មន្ត្រី​បក្ស​កាន់​អំណាច​ចំអក​ឲ្យ​លោក សម រង្ស៊ី ទាក់ទង​នឹង​ឃាតកម្ម​បណ្ឌិត កែម ឡី

ដោយ ម៉ម មុនីរតន៍
2016.12.17
កែម ឡី ស្លាប់ ៨៥៥ ទិដ្ឋភាព​ភាព​នៅ​ខាង​មុខ ស្ដារ ម៉ាត (Star Mart) ស្ដុប​បូកគោ ក្រោយ​ពេល​លោក កែម ឡី ត្រូវ​ឃាតក​បាញ់​សម្លាប់ នៅ​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៦។
RFA/Uon Chhin

ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន បាន​ស្នើ​ឲ្យ​តុលាការ​អាមេរិក អន្តរាគមន៍​ទៅ​ទីចាត់ការ​ធំ​នៃ​ក្រុមហ៊ុន​សាំង​កាល់តិច (Caltex) នៅ​សហរដ្ឋអាមេរិក ឈ្មោះ ឆេវរ៉ុន (Chevron) ឲ្យ​ក្រុមហ៊ុន​នេះ​បង្ហាញ​ភស្តុតាង​រូបភាព​ដែល​ថត​បាន​ពី​កាមេរ៉ា​សុវត្ថិភាព​ក្នុង​ព្រឹត្តិការណ៍​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី។ ចំណែក​មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច ចាត់​ទុក​កិច្ច​អន្តរាគមន៍​របស់​លោក សម រង្ស៊ី នៅ​ពេល​នេះ ថា​ពុំ​មាន​ហេតុផល​អ្វី​ក្រៅ​ពី​ស្តារ​ប្រជាប្រិយភាព​របស់​លោក​កំពុង​ស្រុត​ចុះ​នោះ​ឡើយ។ បើ​ទោះ​ជា​បែប​ណា ភាគី​ក្រុមហ៊ុន​សាំង​កាល់តិច ដែល​កំពុង​ធ្វើ​អាជីវកម្ម​នៅ​ស្រុក​ខ្មែរ​នេះ ធ្លាប់​បាន​បដិសេធ​ម្ដង​រួច​មក​ហើយ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​លម្អិត​ជុំវិញ​កាមេរ៉ា​សុវត្ថិភាព​នេះ។

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ចំអក​ឲ្យ​ប្រមុខ​ដឹក​នាំ​បក្ស​ប្រឆាំង​ថា ការ​ដើរ​ដាក់​បណ្ដឹង​ពាសវាលពាសកាល​ប្រឆាំង​ចំណាត់​ការ​របស់​តុលាការ​ក្នុង​ស្រុក និង​នគរបាល​យុត្តិធម៌ ជា​របៀប​ដែល​លោក សម រង្ស៊ី កំពុង​ព្រួយ​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​ការ​គាំទ្រ​ពី​មហាជន​ប៉ុណ្ណោះ។

ការ​ថ្លែង​ដូច​នេះ​របស់​លោក សុខ ឥសាន ស្រប​ពេល​លោក សម រង្ស៊ី កំពុង​ឈឺ​ឆ្អាល​ចំពោះ​ឃាតកម្ម​លើ​អ្នក​វិភាគ​សង្គម និង​នយោបាយ​ដ៏​មាន​ឥទ្ធិពល។ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា រូប​នេះ យល់​ឃើញ​ថា មូលហេតុ​ដែល​មេ​បក្ស​ប្រឆាំង​ធ្វើ​នេះ ដោយសារ​គ្មាន​ការងារ​ធ្វើ ម្យ៉ាង​វិញ​ទៀត ខ្លាច​បាត់​អ្នក​គាំទ្រ​ប៉ុណ្ណោះ។ លោក សុខ ឥសាន បញ្ជាក់​ជំហរ​ថា កិច្ចការ​របស់​លោក សម រង្ស៊ី នេះ វា​នឹង​មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់​បក្ស​ទាំង​ពីរ​កំពុង​តែ​ដំណើរ​ការ​ឡើយ៖ «យើង​ដឹង​ហើយ​ថា សម រង្ស៊ី គាត់​អស់​ការងារ​ធ្វើ​ហើយ។ គាត់​ខំ​បង្កើត​ការងារ​ខ្លួន​គាត់​តែ​ប៉ុណ្ណឹង​ទេ ហ្នឹង​ទី១។ ទី​២ គាត់​ចង់​យក​តួនាទី​គាត់​ធ្វើ​ម៉េច​ឲ្យ​សតិអារម្មណ៍​អ្នក​គាំទ្រ​គាត់​កុំ​ឲ្យ​បាក់​ទឹកចិត្ត​ខ្លាំង​ពេក»

ដោយ​ឡែក​មន្ត្រី​តុលាការ​ក្រុង​ភ្នំពេញ ដែល​បាន​ទទួល​សំណុំ​រឿង​នេះ​បន្ត​ពី​នគរបាល​យុត្តិធម៌​ទៅ​ចាត់​ការ​នោះ នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​ពី​ពេល​វេលា​ជាក់លាក់ ដែល​អាច​ឈាន​ទៅ​ដល់​បើក​ការ​ជំនុំជម្រះ​បាន​នៅ​ឡើយ​ទេ ដោយ​អះអាង​ថា កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​ស៊ើប​អង្កេត​បន្ត។

ស្រប​ពេល​នេះ ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​វិញ បាន​លើក​យក​ករណី​នេះ​មក​សើរើ​ដែរ។ លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន បាន​ផ្ញើ​លិខិត​ទៅ​តុលាការ​សហរដ្ឋអាមេរិក ដើម្បី​​ជំរុញ​ឲ្យ​ក្រុមហ៊ុន ឆេវរ៉ុន បង្ហាញ​វីដេអូ​ឃ្លិប​ដែល​លោក សម រង្ស៊ី ជឿ​ជាក់​ថា ក្រុមហ៊ុន​នេះ​បាន​ថត​​ដោយ​កាមេរ៉ា​សុវត្ថិភាព ក្នុង​ព្រឹត្តិការណ៍​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៦។
មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៦។

លោក សម រង្ស៊ី បង្ហោះ​សារ និង​ឯកសារ​ថត​ចម្លង​នៃ​បណ្ដឹង​​ទៅ​តុលាការ​សហរដ្ឋអាមេរិក នោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក​ផ្ទាល់ នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ នៅ​ក្រោយ​ពេល​លោក​បាន​ដាក់​បណ្ដឹង​​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ដដែល​នេះ។

ជុំវិញ​រឿង​នេះ កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ក្រុមហ៊ុន​កាល់តិច ដែល​ជា​ប្រតិបត្តិករ​ដ៏​ធំ​របស់​ក្រុមហ៊ុន ឆេវរ៉ុន នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​បដិសេធ​ក្នុង​ការ​ផ្ដល់​ចម្លើយ​មក​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ម្ដង​រួច​មក​ហើយ ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​នេះ ដោយ​ចាត់​ទុក​ថា រាល់​សំណួរ​ដែល​បាន​លើក​ឡើង​​ជុំវិញ​បទឧក្រិដ្ឋ​នេះ សុទ្ធ​តែ​ជា​រឿង​ចចាមអារ៉ាម និង​ជា​សំណួរ​មិន​ប្រាកដប្រជា។ បន្ថែម​ពី​លើ​នេះ តំណាង​ក្រុមហ៊ុន​កាល់តិច ក៏​បាន​បង្វែរ​សំណុំ​រឿង​នេះ​ឲ្យ​ទៅ​សួរ​សមត្ថកិច្ច​វិញ​ចុះ។

បើ​ទោះ​បី​ជា​យ៉ាង​ណា អ្នក​វិភាគ​សង្គម និង​នយោបាយ លោក គឹម សុខ យល់​ឃើញ​ថា រឿង​កិច្ច​អន្តរាគមន៍​របស់​បក្ស​ប្រឆាំង​ក្នុង​រឿង​ក្តី​នេះ ចៀស​មិន​ផុត​ពី​ការ​ជជែក​ដេញដោល​រវាង​តុលាការ​អាមេរិក និង​ក្រុមហ៊ុន ឆេវរ៉ុន ទេ។ ម្យ៉ាង​វិញ​ទៀត មាន​ហេតុផល​ខ្លះ​ដែល​នាំ​ឲ្យ​តុលាការ​ស្រុក​ខ្មែរ​យឺតយ៉ាវ​ក្នុង​ការ​ស្វែង​រក​អ្នក​ពាក់ព័ន្ធ​បន្ត​ទៀត​នោះ ប្រាកដ​ណាស់ រឿង​ក្ដី​គឺ​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​បុគ្គល​មាន​អំណាច​ណា​ម្នាក់​នៅ​កម្ពុជា។

លោក គឹម សុខ បន្ត​ថា៖ «បញ្ហា​សំខាន់​អ៊ីចេះ រដ្ឋាភិបាល​មិន​ហ៊ាន​បង្ហាញ​វា​អាច​មក​ពី​រដ្ឋាភិបាល​មាន​ចំណុច​ដែល​ជា​គន្លឹះ​បែប​ណា​មួយ​ពាក់ព័ន្ធ​នឹង​រឿង​ហ្នឹង​ហើយ មិនមែន​ចោទ​រដ្ឋាភិបាល​ទេ ចំណុច​គន្លឹះ​ហ្នឹង​អាច​ជា​រឿង​ដែល​មន្ត្រី ឬ​ក៏​មនុស្ស​ដែល​មាន​ឥទ្ធិពល​ក្នុង​លក្ខខណ្ឌ​ណា​មួយ វា​ប៉ះពាល់​ខ្លាំង​ដល់​មុខ​មាត់​របស់​រដ្ឋាភិបាល ប្រសិន​បើ​បង្ហាញ (វីដេអូ)»

លោក សម រង្ស៊ី បាន​សរសេរ​នៅ​ក្នុង​របាយការណ៍​របស់​លោក​ទៅ​តុលាការ​អាមេរិក​ថា អំពើ​ឃាតកម្ម​លើ​អ្នក​វិភាគ​សង្គម​ដ៏​មាន​ប្រជាប្រិយភាព​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ពេល​លោក​វិភាគ​លើ​របាយការណ៍​ដ៏​ស៊ី​ជម្រៅ​ទៅ​លើ​ការ​ស្រាវជ្រាវ​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) ស្ដីពី​ក្រុម​គ្រួសារ​ត្រកូល "ហ៊ុន"។

ជុំវិញ​សំណុំ​រឿង​ដ៏​រសើប​នេះ បណ្ដាល​ឲ្យ​សមាជិក​ព្រឹទ្ធ​សភា​របស់​បក្ស​ប្រឆាំង​ម្នាក់ គឺ​អ្នកស្រី ថាក់ ឡានី ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ដាក់​ពន្ធនាគារ ១​ឆ្នាំ​កន្លះ និង​ពិន័យ​លុយ ៨​លាន​រៀល ហើយ​សង​ជំងឺ​ចិត្ត​ឲ្យ​លោក ហ៊ុន សែន ១០០​រៀល​ថែម​ទៀត​ផង។ អង្គហេតុ​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​នេះ ដោយសារ​សមាជិក​ព្រឹទ្ធ​សភា​រូប​នេះ ចោទ​ថា លោក ហ៊ុន សែន ជា​អ្នក​បញ្ជា​ឲ្យ​បាញ់​លោក​បណ្ឌិត កែម ឡី។ ឆ្លើយ​តប​ទៅ​នឹង​សំណួរ​​អ្នក​គាំទ្រ លោក សម រង្ស៊ី បញ្ជាក់​ជំហរ​ចុង​ក្រោយ​របស់​លោក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ផ្ទាល់​ថា លោក​មិន​ញញើត​ចំពោះ​ការ​ផ្ដន្ទាទោស​ណា​មួយ​ក្នុង​របប​របស់​លោក ហ៊ុន សែន ឡើយ សំខាន់​គឺ​លោក​ត្រូវ​តែ​រក​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ។

លោក សុក សំអឿន ប្រធាន​ការិយាល័យ​មេធាវី​អ្នក​ច្បាប់​អមរិន្ទ្រ ហាក់​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​អត្ថាធិប្បាយ​ជុំវិញ​ចំណាត់​ការ​របស់​តុលាការ​អាមេរិក អំពី​បណ្តឹង​របស់​លោក សម រង្ស៊ី នេះ។ មេធាវី​រូប​នេះ យល់​ឃើញ​ថា ផ្អែក​លើ​គោលការណ៍​ច្បាប់​បើ​តុលាការ​មិន​ចេញ​ដីកា​បង្គាប់​ទេ ភាគី​ក្រុមហ៊ុន​នៅ​តែ​អាច​មាន​សិទ្ធិ​បដិសេធ​មិន​សហការ​បាន៖ «នៅ​អាមេរិក គេ​ច្បាប់​ផ្សេង ខ្ញុំ​មិន​ដឹង​តើ​គេ​អាច​ទទួល​ទេ​ណា។ គ្រាន់​តែ​បណ្ដឹង​ហ្នឹង​ទៅ​ឥត​រួច ព្រោះ​កាល់តិច គេ​អាច​និយាយ​ថា កាមេរ៉ា​គេ​អត់​បាន​មើល​ទេ។ គេ​ប្រគល់​ឲ្យ​អាជ្ញាធរ​អស់​ហើយ។ បើ​គេ​ឆ្លើយ​ប៉ុណ្ណឹង​មួយ​ម៉ាត់​ទៅ ធ្វើ​ម៉េច​ទៅ មិន​ចប់​បាត់​ហើយ»

ព្រឹត្តិការណ៍​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី លើក​នេះ មិន​ខុស​ពី​អំពើ​ឃាតកម្ម​មុនៗ​ឡើយ ពី​ខាង​រដ្ឋាភិបាល​តែង​បង្ហាញ​ជំហរ​ស្ងប់ស្ងាត់។ ស្ថិត​ក្រោម​ទិដ្ឋភាព​នេះ​ហើយ ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​រិះគន់​ថា រដ្ឋាភិបាល​មិន​ដែល​ឈឺ​ឆ្អាល ហើយ​រឹត​តែ​ពុំ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ស៊ី​ជម្រៅ​ថែម​ទៀត​ផង រាល់​ឃាតកម្ម​លើ​អ្នក​តស៊ូ​មតិ​ដើម្បី​ឲ្យ​មាន​យុត្តិធម៌​សង្គម។

យ៉ាង​ណា លោក សុខ ឥសាន បញ្ជាក់​ថា ដោយសារ​សំណុំរឿង​នេះ​បាន​ចូល​ដល់​ដៃ​តុលាការ​ទៅ​ហើយ​នោះ ហេតុ​នេះ រដ្ឋាភិបាល ឬ​សមត្ថកិច្ច​ពុំ​មាន​សិទ្ធិ​ណា​មួយ​គ្រប​ដណ្ដប់​លើ​យុត្តាធិការ​របស់​តុលាការ​កំពុង​តែ​ដំណើរ​ការ​ទេ។

បច្ចុប្បន្ន​សំណុំ​រឿង​នៃ​បទឧក្រិដ្ឋ​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក សេង លាង។ លោក លី សុផាណា អ្នក​នាំ​ពាក្យ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ ធ្លាប់​បញ្ជាក់​ជំហរ​ថា រឿង​ក្ដី​នេះ​ចៅក្រម​កំពុង​តែ​បន្ត​នីតិវិធី ហើយ​ក៏​មិន​ទាន់​បាន​កំណត់​ពេល​ជំនុំ​ជម្រះ​ដែរ។ ក្រោយ​អំពើ​ឃាតកម្ម​បាន​កើត​ឡើង មាន​រយៈ​ពេល​ជាង ៥​ខែ​មក​ហើយ​នេះ គឺ​មាន​ជន​ជាប់​ចោទ​ម្នាក់​ប៉ុណ្ណោះ​ត្រូវ​ចាប់​ឃុំ​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន អួត​នៅ​ក្នុង​វេទិកា​ប្រទេស​កូរ៉េ​ថា កម្ពុជា​មាន​សន្តិភាព ខណៈ​អ្នក​តវ៉ា​ទាមទារ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។