គណៈកម្មការទី៧នៃរដ្ឋសភានឹងសាកសួររដ្ឋមន្ត្រីក្រសួងធម្មការនៅរសៀលថ្ងៃទី១០ ខែមករា

គណៈកម្មការទី៧ នៃរដ្ឋសភា នឹងសាកសួររដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅរសៀលថ្ងៃ ទី១០ ខែមករា ឆ្នាំ២០១៧ ខាងមុខ។
លិខិតអញ្ជើញមួយចេញដោយលោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា កាលពីថ្ងៃទី២២ ខែធ្នូ បញ្ជាក់ថា គណៈកម្មការនេះនឹងស្ដាប់ការបំភ្លឺរបស់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា គឺលោក ហ៊ឹម ឆែម និងសហការី។
លិខិតដែលអញ្ជើញសមាជិក សមាជិកាគណៈកម្មការទី៧នេះបញ្ជាក់ថា តំណាងមកពីក្រសួងធម្មការ និងសាសនា នឹងទៅបំភ្លឺនៅសភា ពាក់ព័ន្ធនឹងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ពុទ្ធិកសកលវិទ្យាល័យ និងសហលក្ខន្តិកៈមន្ត្រីសង្ឃ។
បើទោះជាមានលិខិតអញ្ជើញយ៉ាងនេះក្ដី នៅក្នុងលិខិតដែលចេញដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់បានជូនដំណឹងទៅអគ្គលេខាធិការដ្ឋានរដ្ឋសភាលើកឡើងថា ទីស្ដីការគណៈរដ្ឋមន្ត្រីបានទទួលសំណើរបស់អ្នកតំណាងរាស្ត្ររួចហើយ និងកំពុងចាត់ចែងតាមនីតិវិធី។
កាលពីថ្ងៃទី១៣ ខែធ្នូ ប្រធានរដ្ឋសភា លោក ហេង សំរិន បានចារបញ្ជូនលិខិតរបស់ប្រធានគណៈកម្មការទី៧ លោក យ៉ែម បុញ្ញឫទ្ធិ ទៅទីស្ដីការគណៈរដ្ឋមន្ត្រី ចំពោះសំណើសុំរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អោយចូលទៅបំភ្លឺ៕