គណបក្សសង្គ្រោះជាតិនៅអាមេរិកប្រកាសធ្វើបាតុកម្មប្រឆាំងវត្តមានលោក ហ៊ុន សែន ទៅចូលរួមប្រជុំនៅ អ.ស.ប ថ្ងៃទី២៩ កញ្ញា
2018.09.07
គណបក្សសង្រ្គោះជាតិនៅសហរដ្ឋអាមេរិកប្រកាសកំណត់យកថ្ងៃទី២៩ ខែកញ្ញា ធ្វើបាតុកម្មប្រឆាំងវត្តមានលោក ហ៊ុន សែន ដែលនឹងទៅចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិលើទឹកដីនៃសហរដ្ឋអាមេរិក។
លិខិតរបស់ក្រុមគាំទ្រគណបក្ស សង្រ្គោះជាតិ នៅសហរដ្ឋអាមេរិក អំពាវនាវដល់អ្នកគាំទ្រ សមាជិក និងពលរដ្ឋខ្មែរឲ្យចូលរួមមហាបាតុកម្ម ដើម្បីប្រឆាំងនឹងវត្តមានលោក ហ៊ុន សែន ព្រមទាំងអំពាវនាវដល់សហគមន៍អន្តរជាតិ និងប្រទេសហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កុំឲ្យទទួលស្គាល់រាជរដ្ឋាភិបាលខុសច្បាប់ និងរដ្ឋសភាឯកបក្សនៃប្រទេសកម្ពុជា។
លិខិតចុះថ្ងៃទី៦ កញ្ញាបញ្ជាក់ថា ការធ្វើបាតុកម្មនេះនឹងធ្វើការទាមទារនៅមុខអគារនៃទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិនៅក្រុងញីវយ៉ក (New York)។
ប្រធានចលនាយុវជនគណបក្សសង្រ្គោះជាតិ លោក ហ៊ីង សុខសាន្ត ដែលបាននិរទេសខ្លួនពីកម្ពុជា និងកំពុងរស់នៅសហរដ្ឋអាមេរិកឲ្យដឹងថា ការកំណត់យកថ្ងៃទី២៩ កញ្ញា ដើម្បីធ្វើបាតុកម្មនេះ គឺបន្ទាប់ពីក្រុមស្រាវជ្រាវដឹងថា ថ្ងៃនោះលោក ហ៊ុន សែន នឹងទៅចូលរួមប្រជុំនៅអង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក។ លោកឲ្យដឹងទៀតថា ក្រៅពីការធ្វើបាតុកម្ម ក្រុមបាតុករក៏នឹងយកញត្តិទៅដាក់នៅអង្គការសហប្រជាជាតិ ដើម្បីស្នើសុំឲ្យអង្គការសហប្រជាជាតិកុំទទួលស្គាល់របបក្រុងភ្នំពេញ ដែលកើតក្រោយការបោះឆ្នោតក្លែងក្លាយថ្ងៃទី២៩ ខែកក្កដា៖ «ធ្វើតែមួយកន្លែង យើងជុំគ្នាតែម្តង។ យើងប្រឆាំងការបោះឆ្នោតក្លែងក្លាយ ហើយចឹងនាយករដ្ឋមន្រ្តី និងរដ្ឋាភិបាល ដែលកើតឡើងពីការបោះឆ្នោតនេះក៏យើងមិនទទួលស្គាល់ដែរ។ ទីពីរ យើងចង់ប្រាប់ទៅសហគមន៍អន្តរជាតិកុំទទួលស្គាល់រដ្ឋាភិបាលលោក ហ៊ុន សែន»។
ការប្រកាសធ្វើបាតុកម្មនឹងវត្តមានលោក ហ៊ុន សែន នៅលើទឹកដីអាមេរិកពេលនេះ គឺជាការឆ្លើយតបភ្លាមៗ របស់គណបក្ស សង្រ្គោះជាតិ ប្រឆាំងទៅនឹងការបង្កើតរបបថ្មីរបស់លោក ហ៊ុន សែន ដែលជាសារបញ្ជាក់ថា គណបក្ស សង្គ្រោះជាតិ មិនទទួលស្គាល់របបថ្មីនេះឡើយ។
កាលពីដើមខែសីហា លោក ហ៊ុន សែន បានថ្លែងឌឺដងទៅគណបក្សប្រឆាំង និងពលរដ្ឋក្រៅស្រុកថា ក្នុងនាមលោកជាមេដឹកនាំរបបថ្មី និងជារបបដែលលោកអះអាងថាស្របច្បាប់នោះ នឹងទៅចូលរួមក្នុងកិច្ចប្រជុំជាមួយបណ្តាប្រទេសអឺរ៉ុបមួយចំនួន និងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិនៅសហរដ្ឋអាមេរិក ដូច្នេះអ្នកណាចង់ប្រឆាំង និងរូបលោកអាចចេញមកធ្វើបាតុកម្មបាន៖ «ខ្ញុំនឹងទៅអង្គការសហប្រជាជាតិឲ្យអ្នកឯងមើល ហើយត្រៀមទៅបាតុកម្មអីហ្នឹង ត្រៀមទៅ»។
បើទោះជាលោក ហ៊ុន សែន ក្លាហានចង់ឃើញការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសបែបនេះក្តី ប៉ុន្តែរបបនេះមិនដែលបើកឱកាសឲ្យពលរដ្ឋខ្មែរនៅក្នុងស្រុកអាចធ្វើបាតុកម្ម ឬធ្វើការទាមទាររបស់ខ្លួនឡើយ កុំថាឡើយការធ្វើបាតុកម្មប្រឆាំងការបោះឆ្នោត ឬរបបថ្មី សូម្បីតែកម្មកររោងចក្រធ្វើការទាមទារប្រាក់ឈ្នួលរបស់ខ្លួន ក៏សមត្ថកិច្ចរបបនេះរារាំង និងបង្ក្រាបរាល់លើកដែរ។
អ្នកវិភាគនយោបាយវ័យក្មេងលោក បុង ដេត យល់ថា របបលោក ហ៊ុន សែន មិនហ៊ានឲ្យពលរដ្ឋក្រុងស្រុកអាចធ្វើការទាមទារ ឬធ្វើបាតុកម្មនោះទេ ព្រោះរបបនេះអាចនឹងជួបវិបត្តិធ្ងន់ធ្ងរដោយសារការទាមទាររបស់ពលរដ្ឋ។ លោកថា បើលោក ហ៊ុន សែន មិនបង្ក្រាប ឬរារាំងពលរដ្ឋដែលចង់ធ្វើបាតុកម្មទេ របបលោក ហ៊ុន សែន គឺមិនខ្វះពលរដ្ឋដែលចង់ងើបឡើងធ្វើបាតុកម្មឡើយ៖ «រដ្ឋាភិបាលគាត់អត់ហ៊ានបើកឲ្យមានបាតុកម្មក្នុងស្រុកទេ។ បើគាត់ហ៊ានបើកឲ្យបាតុកម្មមើល គឺផ្អើលហើយ។ អ៊ីចឹងបាតុកម្មនេះ គឺជាហានិភ័យដ៏ធំមួយរបស់រដ្ឋាភិបាល ព្រោះប្រទេសជាច្រើនមានការផ្លាស់ប្តូររដ្ឋាភិបាលដោយសារតែបាតុកម្ម»។
នៅពេលនេះលោក ហ៊ុន សែន បានរៀបចំរបបថ្មីរបស់ខ្លួនឲ្យស្របទៅ និងច្បាប់ក្រោយព្រឹត្តិការណ៍បោះឆ្នោតដ៏ចម្រូងចម្រាស កាលពីថ្ងៃទី២៩ ខែកក្កដា ខណៈបណ្ដាប្រទេសនិយមប្រជាធិបតេយ្យប្រកាសមិនទទួលស្គាល់ការបោះឆ្នោតនេះ ហើយក៏មិនបានបញ្ជូនតំណាងរបស់ខ្លួន ចូលរួមក្នុងថ្ងៃប្រជុំសភាដំបូង កាលពីថ្ងៃទី៥ កញ្ញាកន្លងទៅដែរ។
ក្រោយពីបានក្លាយជាមេដឹកនាំថ្មីផ្លូវការនៃរបបក្រុងភ្នំពេញ ក្រសួងការបរទេសប្រកាសថា លោក ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូរបស់ខ្លួនទៅកាន់ប្រទេសចិននាដើមសប្តាហ៍ក្រោយ ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៥។ ក្រៅពីប្រទេសចិន តាមគម្រោងលោក ហ៊ុន សែន ក៏នឹងទៅចូលរួមកិច្ចប្រជុំជាមួយបណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុបមួយចំនួនទៀត ព្រម ទាំងការទៅប្រជុំនៅអង្គការសហប្រជាជាតិលើទឹកដីនៃសហរដ្ឋអាមេរិកជាទីដែលពលរដ្ឋខ្មែរ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រកាសស្វាគមន៍មេដឹកនាំក្រាញអំណាចរូបនេះតាមរយៈការធ្វើបាតុកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។