មន្ត្រី​សង្គម​ស៊ីវិល​មន្ទិល​ពី​ប្រសិទ្ធភាព​នៃ​ការ​ដោះស្រាយ​តាម​វេទិកា​សាធារណៈ និង​ហ្វេសប៊ុក

ដោយ មួង ណារ៉េត
2020.06.18
ស ខេង ៩២២ ទំព័រ​ហ្វេសប៊ុក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង។
Screenshot

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មាន​មន្ទិល​អំពី​ប្រសិទ្ធភាព​នៃ​យន្តការ​របស់​របប​ក្រុងភ្នំពេញ ក្នុង​ការ​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ តាមរយៈ​វេទិកា​សាធារណៈ និង​ការ​ប្រមូល​បណ្ដឹង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

ប្រតិកម្ម​នេះ​ធ្វើឡើង ក្រោយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង បាន​ចេញ​សេចក្ដី​ណែនាំ​ឱ្យ​អភិបាល​រា​ជនី​ខេត្ត រៀបចំ​វេទិកា​សាធារណៈ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ។ លោក ស ខេង ក៏​ទើប​បង្កើត​ក្រុមការងារ តាមដាន និង​ដោះស្រាយ​សំណូមពរ​មហាជន​តាម​ហ្វេសប៊ុក។

ជាង​កន្លះ​ឆ្នាំក្រោយ​ការ​ផ្ទុះ​រីក​រាលដាល នៃ​ជំងឺ​កូវីដ​-១៩ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស រង​ផល​ប៉ះពាល់​យ៉ាង​ដំណំ និង​ដង្ហោយ​រក​អន្តរាគមន៍​ពី​រដ្ឋ​ជា​យូរ​មក​ហើយ ទើបតែ​កាលពី​ថ្ងៃទី១៥ ខែ មិថុនា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង បាន​ចេញ​សេចក្តី​សម្រេច និង​សេចក្តី​ណែនាំ ក្នុង​ថ្ងៃ​តែមួយ ឱ្យ​បើក​វេទិកា​សាធារណៈ និង​បង្កើត​ក្រុម​តាមដាន​សំណូមពរ​ពលរដ្ឋ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

ការ​បើក​វេទិកា​សាធារណៈ ដែល​លោក ស ខេង អះអាង​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម ពិនិត្យ​សំណើ សំណូមពរ និង​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជា​អាទិភាព​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន​នោះ គឺ​ធ្វើ​ឡើង​ក្រោយ​ប្រជាពលរដ្ឋ នៅ​ទូទាំង​ប្រទេស​បាន​រក​គ្រប់​គ្រប់​មធ្យោបាយ ដើម្បី​ប្រាប់​រដ្ឋាភិបាល ឱ្យ​ដឹង​អំពី​ទុក្ខ​កង្វល់​របស់​ពួកគាត់ និង​ស្នើសុំ​អន្តរាគមន៍។

ពលរដ្ឋ​រាប់​រយ​សហគមន៍ ដែល​ខ្វះខាត​ជីវភាព កាលពី​ដើមខែ មេសា បាន​នាំ​គ្នា​មក​ដាក់​ញត្តិ​ដល់​ទី​ក្រុងភ្នំពេញ ដោយ​ដើរ​ដាក់​ញត្តិ​តាម​ក្រសួង និង​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង ដើម្បី​សុំ​ឱ្យ​ជួយ​។ ប៉ុន្តែ មិន​ត្រឹមតែ​មិន​ជួយ​ទេ គឺ​មន្ត្រី​ប៉ូលិស​បាន​ឃាត់ខ្លួន​ស្ត្រី​តំណាង​សហគមន៍ ៩ នាក់ យក​ទៅ​សួរនាំ​អស់​រយៈពេល​ជាង ១០ ម៉ោង ទម្រាំ​ឱ្យ​ពួកគាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ និង​បង្ខំ​ឱ្យ​ធ្វើ​កិច្ចសន្យា ឈប់​តវ៉ា​តទៅ​ទៀត​ផង ក្នុង​អំឡុង​ពេល​នេះ។

ជា​បន្ត​បន្ទាប់​មក​ទៀត​ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង ដែល​ខ្វះខាត​ជីវភាព​ខ្លាំង បាន​ឱ្យ​គេ​ថត​វីដេអូ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ផ្តាំ​ទៅ​រដ្ឋាភិបាល​ឱ្យ​គិតគូរ​សុខទុក្ខ​រាស្ត្រ​ផង ព្រោះ​ពិបាក​ណាស់​។ មួយថ្ងៃ​ក្រោយ​ការ​ស្រែក​ត្អូញ​អំពី​ការ​លំបាក​នេះ ប៉ូលិស​មូលដ្ឋាន​មួយ​ក្រុម បាន​ចុះទៅ​ដល់​ផ្ទះ​ស្ត្រី​ម្ដាយ​និង​កូន​នោះ ដោយ​បង្ខំ​ឱ្យ​ប្ដឹង​អ្នក​ថត​វីដេអូ​គាត់ និង​ឱ្យ​ចោទ​អ្នកនោះ​ថា​បង្ខំ​គាត់​ឱ្យ​និយាយ​ផ្ទុយ​ពី​ការពិត​។ ស្ត្រី​ទាំង​ពីរ​បដិសេធ​ធ្វើ​តាម​ប៉ូលិស ព្រោះ​ពួកគាត់​និយាយ​ការ​ពិត គ្មាន​នរណា​បង្ខិតបង្ខំ​ពួកគាត់​ទេ។

ក្រោយៗ​មក​ទៀត ក្រុម​កម្មករ​អូស​រទេះ​នៅ​ប៉ោយប៉ែត ដែល​គ្រោង​នាំគ្នា​ធ្វើបាតុកម្ម​តវ៉ា សុំ​ឱ្យ​មាន​ដំណោះស្រាយ​រឿង​ឱ្យ​ថៃ​នាំ​អីវ៉ាន់​ចូល​បាន តែ​មិន​ឱ្យ​ខ្មែរ​នាំ​អីវ៉ាន់​ទៅ​ថៃ​វិញ​នោះ ក៏​រង​ការ​រឹតត្បិត​យ៉ាង​ចាស់ដៃ ដោយ​ដាក់​ពង្រាយ​កម្លាំង​សម​ត្ថិ​កិច្ច​ទប់​មិន​ឱ្យ​តវ៉ា​អ្វី​ទាំងអស់។

ឯ​ក្រុម​យុវជន​ចលនា​ខ្មែរ​ថាវរៈ ៩​នាក់ ដែល​មាន​ទាំង​ព្រះសង្ឃ ៥ អង្គ​ផង បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ខ្លួនឯង និង​ធ្វើ​ធម្ម​យាត្រា​នៅ​ខេត្ត​បាត់ដំបង ដើម្បី​សុំ​ឱ្យ​ធនាគារ​ពន្យារពេល​ឱ្យ​ពលរដ្ឋ​ទូទៅ ក្នុង​ការ​សងបំណុល​។ ប៉ុន្តែ សមត្ថកិច្ច​រារាំង​ការ​តវ៉ា​នោះ និង​បាន​ឃាត់ខ្លួន​យុវជន​មួយ​ចំនួន ជាង​ពីរ​ម៉ោង ទើប​ដោះលែង​មកវិញ និង​បង្ខំ​ឱ្យ​ធ្វើ​កិច្ចសន្យា​ឈប់​តវ៉ា​ដែរ។

ទាំងនេះ​គឺ​សុទ្ធតែ​ជា​សម្រែក​រាស្ត្រ ដែល​យក​បញ្ហា​ជាក់ស្ដែង​របស់​ពួកគាត់ ទៅ​ប្រាប់​ឱ្យ​អាជ្ញាធរ​នៅ​មូលដ្ឋាន​បាន​ដឹង និង​ទៅ​ប្រាប់​ដល់​មាត់ទ្វារ​ក្រសួង និង​ការិយាល័យ​លោកនាយក​រដ្ឋមន្ត្រី​ទៀត​ផង។ ប៉ុន្តែ មិនបាន​លទ្ធផល​អ្វី​សោះឡើយ។

ម្យ៉ាងទៀត​កន្លងមក វេទិកា​សាធារណៈ​ដែល​រដ្ឋាភិបាល អះអាង​ថា បើក​ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម ក៏​មិនបាន​ផល​អ្វី​នោះ​ដែរ ព្រោះ​បញ្ហា​មាន​ច្រើន តែ​ដំណោះស្រាយ​មាន​តិច។

នាយក​ប្រតិបត្តិ មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា សង់ត្រាល់ លោក មឿន តុលា ប្រាប់​អាស៊ីសេរី ម្សិលមិញ​ថា លោក​ដូចជា​មិន​មាន​សុទិដ្ឋិនិយម ឬ​ក្តី​សង្ឃឹម ថា ការ​បើក​វេទិកា​សាធារណៈ មាន​ប្រសិទ្ធភាព​នោះ​ទេ ដោយ​យោង​លើ​បទពិសោធន៍​កន្លងមក៖ «សម្រាប់​ផ្ទាល់ខ្លួន​របស់ខ្ញុំ ខ្ញុំ​សង្កេត​ឃើញ​ថា តាំង​ពី​បោះឆ្នោត​ឆ្នាំ ២០១៧ មក​ម្ល៉េះ នៅ​ពេល​ដែល​សំឡេងឆ្នោត​គណបក្ស​ប្រជាជន​ចាប់ផ្ដើម​ធ្លាក់​ចុះ ហើយ​សំឡេងឆ្នោត​ពីរ​ហ្នឹង​ហាក់​ដូចជា​ប្រដំប្រសង​គ្នា ខាង​គណបក្ស​កាន់អំណាច​ប្រកាស​រៀបចំ​វេទិកា​សាធារណៈ ដើម្បី​ធ្វើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ស្ដាប់​កង្វល់​របស់​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​នៅ​ពេល​មាន​វេទិកា​សាធារណៈ​ហ្នឹង ប្រជាពលរដ្ឋ​លើកឡើង​ហ្នឹង វា​ធ្លាក់​តែ​ទៅលើ​ទ្រូង​អាជ្ញាធរ​ខ្លួនឯង ដោះ​អត់​បាន​។ វេទិកា​សាធារណៈ​ហ្នឹង វា​ទៅជា​គាំង​ស្ញេញ។ ការ​បើក​វេទិកា​ជា​រឿង​ល្អ យ៉ាងហោចណាស់​ក៏បាន​ស្ដាប់​កង្វល់​ដែរ​។ ប៉ុន្តែ​ស្ដាប់​ជា​រឿង​មួយ​។ សំណួរ​សួរ​ថា ដោះ​ឬ​អត់​? បើ​លឺ​កង្វល់​ពួកគាត់​ហើយ អត់​ដោះស្រាយ​ឱ្យ​គាត់ វា​កាន់តែ​ដុត​កំហឹង​ពលរដ្ឋ​ថែមទៀត»

ប្រហែល​ជា​ខ្លាច​ប្រជាពលរដ្ឋ​ផ្ទុះ​កំហឹង​នេះ​ហើយ បានជា​លោក ស ខេង ក្រៅ​តែ​ពី​ណែនាំ​ឱ្យ​បើក​វេទិកា​សាធារណៈ​តាម​មូលដ្ឋាន លោក​ក៏​ឱ្យ​បង្កើត​ក្រុមការងារ​ថ្មី សម្រាប់​ពិនិត្យ​បណ្ដឹង​ពលរដ្ឋ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែរ។

ប៉ុន្តែ យន្តការ​ស្រង់​បណ្ដឹង មតិ ឬ​សំណូមពរ​ពលរដ្ឋ ដែល​រង់​ផល​ប៉ះពាល់​ដោយ​វិបត្តិ​ជំងឺ​កូវីដ-១៩ តាមរយៈ​ហ្វេសប៊ុក​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បែបនេះ រឹតតែ​ធ្វើ​ឱ្យ​ពលរដ្ឋ​មានការ​ភ័យខ្លាច ក្នុង​ការ​និយាយ​បញ្ហា​ពិត ព្រោះ​បើ​ដាក់​ញត្តិ​ជា​សាធារណៈ​ផង នៅតែ​រង​ការ​ធ្វើទុក្ខបុកម្នេញ។អ្នក​សម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ថា ការ​ប្រមូល​ទិន្នន័យ​តាម​គេហទំព័រ​(Facebook page) អាច​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​ពី​សុវត្ថិភាព​របស់​ខ្លួន​។ ដូច្នេះ​លោក​យល់ថា យន្តការ​នេះ​នឹង​មិន​ទទួល​បាន​ផល​ល្អ តាម​ការ​រំពឹង​ទុក​របស់​ក្រសួង​នោះ​ទេ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ជឿ​ថា ដើម្បី​ពង្រឹង​អភិបាលកិច្ច​ឱ្យ​បាន​ល្អ រដ្ឋាភិបាល គួរតែ​ពង្រឹង​ការងារ និង​ច្បាប់​ដែល​មាន​ស្រាប់ ដោយ​អនុវត្ត​ឱ្យ​បាន​ត្រូវ​ពី​ថ្នាក់លើ ដល់​មូលដ្ឋាន «ខ្ញុំ​នៅតែ លើក​ទឹក​ចិត្ដ​ថា អាជ្ញាធរ​ឬក៏​ថ្នាក់លើ​ហ្នឹង គួរតែ​ធ្វើការ​ត្រួតពិនិត្យ ក៏​ធ្វើ​កិច្ច​ការងារ​ដែល​ពង្រឹង​នូវ​ការ​អនុវត្ត​តាមដាន ខាងក្រោម​ជាតិ​ហ្នឹង ធ្វើ​ម៉េច​ឱ្យ​គាត់​ហ្នឹង​ជា​អ្នក​ដែល​បម្រើ​រាស្ត្រ​ហ្នឹង ដោយ​កាតព្វកិច្ច​របស់​ខ្លួន និង​ដោយ​មនោសញ្ចេតនា»

កាលពី​ឆ្នាំ ២០១៦ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​អះអាង​ថា ដោយសារ Facebook នេះ​ហើយ ទើប​លោក​ដោះស្រាយ​ការងារ​បាន​រហ័ស​ទាន់​ចិត្ដ ឆ្លើយតប​តាម​សំណូមពរ​របស់​ពលរដ្ឋ។ ប៉ុន្តែ ក្រោយមក លោក​ធ្លាប់​សារភាព​ថា ការ​ដោះស្រាយ​បណ្ដឹង និង​សំណូមពរ​ពលរដ្ឋ តាមរយៈ​បណ្ដាញ​សង្គម​នេះ មិនបាន​ផល​ទេ ដោយសារតែ​បញ្ហា​មាន​ច្រើនពេក ដែល​បង្ខំចិត្ត​ឱ្យ​លោក ត្រូវ​ដក​ខ្លួន​ចេញពី​ក្រុម​ជជែក​អំពី​បញ្ហា​សង្គម​មួយ តាម​បណ្ដាញ​សង្គម​បែបនេះ​ដែរ។

អ្នក​សម្របសម្រួល​នៃ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ លោក​បណ្ឌិត សេង សារី យល់ថា ការ​បង្កើត​ក្រុមការងារ​ត្រួត​ពិនិត្យ​សំណូមពរ​ពលរដ្ឋ​តាម​ទំព័រ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នេះ ប្រហែលជា​លោក ស ខេង ទទួល​បាន​ព័ត៌មាន​ពី​ថ្នាក់ក្រោម មិនបាន​ច្បាស់លាស់ ឬក៏​អាច​ថា ជា​ការ​បន្ថែម​យន្តការ​ការងារ​ថ្មី ដែល​លោក ស ខេង សង្ឃឹមថា​អាច​ប្រសើរ​ជាង​មុន។

លោក​បណ្ឌិត សេង សារី បន្ថែម​ថា រដ្ឋាភិបាល​គួរ​បើកទូលាយ​ឱ្យ​មានការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ពិត និង​ជាក់ស្ដែង​ជូន​ប្រជាពលរដ្ឋ​ទូទៅ​។ លោ​កថា​រដ្ឋាភិបាល​គួរ​ផ្តល់​ឱកាស ឱ្យ​បញ្ញវន្ត​ជំនាន់​ក្រោយ ឱ្យ​ចូលរួម​អភិវឌ្ឍ​សង្គម​ផង​ដែរ «​រដ្ឋាភិបាល​បើក​ចិត្ដ​ឱ្យ​ទូលាយ ដើម្បី​អាច​ឱ្យ​បញ្ញវន្ត​គ្រប់​ស្រទាប់ ក៏ដូចជា​អ្នក​ជំនាញ​ផ្សេងៗ ទាំង​អ្នក​ជំនាញ​អន្តរជាតិ និង​អ្នក​ជំនាញ​ជាតិ មានឱកាស​បាន​រួម​ចំណែក​ដោះស្រាយ​បញ្ហា​រួម​របស់​ជាតិ»

ទោះជា​យ៉ាង​នេះ​ក្តី អ្នកឃ្លាំមើល​សង្គម និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន ធ្លាប់​បាន​លើកឡើង​ហើយថា ចំណាត់ការ​របស់​រដ្ឋាភិបាល ក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ ជាពិសេស​ក្នុង​ស្ថានភាព​មាន​វិបត្តិ​ជំងឺ​កូវីដ-១៩​នេះ មាន​ភាព​យឺតយ៉ាវ និង​តិចតួច​ស្តួចស្តើង និង​ធ្វើ​ចោះៗ​ទៅទៀត ដែល​ផ្ទុយ​ទៅនឹង​ការសន្យា​របស់​លោក ហ៊ុន សែន ដែល​ថា មាន​លុយរាប់​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ទូទៅ​។ ការសន្យា​ច្រើន ប៉ុន្តែ​ធ្វើ​តិច​នេះ រដ្ឋាភិបាល​ចៀស​មិន​ផុត​ពី​កំហឹង​ប្រជាពលរដ្ឋ ដែល​នឹង​ផ្ទុះ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ជាយថាហេតុ ជាក់​ជា​មិន​ខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។