អ្នក​វិភាគ៖ អ្នក​នយោបាយ​ខ្មែរ​នៅ​តែ​ប្រើ​នយោបាយ​ប្រជាភិថុតិ

នយោបាយ​ប្រជាភិថុតិ ជា​នយោបាយ​បោក​ប្រាស់​ដែល​គេ​ប្រើ​ដើម្បី​កៀរគរ​សំឡេង​គាំទ្រ​របស់​ប្រជាពលរដ្ឋ តាំង​ពី​សម័យ​បុរាណ​កាល​មក។ ចំពោះ​កាលៈទេសៈ​បច្ចុប្បន្ន អ្នក​នយោបាយ​គេ​ប្រើ​នយោបាយ​ប្រជាភិថុតិ​នៅ​ពេល​ជិត​បោះ​ឆ្នោត។
ដោយ វណ្ណ វិចារ
2013.02.20
ឡៅ ម៉ុងហៃ ៣០៥ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ។
Photo: RFA

អ្នក​តាម​ដាន​បញ្ហា​សង្គម​យល់​ថា ការ​ប្រើ​នយោបាយ​ប្រជាភិថុតិ ឬ​នយោបាយ​បោក​ប្រាស់​ដោយ​បំភ្លៃ​ការ​ពិត ទាក់​ទាញ​អ្នក​គាំទ្រ​នេះ ជា​រឿង​មួយ​គ្រោះថ្នាក់​បំផុត​សម្រាប់​ប្រជាពលរដ្ឋ។

នយោបាយ​ប្រជាភិថុតិ នៅ​តែ​ពេញ​និយម​សម្រាប់​អ្នក​នយោបាយ​ខ្មែរ ដើម្បី​យក​មក​ទាក់​ទាញ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ។ អ្នក​វិភាគ​យល់​ថា ប្រជាពលរដ្ឋ​ងាយ​នឹង​ចាញ់​បោក​អ្នក​នយោបាយ ដោយ​សារ​តែ​ពួក​គាត់​ខ្វះ​នូវ​ចំណេះ​ដឹង ខ្វះ​ព័ត៌មាន​សម្រាប់​ធ្វើ​ការ​វិភាគ និង​ពិចារណា ដែល​ងាយ​ស្រួល​ដល់​ការ​សម្រេច​ចិត្ត។

អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា នយោបាយ​ប្រជាភិថុតិ ឬ​នយោបាយ​បោក​ប្រាស់​នេះ ត្រូវ​បាន​គេ​ប្រើ​នៅ​ទូទាំង​ពិភពលោក តែ​កម្រិត​នៃ​ការ​ប្រើប្រាស់​ខុសៗ​គ្នា​ទៅ​តាម​កម្រិត​ចំណេះ​ដឹង​របស់​ ប្រជាពលរដ្ឋ។ លោក​បន្ត​ថា ផ្អែក​តាម​ប្រវត្តិសាស្ត្រ​ខ្មែរ ព្រោះ​តែ​នយោបាយ​បោក​ប្រាស់​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​បះបោរ​ប្រឆាំង​របប​រាជា​និយម គាំទ្រ​រដ្ឋ​ប្រហារ លន់ នល់ បន្ទាប់​មក​នយោបាយ​នេះ​ក៏​ត្រូវ​កងទ័ព ប៉ុល ពត យក​ទៅ​ប្រើ​ដើម្បី​ប្ដូរ​របប​បន្ត​ទៀត។

លោក សុខ ទូច បញ្ជាក់​ថា បច្ចុប្បន្ន​អ្នក​នយោបាយ​លើក​យក​បញ្ហា​ជាច្រើន​មក​បោក​ប្រាស់​ប្រជាពលរដ្ឋ ដូច​ជា​លេស​អភិវឌ្ឍន៍ បញ្ហា​ព្រំដែន ការ​លើក​តម្កើង​បុគ្គល​និយម​ឲ្យ​ក្លាយ​ជា​បុគ្គល​អច្ឆរិយ​ជាដើម៖ «ហើយ​ អត់​យល់​ថា មនុស្ស​ម្នាក់​ហ្នឹង​រស់​យ៉ាង​ច្រើន​ណាស់ ១០០​ឆ្នាំ​ចុះ បើ​ប្រទេស​មួយ​កើត​មក​រាប់​ពាន់​ឆ្នាំ អត់​មនុស្ស​ម្នាក់​ហ្នឹង​ធ្វើ​មិន​កើត​ម៉េច? ហ្នឹង​ហើយ​អត់​មាន​ការ​ពិចារណា​ទេ ការ​ប្រើប្រាស់​ប្រជាភិថុតិ​ហ្នឹង ធ្វើ​ឲ្យ​មនុស្ស​បាក់​ទឹក​ចិត្ត បាក់​គំនិត​គាំទ្រ​ដោយ​គ្មាន​ការ​ពិចារណា តែ​សម្រាប់​ប្រទេស​ដែល​គេ​រីក​ចម្រើន​ដូច​នៅ​អឺរ៉ុប នៅ​អាមេរិក អី​ហ្នឹង ពិបាក​ធ្វើ​ប្រជាភិថុតិ​ណាស់»

លោក សុខ ទូច បន្ត​ថា នយោបាយ​ប្រជាភិថុតិ​នេះ​មើល​ឃើញ​ល្អ​ពី​សំបក​ខាង​ក្រៅ តែ​ធាតុ​ពិត​ប្រជាពលរដ្ឋ​ជា​អ្នក​រង​គ្រោះ ហើយ​ប្រទេស​ជាតិ​ក៏​នឹង​ខាត​ផល​ប្រយោជន៍​ដែរ។

ចំណែក​ឯ​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម ឲ្យ​ដឹង​ថា នយោបាយ​ប្រជាភិថុតិ ឬ​នយោបាយ​បោក​ប្រាស់​នេះ ក៏​ត្រូវ​បាន​ក្រុម​អ្នក​ជំនួញ​ប្រើប្រាស់​ដើម្បី​បោក​ឲ្យ​មនុស្ស​ទិញ​ទំនិញ ​របស់​គេ​ដែរ។ ឧទាហរណ៍​កាល​ពី​ឆ្នាំ​២០០៣ មាន​ការ​ផ្សាយ​ចចាមអារ៉ាម​ថា តម្រូវ​ឲ្យ​ញ៉ាំ​សណ្ដែក​ខៀវ បើ​មិន​ដូច​នេះ​នឹង​ត្រូវ​មាន​គ្រោះថ្នាក់។ គ្រាន់​តែ​រយៈពេល ១​ថ្ងៃ សណ្ដែក​ខៀវ​លក់​ដាច់​រក​ទិញ​មិន​បាន ហើយ​កន្លែង​ខ្លះ​ឡើង​ថ្លៃ​កប់​ពពក។ រឿងរ៉ាវ​ស្រដៀង​គ្នា​នេះ​ដែរ បន្ទាប់​ពី​គ្រោះថ្នាក់​ជាន់​គ្នា សម្លាប់​មនុស្ស​នៅ​កោះ​ពេជ្រ​អស់​ជាង ៣០០​នាក់​រួច​មក ក៏​កើត​មាន​ការ​ផ្សព្វផ្សាយ​ឲ្យ​មនុស្ស​ទិញ​ចេក​គោរព​បូជា​ដែរ។ កាល​នោះ ចេក​ឡើង​ថ្លៃ​រហូត​ដល់ មួយ​ស្និត​ជាង ២​ម៉ឺន​រៀល។ ការ​ទិញ​ស្រា​ផឹក​បាន​រង្វាន់​រាប់​លាន ក្លាយ​ជា​សេដ្ឋី ឬ​ការ​ផឹក​ស្រា​មាន​សុខភាព​ល្អ​ជាដើម។

ទាក់​ទង​នឹង​បញ្ហា​នេះ អ្នក​វិភាគ​ឯករាជ្យ​ម្នាក់​ទៀត លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា នយោបាយ​ប្រជាភិថុតិ​នេះ ត្រូវ​បាន​គណបក្ស​កាន់​អំណាច​យក​មក​ប្រើ​ជា​ថ្នូរ​ដើម្បី​យក​សន្លឹក​ឆ្នោត។ ឧទាហរណ៍ ការ​ចែក​អំណោយ​ជា​លុយ​កាក់ សារុង​ក្រមា និង​ការ​ចុះ​ទៅ​មូលដ្ឋាន​បង្កើត​ក្រុម​ការងារ​ចុះ​ជួយ​កន្លែង​នេះ កន្លែង​នោះ​ជាដើម។ លោក​បន្ត​ថា គោល​នយោបាយ​ខ្លះ​របស់​រដ្ឋាភិបាល ដូច​ជា​នយោបាយ​មិន​យក​ពន្ធ​ដីធ្លី និង​នយោបាយ​ដាក់​ឈ្មោះ​សមិទ្ធផល​ជា​អំណោយ​ថ្នាក់​ដឹកនាំ​ជាដើម។

លោក ឡៅ ម៉ុងហៃ បញ្ជាក់​ថា ដោយ​សារ​នយោបាយ​ប្រជាភិថុតិ​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់​បង់​នូវ​ភាព​ម្ចាស់​ការ ការ​គិត​ពិចារណា និង​ចុង​ក្រោយ​បាត់​បង់​ផល​ប្រយោជន៍​ជាតិ៖ «ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ ជាតិ រឿង​ពន្ធ​ដារ​អី​ហ្នឹង ប្រជាភិថុតិ​សម្រាប់​ក្រុមហ៊ុន​ដែរ ឲ្យ​តែ​ក្រុមហ៊ុនៗ​មក​វិនិយោគទុន​អីចឹង ចេះ​តែ​បានៗ​អីចឹង ក៏​ប្រជាភិថុតិ​ដែរ ក៏​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ជាតិ​ដែរ»

រី​ឯ​ព្រឹត្តិការណ៍​នយោបាយ​ដែល​អ្នក​វិភាគ​ចាត់​ទុក​ថា​ជា​នយោបាយ​ ប្រជាភិថុតិ ទាក់​ទាញ​ការ​គាំទ្រ​វិញ ដូច​ជា​នយោបាយ​ចាស់​សកម្មភាព​ថ្មី​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់​ចេញ​ដើម្បី​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ បន្ទាប់​ពី​រាជ​រដ្ឋាភិបាល​ចុះ​ហត្ថលេខា​ផ្តល់​ដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន​ ឯកជន​រាប់​លាន​ហិកតារ​រួច​មក។

គេ​ដឹង​ហើយ​ថា ការ​ផ្តល់​ដី​សម្បទាន​នាំ​ឲ្យ​មាន​បញ្ហា ដូច​នេះ​គោល​នយោបាយ​ចែក​ប្លង់​ដើម្បី​ដោះស្រាយ​បញ្ហា បែរ​ជា​ផ្សាយ​ថា​គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី នឹង​លើក​តម្កើង​សកម្មភាព​ដោះស្រាយ​បញ្ហា​នេះ ដោយ​ប្រើប្រាស់​គ្រប់​រូបភាព​ផ្សព្វផ្សាយ ទាញ​ចំណេញ​ពី​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ទៅ​វិញ។ ព្រឹត្តិការណ៍​នៅ​កោះ​ពេជ្រ នាំ​ឲ្យ​មនុស្ស​ស្លាប់​រាប់​រយ​នាក់ រាជ​រដ្ឋាភិបាល​មិន​បាន​ដាក់​ទណ្ឌកម្ម​ចំពោះ​មន្ត្រី​របស់​ខ្លួន​ណា​ម្នាក់​ ទេ លោក​នាយក​រដ្ឋមន្ត្រី​បែរ​ជា​ស្រក់​ទឹក​ភ្នែក​តាម​ទូរទស្សន៍ ហើយ​ផ្ញើ​សារ​បង្ហាញ​ពី​ទឹក​ចិត្ត​អាណិត​អាសូរ​អ្នក​ស្លាប់ អ្នក​របួស ដើម្បី​ទាក់​ទាញ​ការ​គាំទ្រ​បន្ថែម​ទៀត។

ចំពោះ​គណបក្ស​ប្រឆាំង​វិញ លោក សម រង្ស៉ី នាំ​ប្រជាពលរដ្ឋ​ទៅ​ដក​បង្គោល​ព្រំដែន​ធ្វើ​ឲ្យ​កក្រើក​ឆាក​នយោបាយ។ ព្រឹត្តិការណ៍​នោះ​នាំ​ឲ្យ​ប្រជាពលរដ្ឋ ២​នាក់​ដែល​ទៅ​ជាមួយ ជាប់​គុក តែ​ក្នុង​នាម​ជា​អ្នក​នយោបាយ លោក សម រង្ស៉ី រត់​រួច​ខ្លួន​មក​ដល់​សព្វថ្ងៃ។ តាម​រយៈ​ការ​ដក​បង្គោល​នោះ ក៏​នាំ​ឲ្យ​ប្រជាពលរដ្ឋ​មើល​ឃើញ​ពី​ទឹក​ចិត្ត​របស់​លោក សម រង្ស៉ី ដើម្បី​ទាក់​ទាញ​ការ​គាំទ្រ​ដែរ ប៉ុន្តែ​លោក សម រង្ស៉ី បែរ​ជា​បាត់​ឱកាស​ជួយ​ប្រជាពលរដ្ឋ និង​នៅ​ជាមួយ​ប្រជាពលរដ្ឋ​ទៅ​វិញ។ លោក សម រង្ស៉ី សន្យា​ជាមួយ​អ្នក​គាំទ្រ​ម្តង​ជា​ពីរ​ដង​ថា​វិល​មក​កម្ពុជា វិញ តែ​នៅ​តែ​មិន​ទាន់​ឃើញ​ស្រមោល​នៅ​ឡើយ។

អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច បញ្ជាក់​ថា នយោបាយ​ប្រជាភិថុតិ​នេះ សំដៅ​លើ​សកម្មភាព​ដែល​អ្នក​នយោបាយ​ប្រើប្រាស់​គំរាមកំហែង សម្លុត បំភិតបំភ័យ បន្លាច មហាជន​ទូទៅ​ក្នុង​គោល​ដៅ​បំបិទ​ព័ត៌មាន​ផ្សេងៗ និង​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍ ការ​គាំទ្រ ការ​ចុះ​ចូល​ជាដើម។ លោក​បន្ត​ថា មាន​តែ​ការ​អប់រំ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អាច​រួច​ផុត​ពី​នយោបាយ​បោក​ប្រាស់​ទាំង​នេះ៖ «ប្រើប្រាស់ ​ប្រជាភិថុតិ​គ្រប់​សម័យ​កាល​ហ្នឹង គឺ​ថា​ហើយ​ការ​ជឿ​ដោយ​គ្មាន​ការ​ពិចារណា​ហ្នឹង ធ្វើ​ឲ្យ​សង្គម​កម្ពុជា ជួប​វិបត្តិ​នយោបាយ ដោយ​សារ​តែ​ខ្វះ​ការ​ពិចារណា​ហ្នឹង​ឯង»

លោក សុខ ទូច បន្ត​ថា ប្រជាពលរដ្ឋ​ត្រូវ​តែ​ចេះ​ស្តាប់​ព័ត៌មាន ប្រមូល​ព័ត៌មាន រួច​ហើយ​ធ្វើ​ការ​វិភាគ​ពិចារណា​ក្នុង​គោលដៅ​សម្រេច​ចិត្ត​ឲ្យ​បាន​ ត្រឹមត្រូវ ជៀសវាង​ការ​បោក​ប្រាស់​ពី​មជ្ឈដ្ឋាន​ណា​មួយ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។