យុទ្ធនាការ​បំបាត់​អំពើ​និទណ្ឌភាព មាន​អ្នកចូលរួម​កើន​ជិត ៦ពាន់​នាក់

ដោយ មួង ណារ៉េត

Share
Impunity ផ្ទាំងរូបភាពសម្រាប់យុទ្ធនាការលុបបំបាត់វប្បធម៌និទណ្ឌភាព​នៅកម្ពុជា
Screenshot from Change.org

យុទ្ធនាការ​បញ្ចប់​អំពើ​និទណ្ឌភាព មាន​អ្នកចូលរួម​ចុះហត្ថលេខាជិត ៦,០០០ នាក់​ហើយ គិត​មក​ត្រឹម​ព្រឹក ​ថ្ងៃ​ទី ២៦ ខែ​កក្កដា។

យុទ្ធនាការ​នេះ ចាប់​ផ្ដើម​ធ្វើ​នៅ​ចំ​ថ្ងៃ​បុណ្យ​ខួប​គម្រប់​បួន​ឆ្នាំ នៃ​ឃាត​កម្ម​លោក​បណ្ឌិត កែម ឡី គឺ​ថ្ងៃ​ទី ១០ ខែកក្កដា។

ប្រជា​ពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ក្នុង និង​នៅ​ក្រៅ​ប្រទេស គាំទ្រ​យុទ្ធនាការ​បញ្ចប់​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា​នេះ ដោយ​គ្រោង​ប្រមូល​ស្នាមមេដៃ​ប្រជាពលរដ្ឋ​ប្រមាណ​កន្លះ​លាន​នាក់ (៥០០.០០០​នាក់) ដើម្បី​ដាក់​ញត្តិ ទៅ​តុលាការ​អន្តរជាតិនានា​ ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​ក្រុម​ជន​រង​គ្រោះ ដោយ​អំពើ​បាញ់​សម្លាប់​ទាំង​អយុត្តិធម៌ ក្រោម​របប​គ្រប់គ្រង​របស់​លោក ហ៊ុន សែន។

គណបក្ស​សង្គ្រោះ​ជាតិ យក​យុទ្ធនាការ​នេះ ដើម្បី​​ស្វែងរក​យុត្តិធម៌​ដល់​សព​មនុស្ស​មួយ​ចំនួន​ទៀត រួមមាន​អ្នកស្រី​ពិសិដ្ឋ ពី​លី​កា ដែល​ជាតា​រា​ភាពយន្ត ព្រះតេជព្រះគុណ សំ ប៊ុនធឿន លោក ជា វិជ្ជា ដែល​ជា​ប្រធាន​សហជីព​កម្មករ លោក​ឈុត វុទ្ធី ដែល​ជាសកម្ម​ជន​ព្រៃឈើ និង​អ្នកសារព័ត៌មាន សកម្មជន​នយោបាយ សហជីព និង​ប្រជាពលរដ្ឋ​ទៀត ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយ​អយុត្តិធម៌។

អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា យុទ្ធនាការ​លុប​បំបាត់​អំពើ​និទណ្ឌភាព គឺ​ដើម្បី​រក​យុត្តិធម៌​ជូន​មនុស្ស​គ្រប់​រូប ដោយ​គ្មាន​ការ​រើសអើង។ អ្នកស្រី​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់ រួមគ្នា​គាំទ្រ​យុទ្ធនាការ​នេះ ដើម្បី​ជា​សំឡេង​លឺ​ខ្លាំង​ដល់​សហគមន៍​អន្តរជាតិ ជាពិសេសតុលាការ​អន្តរជាតិ និង​ស្ថាប័ន​អង្គការ​សហប្រជាជាតិ ឲ្យ​ជួយ​ដាក់​សម្ពាធ​របប​ក្រុងភ្នំពេញ ក្នុង​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ ដើម្បី​រកមុខ​អ្នក​នៅ​ពីក្រោយ​ឃាត​កម្ម​ធំៗ ​នៅ​កម្ពុជា។ យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ ឬ​ហត្ថលេខា​គាំទ្រ​នេះ ធ្វើតាម​បណ្ដាញ​អ៊ិនធើណិត តាម​គេហទំព័រ change.org ក្រោម​ប្រធានបទ​ជា​ភាសា​អង់គ្លេស​ថា “Together We Fight to End Impunity​ឬ​ប្រែ​ថា យើង​រួមគ្នា​តស៊ូ​លុបបំបាត់​អំពើ​និ​ទណ្ឌ​ភាព​”។ អ្នក​ចង់​ចូលរួម​គាំទ្រ​យុទ្ធនាការ​នេះ អាច​ស្វែង​រក​ឃ្លា “Together We Fight to End Impunity​” នេះ​នៅ​លើ​អ៊ិនធើណិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។