សាច់ញាតិមន្ត្រីបក្សប្រឆាំងក្រុងប៉ោយប៉ែតត្រៀមប្ដឹងទាស់លើសំណុំរឿងរបស់លោក ចៅ វាសនា ទៅតុលាការកំពូល
2019.03.14
សាច់ញាតិមន្ត្រីបក្សប្រឆាំងនៅក្រុងប៉ោយប៉ែតគ្រោងប្ដឹងទាស់ទៅតុលាការកំពូលឲ្យទម្លាក់ចោលការចោទប្រកាន់លោក ចៅ វាសនា និងដោះលែងឲ្យមានសេរីភាពឡើងវិញ។ ការប្ដឹងទាស់នេះ ដោយសារតែសាលាឧទ្ធរណ៍បានជម្រះក្ដីដោយបានតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងខេត្តបន្ទាយមានជ័យឲ្យនៅដដែល។
កូនស្រីអតីតចៅសង្កាត់ប៉ោយប៉ែតគណបក្សសង្គ្រោះជាតិអ្នកស្រី ចៅ រតនៈ ថ្លែងប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី១៤ មីនាថា សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ គឺជារឿងអយុត្តិធម៌មកលើលោកចៅ វាសនា ដែលមិនអាចទទួលយកបាននោះទេ ព្រោះកន្លងមកឪពុករបស់ខ្លួនធ្វើការងារដើម្បីបម្រើពលរដ្ឋជាជាងប្រយោជន៍គ្រួសារ។ អ្នកស្រីបន្តថា ប្រសិនបើតុលាការធ្វើការដោយឯករាជ្យម្ល៉េះលោក ចៅ វាសនា នឹងបានរួចទោសមានសេរីភាពឡើងវិញ ព្រោះលោកមិនបានធ្វើខុសច្បាប់ដូចការចោទប្រកាន់របស់តុលាការនោះឡើយ៖ «ក្នុងនាមជាកូនសំខាន់គឺចង់ឲ្យគាត់រកយុត្តិធម៌ឲ្យគ្រួសារខ្ញុំមកវិញ ព្រោះអីគាត់អត់មានទោសអីផង។ខ្ញុំសួរថាបើគាត់ខុសមិចក៏តុលាការតែម្នាក់កាត់ក្ដីឲ្យគាត់ខុស ចុះប្រជាពលរដ្ឋរាប់ម៉ឺននាក់ទទួលស្គាល់និងគាំទ្រឪពុកខ្ញុំបាន។ បើអីចឹងមានតែពួកខ្ញុំក្នុងក្រុមគ្រួសារហើយគាត់ក៏បានផ្ដាំមកដែរថា យើងដាច់ខាតត្រូវតែប្ដឹងបន្តទៅតុលាការកំពូលទៀតព្រោះបើយើងមិនប្ដឹងមានន័យថាយើងព្រមទទួលយកកំហុសរបស់ទាំងអស់នោះ»។
អ្នកស្រីបញ្ជាក់ថា ពួកគាត់នឹងប្ដឹងទាស់ទៅតុលាការកំពូលក្នុងពេលឆាប់ៗ ខាងមុខ ដើម្បីស្នើសុំឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់មកលើលោក ចៅ វាសនា និងដោះលែងឲ្យមានសេរីភាពឡើងវិញ។
កាសែតភ្នំពេញប៉ុស្តិ៍បានចុះផ្សាយនៅថ្ងៃទី១៤ មីនា ឲ្យដឹងថា ចៅក្រមនៃសាលាឧទ្ធរណ៍លោក ញូង ធុល បានអានសាលដីកានៅក្នុងសវនាការកាលពីថ្ងៃទី១៣ មីនាថា តាមអង្គហេតុបង្ហាញថា នៅថ្ងៃកើតហេតុ ជនជាប់ចោទបានឈរនៅមុខមន្ទីរពេទ្យក្នុងក្រុងប៉ោយប៉ែត ហើយបានឮសម្រែករបស់ក្រុមកម្មករថា ឈ្មោះ ម៉ៅ ស៊ុន (កម្មករត្រូវប៉េអឹមវាយ) ស្លាប់ហើយ។ ពេលឮដូច្នេះលោក ចៅ វាសនា ក៏បានស្រែកថា ម៉េចក៏សម្លាប់ពលរដ្ឋខ្ញុំ។ ផ្ដើមចេញពីការស្រែកនេះ បានបញ្ឆេះកំហឹងក្រុមកម្មករឲ្យសម្រុកចូលទីស្នាក់ការគយ រួចវាយកម្ទេចទ្រព្យសម្បត្តិ និងដុតបំផ្លាញរថយន្តអស់ប្រមាណ ៦គ្រឿងទៀត។ ដូច្នេះសាលាឧទ្ធរណ៍សម្រេចតម្កល់ទោសសំណុំរឿងឲ្យនៅដដែល តាមសេចក្ដីសម្រេចរបស់សាលក្រមនៃសាលាដំបូងខេត្តបន្ទាយមានជ័យដែលផ្ដន្ទាទោសជនជាប់ចោទឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ គឺជារឿងត្រឹមត្រូវ។
ទោះជាយ៉ាងណា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា ដែលបានស៊ើបអង្កេតលើសំណុំរឿងនេះ លើកឡើងថា ការសម្រេចនេះ គឺជារឿងអយុត្តិធម៌បំផុតមកលើលោក ចៅ វាសនា ព្រោះកាលណោះលោក ចៅ វាសនា ចុះទៅត្រួតពិនិត្យមើលក្នុងនាមជាចៅសង្កាត់រងទី២ ដែលជាអាជ្ញាធរក្នុងមូលដ្ឋាន ដោយមិនមែនជាការទៅញុះញង់ក្រុមកម្មករនោះទេ។ មន្ត្រីសង្គមស៊ីវិលរូបនេះយល់ថា ប្រសិនបើតុលាការផ្ដន្ទាទោសលោក ចៅ វាសនា ដូច្នេះមន្ត្រីដទៃទៀត ដូចជា អភិបាលក្រុងប៉ោយប៉ែត គឺលោក ង៉ោ ម៉េងជ្រួន និងមន្ត្រីកងរាជអាវុធហត្ថជាច្រើននាក់ទៀត ក៏ត្រូវមានទោសដែរ ព្រោះពួកគេសុទ្ធតែបានចុះទៅដល់កន្លែងកើតហេតុ៖ «ហើយលោកចៅ វាសនា គ្រាន់តែបានលើកឡើងថា ហេតុអីបានធ្វើដូច្នេះហេតុអីបានមិនដោះស្រាយ អីចឹង គ្រាន់តែស្រែកអីចឹងគេចោទពីបទញុះញង់ អីចឹងមាត្រានៃក្រមព្រហ្មទណ្ឌយើងឃើញពួកក្រុមបក្សប្រឆាំង ក្រុមអ្នកតវ៉ារឿងដីធ្លីផ្សេងៗ មាត្រានឹងកំពុងតែមានប្រជាប្រិយភាព ដែលធ្វើឲ្យអ្នកដែលធ្លាប់ជាប់ឃុំរងគ្រោះដោយសារមាត្រាហ្នឹង គឺជាមាត្រាហ្នឹងមួយកំពុងតែមានប្រជាប្រិយ ហើយអ្នកដែលធ្វើការតវ៉ាគ្រាន់តែបង្ហោះសារលេងក៏ដោយថតវីដេអូឃ្លិបបង្ហោះដែលជាសេរីភាពក្នុងការបញ្ចេញមតិក៏ដោយ ក៏គេអាចយកមាត្រនេះធ្វើការចោទប្រកាន់និងឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារបានដែរ»។
ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៧ មិថុនា ឆ្នាំ២០១៨ បានប្រកាសសាលក្រមផ្ដន្ទាទោសលោក ចៅ វាសនា និងកម្មករអូសរទេះចំនួន ៧នាក់ផ្សេងទៀតដាក់ពន្ធនាគារម្នាក់ ៥ឆ្នាំ។ ភ្លាមៗ ក្រោយពីប្រកាសសាលក្រមមេធាវីការពារក្ដីលើសំណុំរឿងនេះបានដាក់ពាក្យប្ដឹងទាស់ទៅសាលាឧទ្ធរណ៍ ដើម្បីតុលាការទម្លាក់ការចោទប្រកាន់នេះ និងស្នើសុំឲ្យលោក ចៅ វាសនា បាននៅក្រៅឃុំបណ្ដោះអាសន្ន។ លោក ចៅ វាសនា ជាចៅសង្កាត់ប៉ោយប៉ែតជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ដើមកំណើតខ្មែរក្រោម ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ២០១៧ គឺនៅមុនពេលបោះឆ្នោតឃុំសង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទញុះញង់ឲ្យប្រើអំពើហិង្សាមានស្ថានទម្ងន់ទោស។
លោក ស៊ុំ ច័ន្ទគា យល់ថា ការឃុំខ្លួនលោក ចៅ វាសនា មានរយៈពេលយូរ មិនផ្ដល់ផលចំណេញដល់របបលោក ហ៊ុន សែន ទេ ព្រោះគណបក្សសង្គ្រោះជាតិបានរំលាយបាត់ទៅហើយ ម្យ៉ាងទៀតតុលាការក៏បានដោះលែងសកម្មជនគណបក្សប្រឆាំង ដែលតុលាការផ្ដន្ទាទោសបទឧក្រិដ្ឋធំៗ អស់ហើយ ដូច្នេះតុលាការគួរតែទម្លាក់ការចោទប្រកាន់ ហើយដោះលែងលោក ចៅ វាសនា ឲ្យមានសេរីភាពឡើងវិញឲ្យបានឆាប់ដែរ ដើម្បីលោកបានទៅរស់នៅជួបជុំក្រុមគ្រួសារដូចដើមវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។