បក្ស​កាន់​អំណាច​បន្ត​អូស​ទាញ​សកម្មជន​បក្ស​ប្រឆាំង​ទោះ​ជា​បញ្ចប់​ឱសានវាទ​របស់​ខ្លួន

ដោយ តាំង សារ៉ាដា
2017-12-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សៀក មេគង្គ មេឃុំស្រែគ ស្រុក​សេសាន ខេត្តស្ទឹងត្រែង ចូលរួម​ក្នុង​សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ​គណបក្ស​សង្គ្រោះជាតិ លើក​ទី​២ នា​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦។
លោក សៀក មេគង្គ មេឃុំស្រែគ ស្រុក​សេសាន ខេត្តស្ទឹងត្រែង ចូលរួម​ក្នុង​សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ​គណបក្ស​សង្គ្រោះជាតិ លើក​ទី​២ នា​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Brach Chev

មន្ត្រី​នៅ​ថ្នាក់​ក្រោម របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បន្ត​ដើរ​អូសទាញ និង​ទិញ​ទឹកចិត្ត ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ អ្នក​វិភាគ​នយោបាយ មើល​ឃើញ​ថា រូបមន្ត​ដែល​គណបក្ស​កាន់​អំណាច​កំពុង​តែ​ប្រើ​នេះ អាច​នឹង​នាំ​ឲ្យ​មាន​ទំនាស់​ផលប្រយោជន៍ នៅ​ក្នុង​ផ្ទៃ​ក្នុង​បក្ស​ទៅ​វិញ​ទេ។

បើ​ទោះ​ជា​ប្រធាន​គណបក្ស​គ្រប់គ្រង​អំណាច បាន​កំណត់​ទុក​ផ្លូវ​រស់​អោយ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ របស់​គណបក្ស​ប្រឆាំង គិត​ត្រឹម​ថ្ងៃ​ទី២៦ វិច្ឆិកា ក៏​សកម្មភាពអូសទាញ ឲ្យ​ចុះ​ចូល​ជា​មួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​នេះ នៅ​តែ​បន្ត​កើតឡើង​នៅ​ឡើយ​នៅ​តាម​ឃុំ​សង្កាត់​ខ្លះ។

តាមរយៈ​សារ​បែក​ធ្លាយ មិន​បាន​សម្រេច​ពេល​ថ្មីៗ​នេះ របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ព្យាយាម​ល្បួង ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​បក្ស​ប្រឆាំង​នៅ​ខេត្ត​សៀមរាប ត្រូវ​បាន​គេ​ចេញ​ចាយ​យ៉ាង​ព្រោងព្រាត នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។ សំឡេង​ដែល​មាន​រយៈពេល​ជិត ៣០នាទី ដែល​សន្ទនា​បញ្ចុះបញ្ចូល ​ឲ្យ​ចុះចូល​តាម​ទូរស័ព្ទ ត្រូវ​បាន​មន្ត្រី​បក្ស​កាន់​អំណាច ដែល​មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ដំឡើង​ថ្លៃ​ខ្លួន​ឲ្យ​បក្ស​ប្រឆាំង រហូត​ដល់ ២ពាន់​ដុល្លារ ឬ​អាច​មាន​មុខ​តំណែង ជា​មនុស្ស​​ដែល​ចាំ​ជួយ​ផ្ដល់​យោបល់ ពី​ក្រោយ​ខ្នង​ឲ្យ​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាដើម «ឥឡូវ​អ៊ីចេះ​ចង់​ចរចា តើ​អាច​ចូលរួម​នយោបាយ​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អត់? អូរ អត់​ទេ​អត់​បាន​ទេ ខ្ញុំ​ឈប់​ធ្វើ​ការ​ហើយ លំបាក​ពេក។ ពិបាក​រឿង​អី​គេ? ចូល​គណបក្ស​ប្រជាជន​មាន​ផលប្រយោជន៍​ច្រើន​ណាស់​ណា​ពូ។ អ្នក​នយោបាយ​គេ​អត់​ដើរ​ថយ​ក្រោយ​ទេ គេ​ដើរ​ទៅ​មុខ អត់​បាន​បក្ស​សង្គ្រោះ​ជាតិ នៅ​មាន​បក្ស​ប្រជាជន​កម្ពុជា​ទៀត។ ធ្វើ​អី បើ​បក្ស​ប្រជាជន​គេ​មាន​គ្នា​ច្រើន​ហើយ​តើ។ តែ​ឃើញ​មេឃុំ ចៅសង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ​ល្អ​ៗ ចង់​យក​មក​ដាក់​គណបក្ស​ប្រជាជន​ហ្នឹង​ណា»

បើទោះ​ជា​យ៉ាង​ណា មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​រង​ការ​ចោទ​ប្រកាន់​ថា ជា​អ្នក​ដើរ​តួ​ក្នុង​ការ​អូស​ទាញ​កម្លាំង​ជើងក្រោម របស់​បក្ស​ប្រឆាំង​រូបនេះ បាន​ផ្តាច់​ទូរស័ព្ទ​ភ្លាមៗ នៅ​ពេល​អាស៊ីសេរី​សួរ​ទាក់ទង​​អំពី​មូលហេតុ​នៃ​ពី​ការ​ទិញ​ទឹកចិត្ត​នេះ នៅ​ថ្ងៃ​ទី៣ ខែ​ធ្នូ

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ម្នាក់ ក្នុង​ចំណោម​សមាជិក​ផ្សេង​ទៀត របស់​គណបក្ស​សង្គ្រោះជាតិ ប្រចាំ​ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​បក្ស​ប្រជាជន​កម្ពុជា​ទិញ​ទឹក​ចិត្ត បាន​ព្យាយាម​បដិសេធ​ទៅ​នឹង​ការ​អូសទាញ​អោយ​ចូល​បក្ស​កាន់អំណាច​ជា​ច្រើន​ដង។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ អោយ​ដឹង​ថា ការ​ចូល​បក្ស​កាន់​អំណាច មិន​មែន​ជា​បំណង​របស់​ខ្លួន​ឡើយ «អត់​ចូល​ទេ អត់​ចេះ​ធ្វើ​ជាមួយ។ ម៉េច​អ៊ីចឹង​វិញ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​ល្អ​ណាស់​ណា​ពូ។ខ្ញុំ​មិន​ទៅ​ទេ ខ្លាច​អ្នក​ស្រុក​ស្រែក​ជេរ​ខ្ញុំ​ងាប់។ ខ្លាច​អី​គេ​ជេរ តែ​យើង​នៅ​ចៅសង្កាត់​គេ​ឃើញ​មុខ​គេ​ជេរ តែ​បើ​ឡើង​មក​ទីប្រឹក្សា​របស់​សម្ដេច​មាន​អី​ឃើញ​មុខ​ទៀត។ ទេ​មិន​ទៅ​ទេ ឈប់​ធ្វើ​ឈប់​អី​ហើយ​សម្រាក​ម្ដង»

នេះ​ពុំ​មែន​ជា​រឿង​ថ្មី​ឡើយ សម្រាប់​លោក ហ៊ុន សែន ដែល​បាន​ដាក់​ផែនការ ក្នុង​ការ​អូស​ទាញ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ បក្ស​ប្រឆាំង ឲ្យ​ចូល​ជា​មួយ​បក្ស​ប្រជាជន​កម្ពុជា។

ប្រធាន​គណបក្ស​កាន់​អំណាច​រូប​នេះ បាន​ដាក់​ឱសានវាទ​ត្រឹម​ថ្ងៃ​ទី​២៦ ខែ វិច្ឆិកា ដល់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ របស់​បក្ស​សង្គ្រោះជាតិ ឲ្យ​ចូលរួម​ជីវភាព​នយោបាយ ជា​មួយ​នឹង​បក្ស​ប្រជាជន​កម្ពុជា។ ប៉ុន្តែ ផែនការ​អូសទាញ​នេះ នៅ​តែ​បន្ត​អនុវត្ត​នៅ​ឡើយ បើ​ទោះ​ឱសានវាទ របស់​លោក ហ៊ុន សែន ដាក់​ចេញ​នេះ បាន​ផុត​កំណត់​ហើយ​ក្ដី។ កាល​ពី​ថ្ងៃ​ទី២៩ ខែ​វិច្ឆិកា សមាជិក​ក្រុម​ប្រឹក្សា​របស់​បក្ស​ប្រឆាំង ក្នុង​ខេត្ត​សៀមរាប មួយ​ចំនួន នៅ​តែ​រក​ឃើញ​ថា បក្ស​កាន់​អំណាច នៅ​តែ​ដើរ​អន្ទង​ទឹក​ចិត្ត​នៅ​ឡើយ។

សារ​បែក​ធ្លាយ របស់​លោក ហ៊ុន សែន ដែល​ទំនង​មើល​ទៅ អាច​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ផ្ទៃ​ក្នុង​សម្ងាត់ របស់​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​រៀបចំ​ផែនការ អូស​ទាញ​ជើង​ក្រោម របស់​បក្ស​ប្រឆាំង ក្រោយ​រំលាយ​រួច។ លោក ហ៊ុន សែន បាន​បង្គាប់​ឲ្យ​មន្ត្រី​របស់​ខ្លួន ត្រូវ​ធ្វើ​កិច្ចការ​ដោយ​ម៉ត់​ចត់ ហើយ​បើ​រក​ឃើញ អ្នក​ដែល​អូស​ទាញ​បាន​នោះ ក្បត់​បក្ស​របស់​លោក​វិញ នឹង​តម្រូវ​កម្ចាត់​ចេញ «ពី​មុន​គេ​ប្រមូល​កម្លាំង​គាំទ្រ​សង្គ្រោះ​ជាតិ។ ឥឡូវ​ត្រូវ​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ទៅ​អ្នក​ប្រមូល​កម្លាំង​គាំទ្រ​គណបក្ស​ប្រជាជន ព្រោះ​ពួក​គេ​នៅ​មាន​រយៈពេល​ជិត ៥ឆ្នាំ​ទៀត។ ដូច្នេះ​ពួក​គេ​មិន​អាច​ក្បត់​យើង​បាន​ទេ បើ​ក្បត់​យើង​ក៏​យើង​ត្រូវ​ដក​គេ​ចោល​ដែរ»

អ្នក​វិភាគ​មើល​ឃើញ​ថា ការ​ចុះចូល​លើក​នេះ ពី​​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ របស់​បក្ស​ប្រឆាំង ខុស​ពី​លើក​មុន​ៗ។ មាន​អ្នក​ខ្លះ អាច​ចុះចូល​ដោយ​ស្ម័គ្រចិត្ត ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ក៏​មាន​អ្នក​ខ្លះ​ត្រូវ​ចុះ​ចូល​ដោយ​បង្ខំ និង​ទិញ​ទឹកចិត្ត​ដែរ។

លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍសង្គម យល់​ឃើញ​ថា ការ​ព្យាយាម​ប្រមូល​ជើង​ក្រោម​ពី​គណបក្ស​ប្រឆាំង​នេះ អាច​កើត​ទំនាស់​ផលប្រយោជន៍ ផ្ទៃ​ក្នុង​បក្ស​ប្រជាជន​កម្ពុជា​ទៅ​វិញ​ទេ។ លោក​បន្ត​ថា ការ​ផ្ដល់​តួនាទី និង​មុខ​តំណែង​ជាន់​គ្នា អាច​នាំ​ឲ្យ​ប៉ះពាល់​កម្លាំង​ចិត្ត​មន្ត្រី​ចាស់​ៗ របស់​បក្ស​កាន់​អំណាច ដែល​ធ្វើ​ការ​យូរ​ហើយ «បើ​សិន​ជា​អ្នក​ចូល​ទៅ​នឹង​មិន​មាន​ឧត្ដម​គិត​ទេ តែ​ទៅ​ដើម្បី​លាភសក្ការៈ វា​នឹង​ធ្វើ​ឲ្យ​មាន​សម្ពាធ​ច្រើន​ទៅ​លើ​គណបក្ស​ប្រជាជន ទាក់ទង​នឹង​ការ​រក​តំណែង ឬ​តួនាទី​អី​ហ្នឹង។ ហើយ​បើ​សិន​ជា​មិន​មាន​តួនាទី​អី​អោយ​ទេ ពួក​គាត់​អាច​នឹង​ដូរ​គំនិត​វិញ។ បើ​មិន​ដូច្នេះ វា​អាច​ធ្វើ​ឲ្យ​មាន​សម្ពាធ​នៅ​ក្នុង​គណបក្ស វា​អាច​ធ្វើ​ឲ្យ​មាន​ការ​អាក់​អន់​ចិត្ត​រវាង​អ្នក​នៅ​ខាង​ក្នុង និង​អ្នក​ចូល​ទៅ​ពី​ក្រៅ​អី​អ៊ីចឹង​ទៅ»

តាមរយៈ​សំឡេង​បែក​ធ្លាយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​អំឡុង​ខែ វិច្ឆិកា មូលហេតុ​ដែល​ឈាន​ដល់​ការ​កម្ទេច​បក្ស​ប្រឆាំង ចេញ​ពី​ឆាក​នយោបាយ​នេះ ព្រោះ​តែ​លោក ហ៊ុន សែន ដឹង​ជា​មុន​ហើយ​ថា បើ​ទុក​ដល់​ពេល​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ២០១៨ បក្ស​ប្រជាជន​កម្ពុជា​នឹង​ចាញ់​ក្នុង​ការ​បោះឆ្នោត​នេះ។

ម្យ៉ាង​វិញ​ទៀត ការ​លើក​ពេល បោះឆ្នោត​ព្រឹទ្ធសភា ដែល​ដោះដូរ​ថ្ងៃ​ខែ ពុំ​មាន​មូលហេតុ​​ជាក់លាក់​នេះ អ្នក​វិភាគ​យល់​ឃើញ​ថា ដោយ​សារ​ផែនការ​អូស​ទាញ និង​ទិញ​ទឹក​ចិត្ត របស់​បក្ស​ប្រឆាំង មិន​ទាន់​ឆ្លើយ​តប​ទៅ​​តាម​ផែនការ។ ដំបូង​ឡើយ លោក ហ៊ុន សែន បាន​កំណត់​បោះឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី៤​នេះ នៅ​ថ្ងៃ​ទី១៥ ខែ​មករា។ ប៉ុន្តែ​ការ​កំណត់​ថ្ងៃ​បោះឆ្នោត​នេះ មិន​បាន​ប៉ុន្មាន​ថ្ងៃ​ស្រួល​បួល​ផង លោក ហ៊ុន សែន ដូរ​ចិត្ត​វិញ​ភ្លាម ដោយ​កំណត់​យក​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ ឆ្នាំ២០១៨ វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

ភ​វរ្ម័ន

ពី បាវិត​ ស្វាយ​រៀង​

នេះ​ជា​នយោបាយ​យុទ្ធសាស្រ្ដ​ របស់​វៀតណាម​ គឺ​គម្រាម​គំហែង​ញុះ​ញង់​ បញ្ចុះ​បញ្ចូល​​​ឲ្យ​បែកបាក់​ ធ្វើរលាយ​​ឯកភាពជាតិ​​​! ធ្វើ​ឲ្យ​ខ្មែរ​ពិបាក​​បង្រួប​បង្រួម​​ជាតិឡើង​វិញ​បាន!

Dec 04, 2017 07:35 AM

គេហទំព័រ​ទាំងមូល