បក្ស​ប្រជាជន​កម្ពុជា​បន្ត​ចុះ​ពង្រីក​ឥទ្ធិពល​កាន់​តែ​ខ្លាំង​នៅ​ប្រទេស​ថៃ ក្រោយ​បង្ក្រាប​លើ​សកម្មជន​បក្ស​ប្រឆាំង

ដោយ សុជីវី
2022.09.25
បក្ស​ប្រជាជន​កម្ពុជា​បន្ត​ចុះ​ពង្រីក​ឥទ្ធិពល​កាន់​តែ​ខ្លាំង​នៅ​ប្រទេស​ថៃ ក្រោយ​បង្ក្រាប​លើ​សកម្មជន​បក្ស​ប្រឆាំង លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទៅ​ចូលរួម​ពិធីបុណ្យ​​ភ្ជុំបិណ្ឌ​ជាមួយ​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេសថៃ​កាលពី​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុកលោក អ៊ិត សំហេង

គណបក្ស​ប្រជាជន​កម្ពុជា​ បន្តចុះ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​កាន់​តែ​ខ្លាំង​ទៅ​លើ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ក្រោយ​អាជ្ញាធរ​ប្រទេស​ទាំងពីរ​សហការ​គ្នា​ធ្វើ​ទុក្ខ​បុកម្នេញ​ និង​បង្ក្រាប​ចំពោះ​សកម្មជន​បក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់។ ការលើក​ឡើង​នេះ បន្ទាប់​ពី​មន្រ្តី​ក្រសួង​ការងារ​ និង​មន្រ្តី​ស្ថានទូត​ខ្មែរ​មក​ពី​បក្ស​កាន់​អំណាច​បាន​ចុះជួប​ពលករ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ប្រទេស​ថៃ នៅថ្ងៃទី​២៥ ខែ​កញ្ញា។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​អះអាងថា ពួកគេ​តែងតែ​យក​ចិត្ត​ទុក​ដាក់​អំពី​សុខទុក្ខ​របស់​ពលករ​ចំណាក​នៅ​ក្រៅ​ប្រទេស។

ជន​ភៀសខ្លួន​នៃ​គណបក្ស​សង្គ្រោះជាតិ​នៅប្រទេសថៃ​ដែលគេច​ពី​ការ​ចាប់​ចង​ពី​សំណាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន លើកឡើងថា ពួកគេ​ពិបាក​ចុះ​ជួប​ពលករ​ដូច​មុនៗ ដោយ​សារ​អាជ្ញាធរ​កម្ពុជា​តែង​តែ​ប្តឹង​អាជ្ញាធរ​ថៃ​ឱ្យ​តាម​ចាប់​ពួកគេ​ជា​បន្ត​បន្ទាប់។ ពួកគេ​បញ្ជាក់ថា បញ្ហានេះ​បាន​ធ្វើ​ឱ្យ​ពលករ​មួយ​ចំនួន​មិន​ហ៊ាន​ចេញ​មុខ​គាំទ្រ​បក្ស​ប្រឆាំង​ដោយ​សារ​ពួកគេ​ភ័យ​ខ្លាច​ និង​បារម្ភ​ពី​សុវត្ថិភាព​ដែល​នេះ គឺជា​ឱកាស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​បញ្ជ្រាប​ខ្លួន​ចូល​ក្នុង​ក្រុម​ពលករ​នៅ​ប្រទេស​ថៃ

តំណាងជន​ភៀស​ខ្លួន​នៃ​គណបក្ស​សង្គ្រោះជាតិ​នៅ​ប្រទេសថៃ​លោក ផុង សុជាតិ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា រដ្ឋលេខាធិការ​ក្រសួង​ការងារ​លោក ហេង សួរ ជាមនុស្ស​ស្និតនឹង​កូន​ប្រុស​ច្បង​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមាន​ឈ្មោះ​អាស្រូវ​ពូកែ​គំរាម​កំហែង​ពលករ​នៅ​ក្រៅ​ប្រទេស​តែង​ប្រើ​ឱ្យ​អតីត​សកម្មជន​ ដែលចុះ​ជាមួយ​បក្ស​កាន់​អំណាច​ដើរ​អូសទាញ​ពលករ​នៅ​តាម​បណ្តា​ខេត្ត​ក្នុង​ប្រទេស​ថៃ ដើម្បី​កៀង​គរ​កម្លាំង​គាំទ្រ និង​បញ្ចុះបញ្ចូល​ឱ្យ​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​សន្យា​ជួយ​សម្រួល​ឯកសារ​ផ្លូវច្បាប់​ផ្សេងៗ​ពី​ស្ថានទូត​ខ្មែរ​ដោយ​សេរី៖ « របប​លោក ហ៊ុន សែនបាន​គំរាម​កំហែង​រហូត​មក​ដល់​ប្រទេស​ថៃ​ទៀត សូម្បី​តែ​ពេលខ្លះ​យើង​ជួបជុំ​ជាមួយ​ពលករ​ដែល​គាត់​ស្នេហា​ជាតិ គាត់​ចង់​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​របប​លោក ហ៊ុន សែន ក៏មាន​ក្តី​បារម្ភ​ផងដែរ ហ្នឹង​ជា​ការ​រឹតត្បិត ដោយសារ​មានការ​សហការ​គ្នា​រវាង​អាជ្ញាធរ​ថៃ​និង​អាជ្ញាធរ​លោក ហ៊ុន សែន តាម​គំរាមកំហែង​ជា​បន្ត​បន្ទាប់​បាទ»

ស្រដៀង​គ្នា​នេះ សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ខេត្តកំពង់ស្ពឺ​នៅ​ប្រទេស​ថៃ​ម្នាក់​ទៀត​លោកស្រី ជុំ សោភ័ណ្ឌ លើក​ឡើង​ថា គណបក្ស​ប្រជាជន​បាន​ធ្វើ​ទុក្ខបុកម្នេញ គំរាមកំហែង​លើ​សកម្មជន​បក្ស​ប្រឆាំង​ឥតស្រាកស្រាន្ត​ពី​កម្ពុជា​រហូត​ប្រទេស​ថៃ ដើម្បី​ទប់ស្កាត់​សកម្មភាព​ និង​បន្សាប​ឥទ្ធិពល​គណបក្ស​ប្រឆាំង​លើ​ពលករ​ខ្មែរ។ លោកស្រីថា ទោះបី​ទទួល​ការ​គំរាមកំហែង​ពី​សំណាក់​អាជ្ញាធរ​ខ្មែរ​និង​ថៃ​ក៏​ដោយ ក៏ពួក​លោកស្រី​នៅតែ​បន្ត​សកម្មភាព​ចុះជួប​ពលករ​ដើម្បី​ចងក្រង​និង​ផ្សព្វផ្សាយ​អំពី​ការ​រំលោភ​បំពាន​សិទ្ធិ​ពលរដ្ឋ​ពី​សំណាក់​រដ្ឋាភិបាល​ឯកបក្ស​ដែរ«យើង​បារម្ភ​ពី​សុវត្ថិភាព បារម្ភ​ពី​ការ​ចាប់​បញ្ជូន​ដោយ​សារ​អាជ្ញាធរ​ខ្មែរ​សហការ​ជាមួយ​អាជ្ញាធរ​ថៃ បើ​យើង​ធ្វើ​សកម្មភាព​ជួបជុំ​ហើយ គឺ​យើង​មក​វិញ​ភ្លាមៗ។ យើងខ្លាច​មែនតែ​យើង​ទុកការ​ខ្លាច​របស់​យើង​ជា​ទឹក​ចិត្ត​ជំរុញ​ឱ្យ​យើង​ធ្វើ​ការងារ និង​ផ្សព្វផ្សាយ​ពីទុក្ខលំបាក​របស់​ពលករ​និង​ជនភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​នេះ»

កាលពី​ចុង​ឆ្នាំ២០២១ អាជ្ញាធរថៃ​បាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ចំនួន​៣​នាក់ គឺ​លោក វឿង សំណាង លោក វឿន វាសនា ហៅ​គ្រញូង​ព្រៃឡង់ អ្នកស្រី ឡាញ់ ថាវរី និង​ពលករ​ម្នាក់​ទៀត​លោក ម៉ិច ហ៊ាង បញ្ជូន​ត្រឡប់​កម្ពុជា​វិញ។ តុលាការ​បាន​ចោទ​ប្រកាន់​ពួកគេ​ពី​បទរួម​គំនិត​ក្បត់ និង​បទញុះញង់ ដែល​រហូត​មក​ដល់​ពេល​នេះ អ្នក​ទាំង​៤ កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ព្រៃស​នៅ​ឡើយ។ ប៉ុន្តែ​មតិ​ជាតិ​និង​អន្តរជាតិ​បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន​ពួក​នោះ គឺជា​ការ​ធ្វើទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ​ និង​បិទ​ខ្ទប់​សំឡេង​ប្រឆាំង​ដែល​ងើប​តស៊ូ​ប្រឆាំង​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្រោយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់​ទង​រដ្ឋលេខាធិការ​ក្រសួង​ការងារ​លោក ហេង សួរ និង​មន្រ្តី​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក ដើម្បី​បក​ស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី២៥ ខែកញ្ញា។

លោក ហេង សួរ ដែល​គេស្គាល់​ថា ជា​មនុស្ស​ស្និទ្ធនឹង​កូន​ប្រុស​ច្បង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ គឺ​លោក ហ៊ុន ម៉ាណែត តែងតែ​បាន​ប្រើសារ​សម្លុត​គំរាម​កម្មករ ពលករ តាមអំពើ​ចិត្ត​គ្រប់​រូប​ភាពកាលពី​ឆ្នាំ២០១៨ មាន​សារ​សំឡេង​បែកធ្លាយ​មួយ​ដែល​គេ​សង្ស័យ​ថា ជា​សារ​របស់​លោក ហេង សួរ ដោយ​លោក​មាន​បំណង​ឱ្យ​ក្រុម​អ្នក​លេង​តាម​ព្រួត​វាយ​ពលករ​ខ្មែរ​ណា ដែល​ហ៊ាន​តវ៉ា​នៅ​ប្រទេស​ជប៉ុន ប្រឆាំង​នឹង​រដ្ឋាភិបាល ឬក៏លប​សម្លាប់​ពួកគេ​នៅពេល​ដែល​វិល​ត្រឡប់​មក​កម្ពុជា​វិញ

ចំណែក​រដ្ឋមន្រ្តី​ក្រសួង​ការងារ​លោក អ៊ិត សំហេង នៅថ្ងៃទី២៥ ខែកញ្ញា​បាន​ដឹកនាំ​មន្រ្តី​របស់​ខ្លួន រួមមាន​លោក ហេង សួរ និង​មន្រ្តីស្ថានទូតខ្មែរ​នៅ​ប្រទេស​ថៃ ដើម្បី​ចូលរួម​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ជាមួយ​ពលករ​ខ្មែរ​ជាង​៤​ពាន់​នាក់​នៅ​វត្ត​មួយ​ក្នុងខេត្ត​សៈមុតប្រាកាន ប្រទេសថៃ (Samut Prakan Province, Thailand)ក្នុង​ពិធី​នោះ លោក អ៊ិត សំហេង លើកឡើងថា រដ្ឋាភិបាល​បានយក​ចិត្តទុក​ដាក់​ចំពោះ​ពលករខ្មែរ​ ហើយ​មូលហេតុ​នាំ​ឱ្យ​ពលរដ្ឋ​ទាំងអស់​ជួបជុំ​គ្នា​ក្នុង​ឱកាស​នេះ​ដោយ​សារ​ប្រទេស​មាន​សន្តិភាព សេដ្ឋកិច្ចជាតិ​រីក​ចម្រើន ពលរដ្ឋ​មាន​ជីវភាព​ធូរធា​ជា​ដើម។ លោកឱ្យដឹងថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេសថៃ​ប្រមាណ ១លាន២សែននាក់ ហើយពួកគេ​បាន​ផ្ញើ​ប្រាក់​ទៅ​គ្រួសារ​ជាង​២ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ៖ « សម្រាប់​បងប្អូន​របស់​យើង​ដែល​មក​ធ្វើការ​នៅ​ប្រទេស​ថៃ ខ្ញុំសូម​បញ្ជាក់​ជា​ថ្មី​ថា​រដ្ឋាភិបាល​ដែល​មាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកអគ្គរាជ​ទូត​កម្ពុជា និង​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បន្ត​យក​ចិត្ត​ទុក​ដាក់​ជា​និច្ច​ចំពោះ​បងប្អូន​ដោយ​ខំខិត​ផ្តល់ និង​ថែរក្សា​ឱកាស​ការងារ ​មុខ​របរ​ តាម​រយៈការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើគ្រប់​វិស័យ​ជាមួយ​ភាគី​ថៃ»

ទោះយ៉ាងណា តំណាង​ពលករ​នៅ​ប្រទេសថៃ​លោក ឆន សុខខឿន ថ្លែង​ពលករ​ខ្មែរ​ជាច្រើន​នាក់​បាន​នាំគ្នា​ទៅវត្តអារាម​ធ្វើបុណ្យ​នៅតាម​តំបន់​នីមួយៗ​ដែលពួកគេ​រស់​នៅ​ក្នុង​ឱកាស​បុណ្យ​កាន់​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ។ លោកថា ទោះបី​ក្នុង​ពិធីនេះ​មាន​វត្តមាន​មន្រ្តី​រដ្ឋាភិបាល​តែ​មិន​អាច​បញ្ជាក់​ថា ពួកគាត់​គាំទ្រ​នយោបាយ​របស់​បក្ស​កាន់អំណាច​នោះ​ទេ។ លោកបន្ថែមថា កន្លងមក​ពលករ​មើល​ឃើញ​ថា រដ្ឋាភិបាល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​អំពី​បញ្ហា​ជីវភាព និង​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ខ្មែរ ចំណាក​ស្រុក​ធ្វើការ​នៅ​ប្រទេស​ថៃ​ទេ។

លើស​ពី​នេះ​លោក ឆន សុខខឿន ឱ្យដឹងថា ក្រុមការងារ​គណបក្ស​ជា​ជន​កម្ពុជា​តែង​តែ​ព្យាយាម​បញ្ចូល​ក្រុម​ការងារ​របស់​ខ្លួន​ដើម្បី​ចូល​គៀក​ពលករ ស្របពេល​អវត្តមាន​សកម្មភាព​បក្ស​ប្រឆាំង​ ប៉ុន្តែ​លោក​យល់ថា ផែនការ​នេះមិន​អាច​គ្រប់គ្រង​ឆន្ទៈពលរដ្ឋ​ដែល​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​សង្គម​បាន​ទេ៖ « ហេតុអ្វី​បាន​ជា​ពលករ​ពលការិនី​គាត់​ចូលរួម គឺជា​បុណ្យ​ថែរក្សា​វប្បធម៌​ប្រពៃណី​ជាតិ​ខ្មែរ ទើប​ពួកគាត់​ចូលរួម ប៉ុន្តែ​ការ​សហការ​ចូលរួម ឬ​បញ្រ្ជាប​និន្នាការ​នយោបាយ​របស់​គណបក្ស​ប្រជាជន គឺ​តិចណាស់ ពលករ​ភាគច្រើន​គាត់​អត់​ចូល​រួម​ទេ ព្រោះគាត់​ដឹង​ច្បាស់​ណាស់​ការ​ដែល​គាត់​មក​ធ្វើការ​នៅ​ប្រទេស​ថៃ​ធ្វើការ​លំបាក​វេទនា ហើយ​លិខិត​ឆ្លង​ដែន​ថ្លៃ និង​ឯកសារ​ផ្សេងៗ​រដ្ឋាភិបាល​មិន​អើ​ពើ​មិន​ជួយ​ដោះ​ស្រាយ​ទេ »

ទាក់ទង​រឿង​នេះ អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​លោក គៀន ពន្លក មើល​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន ដោយ​អនុវត្ត​ផែនការ​ផ្តាច់​រចនា​សម្ព័ន្ធ​គាំទ្រ​ក្រុម​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស។ លោកថា ការ​ពង្រីក​ឥទ្ធិពល​ដើម្បី​បន្សាប​ក្រុម​ប្រឆាំង​នេះ ដើម្បី​រក្សា​អំណាច​តែ​ប៉ុណ្ណោះ ហើយ​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ដូច​បច្ចុប្បន្ន​នេះ លោកយល់ថា ពលរដ្ឋ​នៅក្រៅ​ប្រទេស​ទាំង​នោះ​ទំនង​មិន​ជឿជាក់​លើ​ការ​អូសទាញ​របស់​បក្ស​កាន់​អំណាច​នោះ​ទេ។

ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​មមាញឹក​ក្នុង​ការ​បង្កើត​បណ្ដាញ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​ចំណោម​សហគមន៍​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ ហើយ​គ្មាន​អ្វី​គួរ​ឲ្យ​លាក់បាំង​ឡើយ ការ​ពង្រីក​ឥទ្ធិពល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដល់​ទីណា មាន​ការ​បែកបាក់​ ប្រេះឆា​ក្នុង​ចំណោម​សហគមន៍​ខ្មែរ​នៅ​ទី​នោះ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។