តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ស្នើ​ឲ្យ​វៀតណាម​លុប​ស្រះ​នៅ​តំបន់​ព្រំដែន​ហាម​ឃាត់

ដោយ រដ្ឋា វិសាល
2015.06.08
1

សកម្មភាព​ជម្លោះ​ប្រទាញ​ប្រទង់​គ្នា​រវាង​តម្រួត​វៀតណាម និង​ប្រតិភូ​បក្ស​សង្គ្រោះជាតិ នៅ​តំបន់​ស្រះ​ជីក ក្នុង​តំបន់​ព្រំដែន​ត្រួត​ស៊ី​គ្នា។

2

សកម្មភាព​ជម្លោះ​ប្រទាញ​ប្រទង់​គ្នា​រវាង​តម្រួត​វៀតណាម និង​ប្រតិភូ​បក្ស​សង្គ្រោះជាតិ នៅ​តំបន់​ស្រះ​ជីក ក្នុង​តំបន់​ព្រំដែន​ត្រួត​ស៊ី​គ្នា។

3

សកម្មភាព​ជម្លោះ​ប្រទាញ​ប្រទង់​គ្នា​រវាង​តម្រួត​វៀតណាម និង​ប្រតិភូ​បក្ស​សង្គ្រោះជាតិ នៅ​តំបន់​ស្រះ​ជីក ក្នុង​តំបន់​ព្រំដែន​ត្រួត​ស៊ី​គ្នា។

4

សកម្មភាព​ជម្លោះ​ប្រទាញ​ប្រទង់​គ្នា​រវាង​តម្រួត​វៀតណាម និង​ប្រតិភូ​បក្ស​សង្គ្រោះជាតិ នៅ​តំបន់​ស្រះ​ជីក ក្នុង​តំបន់​ព្រំដែន​ត្រួត​ស៊ី​គ្នា។

តម្រួត​ព្រំដែន​វៀតណាម ប្រមាណ ៣០​នាក់ ខ្លះ​កាន់​ដំបង​ឆក់ ខ្លះ​ដៃ​កាន់​កាំភ្លើង ខ្លះ​ទៀត​មាន​ឆ្កែ​ប្រដេញ រួម​ជាមួយ​ប្រជាពលរដ្ឋ​វៀតណាម ប្រមាណ​ជាង ៥០​នាក់ បាន​ស្រែក​គំរាម និង​រារាំង​បណ្ដេញ​ក្រុម​អ្នក​តំណាង​រាស្ត្រ ព្រះសង្ឃ និស្សិត និង​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ២០០​នាក់ ដែល​សម្រុក​នាំ​គ្នា​ទៅ​ទីតាំង​ជីក​ស្រះ ដឹក​នាំ​ដោយ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ចូល​ទៅ​ពិនិត្យ​ស្រះ​ទឹក​ដែល​ភាគី​វៀតណាម ជីក​ក្នុង​តំបន់​ស​ព្រំដែន​ហាម​ឃាត់​ប្រទេស​ទាំង​ពីរ។

មិន​មាន​អំពើ​ហិង្សា ឬ​គ្រោះថ្នាក់​អ្វី​កើត​មាន​ក្នុង​ជម្លោះ​ប្រទាញប្រទង់​រយៈពេល​ជាង ៣​ម៉ោង​រវាង​ភាគី​ទាំង​ពីរ​នោះ​ទេ ក៏ប៉ុន្តែ​ក្រុម​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ ព្រះសង្ឃ និស្សិត និង​ប្រជាពលរដ្ឋ បាន​នាំ​គ្នា​សម្រុក​ចូល​ទីកន្លែង​ជីក​ស្រះ​ចំនួន​៤ ក្នុង​ចំណោម​ស្រះ​ទាំង​៧ ដែល​វៀតណាម បាន​ជីក​នៅ​លើ​ខ្សែ​បន្ទាត់​ព្រំដែន​ហាម​ឃាត់​នៃ​ប្រទេស​ទាំង​ពីរ​បាន​ដោយ​សុវត្ថិភាព។

ក្រុម​ប្រតិភូ​មាន​និស្សិត ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ២០០​នាក់ ដឹក​នាំ​ដោយ​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មិថុនា បាន​នាំ​គ្នា​ទៅ​ពិនិត្យ​ស្រះ​ទឹក​ដែល​ភាគី​វៀតណាម បាន​ជីក​កាល​ពី​ខែ​ឧសភា ក្នុង​តំបន់​ស​ព្រំដែន​ហាម​ឃាត់​នៃ​ប្រទេស​ទាំង​ពីរ។

អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម លោក ម៉ៅ មុនីវណ្ណ ដែល​ដឹក​នាំ​ប្រតិភូ​ទៅ​ពិនិត្យ​ព្រំដែន ចាត់​ទុក​ភាគី​វៀតណាម ថា​ពិត​ជា​បាន​រំលោភ​កិច្ច​ព្រមព្រៀង​តំបន់​ព្រំដែន​ស មិន​ទាន់​វាស់វែង ពីព្រោះ​លោក​សម្គាល់​ថា ស្រះ​ទឹក​ចំនួន​៤ ទើប​តែ​ជីក​បន្សល់​ដី​នៅ​ថ្មីៗ​នៅ​ឡើយ។ លោក​បាន​ចោទ​សួរ​ទៅ​តម្រួត​ព្រំដែន​វៀតណាម ថា ហេតុ​អ្វី​បាន​ជា​ភាគី​វៀតណាម ជីក​ស្រះ​ក្នុង​តំបន់​ហាម​ឃាត់? លោក​ទាមទារ​ឲ្យ​ភាគី​វៀតណាម លុប​ស្រះ​នោះ​វិញ​ក្នុង​អំឡុង​ពេល ៧​ថ្ងៃ បើ​មិន​ដូច្នេះ​ទេ ក្រុម​អ្នក​តវ៉ា​ខ្មែរ នឹង​នាំ​គ្នា​មក​តវ៉ា​ជា​ថ្មី​ទៀត៖ «វៀតណាម បាន​រំលោភ​ចូល​មក​ជីក​ស្រះ​ក្នុង​តំបន់​មួយ​ដែល​នៅ​ប្រទាញប្រទង់​គ្នា​ក្នុង​នោះ ៧​ស្រះ។ នេះ​ជា​ការ​រំលោភ​ដ៏​ធ្ងន់ធ្ងរ​មួយ​មក​លើ​ទឹក​ដី​ខ្មែរ»

ក្រុម​តម្រួត​ព្រំដែន​ខ្មែរ​ប្រមាណ ១០​នាក់ ស្លៀកពាក់​ឯកសណ្ឋាន​គ្មាន​អាវុធ បាន​បញ្ជូន​ទៅ​កាន់​កន្លែង​មាន​ជម្លោះ​ចម្ងាយ​ប្រមាណ ២​គីឡូម៉ែត្រ​ពី​ប៉ុស្តិ៍​ការពារ​ព្រំដែន​ខ្មែរ ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ។

តម្រួត​ព្រំដែន​វៀតណាម មួយ​រូប​ទំនង​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៅ​តំបន់​នោះ​អះអាង​ថា ស្រះ​ដែល​វៀតណាម បាន​ជីក គឺ​មាន​រយៈពេល​យូរ​ឆ្នាំ​ហើយ។ ហេតុ​នេះ ប្រសិន​ភាគី​ខ្មែរ​មិន​យល់ព្រម ត្រូវ​ដោះស្រាយ​តាម​រយៈ​មន្ត្រី​ការទូត​ប្រទេស​ទាំង​ពីរ៖ «កន្លែង​ហ្នឹង​ពលរដ្ឋ​វៀតណាម ចូល​មក​គ្រប់គ្រង​យូរ​ហើយ ធ្វើ​ស្រែ​ចម្ការ ប៉ុន្តែ​មិន​ទាន់​មាន​បង្គោល​ព្រំដែន។ ប្រសិន​អស់​លោក​ចង់​ប្រឆាំង​ឲ្យ​ប្រឆាំង​តាម​រយៈ​រដ្ឋសភា ឬ​តំណាង​ចាស់​ទុំ»

សម្រែក​ទាមទារ​ថា​ជា​ដី​របស់​ខ្លួន​រវាង​ពលរដ្ឋ​វៀតណាម និង​ពលរដ្ឋ​ខ្មែរ លាន់​ឡើង​ទ្រហឹង​អ៊ឹងអ័ព្ទ​មិន​មាន​ភាគី​ណា​ចុះ​ចាញ់​គ្នា​ឡើយ ហើយ​ការ​ប្រឈម​មុខ​ដាក់​គ្នា​កាន់​តែ​តឹងតែង រហូត​មាន​ការ​ជេរ​ប្រមាថ​ឌឺដង​បម្រុង​នឹង​កើត​ការ​វាយ​តប់​គ្នា​កើត​ឡើង។

អ្នក​តំណាង​រាស្ត្រ ព្រះសង្ឃ អ្នក​ដឹក​នាំ​ក្រុម​ប្រតិភូ បាន​ស្រែក​អំពាវនាវ​សុំ​កុំ​ឲ្យ​ភាគី​ខ្មែរ​ប្រើ​អំពើ​ហិង្សា ហើយ​នាំ​គ្នា​ដក​ថយ ខណៈ​តម្រួត​ព្រំដែន​ខ្មែរ​សម្រប​សម្រួល​ឲ្យ​ភាគី​វៀតណាម ឈរ​នៅ​មួយ​កន្លែង ទុក​ឲ្យ​ខាង​ខ្មែរ​ចាក​ចេញ​ពី​កន្លែង​មាន​ជម្លោះ៖ «ដូច​ដែល​រដ្ឋាភិបាល​បាន​អះអាង​អ៊ីចឹង យើង​ចង់​បាន​ព្រំដែន​សន្តិភាព ប៉ុន្តែ​សន្តិភាព​ស្ថិត​ក្នុង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។ សុំ​ឲ្យ​អស់​លោក​ប្អូនៗ​ដែល​អញ្ជើញ​មក​ដោះស្រាយ​បញ្ហា​ដោយ​អហិង្សា ឈរ​លើ​គោលការណ៍​គោរព​ច្បាប់»

ប្រជាពលរដ្ឋ​ភូមិ​ឡំ ដែល​ចូលរួម​តវ៉ា លោក សល់ នើច មាន​ប្រសាសន៍​ថា ដី​ដែល​វៀតណាម ជីក​ស្រះ គឺ​ជា​ដី​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ខ្មែរ ៩​គ្រួសារ បាន​ធ្វើ​ចម្ការ​កាល​ពី​ឆ្នាំ​២០១២ ប៉ុន្តែ​តម្រួត​ព្រំដែន​វៀតណាម បាន​បណ្ដេញ​អ្នក​ភូមិ​ចេញ ហើយ​យក​ដី​នៅ​តំបន់​នោះ​ថា​ជា​របស់​វៀតណាម៖ «យក​អស់​ហើយ ហើយ​មុន​យើង​នៅ​នោះ​ចម្ការ​ខ្ញុំ​ហើយ ៨​ឆ្នាំ​ហើយ​គេ​យក​នោះ ភូមិ​ជិត​នេះ​គេ​ដេញ វៀតណាម»

យ៉ាង​នេះ​ក្តី អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​តវ៉ា​ថា នឹង​ធ្វើ​របាយការណ៍​ពី​ការ​រំលោភ​របស់​ភាគី​វៀតណាម ទៅ​ប្រមុខ​រដ្ឋសភា និង​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​កំណត់​ទូត​ជាមួយ​វៀតណាម ឲ្យ​គោរព​កិច្ច​ព្រមព្រៀង​បញ្ហា​ព្រំដែន​ប្រទេស​ទាំង​ពីរ​មិន​ទាន់​បោះ​បង្គោល និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពិភាក្សា​ជាមួយ​ភាគី​វៀតណាម លុប​ស្រះ​នោះ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។