"ការ​គាំទ្រ​របស់​ចិន​ចំពោះ​ការ​បោះឆ្នោត នឹង​នាំមក​នូវ​ផលវិបាក​ជាច្រើន​សម្រាប់​កម្ពុជា"

ដោយ មួង ណារ៉េត
2018-07-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយករដ្ឋមន្ត្រី​ចិន លោក លី ខឹឈាង ថា ( Li Keqiang) [ឆ្វេង] ​ចាប់​ដៃ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក្នុង​ពេល​ចូល​រួម​ពិធី​​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន នា​វិមាន​សន្តិភាព កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ មករា ឆ្នាំ​២០១៨។
នាយករដ្ឋមន្ត្រី​ចិន លោក លី ខឹឈាង ថា ( Li Keqiang) [ឆ្វេង] ​ចាប់​ដៃ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក្នុង​ពេល​ចូល​រួម​ពិធី​​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន នា​វិមាន​សន្តិភាព កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ មករា ឆ្នាំ​២០១៨។
Photo courtesy of SPM Facebook's Page

ក្រសួងការបរទេស​ចិន​បាន​ប្រកាស​គាំទ្រ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​ជាថ្មី​ម្តង​ទៀត នៅ​រយៈពេល ២ ថ្ងៃមុន​ថ្ងៃ​បោះឆ្នោត​មក​ដល់ ខណៈ​ក្រុម​ប្រទេស​លោក​ខាងលិច​កំពុង​ស្វះ​ស្វែងរក​ការ​ដាក់​ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន ដែល​បាន​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ។ អ្នកវិភាគ​យល់ឃើញ​ថា ការ​គាំទ្រ​របស់​របប​ក្រុង​ប៉េកាំង​នេះ មិនមែន​ជា​រឿង​គួរ​ឱ្យ​ត្រេកអរ​នោះ​ទេ ព្រោះ​វា​នឹង​នាំមក​នូវ​ផលវិបាក​ធ្ងន់ធ្ងរ សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

របប​ក្រុង​ប៉េកាំង មិន​បាន​កែប្រែ​ជំហរ របស់​ខ្លួន​អំពី​ការបោះឆ្នោត នៅ​កម្ពុជា​ឡើយ។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក ហ្គេង ហ្ស័ង (Geng Shuang) ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី២៧ កក្កដា និង​ត្រូវ​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​ស្ថានទូត​ចិន ថា ការបោះឆ្នោត​នៅ​ថ្ងៃអាទិត្យ​នេះ ជា​ការ​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា និង​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​នៃ​ជីវិត​នយោបាយ​របស់​ពលរដ្ឋ​ខ្មែរ។ លោក​បន្ត​ថា ចិន​គាំទ្រ​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ជ្រើស​រើស​យក​មាគ៌ា​អភិវឌ្ឍន៍ ដែល​ស្រប​នឹង​លក្ខខណ្ឌ​ជាតិ​របស់​ខ្លួន ហើយ​ចិន​គាំទ្រ និង​រង់ចាំ​មើល​ដំណើរការ​បោះឆ្នោត ដែល​ប្រកបដោយ​ភាព​ជោគជ័យ។ អ្នកនាំពាក្យ​រូប​នេះ បន្ថែម​ថា ចិន​សង្ឃឹមថា​សហគមន៍​អន្តរជាតិ នឹង​ដើរ​តួនាទី​ស្ថាបនា ក្នុង​ការ​ជួយ​ឱ្យ​កម្ពុជា​រៀបចំ​ការបោះឆ្នោត​ដោយ​ជោគជ័យ និង​សម្រេច​បាន នូវ​ការ​អភិវឌ្ឍ​ជាតិ​ប្រកបដោយ​ចិរភាព តទៅ​មុខ​ទៀត។

ការ​បញ្ជាក់​ជំហរ គាំទ្រ​ជា​ថ្មី​ទៀត​របស់​ចិន​នេះ ធ្វើ​ឡើង​ស្រប​ពេល​សហគមន៍​ខ្មែរ​នៅ​អាមេរិក នាំគ្នា​ទៅ​ធ្វើ​បាតុកម្ម នៅមុខ​ស្ថានទូត​ចិន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ឱ្យ​មហាអំណាច​កុម្មុយនិស្ត​មួយ​នេះ បញ្ឈប់​ការ​គាំទ្រ​ដល់​ការរំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដែល​ប្រព្រឹត្តិ​ដោយ​អាជ្ញាធរ នៃ​របប​ក្រុងភ្នំពេញ​បន្ត​ទៀត។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ គឺ​លោក អេង ឆៃអ៊ាង ដែល​បាន​ចូលរួម​តវ៉ា​ប្រឆាំង​ចិន ដែល​គាំទ្រ​របប​លោក ហ៊ុន សែន ដែល​កំពុង​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ ដូច​សព្វថ្ងៃ​នេះ បាន​រម្លឹក​ទៅដល់​ប្រវត្តិ​ជូរចត់​របស់​ខ្មែរ កាល​ពី​ជាង ៤០​ឆ្នាំមុន ដែល​កាលណោះ​ក៏​ចិន ជួយ​ខ្មែរ​ដែរ គឺ​ជួយ​ពួក​ខ្មែរក្រហម។ លោក អេង ឆៃអ៊ាង ស្នើ​ឲ្យ​ប្រទេស​ចិន កុំ​ធ្វើ​ឲ្យ​ប្រវត្តិសាស្ត្រ​ខ្មែរ ដ៏​ខ្មៅ​ងងឹត នៃ​របប​វាល​ពិឃាដ វិល​ត្រឡប់​មក​លង​បន្លាច​ខ្មែរ​សាជាថ្មី ដោយសារតែ​ការ​គាំទ្រ​របស់​ចិន​នេះ។ លោក​ថែម​ទាំង​ព្រមាន​ថា ពលរដ្ឋ​ខ្មែរ​នឹង​មិន​នៅ​ស្ងៀម​ទុក​ឲ្យ​ចិន​ធ្វើ​ដូច្នេះ​តទៅ​ទៀត​បាន​ឡើយ៖ «យើង​សុំ​ឲ្យ​ប្រទេស​ចិន សុំ​ឲ្យ​រដ្ឋាភិបាល​របស់​ចិន គិត​ឡើងវិញ អំពី​សេចក្ដី​សម្រេច​នយោបាយ​របស់​ខ្លួន គឺ​មិន​ទាន់​ហួសពេល​ទេ គឺ​យើង​សុំ​ឲ្យ​ចិន​ធ្វើជា​មិត្ត​ល្អ​សម្រាប់​កម្ពុជា មិនមែន​មិត្ត​ដូច​កាលពី ៣ឆ្នាំ ៨ខែ ២០​ថ្ងៃ នោះ​ទេ។ បើកាលណា​ចិន រដ្ឋាភិបាល​ចិន នៅតែ​បន្ត​ជួយ​លោក ហ៊ុន សែន ទៀត គឺ​ពួក​យើង​នឹង​រៀបចំ ធ្វើ​មហា​បាតុកម្ម​ធំ​នៅ​ទូទាំង​ពិភពលោក ដែល​មាន​ខ្មែរ​រស់នៅ»

ក្រោម​ការដឹកនាំ​របស់​ពួក​ខ្មែរក្រហម កាលពី​ថ្ងៃ១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩ យ៉ាងហោចណាស់ ពលរដ្ឋ​ខ្មែរ​ជាង ១​លាន ៧ សែន​នាក់ បាន​ស្លាប់​បាត់​បង់​ជីវិត ដោយសារ​ការ​បង្អត់​អាហា​រ ធ្វើការ​ហួសកម្លាំង និង​ការ​យក​ទៅ​សម្លាប់ចោល។

នាយក​កម្មវិធីសិក្សា​អំពី​ប្រទេស​ចិន និង អាស៊ី​ប៉ាស៊ីហ្វិក នៃ​សាកលវិទ្យាល័យ ឃនែល (Cornell University) របស់​សហរដ្ឋអាមេរិក លោក អែនឌ្រូ មើស្សា (Andrew Mertha) បាន​ប្រាប់​កាសែត the New York Times ថា​ជំនួយ​បរទេស ដែល​របប​ខ្មែរក្រហម​ទទួល​បាន យ៉ាង​ហោច​ណាស់ ៩០% បាន​ពី​ប្រទេស​ចិន។ ជំនួយ​ទាំងនោះ រួម​មាន​គ្រឿង​សព្វាវុធ​ផង ដូចជា​រថក្រោះ យន្តហោះ និង​កាំភ្លើង​ធំ។ មិនតែប៉ុណ្ណោះ ចិន​ក៏បាន​បញ្ជូន​ជំនាញការ យោធា​ចិន​ជាច្រើន ទៅ​បណ្ដុះបណ្ដាល​កម្មាភិបាល​ខ្មែរក្រហម​ផង​ដែរ។ លោក អែនឌ្រូ មើស្សា បញ្ជាក់​ថា “​បើ​កុំ​តែ​បាន​ចិន​ជួយ កុំ​អី​របប​វាល​ពិឃាដ​ខ្មែរក្រហម មិន​អាច​បន្ត​កាន់អំណាច​យូរ​លើស​ពី​មួយ​សប្ដាហ៍​បាន​ផង។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង​លោក ហង្ស វិទូ យល់ឃើញ​ថា ការ​គាំទ្រ​របស់​ចិន​ចំពោះ​ការ​បោះឆ្នោត​បែប​បង្គ្រប់​កិច្ច របស់​របប​ក្រុងភ្នំពេញ​នេះ ធ្វើ​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ត្រូវ​បាក់​ស្រុត​ចុះ​ដោយ​ស្វ័យប្រវត្តិ ព្រោះ​ចិន​ជា​ប្រទេស​កុម្មុយនិស្ត។ លោក​បន្ត​ថា ចិន​គាំទ្រ​របប​ដឹកនាំ​កម្ពុជា​សព្វថ្ងៃ ព្រោះ​គេ​ទទួល​បាន​ផលប្រយោជន៍​ច្រើន ពី​របប​នេះ។ លោក​បន្ថែម​ថា ជា​រូបភាព​ខាងក្រៅ ចិន​មិនបាន​ជ្រៀតជ្រែក​កិច្ច​ការងារ​ផ្ទៃក្នុង របស់​កម្ពុជា​ឡើយ ប៉ុន្តែ​នៅ​ពីក្រោយ​ខ្នង​ចិន មាន​ឥទ្ធិពល​យ៉ាង​ធំធេង ក្នុង​វិស័យ​សេដ្ឋកិច្ច និង​នយោបាយ​របស់​កម្ពុជា។ លោក​ថា របប​ក្រុងភ្នំពេញ នឹង​ចៀស​មិន​ផុត ពី​ត្រូវ​ទទួលរង​ទណ្ឌកម្ម ពី​ក្រុម​ប្រទេស​លោក​ខាងលិច​ឡើយ នៅ​ក្រោយ​ការបោះឆ្នោត ដែល​មិន​ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ​នោះ និង​ជាពិសេស ការដឹកនាំ​លម្អៀង​ខ្លាំង ទៅ​រក​ប្រទេស​ចិន​កុម្មុយនិស្ត​នោះ៖ «យើង​ឃើញ​ថា ក្នុង​ការ​បោះឆ្នោត​នេះ​ទៀត​សោត គ្រាន់តែ​ពាក្យសម្ដី​របស់​ចិន​ដែល​បាន​ពោល​ពី​ខាងដើម កាលពី​មួយ​ខែ ទៅ​ពីរ​ខែ​មុនគេ​ថា គេ​នឹង​នៅតែ​ជា​ជន្ទល់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​និង​រដ្ឋាភិបាល​នៃ​គណបក្ស​ណា​ក៏​ដោយ​ដែល​ជាប់ឆ្នោត។ គេ​ប្រើ​ពាក្យ​ថា គេ​ជា​ជន្ទល់​សម្រាប់​ទល់​ទៅ​ហើយ បាន​ន័យ​ថា គេ​គាំទ្រ​នៅ​ពី​ក្រោយ​របប​នេះ​បាត់​ទៅ​ហើយ យើង​មិន​ចាំបាច់​ទៅ​ឆ្ងល់​អ្វី​ច្រើន​នោះ​ទេ។ គេ​មិន​មាន​សិទ្ធិ​ស្របច្បាប់​ពិតមែន ក៏ប៉ុន្តែ​គេ​ជា​ជន្ទល់​នៅ​ពី​ក្រោយខ្នង មាន​ន័យ​ថា ចិន​នេះ​បាន​បង្ហាញ​ថា ខ្លួន​គាំទ្រ​របប​មួយ​ដែល​មិន​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​រួចស្រេច​ទៅ​ហើយ»

ទណ្ឌកម្ម​ដែល​អាច​មើល​ឃើញ​នៅ​ពេល​នេះ គឺ​ការ​អនុម័ត​សេចក្ដីព្រាងច្បាប់​លេខ H.R ៥៧៥៤ របស់​សភា​អាមេរិក ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ​២០១៨ ដែល​អាច​នឹង​ឈាន​ដល់​ការ​បិទ​ទិដ្ឋាការ មិន​ឱ្យ​ជាន់​ទឹកដី​អាមេរិក និង​ការ​បង្កក​ទ្រព្យសម្បត្តិ របស់​ក្រុម​មេដឹកនាំ​នៃ​របប​លោក ហ៊ុន សែន យ៉ាងហោចណាស់ ១៧ រូប​សិន នៅ​ពេល​ច្បាប់​នេះ​ចូល​ជា​ធរមាន នា​ពេល​ឆាប់ៗ​ខាងមុខនេះ។

មិនតែប៉ុណ្ណោះ​សមាជិកសភា​អាមេរិក បាន​ព្រមាន​ថា របប​លោក ហ៊ុន សែន នឹង​ចៀស​មិន​ផុត ពី​រង​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត រហូតដល់​ការបញ្ឈប់​ការ​អនុគ្រោះ​ពន្ធ នាំចេញ​ផលិតផល​ពី​កម្ពុជា រួម​ទាំង​សំលៀកបំពាក់​ផង ប្រសិនបើ​លោក ហ៊ុន សែន មិន​ប្រញាប់​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ​នោះ​ទេ​។ តំណាងរាស្ត្រ​អាមេរិក​លោក អាឡាន់ ឡូវេនថល (Alan Lowenthal) បញ្ជាក់​ថា ទណ្ឌកម្ម​បន្ថែម​នេះ លោក​នឹង​ស្នើ​ឲ្យ​រដ្ឋាភិបាល​អាមេរិក សហការ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន រួមមាន​សហភាព​អឺរ៉ុប​ផង ប្រើ​វិធានការ​ក្ដៅ​ដាក់ទណ្ឌកម្ម កាត់ផ្ដាច់​ការ​ធ្វើ​ជំនួញ​ជាមួយ​កម្ពុជា​តែម្ដង៖ «អ្វី​ដែល​ខ្ញុំ​ចង់​ឃើញ​នោះ​គឺថា ព្រឹទ្ធសភា ឯណោះ​ទៅវិញ​ទេ ដែល​ត្រូវ​ចាត់ការ​បន្ថែម។ ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន សហការ​ជាមួយ​សហគមន៍​អឺរ៉ុប​ដើម្បី​បញ្ឈប់​ការ​ធ្វើ​ជំនួញ​ជាមួយ​កម្ពុជា​ដែល​សព្វថ្ងៃ នេះ​អាមេរិក​បាន​អនុញ្ញាត​ឲ្យ​ទំនិញ​របស់​កម្ពុជា​រហូតដល់​ទៅ​ជាង​៦០% មក​លក់​ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក»

ក្រៅ​ពី​នេះ គណៈប្រតិភូ​សហភាព​អឺរ៉ុប ក្រោយ​ពី​បំពេញបេសកកម្ម ស្វែងរក​ការពិត​នៅ​កម្ពុជា អស់​រយៈពេល​មួយ​សប្ដាហ៍ កាលពី​ដើមខែ​កក្កដា ក៏​បាន​ព្រមាន​របប​លោក ហ៊ុន សែន សាជាថ្មី​ថា សហភាព​អឺរ៉ុប ជា​ចុងក្រោយ​នឹង​ពិនិត្យ​ជម្រើស​ដក​ការ​អនុគ្រោះ​ពន្ធ នាំ​ទំនិញ​ចេញពី​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុប​ដែរ ប្រសិនបើ​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ នៅតែ​អាក្រក់​ដូច​បច្ចុប្បន្ន។

ស្រប​ពេល​ដែល​ប្រទេស​លោក​សេរី​ប្រកាន់​ជំហរ​តឹងរ៉ឹង​ដូចគ្នា ប្រឆាំង​ទៅ​នឹង​របប​លោក ហ៊ុន សែន ជុំវិញ​ការរំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្រោយ​ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ​នេះ មាន​តែ​ប្រទេស​ចិន​មួយ​ប៉ុណ្ណោះ ដែល​បង្ហាញ​ជំហរ​ឥត​ងាករេ នៅតែ​បន្ត​គាំទ្រ​ការ​ធ្វើ​ទុក្ខបុកម្នេញ​សំឡេង​ប្រឆាំង​បែបនេះ។

អតីត​ឧបនាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាលចម្រុះ លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ដែល​មាន​ឈាមជ័រ​ជា​ចិន​ដែរ​នោះ មាន​ប្រសាសន៍​ថា ចិន​គាំទ្រ​របប​លោក ហ៊ុន សែន ដោយសារ​ចិន​មាន​អ្នក​វិយោគ​ច្រើន ដែល​កំពុង​បោះ​ទុន​រកស៊ី​នៅ​ស្រុក​ខ្មែរ ហើយ​ជាពិសេស​ចិន​ក៏​បាន​ផ្ដល់​កម្ចី​ជាច្រើន​ផង​ដែរ​ដល់​របប​ក្រុង​ភ្នំពេញ ដូច្នេះ​ចិន​ដាច់ខាត​ត្រូវតែ​គាំទ្រ​ការបោះឆ្នោត​នេះ។ ក៏ប៉ុន្តែ​លោក​ថា ចិន​ក៏​អាច​នឹង​ផ្លាស់ប្ដូរ​ជំហរ​វិញ​ដែរ ប្រសិនបើ​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​មិន​ទៅ​បោះឆ្នោត​ផ្ដល់​ភាព​ស្របច្បាប់​ដល់​គណបក្ស​កាន់អំណាច​នោះ។ លោក​សង្កត់ធ្ងន់​ថា ការ​គាំទ្រ​របស់​ចិន​ចំពោះ​អ្នកនយោបាយ​ខ្មែរ គឺជា​បុព្វហេតុ​នៃ​សង្គ្រាមស៊ីវិល​រ៉ាំរ៉ៃ និង​ភាព​ក្រីក្រ​នៅ​កម្ពុជា ដែល​អូស​បន្លាយ​មកទល់​ពេល​បច្ចុប្បន្ន​នេះ៖ «ជជែក​គ្នា​នៅ​ក្នុង​រង្វង់​ខ្មែរ​ទៅ។ តាំង​ពី​ដើម​មកដល់​ពេល​ឥឡូវនេះ ខ្ញុំ​និយាយ​ដដែល ខ្ញុំ​ចង់​ឱ្យ​តែ​ខ្មែរ​នេះ​និយាយ​គ្នា កាលណា​គេ​បង្កក​ទ្រព្យសម្បត្តិ​អី​អស់ហើយ គឺ​មិន​នៅ​ទេ។ ចិន​ក៏​មិន​ស្រួល​ប៉ុន្មាន​ដែរ ហ៊ុន សែន ជំពាក់​លុយ​ជាង ៤ពាន់​លាន ចុះបើ​បរាជ័យ​ពិតមែន រដ្ឋាភិបាល​ថ្មី​អត់​ទទួលស្គាល់​លុយ​បំណុល​នោះ​ទៅ (ធ្វើ​ម៉េច?)។ តាមពិត​គេ​នៅតែ​សង​អ៊ីចឹង មិន​កែប្រែ​ទេ។ សុំ​ឱ្យ​ចិន​ពិចារណា​ម្ដង​ទៀត។ តាមពិត​ចិន​មាន​ប្រាជ្ញា​ណាស់ ប៉ុន្តែ​មក​ល្ងង់​នៅ​ស្រុក​ខ្មែរ​វិញ។ ពលរដ្ឋ​ខ្មែរ​ស្អប់​រដ្ឋាភិបាល​នេះ (របប​លោក ហ៊ុន សែន​) ចង់​ងាប់​ចង់​រស់​ទៅ​ហើយ មក​កាន់​ជើង ស្អប់​ដោយ​ទាំង​ចិន​ទៀត។ ខ្មែរ​ស្អប់​ចិន​ណាស់ ខ្ញុំ​សូម​ប្រាប់​ចិន​ឱ្យ​ច្បាស់​ថា សព្វថ្ងៃ​នេះ ខ្មែរ​ស្អប់​ចិន ស្អប់​ពេក​តែម្ដង»

ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង បន្ថែម​ថា រដ្ឋាភិបាល​ថ្មី​ដែល​របប​ក្រុងភ្នំពេញ​បង្កើត​ឡើង​នៅ​ក្រោយ​ការ​បោះឆ្នោត​ថ្ងៃ​ទី​២៩ កក្កដា នោះ នឹង​ត្រូវ​ទទួលរង​ទណ្ឌកម្ម​ពី​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​លោក​ខាងលិច ដោយសារតែ​មិន​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​រដ្ឋាភិបាល​ស្របច្បាប់។ លោក​ថា ពេល​នោះ​រដ្ឋាភិបាល​ថ្មី​ដែល​មាន​ក្រុម​មេដឹកនាំ​ចាស់​ដដែល​នោះ នឹង​មិន​អាច​មាន​និរន្តរភាព​បាន​យូរ​អង្វែង​ឡើយ ព្រោះ​មិន​អាច​រស់​ពឹង​តែ​លើ​ជំនួយ និង​កម្ចី​របស់​ចិន​ឡើយ ផ្ទុយទៅវិញ​កម្ពុជា​ត្រូវការ​អាមេរិក និង​អឺរ៉ុប​ដែល​ជា​ទីផ្សារ​លក់​ផលិតផល​របស់​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល