សង្គម​ស៊ីវិល​ទទូច​ឱ្យ​របប​ក្រុង​ភ្នំពេញ​ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ឡើង​វិញ ចំ​ពេល​ប្រតិភូ​អឺរ៉ុប​មក​បំពេញ​បេសកកម្ម​នៅ​កម្ពុជា

ដោយ ហេង រស្មី
2019.03.19
ទង់ជាតិ អឺរ៉ុប ៦២២ ទង់ជាតិ សហគមន៍អឹរ៉ុប។
Facebook

សង្គម​ស៊ីវិល​អំពាវ​នាវ​ដល់​របប​ក្រុង​ភ្នំពេញ​ ឱ្យ​គោរព​ច្បាប់​ជាតិ និង​អន្តរជាតិ ដែល​កម្ពុជា​បាន​ទទួល​ស្គាល់ ដើម្បី​​រក្សា​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប។ សំណើ​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​គណៈប្រតិភូ​អឺរ៉ុប​កំពុង​បំពេញ​ទស្សនកិច្ច​​នៅ​កម្ពុជា រយៈ​ពេល ២ថ្ងៃ។ របប​ក្រុង​ភ្នំពេញ​បញ្ជាក់​ជា​ថ្មី​ទៀត​ថា នឹង​មិន​បន្ទន់​ជំហរ​ចំពោះ​សហភាព​អឺរ៉ុប​នោះ​ឡើយ។

អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​ស្ថាប័ន បូក​រួម​ទាំង​សហគមន៍​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​ផង បាន​សម្ដែង​ការ​សោក​ស្ដាយ និង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ដែល​សហភាព​អឺរ៉ុប​បាន​ចាប់​ផ្ដើម​នីតិ​វិធី​ព្យួរ​បណ្ដោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ EBA ពី​កម្ពុជា។

ក្រុម​សង្គម​ស៊ីវិល​អះអាង​ថា ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​មាន​ផល​ប៉ះពាល់​អវិជ្ជមាន ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល ចំពោះ​ជីវភាព​រស់​នៅ​ និង​សុខុមាល​ភាព​របស់​ពលរដ្ឋ ព្រម​ទាំង​ការ​អភិវឌ្ឍ​ជាតិ​ទាំង​មូល។ ហេតុ​ដូច្នេះ​ពួក​គេ ស្នើ​ឱ្យ​របប​លោក ហ៊ុន សែន ចាត់វិធានការ​ជាក់​ស្ដែង និង​ម៉ត់ចត់ ក្នុង​ការ​ស្ដារ ការពារ និង​បំពេញ​លក្ខខណ្ឌ​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ។

សំណើ​របស់​ក្រុម​​សង្គម​ស៊ីវិល​នេះ ធ្វើ​ឡើង​តាម​រយៈ​សេចក្ដី​ថ្លែង​ការណ៍​រួម​នៅ​ថ្ងៃ​ទី១៩ មីនា ស្រប​ពេល​គណៈប្រតិភូ​សហភាព​អឺរ៉ុប​កំពុង​បំពេញ​បេសកកម្ម​នៅ​កម្ពុជា ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ត្រួត​ពិនិត្យ​មើល​ការ​ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ឡើង​វិញ មុន​នឹង​ដាក់​ចេញ​នូវ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ EBA ជា​ផ្លូវ​ការ។

អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ​លោក ផៃ ស៊ីផាន ថ្លែង​អំណរគុណ​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ក្រុម​សង្គម​ស៊ីវិល​ចំពោះ​រឿង​ EBA នេះ ក៏​ប៉ុន្តែ​លោក​ថា របប​របស់​លោក​នៅ​តែ​ប្រកាន់​ជំហរ​មិន​ឱន​លំទោន​ដាក់​សហភាព​អឺរ៉ុប​ជា​ដាច់​ខាត។ លោក​ក៏​បាន​ស្នើ​ឱ្យ​ក្រុម​សង្គម​ស៊ីវិល​ពិនិត្យ​មើល​ឱ្យ​បាន​ច្បាស់លាស់​អំពី​ស្ថានភាព​នៅ​កម្ពុជា មុននឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​ដែល​លោក​ចោទ​ថា មាន​ចរិត​នយោបាយ​បែប​នេះ៖ «សង្គម​ស៊ីវិល​ដែល​ចង​ក្រង​គ្នា បង្កើត​ជា​ចលនា​នយោបាយ​ហ្នឹង គួរ​តែ​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​របស់​កម្ពុជា ហើយ​ចំពោះ​វិស័យ EBA អា​ហ្នឹង​ គឺ​ជា​រឿង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ជជែក​គ្នា។ ទោះ​ជា​យ៉ាង​ណា រាជរដ្ឋាភិបាល​ប្រាប់​ហើយ គឺ​យើង​មិន​លុត​ជង្គង់​អង្វរ ដើម្បី​សុំ​យក​ការ​អនុគ្រោះ​ពន្ធ​ហ្នឹង មក​ប្ដូរ​នឹង​អធិបតេយ្យភាព មក​បំផ្លាញ​តុលាការ​កំពូល​នោះ​ទេ»

អ្នក​នាំ​ពាក្យ​សមាគម​ អាដហុក (ADHOC) លោក ស៊ឹង សែនករុណា កត់​សម្គាល់​ថា រដ្ឋាភិបាល​កម្ពុជា​មាន​ទម្លាប់​ឆ្លើយ​តប​បែប​​អវិជ្ជមាន​ចំពោះ​សំណើ​ទាំង​ឡាយ​​របស់​សង្គម​ស៊ីវិល​ទេ។ លោក​បកស្រាយ​ថា ​ក្រុម​សង្គម​​ស៊ីវិល​លើក​រឿង​​​នេះ​ឡើង​ ដោយ​សារ​មើល​ឃើញ​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​វិស័យ​សេដ្ឋកិច្ច និង​សង្គម​កិច្ច ក្នុង​ករណី​ដែល​កម្ពុជា​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ។ លោក​សង្កត់​ធ្ងន់​ថា ការ​ពង្រឹង​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ស្រប​តាម​ការ​ទាម​ទារ​របស់​សហភាព​អឺរ៉ុប​ គឺ​ជា​អនុវត្ត​​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ​ទៅ​វិញ​ទេ មិនមែន​ប៉ះពាល់​ដល់​​ឯករាជ្យ និង​អធិបតេយ្យ​របស់​ជាតិ​នោះ​ទេ៖ «យើង​ចង់​ឱ្យ​គ្រប់​ភាគី​ទាំង​អស់ ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​ខ្លាំងក្លា​បន្ថែម​ទៀត ទៅ​លើ​បញ្ហា​​ជីវភាព​របស់​ពលរដ្ឋ​កម្ពុជា​យើង។ ចៀសវាង​ទៅ​ខាង​មុខ​មាន​ភាព​ប្រឈម​ណា​មួយ ក្រោយ​មាន​​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ហ្នឹង។ យើង​ដឹង​ហើយ​មាន​ការ​ខាត​បង់​ណាស់​សម្រាប់​ផល​ប្រយោជន៍​រួម​របស់​ប្រទេស​ជាតិ​យើង​ហ្នឹង»

សហភាព​អឺរ៉ុប​បាន​ប្រកាស​ពី​ដំណើរ​ការ​ពិចារណា​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ EBA ពី​កម្ពុជា កាល​ពី​ថ្ងៃ​ទី១១ កុម្ភៈ​កន្លង​ទៅ។ ដំណើរ​ការ​នេះ មាន​រយៈ​ពេល​សរុប​ទាំង​អស់១៨ ខែ​គិត​ចាប់​ពី​ថ្ងៃ​ទី១២ កុម្ភៈ​ត​ទៅ ហើយ​ចែក​ចេញ​ជា​បី​ដំណាក់​កាល។ សហភាព​អឺរ៉ុប​បាន​ទុក​ពេល​ឱ្យ​របប​ក្រុង​ភ្នំពេញ​ចំនួន ៦ខែ ដើម្បី​ស្ការ​ស្ថានការណ៍​នយោបាយ និង​សិទ្ធិ​មនុស្ស បើ​ពុំ​ដូច្នេះ​ទេ ក្នុង​រយៈ​ពេល ៦ខែ បន្ទាប់​ទៀត អឺរ៉ុប​នឹង​ចាប់​ផ្ដើម​ដំណាក់​កាល​ធ្វើ​ការ​សម្រេច​ចិត្ត​ថា តើ​ត្រូវ​រក្សា ឬ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា។ បើ​មាន​ការ​សម្រេច​ថា ព្យួរ សហភាព​អឺរ៉ុប​ទុក​ពេល​ឱ្យ​កម្ពុជា ៦ខែ​ទៀត ដើម្បី​ត្រៀម​ខ្លួន មុន​នឹង​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ​ចូល​ជា​ធរមាន។

អាស៊ី​សេរី​បាន​ទាក់ទង​តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ដើម្បី​សាកសួរ​អំពី​បេសកកម្ម​​នៅ​កម្ពុជា​រយៈ​ពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី១៩ និង​ទី២០ មីនា នេះ​ដែរ ប៉ុន្តែ​​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ក្រុម​សង្គម​ស៊ីវិល​ជឿជាក់​ថា ស្ថានភាព​អាក្រក់​នៃ​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​អាច​បញ្ចៀស​​បាន ប្រសិន​បើ​របប​ក្រុង​ភ្នំពេញ​ប្រឹងប្រែង​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ចំពោះ​ពល​រដ្ឋ និង​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​ឱ្យ​បាន​ត្រឹម​ត្រូវ​ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។