មន្ត្រី​របប​ភ្នំពេញ​ថា តុលាការ​របស់​ខ្លួន​មាន​សិទ្ធិ​ឃុំ​ខ្លួន​លោក កឹម សុខា លើស​ពី​ថ្ងៃ​ទី៣ មីនា

ដោយ ទីន ហ្សាការីយ៉ា
2018.11.11
ក្រសួង​យុត្តិធម៌ ៦២០ ក្រសួង​យុត្តិធម៌
RFA/Sek Bandith

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ចេញ​សេចក្ដីថ្លែងការណ៍ ច្រានចោល​ការ​អះអាង​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ហ៊ាន​បបួល លោក ហ៊ុន សែន ភ្នាល់​ដោយសារ​ពឹង​លើ​ច្បាប់ នឹង​ត្រូវ​ដោះលែង លោក កឹម សុខា យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី​៣ មីនា ឆ្នាំ​២០១៩។ អ្នកវិភាគ ថា ការចូលរួម​របស់​ក្រសួងយុត្តិធម៌ គ្រាន់តែ​ចង់​បង្ហាញ​ភាព​ឈ្នះ​ចាញ់​គ្នា និង​បង្ហាញ​ឲ្យ​មហាជន​ឃើញ​ថា តុលាការ​ស្ថិត​ក្រោម​របប​ក្រុងភ្នំពេញ។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បញ្ជាក់​ថា តាម​ផ្លូវ​ច្បាប់ ការ​ឃុំខ្លួន លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ នឹង​ត្រូវ​បញ្ចប់​យ៉ាង​យូរ​នៅ​ត្រឹម​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៩ ជា​ការ​មិន​ពិត។ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ចោទ​អតីត​តំណាងរាស្ត្រ លោក សម រង្ស៊ី ថា មិន​ចេះ​ច្បាប់ និង​ខ្វះ​ការ​យល់ដឹង​ពី​នីតិវិធី​តុលាការ ហើយ​ណែនាំ​ឲ្យ លោក សម រ​ង្ស៉ី សាកសួរ​ករណី​នេះ ឲ្យ​បាន​ច្បាស់​លាស់​ជាមួយ​មេធាវី​របស់​ជន​ត្រូវ​ចោទ លោក កឹម សុខា ព្រោះ​ខណៈ​នេះ លោក កឹម សុខា ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្នុង​របប​នៃ​ការ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ។

ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ក្រសួងយុត្តិធម៌ ចេញផ្សាយ​នៅ​ថ្ងៃអាទិត្យ ទី​១១ ខែ​វិច្ឆិកា បញ្ជាក់​ថា ការ​ផ្ដល់​នូវ​អំណះអំណាង​អំពី​ផ្លូវច្បាប់ របស់ លោក សម រង្ស៊ី មាន​លក្ខណៈ​ជា​ការ​បំភ្លៃ និង​បំភ័ន្ត អាច​ធ្វើ​ឲ្យ​សាធារណជន​មានការ​ភ័ន្តច្រឡំ​អំពី​ការអនុវត្ត​នីតិវិធី និង​ការ​អនុវត្ត​ច្បាប់​ដោយ​តុលាការ​ដែល​ស្ថាប័ន​នេះ ហៅថា ជា​ស្ថាប័ន​ឯករាជ្យ។

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​អះអាង​ថា ការ​ហ៊ាន​ចេញមុខ​បបួល មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ភ្នាល់​គ្នា គឺ​លោក ពឹង​ផ្អែកលើ​ភាព​ត្រឹមត្រូវ​នៃ​ច្បាប់​។ លោក​អះអាង​ថា ច្បាប់​តម្រូវ​ឲ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន ត្រឹម​១៨​ខែ យ៉ាង​យូរ​បំផុត។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា គឺ លោក​មេធាវី ផែង ហេង ពន្យល់​ផ្លូវច្បាប់​ថា សព្វថ្ងៃ​លោក កឹម សុខា ជា​ជន​នៅ​ក្រៅ​ឃុំ គ្រាន់តែ​ជាប់​កាតព្វកិច្ច មិន​ឲ្យ​ចេញពី​រង្វង់​ដែល​គូសវាស​ដោយ​តុលាការ​។ លោក​មេធាវី​បញ្ជាក់​ថា លោក កឹម សុខា ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​បន្ត​នីតិវិធី​ឃុំខ្លួន ៦​ខែ លើក​ទី​២​រួចហើយ និង​បានសម្រេច​ដោះលែង កាលពី​ថ្ងៃ​ទី​០៩ កញ្ញា ដោយ​តម្រូវ​ឲ្យ​អនុវត្ត​សាលក្រម​ឃុំខ្លួន ក្នុង​រង្វង់​គូសវាស។ តាមច្បាប់ ស្ថិត​ក្នុង​ស្ថានភាព​អនុវត្ត​សាលក្រម​ក្នុង​រង្វង់​គូសវាស​នេះ ចៅក្រម​មាន​សិទ្ធិ​ស៊ើបសួរ ដល់​ពេលណា​ក៏បាន​ដែរ៖ «ជា​សិទ្ធិ​របស់​ចៅក្រម​ស៊ើបសួរ​គាត់​យល់​ឃើញ​ថា​វា អស់​គាត់​បិទ​ការ​ស៊ើបសួរ​ដោយ​លើកលែង​ការ ចោទប្រកាន់​រឺ​មួយ​ក៏​មនុស្ស​នឹង​អត់​មាន​សាវតារ​ជាតិ ក៏​គេ​លើកលែង​ដែរ ប៉ុន្តែ​គេ​មិន​គិត​អំពី​អា​នីតិវិធី​នឹង​ទេ អា​នីតិវិធី​ប្រាំ​មួយ​ខែ រឺ​ក៏​ពន្យារ​ប្រាំ​ខែ​បាន​ពីរ​ដង គ្រប់​ដប់​ប្រាំបី​ខែ​គេ​គិត នៅ​លើ​នីតិវិធី​នៃ​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន ទេ​ហើយ​បើ​តាម​ករណី លោក កឹម សុខា​លែង​នៅ​ក្នុង​នីតិវិធី​ឃុំខ្លួន​បណ្ដោះអាសន្ន​ហើយ វា​ចូល​ក្នុង​នីតិវិធី​នៃ​ការ​ត្រួត​ពិនិត្យ​ត​តាម​ផ្លូវ​តុលាការ ប៉ុន្តែ​ដោយសារ​ក្នុង​ដីកា​នឹង​គេ​ដាក់​កាតព្វកិច្ច​អោយ​គាត់​និង​អនុវត្ត​យើង​យល់​ឃើញ​ថា ដីកា​នឹង​មាន​កា​រឹតត្បិត​ខ្លាំង​ពេក​សម្រាប់​កូន​ក្តី» ។​

មាត្រា​២៤៧​ថ្មី នៃ​ច្បាប់​ស្ដីពី​វិសោធនកម្ម​មាត្រា​២៤៧ មាត្រា​៣៦៨ មាត្រា​៣៧២ និង​មាត្រា​៣៨២ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ចែងថា ចៅក្រម​ស៊ើបសួរ​បិទ​ការ​ស៊ើបសួរ​តាម​ដីកា​ដំណោះស្រាយ។ ដីកា​នេះ អាច​ជា​ដីកា​បញ្ជូន​ទៅ​ជំនុំជម្រះ ឬ​ដីកា​លើកលែង​ការ​ចោទប្រកាន់។ ប្រសិនបើ​យល់ថា អំពើ​នោះ ជា​បទឧក្រិដ្ឋ បទមជ្ឈិម ឬ​បទលហុ ចៅក្រម​ស៊ើបសួរ​សម្រេច​បញ្ជូន​ជន​ត្រូវ​ចោទ​ទៅមុខ​តុលាការ​ជំនុំជម្រះ។ ប៉ុន្តែ​ចៅក្រម​អាច​ធ្វើ​ការលើកលែង​ការចោទប្រកាន់ ក្នុង​ករណី​៤ គឺ អំពើ​ប្រព្រឹត្តិ​មិនមែន​ជា​បទឧក្រិដ្ឋ បទមជ្ឈិម បទលហុ ជន​ដែល​ប្រព្រឹត្តិ​អំពើ​នោះ នៅតែ​គេ​មិន​ស្គាល់ គ្មាន​ភស្តុតាង​ដាក់​បន្ទុក​គ្រប់គ្រាន់​លើ​ជន​ត្រូវ​ចោទ និង​ករណី​ដែល​បណ្ដឹង​អាជ្ញា​រលត់។

ប៉ុន្ដែ​បើ​ទោះ​ជា​បែប​ណា លោក សម រង្ស៊ី ហៅ​ករណី​ចោទប្រកាន់ លោក កឹម សុខា ជា​ករណី នយោបាយ ហើយ​ប្រសិន​បើ មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ចង់​ដោះលែង ពេលណា​ក៏បាន​ដែរ មិន​កំណត់​យប់ ឬ​ថ្ងៃ គឺ​ធ្វើ​បាន​ទាំងអស់។

អ្នកវិភាគ​នយោបាយ លោក ហង្ស វិទូ យល់ថា សេចក្ដីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ជា​ការ​ចង់​យក​ឈ្នះ​ចាញ់​គ្នា រវាង​ការ​ភ្នាល់​របស់ លោក សម រង្ស៊ី និង​លោក ហ៊ុន សែន។ លោក​ថា ការ​បង្ហាញ​បែបនេះ មិន​បាន​ចំណេញ​ដល់​គណបក្ស​កាន់អំណាច​ទេ ហើយ​ការ​បន្ដ​ឃុំខ្លួន លោក កឹម សុខា កាន់តែ​យូរ នឹង​ធ្វើ​ឲ្យ​លោក កឹម សុខា កាន់​តែ​មាន​ប្រជាប្រិយភាព ជាង​ប្រជាប្រិយភាព​គណបក្ស​កាន់អំណាច៖ «មេដឹកនាំ​បក្ស​កាន់អំណាច​នឹង​ហាក់បីដូចជា​ឥរិយាបថ​របស់​គាត់​នឹង​វា ហាក់បីដូចជា​ក្មេងខ្ចី​មាន​ភាព​ចាស់ទុំ​ណា ថ្វី​ត្បិត​យើង​មើល​តែ​បទពិសោធន៍​នយោបាយ នឹង​ចាស់​វស្សា ប៉ុន្តែ​ប្រតិកម្ម​មិន​ចាស់​វស្សា​នោះ​ទេ ហាក់ដូចជា​កូនក្មេង​ចង់​យក​ឈ្នះ​យក​ចាញ់​គ្នា អ៊ីចឹង​បាទ​ផ្ទុយទៅវិញ​យើង​មើល​ខាង​តុលាការ ក្រសួងយុត្តិធម៌ ស្ថាប័ន​យុត្តិធម៌​ធ្វើ​អ្វី ក្រោម​រដ្ឋាភិបាល​បញ្ជា​ទៅវិញ»

អ្នកវិភាគ​រូប​នេះ ក៏​មើល​ឃើញ ដូច​អ្នក​និយម​ប្រជាធិបតេយ្យ​ផ្សេងទៀត​ដែរ គឺ​ដំណោះស្រាយ​សម្រាប់​ភាគី​ខ្មែរ​ទាំងពីរ​ក្រុម សម្រាប់​ពេលនេះ មានតែ​ការ​ចរចា​គ្នា រវាង​គណបក្ស​កាន់អំណាច និង​គណបក្សប្រឆាំង​ប៉ុណ្ណោះ ទើប​អាច​បញ្ចៀស​ហានិភ័យ​សម្រាប់​ជាតិខ្មែរ​ទាំងមូល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។