លោក ស ខេង យល់ព្រមជួបលោក កឹម សុខា
2017.01.06
លោក ស ខេង យល់ព្រមជួបចរចាជាមួយលោក កឹម សុខា ហើយ ដើម្បីដោះស្រាយបញ្ហានយោបាយនៅសេសសល់តាមសំណើរបស់ លោក កឹម សុខា។ តាមគម្រោង ជំនួបនេះនឹងធ្វើឡើងនៅមន្ទីររដ្ឋសភា ក្រោយថ្ងៃទី១១ ខែមករា។ តែទោះយ៉ាងនេះក្ដី ទាំងអ្នកនាំពាក្យគណបក្សកាន់អំណាច និងអ្នកនាំពាក្យគណបក្សប្រឆាំង មិនបង្ហើបឲ្យដឹងពីពេលវេលាជាក់លាក់ ឬក៏ប្រធានបទអ្វីច្បាស់លាស់នៅឡើយដែរ ដោយគ្រាន់តែបញ្ជាក់ថា ដើម្បីស្វែងរកដោះស្រាយបញ្ហានយោបាយនៅសេសសល់។
គម្រោងជួបគ្នារវាងប្រធានក្រុមដឹកនាំតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា និងប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវបានលោក កឹម សុខា បង្ហោះនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោក នៅព្រឹកថ្ងៃទី៦ ខែមករា។
លិខិតរបស់លោក កឹម សុខា បានផ្ញើទៅលោក ស ខេង កាលពីថ្ងៃទី៥ ខែមករា ស្នើទៅលោក ស ខេង កំណត់ពេលវេលាសមស្របណាមួយក្នុងខែមករា នេះ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រទេសជាតិ និងពលរដ្ឋដោយសន្តិវិធី សមស្របតាមបំណងប្រាថ្នារបស់សាធារណជនដែលទន្ទឹងចង់ឃើញ។
ជាការឆ្លើយតប លោក ស ខេង បានសរសេរនៅលើលិខិតរបស់លោកវិញថា លោកសង្ឃឹមថា ជំនួបរវាងក្រុមការងារគណបក្សទាំងពីរអាចនឹងធ្វើឡើងក្រោយថ្ងៃទី១១ ខែមករា។ ចំពោះពេលវេលាជាក់ស្ដែង ខុទ្ទកាល័យរបស់លោក ស ខេង នឹងជូនដំណឹងនៅពេលក្រោយ។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បញ្ជាក់បន្ថែមថា គណបក្សទាំងពីរនឹងជួបគ្នានៅមន្ទីររដ្ឋសភា។ អ្វីផ្សេងពីនេះ លោក ឡេង ប៉េងឡុង មិនបានទទួលព័ត៌មាននៅឡើយទេ។ រីឯអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា ចាប់ពីក្រោយថ្ងៃទី៧ ខែមករា លោក ស ខេង អាចមានពេលវេលាជជែកជាមួយលោក កឹម សុខា។ ប៉ុន្តែលោកក៏មិនទាន់ដឹងពេលវេលាជាក់លាក់នោះដែរ៖ «ឥឡូវប្រហែលក្រោយថ្ងៃបុណ្យ៧ មករា គាត់ (លោក ស ខេង) អាចដកឃ្លាការងារបានធូរស្រាលតិច បានគាត់យល់ព្រមជួប អ៊ីចឹងទេសបញ្ជាក់ឲ្យឃើញថា គ្មានគំនិតអីគេចវេះមិនជួបទេ»។
ទាក់ទងប្រធានបទនៃការចរចារវាងគណបក្សទាំងពីរ លោក សុខ ឥសាន បង្វែរសំណួរនេះទៅគណបក្សសង្គ្រោះជាតិ ដែលជាអ្នកស្នើជួបចរចា។ ចំណែកអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ គ្រាន់តែប្រាប់ថា ការចរចាគ្នានោះ គឺជាការជជែកគ្នារឿងនយោបាយដែលនៅសេសសល់។ ទោះយ៉ាងនេះក្តី លោកថា គណបក្សសង្គ្រោះជាតិ បានត្រៀមរួចរាល់អស់ហើយ ហើយបើជួបគ្នាកាន់តែឆាប់កាន់តែល្អ៖ «ធ្វើម៉េចឲ្យស្ថានការណ៍នយោបាយហ្នឹងវិលទៅរកភាពប្រក្រតីវិញ នេះយើងជូនជាគំនិតរួមប៉ុណ្ណឹង ចំណែកលំអិតក្នុងការជជែកយើងមិនទាន់អាចជម្រាបបានទេ»។
កាលពីខែធ្នូ ក្រោយពេលព្រះមហាក្សត្រព្រះរាជទានការលើកលែងទោសដល់លោក កឹម សុខា លោក ស ខេង បានសន្យាថា នឹងជជែកគ្នាបន្តទៀតនៅចុងខែធ្នូ ដើម្បីនិយាយរឿងដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក (ADHOC) ៤រូប និងអគ្គលេខាធិការរង គ.ជ.ប មួយរូប ប៉ុន្តែត្រូវខកខាន។
ទាក់ទងរឿងដោះលែងមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប នេះដែរ ទាំងអ្នកនាំពាក្យបក្សកាន់អំណាច និងអ្នកនាំពាក្យបក្សប្រឆាំង ក៏មិនអាចបញ្ជាក់ថា ជំនួបនោះនឹងលើករឿងនេះមកជជែក ឬយ៉ាងណាទេ។
តែទោះយ៉ាងនេះក្តី អ្នកសិក្សាការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថា គណបក្សទាំងពីរនឹងជជែកទាក់ទងដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក ៤រូប និងអគ្គលេខាធិការរង គ.ជ.ប ព្រោះលោក ស ខេង បានសន្យាថា នឹងជជែករឿងនេះតាំងពីចុងឆ្នាំ២០១៦ ម្ល៉េះ។ យ៉ាងណាក៏ដោយចុះ អ្នកតាមដានស្ថានការណ៍នយោបាយរូបនេះយល់ថា ដើម្បីឲ្យការចរចានេះមិនត្រូវលើកពេលដូចមុនទៀត លោក សម រង្ស៊ី ប្រធានបក្សប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេស គួរប្រយ័ត្នប្រយែងក្នុងការថ្លែងសារនយោបាយ៖ «យើងសង្ឃឹមថា ឯកឧត្ដម សម រង្ស៊ី ប្រហែលជាដឹងថា អ្វីដែលឯកឧត្ដមត្រូវធ្វើចាប់ពីពេលនេះរហូតទៅដល់មានការដោះលែងមន្ត្រីសិទ្ធិមនុស្ស អ្នកនយោបាយ និងមន្ត្រី គ.ជ.ប នៅពេលខាងមុខ»។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ធ្លាប់លើកឡើងថា ការដែលបក្សកាន់អំណាចមិនដោះលែងមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប គឺជាលេសរបស់គណបក្សកាន់អំណាច និងចង់រក្សាអ្នកកំពុងជាប់ឃុំនោះ ឲ្យបន្តស្ថិតនៅក្នុងពន្ធនាគារដដែលដើម្បីជាគំរូកុំឲ្យអ្នកដទៃទៀតហ៊ានរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន៕