិ​រាជធានី​ភ្នំពេញ​ដែល​របប​ក្រុងភ្នំពេញ​រំលាយ​ចោល​គឺ​លោក ម៉ន ផល្លា លើក​ឡើង​ថា លទ្ធផល​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​ក្រុង​-​ស្រុក​-​ខណ្ឌ​អាណត្តិ​ទី​៣​ដែល​រៀបចំ​ដោយ​គ..ប សព្វថ្ងៃនេះ គឺ​គ្រាន់តែ​ជា​ល្បែង​បាយឡុកបាយឡ​មួយ និង​គ្រាន់តែ​ជា​ការ​រៀបចំ​ឱ្យ​រួច​តែ​ពី​ដៃ​ពី​ជើង​នោះ​ទេ ដើម្បី​បំភ័ន្ត​ភ្នែក​ប្រជា​ពលរដ្ឋ​ខ្មែរ និង​អន្តរជាតិ​ប៉ុណ្ណោះ​។ លោក​ជឿ​ថា ប្រសិនបើ​របប​ក្រុងភ្នំពេញ​មិន​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​ប្លន់​តួនាទី​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​របស់​គណបក្ស​សង្គ្រោះ ជាតិ​ដែល​ពលរដ្ឋ​បោះឆ្នោត​គាំទ្រ​កាលពី​ឆ្នាំ​២០១៧ នោះ​ទេ គឺ​គណបក្ស​សង្គ្រោះជាតិ នឹង​ដណ្ដើម​យក​កៅអី​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ​ជាច្រើន​ទៅ​គ្រប់​គ្រង​មិន​ជាក់​ជាមិនខាន៖ «បើ​របប​ភ្នំពេញ​មិន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទទួល​បាន​នៅ​ការ​គាំទ្រ​ពី​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​បោះឆ្នោត​ជ្រើសរើស​ក្រុម ប្រឹក្សា​ខណ្ឌ​ក្រុមប្រឹក្សា​ស្រុក ក្រុង​និង​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ច្រើន​លើសលប់ ដូច្នេះ​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​អាច​គ្រប់គ្រង​ក្រុមប្រឹក្សា​នូវ​រាជធានី​ភ្នំពេញ​និង​ខេត្ត​មួយ​ចំនួន​ទៀត។ ហេតុ​ដូច្នេះ​ហើយ​ទើប​គណបក្ស​ប្រជាជន​កម្ពុជា​រៀបចំ​គម្រោង ប្លន់​លទ្ធផល​ឆ្នោត​និង​ហាមឃាត់​កុំ​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​ចូលរួម​ការបោះឆ្នោត​គ្រប់​ដំណាក់»

ចំណែក​មន្ត្រី​សម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​នៃ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ហាក់​អស់សំណើច​ចំពោះ​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ប្រកាស​ជា​ឱឡារិក​ទទួល​យក​លទ្ធ​ផល​ឆ្នោត និង​ចាត់ទុកថា​ការបោះឆ្នោត​ត្រឹមត្រូវ​និង​យុត្តិធម៌។ លោក​លើក​ឡើង​ថា បើ​គេ​និយាយ​ពី​ការបោះឆ្នោត​គឺ​គេ​និយាយ​ពី​ការ​ប្រកួត​ប្រជែង​រវាង​គណបក្ស​នយោបាយ​ដែល​មាន​កម្លាំង​គាំទ្រ​ខ្លាំង​ដូចគ្នា។ លោក​សង្កេត​ឃើញ​ថា ក្រោយ​ឆ្នាំ​២០១៧ គឺ​មានតែ​គណបក្ស​សង្គ្រោះជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ​ដែល​មាន​កម្លាំង​ប្រកួត​ប្រជែង​ទាំង​ថ្នាក់​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​ក្រុង​-​ស្រុក​-​ខណ្ឌ​និង​ការប្រកួតប្រជែង​នៅ​ថ្នាក់​ព្រឹទ្ធសភា​ថែមទៀត៖ «ប៉ុន្តែ​ក្រោយ​ការ​រំលាយ​សង្គ្រោះជាតិ​មក គឺ​អត់​មាន​ទេ​សំឡេង​ប្រកួតប្រជែង​នេះ គឺ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​អ៊ីចឹង​សួរ​ថា តើ​សំឡេង​មានតែ​មួយ​ហើយ​យើង​ទៅ​ប្រកាស​ថា ប្រវត្តិសាស្ត្រ​ជោគជ័យ និង​សេរី​យុត្តិធម៌​កន្លែង​ណា​? ខ្ញុំ​ក៏​មិន​យល់​ដែរ​ព្រោះ​វា​មាន​សំឡេង តែ​ម្នាក់ឯង​សឹង​ថា មិន​បាច់​រៀបចំ​បោះ​ក៏​វា​ឈ្នះ​រួចស្រេច​ទៅ​ហើយ»

តាមច្បាប់​បោះឆ្នោត​កម្ពុជា​ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី​៣​នេះ​មិន​ត្រូវ​បាន​ជ្រើសរើស​ដោយ​សាធារណជន​នោះ​ទេ ប៉ុន្តែ​អ្នក​ដែល​អាច​ជ្រើសរើស​បាន​នោះ​មានតែ​ក្រុមប្រឹក្សាឃុំ​សង្កាត់​ចំនួន ១១.៥៧២​នាក់​ដែល​ភាគច្រើន​មកពី​គណបក្ស​កាន់អំណាច​ក្រោយ រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​បាន​ដណ្ដើម​យក​អាសនៈ​របស់​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​គណបក្ស​ប្រឆាំង អស់​ជាង ៥​ពាន់ (.០០៧) អាសនៈ​ដែល​ស្មើ​ជិត​ពាក់កណ្ដាល​នៃ​អង្គ​បោះឆ្នោត​ទាំងមូល​។​មាន​គណបក្ស​ចំនួន ៧​ចូលរួម​ប្រកួត​ប៉ុន្តែ​បក្ស​ខ្លះ​គ្មាន​អង្គ​បោះឆ្នោត​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល