គណបក្ស​ប្រជាជន​គ្រោង​ធ្វើ​សមាជ​រយៈពេល​៣​ថ្ងៃ

ដោយ ប្រាជ្ញ ចេវ
2015-01-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្បួន​ឃោសនា​បោះ​ឆ្នោត​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​២១ កក្កដា ឆ្នាំ​២០១៣។
ក្បួន​ឃោសនា​បោះ​ឆ្នោត​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​២១ កក្កដា ឆ្នាំ​២០១៣។
RFA/Mom Sophon

គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច​សព្វថ្ងៃ គ្រោង​នឹង​ធ្វើ​សមាជ​បក្ស​នៅ​ចុង​ខែ​នេះ។ ការ​ធ្វើ​សមាជ​នេះ ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា ប្រសិន​បក្ស​ប្រជាជន​អនុវត្ត​ត្រឹមត្រូវ​តាម​គោលការណ៍ នោះ​គណបក្ស​នេះ​អាច​រក្សា​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ។

សមាជ​បក្ស​ដែល​មាន​រយៈពេល ៥​ឆ្នាំ​ម្ដង ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា ជា​ការ​កំណត់​ជោគវាសនា​ទៅ​ថ្ងៃ​អនាគត ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ប្រកួតប្រជែង​ខ្លាំង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។ សមាជ​នេះ​មាន​រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៣០ ខែ​មករា ដល់​ថ្ងៃ​ទី​១ ខែ​កុម្ភៈ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន នៅ​ថ្ងៃ​ទី​២៥ ខែ​មករា។ លោក​ថា សមាជ​នេះ​ធ្វើ​ឡើង​ដើម្បី​អនុវត្ត​តាម​លក្ខន្តិកៈ​របស់​គណបក្ស។ លោក​បន្ត​ទៀត​ថា កិច្ចប្រជុំ​សន្និបាត​នេះ ជា​ការ​ចាំបាច់​នូវ​អ្វី​ដែល​បក្ស​ត្រូវ​រៀបចំ​ឡើង​វិញ ចង្អុលបង្ហាញ​នូវ​អ្វី​ដែល​ខ្វះ​ចន្លោះ​ក្នុង​ការ​អនុវត្ត​ការងារ​កន្លង៖ «ការ​ប្រជុំ​សន្និបាត​គណបក្ស​ជា​ការ​ចាំបាច់​នូវ​អ្វី​ដែល​បក្ស​ត្រូវ​ការ​ដើម្បី​ធ្វើ​បន្ថែម​នូវ​អ្វី​ដែល​ខ្វះ​ចន្លោះ»

លោក ឈាង វុន ដែល​ទើប​តែ​ទទួល​បាន​លិខិត​អញ្ជើញ​ពី​បក្ស មិន​ទាន់​អាច​បញ្ជាក់​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់​ចូល​រួម​នៅ​ឡើយ​ទេ។ ប៉ុន្តែ​បើ​ផ្អែក​តាម​ទីតាំង​ដែល​ធ្វើ​នៅ​មណ្ឌល​សន្និបាត​កោះពេជ្រ​នោះ ជា​ទី​តាំង​ធំ​អាច​ផ្ទុក​អ្នក​ចូល​រួម​បាន​ច្រើន​ម៉ឺន​នាក់។

លោក​បណ្ឌិត សុខ ទូច អ្នក​វិភាគ​និង​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា ជឿជាក់​ថា គណបក្ស​កាន់​អំណាច​ចាស់​វស្សា​មួយ​នេះ នឹង​មាន​ផែនការ​កំណែទម្រង់​ស៊ីជម្រៅ​ដើម្បី​ឲ្យ​អ្នក​បោះឆ្នោត​នៅ​តែ​មាន​ជំនឿ​លើ​ការ​ដឹកនាំ​របស់​ខ្លួន។ លោក​បណ្ឌិត សុខ ទូច យល់​ថា អ្វី​ដែល​សមាជ​បក្ស​នឹង​លើក​យក​ទៅ​ជជែក​ពិភាក្សា​មាន​ចំណុច​ធំៗ ៥ គឺ​បញ្ហា គ.ជ.ប ការ​សម្បទាន​ដី​សេដ្ឋកិច្ច បញ្ហា​អន្តោប្រវេសន៍ ផលិតផល​កសិកម្ម និង​ការ​កែប្រែ​នៃ​ការ​ដឹកនាំ​នៅ​ថ្នាក់​មូលដ្ឋាន ប្ដូរ​ពី​ការ​ចែក​អំណោយ​ទៅ​ជា​ការ​អភិវឌ្ឍ៖ «យើង​ជឿ​ថា នឹង​មាន​កំណែ​ទម្រង់​ស៊ី​ជម្រៅ​មួយ​កើត​ឡើង ដែល​ថ្នាក់ក្រោម​ស្នើ​ទៅ​ថា្នក់ដឹនាំ ឬ​ថ្នាក់​ដឹកនាំ​ប្រាប់​ទៅ​ថ្នាក់​ក្រោម​ថា​នឹង​ត្រូវ​ធ្វើ​អី»

បន្ថែម​លើស​ពី​នេះ លោក​បណ្ឌិត សុខ ទូច មើល​ឃើញ​ថា ការ​អនុវត្ត​របស់​គណបក្ស​កន្លង​មក​នៅ​ខ្វះ​ចន្លោះ​ច្រើន។ ប៉ុន្តែ​នៅ​រយៈពេល​ចុង​ក្រោយ​នេះ បក្ស​ប្រជាជន​កំពុង​ធ្វើ​កំណែ​ទម្រង់​ដោយ​ការ​ផ្ដល់​ភ្លើង​អគ្គិសនី​ជូន​កម្មករ​ក្នុង​តម្លៃ​ទាប ហ៊ាន​ដក​មន្ត្រី​ខិលខូច​ចោល និង​ប្ដូរ​រយៈពេល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី ៩៩​ឆ្នាំ មក​ត្រឹម ៥០​ឆ្នាំ​វិញ​ជាដើម។

ការ​ដឹកនាំ​ប្រទេស​ក្នុង​រយៈពេល​ជាង ៣០​ឆ្នាំ របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​ថា មាន​ទាំង​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន។ យ៉ាង​ក៏ដោយ​ចុះ គណបក្ស​នេះ​នៅ​តែ​មាន​មហិច្ឆតា​ដឹកនាំ​ប្រទេស​ក្នុង​រយៈពេល​វែង​ឆ្ងាយ​ទៀត។ លោក​បណ្ឌិត សុខ ទូច ថា ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា អនុវត្ត​តាម​ការ​គ្រោង​ទុក​របស់​បក្ស​ត្រឹមត្រូវ នឹង​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ក្រោយ​ទៀត ព្រោះ​គណបក្ស​នេះ​មាន​លទ្ធភាព​ច្រើន​ទាំង​លុយ និង​អំណាច។ ផ្ទុយ​ទៅ​វិញ បើ​ការ​អនុវត្ត​ខុស​ក៏​ងាយ​ស្រួល​បាត់បង់​អំណាច​វិញ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (8)
Share

អ្នក​អាន​អនាមិក

តែ៣ថ្ងៃទេតើ ៣០ឆ្នាំ គាត់យកតែ១០ឆ្នាំ១ថ្ងៃ អញ្ចឹងគាត់ធ្វើសរុបតែម្តងទៅ៣ថ្ងៃ ណាមួយរបាយការណ៍ផង គ្រាន់តែរឿងព្រំដែននិយាយត្រួសៗអស់៥ម៉ោងតែម្នាក់ឯងចុះឥឡូវមានរឿងច្រើន ដូចជាការរៀនសូត្រប្រើកំលាំងតាមណាសីុ ការសន្យាថាកាត់កបោះចោលបើរការពារព្រៃឈើអត់បាន រឿងថាអត់មានយួនព្រោះតែយួននៅជិតខ្លួនពេកមើលអត់ឃើញ រឿងប្រជាជនស្លាប់រស់របស់ប្រជាជបខេត្តបាត់ដំបងតែលោកបងយើងអត់អីលីង នឹង រឿងខុសបច្ចេកទេសជាច្រើនទៀត

Jan 26, 2015 11:31 AM

អ្នក​អាន​អនាមិក

បណ្តិត សុខ ទូច ហាក់ដូចចង់បានបក្សប្រជាជនឈ្នះទឿត បានខំថា បក្សប្រជាជន មានលទ្ធភាប លុយ និង អំណាច..មានលទ្ធភាពអី..? លុយរដ្ធទេ..អំណាចគឺពលរដ្ធផ្តល់ឲ្យទេ..លើកលែងតែប្លន់ជ៍យជំនះប្រជាពលរដ្ធទៀត!

Jan 26, 2015 07:32 AM

Danny

ពី Columbus

សូមសួរលោកបណ្តិត សុខ ទូចបន្តិច..លោកថាគណបក្សប្រជាជន មានលទ្ធភាពច្រើន ‌ទំាងលុយ ទំាងអំណាច ១.​តើលុយរដ្ធមិនអាចផ្ទេទៅឲ្យបក្សជាប់ឆ្នោតទេឫ? ២.បើបក្សសង្រ្គោះជាតិបានឈ្នះ តើគេអត់មានអំណាាចទេឫ? អ្វីៗក៍មានលើកដំបូងដែរលោក! សូមផ្តល់ឱកាស់ឲ្យអ្នកថ្មីផង!

Jan 26, 2015 07:22 AM

អ្នក​អាន​អនាមិក

Wait and see how much CPP pay those who come to listen to them.

Jan 25, 2015 11:22 PM

អ្នក​អាន​អនាមិក

Yes, please come and join this Corrupt People Party if you want to see more corruption and abuses.

Jan 25, 2015 02:52 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល