មន្ត្រី​បក្ស​ប្រឆាំង​ដែល​រត់​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​បង្ហាញ​អារម្មណ៍​នឹក​ស្រុក​ក្នុង​ថ្ងៃ​ចូលឆ្នាំ

ដោយ សុ ជីវី
2019-04-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ ​លោក ម៉ន ផល្លា។ RFA
ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ ​លោក ម៉ន ផល្លា។ RFA
Photo: RFA

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បង្ខំចិត្ត​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដើម្បី​គេច​ពី​ការ​ចាប់ខ្លួន និង​ការ​ធ្វើទុក្ខបុកម្នេញ​ផ្សេងៗ​ពី​របប​ក្រុងភ្នំពេញ​នោះ បង្ហាញ​អារម្មណ៍​នឹក​ក្រុម​គ្រួសារ និង​មាតុ​ប្រទេស​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ។ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឆ្លើយតប​ថា ពួកគេ​អាច​វិល​ចូល​កម្ពុជា​វិញ​ប្រសិនបើ​ព្រម​សរសេរ​លិខិត​សុំ​លើកលែងទោស និង​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​ក្រសួងមហាផ្ទៃ​ឬ​នាយករដ្ឋមន្ត្រី ប៉ុន្តែ​ប្រសិនបើ​ពួកគេ​មិន​ធ្វើ​បែបនេះ​ទេ​គឺ​មិន​អាច​វិល​ចូល​កម្ពុជា​វិញ​ដាច់ខាត។ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ រយៈពេល​៣​ថ្ងៃ​គឺជា​ឱកាស​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ជួបជុំ​ក្រុម​គ្រួសារ​សាច់ញាតិ និង​មិត្ត​បងប្អូន​ប៉ុន្តែ​មន្ត្រី និង​សកម្មជន​គណបក្សប្រឆាំង​ដែល​រត់​ភៀសខ្លួន​នៅ ក្រៅ​ប្រទេស ហើយ​បែកបាក់​ប្រពន្ធ​កូន​នោះ​គ្មាន​វាសនា​បាន​ជួបជុំ​ក្រុម​គ្រូ​សារ​ដូច​គេ​នោះ​ទេ ព្រោះ របប​ក្រុងភ្នំពេញ​ប្រកាស​មិន​ស្វាគមន៍​ដាច់​ខាត ប្រសិនបើ​ពួកគេ​នៅតែ​ស្មោះស្ម័គ្រ​ជាមួយ​គណបក្ស​សង្គ្រោះជាតិ។

ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ​លោក ម៉ន ផល្លា ដែល​បង្ខំចិត្ត​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​រយៈពេល ២​ឆ្នាំ ដើម្បី​គេច​ពី​ការ​តាម​ចាប់ខ្លួន​របស់​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​រៀប រាប់​ថា ក្នុង​រដូវ​បុណ្យចូលឆ្នាំ​នេះ​លោក​ពិត​ជា​មាន​អារម្មណ៍​ស្រងេះស្រងោច​ខ្លោចផ្សា​ខ្លាំង​បំផុត​ដែល​មិន​អាច​វិល​ចូល​ប្រទេស​កម្ពុជា​ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ៖ «ពិតជា​មាន​អារម្មណ៍​ថា យើង​នៅ​ម្នាក់ឯង ចង់​ជួប​គ្រួសារ​ចង់ ជួប​ញាតិមិត្ត​ដូច​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ដែរ។ ប្រសិនបើ​ខ្ញុំ​ត្រឡប់​ទៅវិញ​នៅ​ក្នុង​ឱកាស​នេះ​តុលាការ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច នឹង​ចាប់​ខ្ញុំ​ដាក់​ពន្ធនាគារ​ព្រៃ​ស​ភ្លាម»

ទោះ​មិនបាន​ជួបជុំ​គ្រួសារ​និង​ទៅ​វត្ត​ធ្វើបុណ្យ​រួមគ្នា​ក្តី​លោក ម៉ន ផល្លា ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ហាម​ធ្វើ​នយោបាយ ៥​ឆ្នាំ ក្នុងចំណោម​មន្ត្រី​ទាំង​១១៨​រូប​របស់​គណបក្ស​សង្គ្រោះជាតិ ក៏​នៅតែ​បួង សួង​ឱ្យ​ប្រជា​ជាតិខ្មែរ​ជួបប្រទះ​នៅ​សុខ​សន្តិភាព​ពិតប្រាកដ​និង​គេច​ផុត​ពី​របប​ផ្ដាច់ការ អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ជាដើម៖ «អំឡុង​ពេល​ចូលឆ្នាំ​ខ្ញុំ​នឹង​ទៅ​វត្ត​នៅ​ជិត​កន្លែង​ទីនេះ​ហើយ​ខ្ញុំ នឹង​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​សូម​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជួបជុំ​ក្រុម​គ្រួសារ​ដោយ​សេចក្ដី​សុខ និង​សូម​ឱ្យ​កម្ពុជា​មាន​សន្តិភាព​ពិតប្រាកដ មាន​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស និង​សូម​កុំ​ឱ្យ​មាន​ការ​ធ្វើបាប​អ្នក​ស្លូតត្រង់ និង​អ្នកមាន​និន្នាការ​ប្រជាធិបតេយ្យ»

រីឯ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​ឧត្តរមានជ័យ​លោក ម៉ោញ សារ៉ាត់ ដែល​រត់​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​ជិត​២​ឆ្នាំ ដើម្បី​គេច​ពី​ការ​ដាក់ទោស​របស់​តុលាការ​របប​ក្រុងភ្នំពេញ​នោះ​សម្ដែង​ការ​សោកស្តាយ​ដែល​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ជូនពរ​គ្នា និង​ជួបជុំគ្នា​សើច​សប្បាយរីករាយ​លើ​គំនរ​ទុក្ខ​របស់​គ្រួសារ​ខ្មែរ​ដទៃ​ទៀត ជាពិសេស​មន្ត្រី​គណបក្សប្រឆាំង​ដែល​កំពុងតែ​បែកបាក់​គ្នា​ព្រោះ​តែ​មាន​ទស្សនៈ​នយោបាយ​ផ្ទុយគ្នា៖ «ខ្ញុំ​ថា​លោកនាយក​រដ្ឋមន្ត្រី​គួរតែ​យក​ពេលវេលា​ដ៏​សំខាន់​នេះ​ធ្វើ​ឱ្យ​ខ្មែរ និង​ខ្មែរ​រួបរួម​គ្នា​ឡើងវិញ ដែល​ធ្វើ​ឱ្យ​យើង​ចំណេញ​ផលប្រយោជន៍​ចំនួន​ពីរ គឺ​ទី​១ យើង​បាន​សប្បាយរីករាយ​បុណ្យជាតិ​របស់​យើង​ផង ទី​២ អាច​កាត់បន្ថយ​សម្ពាធ​ពី​អន្តរជាតិ​ដែល​គេ​ចង់​ឃើញ​ខ្មែរ​និង​ខ្មែរ​ដោះស្រាយ​បញ្ហា​ជាតិ»

មេឃុំ​-​ចៅសង្កាត់ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន បាន​រត់​គេច​ខ្លួន​ទៅ​រស់នៅ​ក្រៅ​ប្រទេស​និង​មួយ​ចំនួនទៀត​រស់នៅ​លាក់ខ្លួន​នៅ​ក្នុង​ប្រទេស​ទាំង​មុន និង​ក្រោយពេល​របប​ក្រុងភ្នំពេញ​រំលាយ​គណបក្សប្រឆាំង និង​ច្បាម​យក​តួនាទី​របស់​ពួកគេ​ដែល​ពលរដ្ឋ​បោះឆ្នោត​ឱ្យ​កាលពី​ចុង​ឆ្នាំ​២០១៧។ការ​រត់​គេច​នេះ​ដោយសារតែ​អាជ្ញាធរ​របប​លោក ហ៊ុន សែន តាម​ធ្វើទុក្ខបុកម្នេញ​ប្ដឹង ទៅ​តុលាការ និង​តាម​ចាប់ខ្លួន បន្ទាប់ពី​របប​ក្រុងភ្នំពេញ​បរាជ័យ​ក្នុង​ការ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​ឱ្យ​សកម្មជន និង​មន្ត្រី​គណបក្សប្រឆាំង​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច​របស់​លោក ហ៊ុន សែន។

មេឃុំ​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច​កញ្ញា កឹម តុលា រៀបរាប់​ប្រាប់​អាស៊ីសេរី​ថា នាង​ជាមួយ​នឹង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​និង​ស្រុក​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ខេត្តកំពង់ស្ពឺ​ចំនួន​៦​នាក់ បានសម្រេច​រត់គេច​ខ្លួន​នៅ​ក្រៅ​ប្រទេស កាលពី​ដើមខែ​មីនា​ឆ្នាំ ២០១៩ ក្រោយ​ទទួលបាន​ដីកា​ពី​តុ​លាការ​ខេត្ត​ឱ្យ​ចូល​ទៅ​បំភ្លឺ​ករណី​ពួកគេ​នាំគ្នា​ជួប​ប្រជុំ​បង្ហាញ​ការ​គាំទ្រ​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ចូល​ស្រុក​វិញ។ កញ្ញា និយាយ​ថា អារម្មណ៍​នឹក​ស្រុក និង​គ្រួសារ កាន់តែ​ខ្លាំង​ឡើងៗ​នៅ​ពេល​ពិធីបុណ្យ​ចូលឆ្នាំ​មក​ដល់ ប៉ុន្តែ​មិន​អាច​វិល​ទៅវិញ​បាន ព្រោះតែ​ទង្វើ​ផ្ដាច់ការ​របស់​របប​ក្រុង​ភ្នំពេញ៖ «មនោសញ្ចេតនា​រវាង​គ្រួសារ គឺ​ខ្ញុំ​មិន​ចង់​ចាកចេញ និង​មិន​ចង់​បែកបាក់​ពី​ក្រុម​គ្រួសារ​នោះ​ទេ ប៉ុន្តែ​ដោយសារ​ពេលវេលា​កំណត់​ដែល​យើង​ត្រូវតែ​ចាកចេញ​ដើម្បី​សុវត្ថិភាព។ ខ្ញុំ​មានការ​ក្ដុកក្ដួល និង​នឹករលឹក​ខ្លាំង​ព្រោះ​រាល់​ឆ្នាំ​តែង​ជួបជុំ​បងប្អូន​និង​ឪពុកម្ដាយ»

ក្នុង​ឆ្នាំ​ថ្មី​នេះ​កញ្ញា កឹម តុលា នៅតែ​មាន​ក្តី​ប្រាថ្នា​វិលត្រឡប់​ទៅ​បំពេញ​ការងារ​បម្រើ​សង្គម​បម្រើ​ប្រជាពលរដ្ឋ​ចូលរួម​ដោះស្រាយ​បញ្ហា​ស្ត្រី និង​កុមារ​នៅ​ក្នុង​មូលដ្ឋាន៖ «សូម​ឱ្យ​ទេវតា​ឆ្នាំ​ថ្មី​ជួយ​បីបាច់​ប្រទេស​កម្ពុជា​យើង​ឱ្យ​រួច​ផុត​ពី​គំនាប​ផ្ដាច់ការ គំនាប​លើ​សិទ្ធិមនុស្ស ជាពិសេស​ក្តី​ប្រាថ្នា​ដែល​ខ្ញុំ​ចង់បាន​គឺ​ចង់​ប្ដូរ​របប​ផ្ដាច់ការ​ប្ដូរ​របប ហ៊ុន សែន ចេញ​ហើយ​ចង់បាន​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ចូល​កម្ពុជា​វិញ​។​ខ្ញុំ​ក៏​សូម​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជាពិសេស លោក​ប្រធាន សម រង្ស៊ី សូម​ដឹកនាំ​សហការី​ចូល​ទៅ​ផ្លាស់ប្ដូរ​កម្ពុជា​ជាថ្មី​ដើម្បី​ភាព​រុងរឿង និង​ប្ដូរ​របប​ផ្ដាច់ការ»

មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ ប្រចាំ​ខេត្ត​ស្វាយរៀង​លោក ម៉ៅ វិបុល ដែល​ជាប់​បម្រាម​ធ្វើ​នយោបាយ ៥​ឆ្នាំ កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​ថៃ​និយាយ​ថា លោក មិនបាន​វិលត្រឡប់​ទៅ​ជួបជុំ​គ្រួសារ និង​ឃើញ​ប្រទេសជាតិ​ជិត​២​ឆ្នាំ​ហើយ ដោយសារតែ​បារម្ភ​ពី​ការ​ចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ​របប​ក្រុងភ្នំពេញ។ ទោះបី​មិនបាន​ទៅ​ស្រុក​វិញ​ក្តី​ក៏​លោក​បួងសួង​ឱ្យ​ទេវតា​ឆ្នាំ​ថ្មី​ជួយ​បន្ទន់ចិត្ត​លោក ហ៊ុន សែន ឱ្យ​ព្រម​ស្តារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ​ដើម្បី​ប្រយោជន៍​ជាតិ និង​ប្រជាជន៖ «បុណ្យចូលឆ្នាំ​នេះ​សូម​ឱ្យ​ខ្មែរ​ធ្វើ​ម៉េច​រួបរួម​គ្នា​ដើម្បី​ប្រយោជន៍​រួម ដើម្បី​ប្រយោជន៍​ប្រជាពលរដ្ឋ។ យើង​ខ្មែរ​ដូចគ្នា​អ៊ីចឹង​អាច​ជជែក​គ្នា​បាន​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​សម្រាប់​ខ្ញុំ មន្ត្រី​នយោបាយ​របស់​គណបក្ស​ប្រឆាំង​មាន​សេរីភាព​ធ្វើ​នយោបាយ​ដោយ​ស្មើគ្នា​វិញ»

ចំណែក​ភរិយា​របស់​លោក ម៉ៅ វិបុល គឺ​លោកស្រី មិត្ត សុខឃីម ដែល​កំពុង​រស់នៅ​ជាមួយ​កូន​ចំនួន​៥​នាក់ នៅ​កម្ពុជា​វិញ​ប្រាប់​អាស៊ីសេរី​ថា លោកស្រី​និង​កូនៗ គ្មាន​អារម្មណ៍​រីករាយ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នោះ​ទេ ព្រោះ​មិនបាន​ជួបជុំ​ក្រុម​គ្រួសារ​ដូច​គ្រួសារ​ដទៃ​ទៀត។

ថ្វីដ្បិត​តែ​ឆ្នាំ​ចាស់ បាន​កន្លង​ផុត​ទៅ ផ្លាស់​ចូល​ឆ្នាំថ្មី​ក្តី​ក៏​ស្ថានភាព​នយោបាយ​ខ្មែរ​ជាពិសេស​ការរំលោភ​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ដោយ​របប​លោក ហ៊ុន សែន នៅ​តែ​មាន​សភាព​ធ្ងន់ធ្ងរ​នៅឡើយ មិនទាន់​ឃើញ​មាន​សញ្ញា​ដោះស្រាយ​នោះ​ទេ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន លើកឡើង​ថា នៅ​កម្ពុជា គ្មាន​ស្ថានភាព​នយោបាយ​តានតឹង​នោះ​ទេ ហើយ​លោក​ចោទ​ថា​អ្នកនយោបាយ​បក្ស​ប្រឆាំង​ដែល​រត់​ភៀសខ្លួន​នោះ​គឺ​បង្កើត​បញ្ហា ដោយ​ខ្លួន​និង​មានបំណង​ទៅ​រស់នៅ​ប្រទេស​ទី​៣។ លោក​បន្ត​ថា ប្រសិនបើ​អ្នកនយោបាយ​ភៀសខ្លួន​ទាំងនេះ មានបំណង​វិល​ចូល​កម្ពុជា​វិញ​គឺ​អាច​សរសេរ​សំបុត្រ​ជូន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឬ​នាយករដ្ឋមន្ត្រី​ដើម្បី​ស្នើសុំ​លើកលែងទោស និង​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​បាន។ លោក​បញ្ជាក់​ថា ប្រសិនបើ​ពួកគេ​មិន​ព្រម​ធ្វើតាម​អ្វី​ដែល​បាន​ណែនាំ​នោះ​ទេ គឺ​រដ្ឋាភិបាល​មិន​ស្វាគមន៍​ដាច់​ខាត់៖ «រឿង​នេះ​វា​មាន​ពីរ។ រឿង​ទី​១​តុលាការ​ផ្ដន្ទាទោស​មិន​ឱ្យ​ធ្វើ​នយោបាយ ៥​ឆ្នាំ ដូច្នេះ​អ្នកនោះ​ត្រូវ​ធ្វើតាម​នីតិវិធី​ដែល​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​គឺ​សរសេរ​សំបុត្រ មក​ក្រសួងមហាផ្ទៃ ឬ​ទៅ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន សុំ​លោក​លើកលែងទោស។ រីឯ​មនុស្ស​មួយ​ក្រុម​ទៀត​ដែល​ព្រួយបារម្ភ​ហើយ​រត់​គេចខ្លួន​ទៅ​ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​៣ ដែល​យក​លេស​ហេតុផល​ជា​រឿង​នយោបាយ ហើយ​បើ​អ្នកនោះ​ចង់​វិលត្រឡប់​មកវិញ ដោយសារ​អ្នក​ទាំងអស់​នេះ​មិនទាន់​មានការ​កាត់​សេចក្ដី​នៅឡើយ គឺ​សរសេរ​សំបុត្រ​មក​ក្រសួងមហាផ្ទៃ​ដើម្បី​វិល​ត្រឡប់​មក​ស្រុកកំណើត​របស់​គេ។ ខ្ញុំ​មើល​ទៅ​ដូច​អត់​មាន​បញ្ហា​អី​ទេ»

ផ្ទុយ​ពី​ការ​លើកឡើង​នេះ​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​អះអាង​ថា ពួកគេ​គ្មាន​បំណង​ទៅ​រស់នៅ​ប្រទេស​ទី​៣​នោះទេ ប៉ុន្តែ​ដោយសារ​របប​ក្រុងភ្នំពេញ​ធ្វើទុក្ខបុកម្នេញ​គ្រប់រូប​រហូតដល់​ពួកគេ​មិន​អាច​រស់នៅ​កម្ពុជា​បាន​តទៅទៀត។ ពួកគេ​ថា នឹង​វិល​ទៅ​កម្ពុជា​ភ្លាម​ប្រសិនបើ​ស្ថានភាព​កម្ពុជា​មាន​ស្ថានភាព​ល្អ​ប្រសើរ។ លោក ម៉ន ផល្លា អះអាង​ថា មន្ត្រី​និង​សកម្មជន​បក្ស​ប្រឆាំង​អស់​នៅ​រក្សា​ជំហរ ស្មោះស្ម័គ្រ​ជាមួយ​គណបក្ស​សង្គ្រោះជាតិ និង​មិន​សរសេរ​លិខិត​សុំ​លើកលែងទោស​ពី​របប​ក្រុងភ្នំពេញ​នោះ​ទេ ព្រោះ​ជា​នយោបាយ​របស់​បក្ស​កាន់អំណាច ដើម្បី​បំបែកបំបាក់​គណបក្ស​សង្គ្រោះជាតិ ហើយ​ពួកគេ ក៏​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ឡើយ៖ «បើ​យើង​លក់ខ្លួន​ទៅ​ឱ្យ​ជន​ផ្ដាច់ការ​ដើម្បី​បំផ្លាញ​ប្រជាធិបតេយ្យ ហើយ​ប្លន់​ឆន្ទៈ​ប្រជាពលរដ្ឋ​នោះ គឺ​យើង​ក្បត់​ឧត្ដមគតិ​ខ្លួនឯង ក្បត់​ក្រុម​គ្រួសារ ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ ដូច្នេះ​យើង​មិន​ទៅ​ចុះចូល​និង​លក់ខ្លួន​បាន​នោះ​ទេ»

យ៉ាងហោចណាស់​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ជិត​៥០​នាក់​ដែល​មាន​តំណែង​ចាប់ពី​តំណាងរាស្ត្រ សមាជិក​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ និង​សកម្មជន កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស។

អ្នកវិភាគ​នយោបាយ និង​សង្គម​លោក បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា លោក​មានតែ​សុំ​ចូល​រួម​ជាមួយ​អ្នក​ឯទៀត សុំ​ស្នើ​ទៅ​នាយករដ្ឋមន្ត្រី​ឱ្យ​លោក​អនុវត្ត​យុទ្ធសាស្ត្រ​ទឹក​ត្រជាក់​ត្រីកុំ​បើក​ឱ្យ​អ្នក​ទាំងឡាយ ដែល​គេច​ចេញពី​ការគ្រប់គ្រង​របស់​លោក បាន​ចូល​មក​រស់នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​វិញ។ លោក​បន្ត​ថា រដូវ​ចូលឆ្នាំ​គឺជា​ឱកាស​ដ៏​ល្អ​មួយ សម្រាប់​មេដឹកនាំ​ប្រទេស​បង្ហាញ​នូវ​ភាពជា​មហារដ្ឋបុរស​ដោយ​បង្ហាញ​នូវ​សប្បុរសធម៌​ដល់​រាស្ត្រ​ដោយ​មិន​មានការ​ប្រកែ​ប្រកាន់។ លោក​បណ្ឌិត​សង្ឃឹមថា រដ្ឋាភិបាល​ដែល​ទើបតែ​បាន​សំដែង​សប្បុរសធម៌​ជូន​ដល់​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង កាល​ពី​ពេល​ថ្មីៗ​នេះ​នឹង​បន្ត​សប្បុរសធម៌​នេះ​ទៅដល់​អ្នក​ទាំងឡាយ​ដោយ​មិន​រើសមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល