“អាជ្ញាធរ​មូលដ្ឋាន​នឹង​មិន​បម្រើ​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​ណា​មិន​គូស​សន្លឹក​ឆ្នោត​តាម​បង្គាប់”

វ៉ែន សុមេធ
2018.07.17
ជន​ពិការ​បោះឆ្នោត ២០១៣ ១៤៤០ ជន​ពិការ​បោះ​ឆ្នោត​នៅ​ការិយាល័យ​នៅ​ឃុំ​មនោរម្យ ខែត្រ​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
Photo: RFA

ជនជាតិ​ដើម​ភាគតិច​ព្នង រស់នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា អាជ្ញាធរ​មូលដ្ឋាន ក្រុម​យុវជន​សហភាព​សហព័ន្ធ​កម្ពុជា និង​យុវជន​គណបក្ស​កាន់អំណាច បាន​ដើរ​តាម​ផ្ទះ​ពលរដ្ឋ​បង្ខំ​ឲ្យ​អ្នកភូមិ​គូស​សន្លឹក​ឆ្នោត គំរូ​តាម​បង្គាប់​របស់​ពួកគេ តែ​បើ​ពលរដ្ឋ​ណា​បដិសេធ អាជ្ញាធរ​មូលដ្ឋាន​នឹង​មិន​បម្រើ​សេវា​សាធារណៈ​ជូន​នោះ​ទេ។

ជនជាតិ​ដើម​ភាគតិច​ព្នង​រស់នៅ​ភូមិពុលុ ឃុំ​ប៊ូស្រា ឲ្យ​ដឹង​ថា អាជ្ញាធរ​មូលដ្ឋាន​ថ្មីៗ​នេះ បាន​ដើរ​តាម​ផ្ទះ​ពលរដ្ឋ​គ្រប់​ក្រុម​គ្រួសារ បង្ខំ​ឲ្យ​អ្នកភូមិ​គូស​សន្លឹកឆ្នោត​គំរូ​លេខ​រៀង​ទី២០ របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ពួកគេ​ចាត់​ទុក​បញ្ហា​នេះ​ជា​រូបភាព​គំរាមកំហែង​ថ្មី​មួយ ដែល​មិន​ធ្លាប់​ជួបប្រទះ​ទាល់​តែ​សោះ។

ជនជាតិ​ដើម​ភាគតិច​ព្នង​ម្នាក់ ក្នុងចំណោម​ជាច្រើន​នាក់​ទៀត ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃទី១៧ កក្កដា ថា អាជ្ញាធរ​ភូមិ​ឃុំ និង​ក្រុម​យុវជន​សហភាព​សហព័ន្ធ​កម្ពុជា បាន​គំរាម​អ្នកភូមិ​ណា ដែល​មិន​គូស​សន្លឹកឆ្នោត លេខ​រៀង​ទី ២០ ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ទាំងនោះ​បាន​លើកឡើង​ចំពោះ​មុខ​ពលរដ្ឋ​ថា អាជ្ញាធរ​មូលដ្ឋាន​នឹង​មិន​ចុះ​ហត្ថលេខា​ទិញ​លក់​ដី ធ្វើ​សំបុត្រកំណើត និង​សៀវភៅ​គ្រួសារ​ជាដើម ប្រសិន​ពលរដ្ឋ​មិន​ធ្វើតាម​បង្គាប់​ពួកគេ។ លោក​ថា អ្នកភូមិ​ខ្លះ​ភ័យខ្លាច​ការ​គំរាមកំហែង​នេះ ដោយ​សុខចិត្ត​គូស​សន្លឹកឆ្នោត​ភ្លាមៗ ដើម្បី​បញ្ចប់​ការ​សួរដេញដោល​វែងឆ្ងាយ​របស់​អាជ្ញាធរ ក៏ប៉ុន្តែ​ក៏​មាន​អ្នកភូមិ​ខ្លះ​បដិសេធ។ លោក​សង្ស័យ​ថា អាជ្ញាធរ​អាច​នឹង​យក​សន្លឹកឆ្នោត​ដែល​ពលរដ្ឋ​គូស​នេះ​ដាក់​ចូល​ក្នុង​ធុង​ឆ្នោត ខណៈ​ដែល​គ..ប រង​ការ​រិះគន់​ថា​មិន​ឯករាជ និង​គ្មាន​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​សង្កេតការណ៍​៖ «ខុសប្លែក​គេ​បង្ខំ​ឲ្យ​យើង គូស​សន្លឹកឆ្នោត​លេខ​រៀង​ទី២០ គណបក្ស​ប្រជាជន​ដែរ។ មេឃុំ​ទៅ​ជាមួយ​ដែរ»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង មេឃុំ​ប៊ូស្រា លោក យឺត សារៀន តែ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន​នៅ​ថ្ងៃទី១៧ កក្កដា។

អ្នកនាំពាក្យ​គ..ប លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា គ..ប នៅ​មិនទាន់​ប្រាកដ​ថា ព័ត៌មាន​នេះ​ជា​រឿង​ពិត​ឬ​យ៉ាងណា​ទេ។ យ៉ាងណា​លោក​ថា ពលរដ្ឋ​មិន​សុខចិត្ត​រឿង​នេះ មាន​សិទ្ធិ​ប្តឹង​ទៅ​គណៈកម្មការ​ឃុំ​/​សង្កាត់​រៀបចំ​ការបោះឆ្នោត​ដើម្បី​សម្របសម្រួល តែ​បើ​មិន​អាច​ដោះស្រាយ​បានទេ ពលរដ្ឋ​អាច​ប្ដឹង​បន្ត​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។ លោក​បញ្ជាក់​ថា ប្រសិន​គ្មាន​បណ្ដឹង​ពី​ពលរដ្ឋ​ទេ គ..ប នឹង​មិន​ចាត់វិធានការ​រឿង​នេះ​ទេ ព្រោះ​ច្បាប់​បាន​ចែង​ថា គ..ប មិន​អាច​បំពេញ​តួនាទី ជា​តំណាង​ព្រះរាជ​អាជ្ញាធរ ឬ​ជា​អ្នកចោទ​ប្រកាន់​គ្រប់​បណ្ដឹង​នោះ​ទេ៖ «..ប ច្បាប់​មិន​ចែង​មិន​ឲ្យ​បំពេញ​តួនាទី​ជា​រាជអាជ្ញា​នោះ​ទេ​។ ការងារ​បោះឆ្នោត​ការងារ​គ្មាន​សាលា និង​ជា​ជំនាញ​មួយ​ត្រូវ​បំពេញ​ទទួលខុសត្រូវ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ។ អ៊ីចឹង​គ..ប អត់​អាច​ធ្វើជា​អ្នក​ចោទ​ប្រកាន់​ទេ»

នៅ​ខណៈ​អះអាង​ថា គ..ប មិន​មាន​សមត្ថកិច្ច​ពិនិត្យ​ដោះស្រាយ​រឿង​នេះ លោក ហង្ស ពុទ្ធា ក៏​ងាក​ទៅ​អំពាវនាវ​ឲ្យ​អ្នកសារព័ត៌មាន កុំ​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​ពលរដ្ឋ​ដោយ​ផ្អែកលើ​និន្នាការ​ផ្សេងៗ និង​សូម​ឲ្យ​តម្កល់​រឿង​រាវ​ទាំងឡាយ​ឋិត​ក្នុង​ជា អព្យាក្រឹត្យ និង​ផ្ដល់​ឱកាស​ឲ្យ​ភាគី​ពាក់ព័ន្ធ ធ្វើការ​ដោះស្រាយ​ដោយ​ខ្លួនឯង។

មន្ត្រី​អង្កេត​ជាន់ខ្ពស់​អង្គការ​ខុមហ្វែ្រល លោក កន សាវាង្ស ពន្យល់​ថា គ្រប់​គណបក្ស​នយោបាយ​មាន​សិទ្ធិ​ឃោសនាបោះឆ្នោត តែ​មិន​អាច​មាន​សិទ្ធិ​បង្ខំ​ឲ្យ​ពលរដ្ឋ​គូស​សន្លឹកឆ្នោត​ទៅលើ​គណបក្ស​នយោបាយ​ណាមួយ​បានទេ។ លោក​ចាត់​ទុក​ការ​គំរាមកំហែង ប្រើ​រូបភាព​មិន​បម្រើ​សេវា​សាធារណៈ ប្រសិន​ពលរដ្ឋ​មិន​គូស​សន្លឹកឆ្នោត​តាម​បង្គាប់​របស់​ពួកគេ ជា​ទង្វើ​ខុសច្បាប់។ លោក​ថា គណបក្ស​នយោបាយ​ផ្សេង​មាន​សិទ្ធិ​ប្ដឹង សុំ​ការ​អន្តរាគមន៍​ពី​គ..ប​បាន។ លោក​អះអាង​ថា គ..ប មាន​តួនាទី​ធ្វើ​កិច្ច​ការងារ​ទាំងនេះ ដោយ​មិន​ចាំបាច់​ទាល់​តែ​មាន​បណ្ដឹង​ពី​ពលរដ្ឋ​នោះ​ទេ៖ «ករណី​ដែល​កើត​ឡើង មិន​អាច​ទាក់ទង​តែ​មាន​បណ្ដឹង ទើប​គ​.​ជ​.​ប មាន​វិធានការ​ទេ។ ខ្ញុំ​ថា ជា​យោបល់​ខ្ញុំ គ..ប លើក​ឡើង​អ៊ីចឹង អត់​អាច​អនុវត្ត​ទៅ​តាម សមត្ថកិច្ច​របស់​គ..ប​ទេ។ ករណី​នេះ​បញ្ជាក់​ច្បាស់ កើតឡើង​ចំពោះ​ពលរដ្ឋ អ៊ីចឹង​គ..ប គួរតែ​មាន​វិធានការ»

លោក កន សាវាង្ស បន្ថែម​ថា គ..ប គួរ​តែ​បើក​ការស៊ើបអង្កេត​រឿង​នេះ ព្រោះ​ការ​គំរាមកំហែង បំភិតបំភ័យ​ពលរដ្ឋ​ជា​រឿង​សំខាន់​ទាមទារ​អន្តរាគមន៍​ពី​ស្ថាប័ន​គ..ប។ លោក​គិត​ថា ពលរដ្ឋ​គ្មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​ពាក្យ​បណ្ដឹង រឿង​នេះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។