មន្ត្រី​បក្ស​កាន់​អំណាច​ថា​គ្មាន​ច្បាប់​ណា​មួយ​អាច​បង្កក​ប្រាក់​វិនិយោគ​របស់​អ្នក​វិនិយោគ​នៅ​បរទេស

ដោយ ទីន ហ្សាការីយ៉ា
2017.12.02
ការ​កើប​លុយ​ត្រកូល ហ៊ុន ៨៥៥ គំនូរ​បង្ហាញ​អំពី​ការ​កើប​លុយ​របស់​ត្រកូល ហ៊ុន របស់​អង្គការ គ្លបល វីនេស (Global Witness)។
Global Witness Photo

អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​អះអាង​ថា គ្មាន​ច្បាប់​ណា​មួយ​អាច​មក​បង្កក​ប្រាក់​វិនិយោគ​របស់​អ្នក​វិនិយោគ​នៅ​បរទេស បើ​សិន​ការ​វិនិយោគ​នោះ​មិន​ខុស​ច្បាប់។ ប៉ុន្តែ អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មិន​យល់​ដូច្នេះ​ទេ។ លោក​ថា សហរដ្ឋអាមេរិក​ធ្លាប់​ដាក់ទណ្ឌកម្ម​ដោយ​បង្កក​ប្រាក់​របស់​អ្នក​វិនិយោគ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដែល​រំលោភ​សិទ្ធិមនុស្ស។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន សរសេរ​នៅ​លើ​តេឡេក្រាម នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ជា​ការ​ឆ្លើយ​តប​ទៅ​សមាជិក​ព្រឹទ្ធសភា ដោយ​មិន​បញ្ចេញ​ឈ្មោះ​ប្រទេស​ថា បើ​អ្នក​វិនិយោគ​របស់​កម្ពុជា នៅ​បរទេស​រក​ស៊ី​ដោយ​ស្រប​ច្បាប់ និង​លុយ​ដែល​ទុក​ក្នុង​ធនាគារ​ជា​លុយ​ដែល​ស្របច្បាប់ គ្មាន​អ្នក​ណា​អាច​បង្កក​លុយ​ទាំង​នោះ​បាន​ទេ។ លោក​អះអាង​ថា ការ​ប៉ុនប៉ង​ណា​មួយ​ក្នុង​ការ​រឹប​អូស​ទ្រព្យសម្បត្តិ និង​ប្រាក់កាស​របស់​ក្រុមហ៊ុន​ខ្មែរ​នៅ​ប្រទេស​នោះ គឺ​ជា​រឿង​រំលោភ​ច្បាប់​ជាតិ និង​អន្តរជាតិ​យ៉ាង​ច្បាស់  ដែល​មិន​អាច​អនុវត្ត​បាន​ឡើយ។

ទោះ​ជា​លោក សុខ ឥសាន អះអាង​បែប​នេះ​ក្ដី ប៉ុន្តែ អង្គការ គ្លបល វីនេស (Global Witness) ធ្លាប់​ទម្លាយ​អោយ​ដឹង​ថា ក្រុម​គ្រួសារ​លោក ហ៊ុន សែន ក្រៅ​ពី​កំពុង​កាន់​អំណាច​នោះ ក៏​កំពុង​ក្ដោបក្ដាប់​ភាគ​ហ៊ុន​ភាគ​ច្រើន​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។

​អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា កន្លង​មក​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ធ្លាប់​ដាក់​ទណ្ឌកម្ម​ដោយ​បង្កក​ប្រាក់​វិនិយោគ និង​លុយ​នៅ​ក្នុង​ធនាគារ​លើ​ប្រទេស​ណា​រំលោភ​សិទ្ធិ​មនុស្ស និង​រំលោភ​កិច្ច​ព្រមព្រៀង​អ្វី​មួយ។ លោក​ថា អ្វី​ដែល​លោក​ធ្លាប់​ដឹង​គឺ​ថា ក្រុម​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក បាន​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​រួច​ហើយ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយ​នៅ​រង់ចាំ​ការ​ឆ្លើយ​តប​ពី​ខាង​សេតវិមាន​តែប៉ុណ្ណោះ៖«»។

ព្រឹទ្ធសភា​ពេញអង្គ​របស់​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា បាន​អនុម័ត​ដោយ​សំឡេង​គាំទ្រ​ជា​ឯកច្ឆន្ទ​លើ​សេចក្ដី​សម្រេច​ថ្កោលទោស និង​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល​លោក ហ៊ុន សែន ចំពោះ​ការ​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា។  ​សេចក្ដី​សម្រេច​នោះ​ទាមទារ​ឲ្យ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក សហការ​គ្នា​ជាមួយ​ការិយាល័យ​ត្រួត​ពិនិត្យ​ទ្រព្យសម្បត្តិ​បរទេស​នៃ​ក្រសួង​រតនាគារ ពិចារណា​ដាក់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ទាំង​ឡាយ​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​ខាង​លើ​ឲ្យ​ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ជន​ដែល​គ្រោះថ្នាក់​ត្រូវ​បង្កក​ទ្រព្យសម្បត្តិ និង​ហាម​ឃាត់​មិន​ឲ្យ​ចូល​ទឹក​ដី​អាមេរិក។

​រហូត​មក​ដល់​ពេល​នេះ ប្រទេស​កម្ពុជា កំពុង​រង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ រួមមាន​សហគមន៍​អឺរ៉ុប ប្រទេស​អូស្ត្រាលី និង​សហរដ្ឋអាមេរិក ដែល​សុទ្ធ​តែ​ជា​ប្រទេស​ម្ចាស់​ជំនួយ​ដ៏​ធំ​របស់​កម្ពុជា។ ថ្មីៗ​នេះ គណៈប្រតិភូ​សភា​អឺរ៉ុប ក៏​ព្រមាន​រដ្ឋាភិបាល​កម្ពុជា​ថា អឺរ៉ុប​អាច​នឹង​ចាត់​វិធានការ​ជុំវិញ​ជំនួយ​ផ្នែក​អភិវឌ្ឍន៍ និង​ការ​អនុគ្រោះ​ពន្ធ ប្រសិនបើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​តែ​មាន​ភាព​ដុនដាប​ខ្លាំង ដោយសារ​ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

​សហគមន៍​អន្តរជាតិ សុទ្ធតែ​បាន​សម្ដែង​បំណង​ដូចគ្នា​មួយ គឺ​ចង់​ឃើញ​ប្រទេស​កម្ពុជា មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ តាម​រយៈ​ការ​បោះឆ្នោត​មួយ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយ​ត្រូវ​ផ្ដល់​ឱកាស​ចូលរួម​ឲ្យ​បាន​ស្មើភាព​គ្នា និង​មាន​តម្លាភាព​សម្រាប់​គ្រប់​ភាគី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។