មន្ត្រីបក្សកាន់អំណាចមិនបដិសេធការចរចាជាមួយបក្សប្រឆាំងក្រោយសភាអឺរ៉ុបអនុម័តវិធានការទណ្ឌកម្ម

មួង ណារ៉េត
2018-09-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​នៅខាង​មុខ​​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​​ពី​​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​នៅខាង​មុខ​​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​​ពី​​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA

មន្ត្រី​បក្ស​កាន់អំណាច មិន​បដិសេធ​ការចរចា​នយោបាយ​ជាមួយនឹង​បក្សប្រឆាំង​ឡើយ ក្រោយពេល​សភា​សហភាព​អឺរ៉ុប​អនុម័ត​សេចក្តីសម្រេច អំពី​វិធានការ​ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន​។ សភា​សហភាព​អឺរ៉ុប កាលពី​ល្ងាច​ថ្ងៃទី១៣ ខែកញ្ញា​ម្សិលមិញ បានអនុម័ត​សេចក្តីសម្រេច ស្តីពី​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ជាពិសេស​ករណី​លោក កឹម សុខា នៅក្នុង​កិច្ចប្រជុំ​សភាពេញអង្គ​។ សេចក្តីសម្រេច​នេះ នឹង​ឈានទៅ​ជំរុញ​ឲ្យ​គណៈកម្មាការ​សហភាព​អឺរ៉ុប ដែលមាន ២៨ប្រទេស ចាត់វិធានការ​ចាំបាច់​នានា ដើម្បី​ដាក់​សម្ពាធ​របប​លោក ហ៊ុន សែន ឲ្យ​ងាក​មក​ស្តារ​សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ​ឡើងវិញ​។​

​មន្ត្រី​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃទី ១៣ ខែកញ្ញា​ គឺ​នៅ​ប៉ុន្មាន​ម៉ោង ក្រោយ​ការអនុម័ត​សេចក្តីសម្រេច របស់​សភា​សហភាព​អឺរ៉ុប ថា​លទ្ធភាព​នៃ​ការចរចា​នយោបាយ ខាង​លោក​មិន​បិទទ្វា​ទេ៖ «ខ្ញុំ​មិនបាន​និយាយថា មិន​ចរចា​ទេ ប៉ុន្តែ​យើង​ខំ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស និងពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា ដើម្បី​ធានា​ឲ្យ​បាន​នូវ​សន្តិភាព ស្ថេរភាព​នយោបាយ និង​សេចក្តីសុខក្សេមក្សាន្ត របស់​ប្រជាពលរដ្ឋ​កម្ពុជា​»។​

​ប្រតិកម្ម​របស់​មន្ត្រី​បក្ស​កាន់អំណាច​រូបនេះ ធ្វើឡើង​ក្រោយ​ពេលដែល​សហភាព​អឺរ៉ុប អនុម័ត​សេចក្តីសម្រេច ដើម្បី​ឆ្លើយតប​ទៅនឹង​ការចង់បាន​របស់​ពល​រដ្ឋ​ខ្មែរ ដែល​ស្រេកឃ្លាន​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ពេញលេញ និងពិតប្រាកដ​។ ប៉ុន្តែ ទាំង​ក្រុមប្រឹក្សា និង​សភា​សហភាព​អឺរ៉ុប សុទ្ធតែ​រកឃើញថា ក្រោម​របប​លោក ហ៊ុន សែន គោលការណ៍​ទាំងនេះ រង​ការរំលោភបំពាន និង​បំផ្លាញ​យ៉ាងដំណំ ជាពិសេស​ក្នុង​រយៈពេល​ជិត​ពីរ​ឆ្នាំ​ចុង​ក្រោយនេះ​។

ថ្លែង​ក្នុង​កិច្ចប្រជុំពេញអង្គ​សភា​ស​ហ​ភាព​អឺរ៉ុប បន្តិច​មុន​បោះឆ្នោត​អនុម័ត​សេចក្តីសម្រេច​នោះ តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប ទទួលបន្ទុក​កិច្ចការបរទេស និង គោលនយោបាយ អ្នកស្រី ហ្វេ​ដា​រី​កា មូ​ហ្គា​រី​នី (Federica Maria Mogherini) ព្រមាន​របប​លោក ហ៊ុន សែន ជាថ្មី​ម្តងទៀត អំពី​ផលវិបាក ដែល​កើតមាន​ចំពោះ​របប​នេះ ប្រសិនបើ​លោក ហ៊ុន សែន នៅតែ​មិន​ព្រម​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​នោះទេ​។ អ្នកស្រី​ទទូច​ឲ្យ​លោក ហ៊ុន សែន និង មេដឹកនាំ​បក្សប្រឆាំង ចាប់ផ្តើម​ការចរចា ដើម្បី​រក​ដំណោះស្រាយ បញ្ចប់​វិបត្តិ​នយោបាយ ដែល​កំពុង​ញាំញី​កម្ពុជា​បច្ចុប្បន្ននេះ ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន បើ​មិន​ដូច្នេះ​ទេ របប​នេះ​នឹង​ទទួល​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប ជាក់​ជាមិនខាន៖ «ប្រសិនបើ​យើង នៅតែ​ឃើញ​ទំនោរ​នៃ​ភាពអវិជ្ជមាន​ដដែល គ្មានអ្វី​ប្រែប្រួល​ដូច​សព្វថ្ងៃនេះ  ដូច​ខ្ញុំ​បាន​រម្លឹក​រួចទៅហើយ ថា​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប បាន​ត្រៀមខ្លួន​រួចរាល់​អស់ហើយ ថា​នឹង​ចាត់វិធានការ​សមស្រប ដើម្បី​ទប់ទល់​នឹង​សភាពការណ៍​នេះ​»។​

អ្នកស្រី ហ្វេ​ដា​រី​កា មូ​ហ្គា​រី​នី ថ្លែង​រម្លឹក​របប​លោក ហ៊ុន សែន ជាថ្មី​ម្តង​ទៀតថា ភាពជា​ដៃគូ​គ្នា ទាំង​ផ្នែក​អភិវឌ្ឍ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​សហភាព​អឺរ៉ុប គឺ​ឈរលើ​មូលដ្ឋាន នៃ​ការគោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ឲ្យ​បាន​ខ្ជាប់ខ្ជួន​។ បើ​មិន​ដូច្នេះ​ទេ ទំនាក់ទំនង​នេះ នឹងមិន​អាចទៅរួច​នោះឡើយ​។​

​ប៉ុន្តែ ចំពោះ​លោក សុខ ឥសាន ទោះជា​បាន​អះអាងថា មិន​បិទផ្លូវ​ចរចា ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​យ៉ាងណាក្តី ក៏​លោក​មិន​ពេញចិត្ត​ទៅនឹង​សម្ពាធ​សហគមន៍​អន្តរជាតិ បែបនេះ​នោះដែរ ព្រោះ​ទង្វើ​បែបនេះ គឺ​លោក​ចាត់ទុកថា មាន​ចរិត​នយោបាយ​។ លោក សុខ ឥសាន នៅតែ​អះអាងថា ប្រទេស​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក ហ៊ុន សែន គ្មាន​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ដូច​ការអះអាង​របស់​សហគមន៍​អន្តរជាតិ​នោះឡើយ​។ លោក​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ កុំ​លូកដៃ​កកូរកកាយ​រឿង​ខ្មែរ ដោយ​ទុក​ឲ្យ​ខ្មែរ​បាន​សុខ​ដោយ​ខ្លួនឯង​ផង៖ «អាហ្នឹង​ហើយ ដែល​យើង​ថា​ការ​លូកដៃ ចូល​កិច្ចការ​ផ្ទៃក្នុង របស់​បណ្តា​ប្រទេស​ដទៃ​នោះ​ណា៎​! ក្នុងឋានៈ​ខ្លួន​ជា​សភា​នៅ​ប្រទេស​នៅ​អឺរ៉ុប ត្រូវតែ​ត្រួតត្រា ត្រូវតែ​គ្រប់គ្រង​ច្បាប់​ក្នុង​ក្របខ័ណ្ឌ​របស់​សហភាព​អឺរ៉ុប ទើប​វា​ត្រឹមត្រូវ​។ ឥឡូវ​មក​រាតត្បាត​ដល់​អាស៊ីអាគ្នេយ៍ រាតត្បាត​ប្រទេស​ណាៗ​ទៀត អាហ្នឹង​ជា​ទម្លាប់ និង​ជា​គំនិត​ចក្រពត្តិ អនុត្តរភាព​និយម​លើ​ពិភពលោក​ហើយ​។ ជា​គំនិត​អនុត្តរភាព​និយម ហើយ​ចក្រពត្តិនិយម ព្រមទាំង​អាណានិគមនិយម ទាំងចាស់​ទាំងថ្មី វា​មក​ជាមួយគ្នា​ហ្នឹង​!»។

ទោះបីជា​លោក សុខ ឥសាន មិន​ចង់​ឲ្យ​សហគមន៍​អន្តរជាតិ ឈឺឆ្អាល​រឿង​ខ្មែរ​ជំនួស​ខ្មែរ​យ៉ាងណាក្តី ក៏​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ជាង ២៥​ឆ្នាំ​ចុង​ក្រោយនេះ បាន​ទទួល​​ការ​អ​ភ​វិ​ឌ្ឍ​ជា​បណ្តើរៗ ក៏​ដោយសារ​ការពឹង​អាស្រ័យ​យ៉ាងខ្លាំង ទៅលើ​ជំនួយ និង​ការជួយឧបត្ថម្ភ​ពី​អន្តរជាតិ។ ជំនួយ និង​ការអនុគ្រោះ​ពន្ធ​ផ្នែក​នាំចេញ​ផលិតផល ពី​កម្ពុជា​ទៅ​ផ្សារ​អន្តរជាតិ ជាពិសេស​ទីផ្សារ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក គឺ​បានមក​ក្រោម​លក្ខខណ្ឌ​នៃ​ការគោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដែល​ស្របតាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១​។​

ប៉ុន្តែ ស្ថានភាព​រំលោភសិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ត្រូវ​បាន​​ប្រទេស​ម្ចាស់ជំនួយ​ធំៗ​ទាំងនោះ រកឃើញថា កំពុង​រីក​រាលដាល​យ៉ាងធ្ងន់ធ្ងរ ដែល​តម្រូវ​ឲ្យ​សហភាព​អឺរ៉ុប និង សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្ម​របប​លោក ហ៊ុន សែន ជា​បណ្តើរៗ​។​

​នៅមុន​ការបោះឆ្នោត ដែល​របប​លោក ហ៊ុន សែន ផាត់​គណបក្សប្រឆាំង​ចេញ សហភាព​អឺរ៉ុប សម្តែង​ការមិន​ពេញចិត្ត​យ៉ាងខ្លាំង ដោយ​ដាក់ទណ្ឌកម្ម តាមរយៈ​ការ​កាត់ផ្តាច់​ជំនួយ​ទាំងស្រុង ដែល​ធ្លាប់​ផ្តល់​ឲ្យ​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប​)​។ ជាការ​សម្តែង​ជំហរ​មិន​គាំទ្រ ការបំផ្លាញ​ប្រជាធិបតេយ្យ​នេះ សហភាព​អឺរ៉ុប មិន​​បញ្ជូន​អ្នកសង្កេតការណ៍​បោះឆ្នោត ដើម្បី​ទៅ​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត កាលពី​ថ្ងៃទី ២៩ ខែ​កក្កដា​ នោះទេ​។ មិនតែប៉ុណ្ណោះ សហភាព​អឺរ៉ុប ថែមទាំង​បានបង្ហាញ​ជំហរ មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត និង​មិន​ទទួលស្គាល់​រដ្ឋសភា​ថ្មី តាមរយៈ​ការមិន​បញ្ជូន​តំណាង​សហភាព​អឺរ៉ុប ទៅ​ចូលរួម​ក្នុង​ពិធី​បើកប្រជុំ​លើកដំបូង របស់​សភា​ឯក​បក្ស តាម​ការអញ្ជើញ​របស់​របប​លោក ហ៊ុន សែន នោះទេ​។ តំណាង​ទូត​នៃ​ប្រទេស​លោក​សេរី​ដទៃទៀត ដូចជា​សហរដ្ឋអាមេរិក បារាំង កាណាដា អូស្ត្រាលី អាល្លឺម៉ង់ អង់គ្លេស ស៊ុយអែត និង​ប៊ុលហ្គារី ក៏​បង្ហាញ​ជំហរ​មិន​គំ​ទ្រ​ការបង្កើត​រដ្ឋសភា​ឯក​បក្ស​នេះដែរ ដោយ​ពួកគេ មិនបាន​បញ្ជូន​មន្ត្រី​របស់ខ្លួន ទៅ​ចូលរួម​ពិធី​នោះទេ​។​

នៅក្នុង​សេចក្តីសម្រេច​ កាលពី​ថ្ងៃទី១៣ ខែកញ្ញា​ នេះ ទៀតសោត សភា​សហភាព​អឺរ៉ុប ស្នើ​ទៅ​តំណាង​សហភាព​អឺរ៉ុប​នៅ​បរទេស និង​គណៈកម្មការ​សហ​ភាព​អឺរ៉ុប អោយ​រៀបចំ​បញ្ជី​បុគ្គល​ទាំងឡាយណា ដែល​ចូល​ដៃ​ក្នុងការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ដើម្បី​ដាក់ទណ្ឌកម្ម​ដោយ​បិទ​ទិដ្ឋាការ និង បង្កក​ទ្រព្យសម្បត្តិ​ផងដែរ​។ ប៉ុន្តែ ទណ្ឌកម្ម​ទាំងនេះ អាច​ចៀសផុត​បាន​បើ​របប​លោក ហ៊ុន សែន ទម្លាក់ចោល​រាល់​បទចោទប្រកាន់​លើ​លោក កឹម សុខា និង ដោយ​ឥត​លក្ខខណ្ឌ ហើយ​ត្រូវធ្វើ​ដូចគ្នានេះដែរ ចំពោះ​អ្នកនយោបាយ​ទាំងអស់ រួមទាំង​លោក សម រង្ស៊ី ផង ព្រមទាំង​ស្តារ​ឡើង​វិញ នូវ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

រហូតមកដល់​ពេលនេះ ស្ថានភាព​រំលោភសិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ គ្មាន​ភាពប្រសើរឡើយ ក្រៅពី​ការដោះលែង​អ្នកទោសនយោបាយ និង​អ្នកទោស​មនសិការ​មួយចំនួន ក្រោយ​របប​នេះ​រង​សម្ពាធ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ និង​ក្រោយពី​អ្នក​ជាប់ឃុំ​ទាំងនោះ ត្រូវ​បង្ខំចិត្ត​សរសេរ​លិខិត​សុំទោស​លោក ហ៊ុន សែន ដើម្បី​ជា​ថ្នូរ​បាន​នៅក្រៅ​ឃុំ​នោះ​៕

ព័ត៌មាន (2)
Share

GW.Bush

ពី Ha Noi

Mr. hun sen ans especially Mr. leh duk tho boy hun manet, you're both the KING of LAWSUIT, sue them sue EU because they're cheated to the real fact. SUE them!

Sep 14, 2018 10:56 AM

អ្នក​អាន​អនាមិក

មន្រ្តីរបស់ CPP​បិុនធើប៉ាភ្លីប៉ាភ្លើ ល្ងីល្ងើ អាឡឹបអាឡប់ណា់ស់

Sep 14, 2018 10:49 AM

គេហទំព័រ​ទាំងមូល