មន្ត្រី​យោធា​កម្ពុជា​ទាត់​ចោល​ការ​ចោទ​ប្រកាន់​ថា​យោធា​ខ្មែរ​រំលោភ​សិទ្ធិ​មនុស្ស

ដោយ តាំង សារ៉ាដា
2018-01-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។
Photo: RFA

មន្ត្រី​នៃ​ក្រសួង​ការពារ​ជាតិ​អះអាង​ថា ក្រសួង​ការពារជាតិ​មិន​ខ្វល់​ចំពោះ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​បាន​បញ្ជូន​បញ្ជី​ឈ្មោះ របស់​មន្ត្រី​យោធា​កម្ពុជា​ជាន់ខ្ពស់​ទៅកាន់​ព្រឹទ្ធសភា សហរដ្ឋអាមេរិក ដើម្បី​ដាក់ទណ្ឌកម្ម​នោះ​ទេ ហើយ​ចោទ​ថា ទង្វើ​របស់​អង្គការ​សិទ្ធិមនុស្ស ជា​គំនុំ​ផ្ទាល់ខ្លួន។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​លោក ឈុំ សុជាតិ បដិសេធ​ថា មន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស និង​រំលោភ​ប្រជាធិបតេយ្យ និង​ការប្រព្រឹត្ត​អំពើពុករលួយ នោះ​ទេ។

លោក​អះអាង​ថា ការ​ចោទ​ប្រកាន់​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ គឺជា​ការចោទប្រកាន់​ខុស​ពី​ការពិត​ដែល​មិន​អាច​ទទួល​យក​បាន​នោះ​ឡើយ៖ «លោក ប្រ៊ែត អាដាម (Brad Adams) នេះ កន្លងមក​លោក​មិន​ដែល​និយាយ​ល្អ ពី​មន្ត្រី​យោធា​របស់​កម្ពុជា​នោះ​ទេ។ គាត់​និយាយ​អាក្រក់​ពី​រដ្ឋាភិបាល​រហូត។ ការ​និយាយ​ហ្នឹង​ជា​សិទ្ធិ​របស់​គាត់​ទេ ប៉ុន្តែ​វា​មិន​ប៉ះពាល់ ដល់​មន្ត្រី​អនុវត្តន៍​ការងារ​យោធា​របស់​យើង​ទេ»

ប្រតិកម្ម​របស់​អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​រូប​នេះ​ធ្វើឡើង​ក្រោយពី​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃវច្ឆ (Human Rights Watch) លោក ប្រ៊ែត អាដាម បាន​ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃទី​១១ ខែ​មករា ​ថា សមាជិក​ព្រឹទ្ធ​សហរដ្ឋអាមេរិក មួយ​ចំនួន​បាន​សុំ​ឈ្មោះ មន្ត្រី​ជាន់ខ្ពស់​របស់​កម្ពុជា​ដែល​ឆ្នើម​ខាង​ការប្រព្រឹត្ត​អំពើពុករលួយ ការរំលោភ​អំណាច អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​បង្ហូរ​ឈាម និង​អ្នក​រំលោភ​គោលការណ៍​ប្រជាធិបតេយ្យ នៅ​កម្ពុជា​ជាដើម។

លោក​បន្ត​ថា ឯកសារ​ដែល​លោក​បាន​ផ្ដល់​ទៅ​អោយ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​នោះ មាន​ឈ្មោះ​មន្ត្រី​ខាង​ផ្នែក​យោធា នគរបាល និង​តុលាការ៖ «បាទ​ពួក​យើង​មាន​! សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដូចជា​លោក ចន ម៉ាកឃែន (John McCain) លោក ឌីក ឌើប៊ិន (Dick Durbin) និង​សមាជិក ព្រឹទ្ធសភា​មួយ​ចំនួន​ទៀត​កំពុង​ស្វែងរក​ការ​ដាក់​ទណ្ឌកម្ម មក​លើ​បុគ្គល​មួយ​ចំនួន​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា។ ពួក​យើង​បាន​ផ្ដល់​ព័ត៌មាន​ដល់​សមាជិក​ព្រឹទ្ធសភា​ទាំងនោះ ហើយ​អង្គការ​ផ្សេងទៀត ក៏​បាន​ធ្វើ​ដូច្នោះ​ដែរ។ យើង​សង្ឃឹម​ថា ពួកគេ​នឹង​ស្នើ​អោយ​មាន​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ទៅ​នឹង​មនុស្ស​ទាំងឡាយ​ណា​ដែល​ចូលរួម​រំលោភ​សិទ្ធិមនុស្ស​ជា​លក្ខណៈ​ប្រព័ន្ធ ហើយ​បុគ្គល​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល។ កម្ពុជា​មាន​ច្រើន​ណាស់ រាប់​ចាប់​តាំង​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់ ហើយក៏​មាន​លោក ប៉ុល សារឿន អតីត​ខ្មែរក្រហម​លោក គន់ គីម លោក ទៀ បាញ់ លោក ហ៊ីង ប៊ុនហៀង លោក សៅ សុខា លោក ចាប ភក្តី លោក ម៉ក់ ជីតូ លោក នេត សាវឿន លោក ឌិត មុន្ទី និង​មនុស្ស​ជា​ច្រើន​រាប់​មិន​អស់​ទៀត»

កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា តំណាងរាស្ត្រ មួយ​ក្រុម​ដែល​ស្ថិត​នៅ​ក្នុង​អនុគណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​សហរដ្ឋអាមេរិក ក៏​បាន​ជំរុញ​ឲ្យ​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​បញ្ជី​រាយ​នាម​របស់​បុគ្គល មន្ត្រី​រដ្ឋាភិបាល និង​ក្រុមហ៊ុន​សាជីវកម្ម ទាំងឡាយ​ណា ដែល​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការរំលោភ​សិទ្ធិមនុស្ស និង​ការប្រព្រឹត្ត​អំពើ​ពុករលួយ។

ការ​ទាមទារ​របស់​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ទាំងនេះ ធ្វើ​ឡើង​នៅ​ក្នុង​សវនាការ​សួរដេញដោល​មួយ​ក្នុង​រដ្ឋសភា​សហរដ្ឋអាមេរិក ខណៈ​ក្រុម​មន្ត្រី​បក្ស​សង្គ្រោះជាតិ​ជំរុញ​អោយ​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ីនតុន​បង្កក​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល លោក ហ៊ុន សែន។

រហូត​មក​ទល់​ពេលនេះ​ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​រៀបចំ​បញ្ជី​ឈ្មោះ​នៃ​មន្ត្រី​រំលោភ​អំណាច​នៃ​របប​ដឹកនាំ​របស់​លោក បាន​បង្ហើប​អោយ​ដឹង​ថា ពួកគេ​បាន​រៀបចំ​បញ្ជី​ឈ្មោះ​ទាំងនេះ​រួចរាល់​ហើយ ដូច្នេះ​ពួកគេ​នៅ​ចាំតែ​ពេលវេលា​សមស្រប ដែល​នឹង​ត្រូវ ​បញ្ជូន​បញ្ជី​ឈ្មោះ​មួយ​នេះ​ទៅកាន់​រដ្ឋសភា​អាមេរិក​ប៉ុណ្ណោះ។

ឈ្មោះ​មន្ត្រី និង​បុគ្គល​ដែល​បាន​ចងក្រង​ដាក់បញ្ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ របស់​គណបក្ស​សង្គ្រោះជាតិ​នេះ​រាប់​ចាប់​តាំង​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំង​កូនៗ របស់​លោក​ទាំងអស់។ រដ្ឋមន្ត្រី​គ្រប់​ក្រសួង និង​ថ្នាក់​ដឹកនាំ​ក្រសួង​មួយ​ចំនួន ដូចជា​លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​រដ្ឋមន្ត្រី ឬ​រដ្ឋលេខាធិការ​ជា​ច្រើន​រូប​ទៀត។

នៅ​ក្នុង​បញ្ជី​នេះ​ក៏​មាន​រាយ​ឈ្មោះ​អាជ្ញាធរ ដែនដី រួមមាន​អភិបាលខេត្ត រាជធានី អភិបាល ក្រុង ស្រុក ខណ្ឌ រួមមាន​លោក សុខ ពេញវុធ អភិបាលខណ្ឌ​ដូនពេញ លោក ឃួង ស្រេង អភិបាលក្រុង​ភ្នំពេញ លោក ប៉ា សុជាតិវង្ស និង​លោក កែប ជុតិម៉ា អតីត​អភិបាលក្រុង​ភ្នំពេញ។

បញ្ជី​នេះ​ក៏​មាន​រាប់បញ្ចូល​មន្ត្រី​តុលាការ​គ្រប់​លំដាប់​ថា្នក់​ផង​ដែរ ជាពិសេស ចៅក្រម និង​ព្រះរាជអាជ្ញា​នៃ​សាលា​រាជធានី​ភ្នំពេញ សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល។

ជាង​នេះ​ទៅ​ទៀត​ក៏​មាន មន្ត្រី​យោធា​គ្រាគ់ៗ​ជាច្រើន​រួមមាន​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ​កង​អង្គរក្ស​លោក ហ៊ុន សែន លោក ចាប់ ភក្តី មេបញ្ជាការ​កងពលតូច​ឆត្រ​យោង ៩១១ លោក គន់ គីម អគ្គបញ្ជាការ​រង​នាយសេនាធិការ​ចម្រុះ​នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មនុស្ស​ជាច្រើន​ទៀត។ ចំណែក​ខាង​នគរបាល​វិញ​រួមមាន លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ លោក ជួន សុវណ្ណ ស្នងការ​រាជធានីភ្នំពេញ លោក ទូច ណារ៉ុត អតីត​ស្នងការ​រាជធានី​ភ្នំពេញ លោក ខៀវ សុភ័ក អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ និង លោក គៀត ចាន់ថារិទ្ធិ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ។

ក្រុម​មន្ត្រី​បក្ស​សង្គ្រោះជាតិ​និយាយ​ថា បញ្ជី​ឈ្មោះ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា និង​បុគ្គល​ដែល​ចូលរួម​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ទាំងនេះ គឺជា​ភស្តុតាង​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​អោយ​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​អំពី​ជន​ដៃ​ដល់​ពិតប្រាកដ ក្នុង​ការ​បំផ្លាញ​គោលការណ៍​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៃ​របប​ដឹកនាំ​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល