អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ហៅ​អ្នកធ្វើ​បាតុកម្ម​ប្រឆាំង​ថ្ងៃ​ ៧​ មករា ​ថា​ជា​ជន​អគតិ

ដោយ ថន ថារ៉ូ
2019.01.05
សុខ ឥសាន ៦២២ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។
AFP

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់​ទុក​ក្រុម​អ្នក​ធ្វើ​បាតុកម្ម​ប្រឆាំង​ថ្ងៃ​៧ មករា នៅ​ប្រទេស​អូស្ត្រាលី​ថា ជា​ជន​អគតិ។ អ្នកវិភាគ​ចាត់​ទុក​សម្ដី​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ដែល​និយាយ​បែប​នេះ ជា​ការ​ប្រមាថ​ពលរដ្ឋ​ម្ចាស់​ឆ្នោត និង​ជា​ប្រមាថ​ជាតិខ្មែរ។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ ដែល​កំពុង​រស់នៅ​ប្រទេស​ហ្វាំងឡង់ (Finland) គេច​ពី​តាម ចាប់ខ្លួន​របស់​របប​លោក ហ៊ុន សែន ចាត់​ទុក​សម្ដី​របស់ លោក សុខ ឥសាន ដែល​ប្រមាថ​បាតុករ​ប្រឆាំង​ថ្ងៃ ៧​មករា ទៅវិញ​ទេ ដែល​ជា​សំដី​ជន​អគតិ​ព្រោះ​លោក​បាន​ជេរ​ប្រមាថ ជាតិ​សាសន៍​ខ្លួនឯង​ដើម្បី​បម្រើ​ប្រយោជន៍​ប្រទេស​វៀតណាម។ លោក​បន្ត​ទៀត​ថា មិនមែន​តែ​ពលរដ្ឋ​ដែល​សិទ្ធិ​សេរីភាព​ពេញលេញ​នៅ​ក្រៅ​ទេ​ប្រទេស​ទេ​ដែល​ដឹង​ថា ថ្ងៃ​៧​មករា ជា​ការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ឲ្យ​កងទ័ព​វៀតណាម​ចូល​លុកលុយ ឈ្លានពាន​កម្ពុជា គ្រប់គ្រង និង​សម្លាប់​ពលរដ្ឋ​ខ្មែរ សូម្បីតែ​សហគមន៍​អន្តរជាតិ​ក៏​បាន​ចារ​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​ថា​ថ្ងៃ៧ មករា ជា​ថ្ងៃ​វៀតណាម​ឈ្លានពាន​កម្ពុជា​ដែរ៖ «លោក ហ៊ុន សែន និង​ក្រុម​លោក ហ៊ុន សែន គឺ​លោក សុខ ឥសាន ហៅ​ពលរដ្ឋ​ឯង​ថា​អគតិ​នោះ​មានន័យថា​គាត់​ជេរ​ជាតិ​ឯង​អគតិ បើ​សិន​ជាតិ​ឯង​អគតិ​បើ​អ៊ីចឹង​ខ្លួនឯង​ជា​ជន​អគតិ​លក់​មនសិការ​បម្រើ​ប្រយោជន៍​ពួក​អគតិ​វៀតណាម»

ការ​លើកឡើង​របស់​លោក គឹម សុខ បែបនេះ ក្រោយ​ពេល​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន សរសេរ​នៅ​លើ​ប្រព័ន្ធ​តេឡេក្រាម​របស់​លោក នៅ​ថ្ងៃ​ទី​៥ មករា ជា​ថ្ងៃ ដែល​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​កំពុង​ធ្វើ​បាតុកម្ម​ប្រឆាំង​ថ្ងៃ​៧ មករា។ អ្នកនាំពាក្យ​រូប​នេះ លើកឡើង​ថា មក​ដល់ពេលនេះ​មាន​រយ​:​ពេល ៤០​ឆ្នាំ​ហើយ នៃ​ការ​អបអរ ថ្ងៃ​៧​មករា ឯ​សកម្មភាព​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​ថ្ងៃ​៧ មករា ក៏​បាន​ប្រព្រឹត្ត ទៅ​ប្រមាណ ៤០​ដង ដូចគ្នា​ដែរ។

លោក សុខ ឥសាន បន្ត​ទៀត​ថា បាតុកម្ម​នៅ​បរទេស​គ្មាន​ឥទ្ធិពល​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ស្រុក​នោះ​ទេ។

ប៉ុន្តែ អ្នកវិភាគ​នយោបាយ លោក គឹម សុខ យល់ថា មិនមែន​ពលរដ្ឋ​ក្នុង​ស្រុក​ទាំងអស់​គាំទ្រ​ថ្ងៃ​ ៧​ មករា​នោះ​ទេ ប៉ុន្តែ​ដោយសារ​ពួកគេ​គ្មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ដើម្បី​បញ្ចេញ​មតិ​ប្រឆាំង​ថ្ងៃ​ ៧ ​មករា​ប៉ុណ្ណោះ។ លោក​បន្ត​ថា បើ​របប​ក្រុងភ្នំពេញ​ក្លាហាន ហ៊ាន​បើក​សិទ្ធិ​សេរីភាព​ឲ្យ​ពលរដ្ឋ​ក្នុង​ស្រុក​នោះ ពួកគេ​នឹង​បង្ហាញ​ឆន្ទៈ​ធ្វើ​បាតុកម្ម​ប្រឆាំង ថ្ងៃ​៧ មករា ទូទាំង​ប្រទេស៖ «ពលរដ្ឋ​ខ្មែរ​គាត់​បាន​រៀនសូត្រ​ចេះ​ដឹង​ថា ទង្វើ​វៀតណាម​ជា​ការ​ប្រើប្រាស់​ព្រលឹង​និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រង​ទុក្ខ​សោក​​ធ្វើជា​ដើមទុន ​ដើម្បី​ឈ្លានពាន​ប្រទេស​កម្ពុជា»

គណបក្ស​ប្រជាជន​កម្ពុជា​គ្រោង​ប្រារព្ធ​អបអរ ថ្ងៃ​៧​មករា​នេះ ដូចដែល​បក្ស​នេះ​បាន​ធ្វើ​ជា​រៀងរាល់ ឆ្នាំ​ដដែល។ ថ្ងៃ​ ៧ មករា ឆ្នាំ​ខាងមុខនេះ របប​ក្រុងភ្នំពេញ​នឹង​រៀបចំ​យ៉ាង​ទូលំទូលាយ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ដែល​ពួកគេ​រៀបចំ ឲ្យ​មាន​មនុស្ស​ចូលរួម​ច្រើន​ម៉ឺន​នាក់ ហើយ​ពេលនេះ​ពួកគេ​កំពុង​ហាត់​សម​នៃ​ការ​ប្រារព្ធ​ពិធី​នេះ៖ «មិនមែន​តែ​លោក គឹម សុខ ទេ ដែល​អះអាង​ថ្ងៃ ៧​មករា ជា​ថ្ងៃ​វៀតណាម​ឈ្លានពាន​កម្ពុជា អ្នកវិភាគ​ផ្សេងទៀត​ក៏​យល់​ដូច្នោះ​ដែរ»

អ្នកវិភាគ​នយោបាយ​ជើងចាស់ លោក​បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ថាបើ​ផ្អែក​តាម​ប្រវត្តិសាស្ត្រ បញ្ជាក់​ថា កងទ័ព​វៀតណាម​បាន​ចូល​មក​ឈ្លាន​ពាន​កម្ពុជា តាំង​ពី​ថ្ងៃ​ទី២៥ ខែ​ធ្នូ ឆ្នាំ​១៩៧៨ មក​ម្ល៉េះ ហើយ​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ ជា​ថ្ងៃ​កងទ័ព​វៀតណាម​បង្កើត​រដ្ឋាភិបាល សាធារណរដ្ឋ​​ប្រជាមានិត​​កម្ពុជា ក៏ប៉ុន្តែ​អន្តរជាតិ​មិន​បាន​ទទួលស្គាល់​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​តំណាង​ឲ្យ​កម្ពុជា​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។