គណៈកម្មការអឺរ៉ុបបញ្ជាក់ជំហរយ៉ាងច្បាស់ថា ការអនុញ្ញាតឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ឬASEM លើកទី១៣ តាមអ៊ីនធឺណិត មិនមែនមានន័យថា អឺរ៉ុបទទួលស្គាល់ថា កម្ពុជាបានស្តាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែលកំពុងតែធ្លាក់ចុះដុនដាបនោះទេ។ ការបញ្ជាក់ជំហរជាថ្មីរបស់អឺរ៉ុបនាពេលនេះ កើតមានឡើងស្របពេលដែលកម្ពុជាសម្រេចចិត្តជម្នះរៀបចំកិច្ចប្រជុំកំពូលនេះតាមប្រព័ន្ធអ៊ីនធឺណិត នៅចុងខែវិច្ឆិកាខាងមុខនេះ ដោយសារតែការបន្តអូសបន្លាយនៃវិបត្តិជំងឺកូវីដ១៩។ ក្រុមអ្នកជំនាញកិច្ចការអន្តរជាតិយល់ស្របថា ការរៀបចំកិច្ចប្រជុំនេះតាមប្រព័ន្ធអ៊ីនធឺណិត ធ្វើឱ្យកម្ពុជាបាត់បង់ឱកាសកសាងកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ។
ការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ឬ ASEM លើកទី១៣ ដោយមានការចូលរួមផ្ទាល់ពីសំណាក់បណ្តាក្រុមមេដឹកនាំនៅអាស៊ី និងអឺរ៉ុប មិនតិចជាង ៥០ ប្រទេសនោះ គឺជាសុបិន្តរបស់កម្ពុជា ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សុបិននៅត្រង់ថា កម្ពុជាមិនដែលធ្លាប់រៀបចំកិច្ចប្រជុំកំពូលដែលមានថ្នាក់ដឹកនាំពិភពលោកដ៏សម្បើមបែបនេះចូលរួមនោះទេ។ ម៉្យាងវិញទៀត ភ្លាមៗក្រោយពីបានបើកយុទ្ធនាការគាស់រម្លើងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាដើម្បីឈានទៅធានាជ័យជម្នះដោយស្វ័យប្រវត្តិក្នុងព្រឹត្តិការណ៍បោះឆ្នោតជាតិឆ្នាំ២០១៨ ដែលត្រូវសហគមន៍ជាតិ និងអន្តរជាតិចាត់ទុកថា ជាការបោះឆ្នោត «ក្លែងក្លាយ» រួចមក រដ្ឋាភិបាលឯកបក្សរបស់លោកតែងឱ្យតម្លៃខ្ពស់ដល់ការរៀបចំកិច្ចប្រជុំកំពូលនេះថា ជា «ប្រវត្តិសាស្ត្រការទូត» ជាមួយនឹងក្តីសង្ឃឹមថា កិច្ចប្រជុំកំពូលនេះអាចនឹងជួយលើកមុខមាត់ និងស្តាភាពស្របច្បាប់នៃរដ្ឋាភិបាលឯកបក្សរបស់លោកនៅលើឆាកអន្តរជាតិបាន។
ក៏ប៉ុន្តែនៅទីបំផុតទៅ សុបិននិងក្តីសង្ឃឹមទាំងនេះ បានសាបរលាបទៅវិញដោយសារតែការបន្តអូសបន្លាយនៃវិបត្តិជំងឺកូវីដ១៩ ដែលកម្ពុជាបរាជ័យ ហើយមិនអាចគ្រប់គ្រងបាន។ បើទោះបីជាកម្ពុជាបានព្យាយាមពន្យាពេលកិច្ចប្រជុំនេះម្តងជាពីរដងយ៉ាងណាក្តី ពោលគឺតាំងពីឆ្នាំ២០២០មក កម្ពុជានៅតែមិនអាចជម្នះរៀបចំកិច្ចប្រជុំកំពូលនេះ ដោយមានការចូលរួមផ្ទាល់បាន។ កាលពីដើមខែកក្កដា ក្រសួងការបរទេសបានសម្រេចជាផ្លូវការថា នឹងរៀបចំកិច្ចប្រជុំកំពូលនេះដែលនឹងប្រព្រឹត្តិទៅនៅចុងខែវិច្ឆិកាខាងមុខ តាមប្រព័ន្ធអ៊ីនធឺណិតវិញ ដោយសារតែការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បំប្លែងថ្មី នៅបណ្តាប្រទេសជាច្រើនក្នុងពិភពលោក ក្នុងនោះក៏រួមមាន ទាំងកម្ពុជាផង។
ជុំវិញការសម្រេចចិត្តរបស់កម្ពុជាជម្នះរៀបចំកិច្ចប្រជុំកំពូលនេះតាមប្រព័ន្ធអ៊ីនធឺណិត គណៈកម្មការអឺរ៉ុបបញ្ជាក់ជំហររបស់ខ្លួនយ៉ាងច្បាស់ថា ការណ៍ដែលអនុញ្ញាតឱ្យកម្ពុជារៀបចំកិច្ចប្រជុំនេះឡើង មិនមែនមានន័យថា គណៈកម្មការអឺរ៉ុបទទួលស្គាល់ថា កម្ពុជាបានកែលម្អ និងស្តារប្រជាធិបតេយ្យនោះទេ។ អ្នកនាំពាក្យគណៈកម្មការអឺរ៉ុបអ្នកស្រី អាន-សូហ្វី ហ្វ៊ែរណង់ដេស៍ (Anne-Sophie Fernandes) ពន្យល់ប្រាប់វិទ្យុអាស៊ីសេរីតាមសារអេឡិចត្រូនិកកាលពីថ្ងៃទី១៩ ខែកក្កដា ថា ការសម្រេចចិត្តអនុញ្ញាតឱ្យប្រទេសណាមួយធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM ធ្វើឡើងដោយដៃគូរបស់ ASEM ចំនួន ៥៣ ប្រទេស និងស្ថាប័ន។ អ្នកស្រីថា ព្រឹត្តិការណ៍នេះម្តងត្រូវប្រទេសនៅអឺរ៉ុបធ្វើជាម្ចាស់ផ្ទះ និងម្តងទៀតត្រូវប្រទេសនៅអាស៊ីធ្វើជាម្ចាស់ផ្ទះដោយផ្អែកលើគោលការណ៍នៃការប្តូរវេនគ្នាប្រចាំតំបន់។ អ្នកស្រីពន្យល់បន្តថា កិច្ចប្រជុំកំពូល ASEM នេះ គឺជាកិច្ចប្រជុំពហុភាគី ដែលបញ្ហាទ្វេភាគី ឬទាក់ទងនឹងប្រទេសជាក់លាក់ណាមួយមិនត្រូវបានលើកយកមកពិភាក្សានោះទេ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង ដើម្បីសុំប្រតិកម្មជុំវិញរឿងនេះបានទេ កាលពីយប់ថ្ងៃទី២០ ខែកក្កដា ដោយសារលោកមិនលើកទូរស័ព្ទ។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិលោក ឯម សុវណ្ណារ៉ា មើលឃើញថា បើទោះជាការជម្នះរៀបចំកិច្ចប្រជុំកំពូលនេះតាមប្រព័ន្ធអ៊ីនធឺណិត អាចឱ្យកម្ពុជាលុបបំបាត់នូវការលើកឡើងអវិជ្ជមានមួយចំនួន តែការណ៍នេះមិនមែនឆ្លុះបញ្ចាំងថា កម្ពុជាបានធ្វើឱ្យប្រសើរឡើងនូវប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ៖ « តាមពិតទៅនៅមានសភាអឺរ៉ុបដូចជាមានការលើកឡើងពាក់ព័ន្ធទៅនឹងភាពស្របច្បាប់របស់រដ្ឋាភិបាលហ្នុង ហើយក៏ច់ងជំរុញឱ្យគណៈកម្មការអឺរ៉ុបលើកឡើងពីបញ្ហានេះ។ អ៊ីចឹង បើសិនជាកម្ពុជាជម្នះប្រជុំបាន វាអាចលុបបំបាត់ការលើកឡើង មតិមួយចំនួនពីសហគមន៍អឺរ៉ុបនោះដែរ។ ចំណុចមួយទៀត វាមិនបង្ហាញអំពីភាពប្រសើរឡើងនៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស លំហសេរីភាពនយោបាយនៅកម្ពុជានោះទេ។ បើយើងនិយាយទៅ វាមិនទាន់បញ្ជាក់បានទេ។ វាត្រូវតែរៀបចំហើយដើម្បីជាយន្តការមុខមាត់កម្ពុជា ហើយនឹងភាពស្មើមុខស្មើមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ »។
លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍បន្តថា ការណ៍ដែលកម្ពុជាមិនអាចរៀបចំកិច្ចប្រជុំកំពូលនេះបានដោយមានការចូលរួមផ្ទាល់ពីសំណាក់ក្រុមមេដឹកនាំបរទេសនោះ បានធ្វើឱ្យកម្ពុជាបាត់បង់នូវឱកាសក្នុងការកេងចំណេញពីគោលនយោបាយការទូត និងទេសចរណ៍ ព្រមទាំងជំរុញភាពស្របច្បាប់របស់រដ្ឋាភិបាល។
រីឯអ្នកជំនាញកិច្ចការអន្តរជាតិនិងជានាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បណ្ឌិត ឈាង វណ្ណារិទ្ធ មើលឃើញថា កម្ពុជាពុំមានជម្រើសអ្វីក្រៅតែពីជម្នះរៀបចំកិច្ចប្រជុំកំពូលនេះតាមប្រព័ន្ធអ៊ីនធឺណិតនោះទេ។ លោកពន្យល់ថា ការណ៍ដែលមិនបានរៀបចំកិច្ចប្រជុំកំពូលនេះដោយផ្ទាល់បានធ្វើឱ្យកម្ពុជាបាត់បង់ឱកាសនិយាយក្រៅផ្លូវការពីទំនាក់ទំនងទ្វេភាគី បាត់បង់ឱកាសឱ្យក្រុមមេដឹកនាំបរទេសមកស្គាល់កម្ពុជា ដោយសារតែមានហានិភ័យខ្ពស់ផ្នែកសុខាភិបាល។ អ្វីដែលសំខាន់ជាងនេះទៀត នៅក្នុងគោលនយោបាយការបរទេសនោះ គឺការបាត់បង់ឱកាសនៃការកសាងកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិដែលជាផ្នែកមួយនៃផលប្រយោជន៍របស់កម្ពុជា។ បណ្ឌិត ឈាង វណ្ណារិទ្ធ ពន្យល់បន្ថែមថា កិច្ចប្រជុំកំពូល ASEM ផ្តោតច្រើនទៅលើពហុភាគី និងបញ្ហាសេដ្ឋកិច្ចរវាងតំបន់ទាំងពីរ រីឯបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ គឺជាអាទិភាពនាពេលក្រោយ៖ « រឿងកិច្ចប្រជុំ យើងមិនអាចយកបញ្ហា ឧទាហរណ៍ថា បញ្ហាសិទ្ធិមនុស្សរបស់កម្ពុជាហ្នុង ទៅជា boycott អីទេ។ បើធ្វើអញ្ចឹង គឺវាខុសទៅនឹងគោលការណ៍គោលនយោបាយការបរទេសរបស់ EU ឬក៏របស់ប្រទេសណាមួយ។ អ៊ីចឹង ក្នុងបរិបទនេះ ឃើញមានព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងរឿងនេះដែរ ក៏ប៉ុន្តែ វាគ្រាន់តែជាការយល់ឃើញ វាអត់ជា realistic ទេ។ ពីព្រោះថា យើងត្រូវទៅប្រជុំ សូម្បីតែពួកហ្នុងឈ្លោះជាមួយចិនយ៉ាងណាក៏នៅតែត្រូវទៅប្រជុំនៅប្រទេសចិនអីធម្មតា។ នេះគឺជាគោលការណ៍ការទូតពហុភាគី ឬក៏មានយន្តការអីផ្សេងៗដូចនៅ UN អី ក៏ត្រូវតែទៅប្រជុំដែរ សូម្បីតែប្រទេសហ្នុងមានបញ្ហាអីក៏ដោយ»។
ក្រោយផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០%របស់ខ្លួនពីកម្ពុជា កាលពីខែមីនា តំណាងរាស្ត្រអឺរ៉ុបជាង ៦០០នាក់ ក្នុងចំណោមតំណាងរាស្ត្រអឺរ៉ុបសរុបជាង៧០០នាក់ បានបោះឆ្នោតអនុម័តជាផ្លូវការនូវ សេចក្តីសម្រេច ២៥ចំណុច របស់សភាអឺរ៉ុបដោយបានជំរុញឲ្យក្រុមប្រឹក្សាអឺរ៉ុប អនុម័តវិធានការរឹតត្បិតនានាប្រឆាំងនឹងក្រុមមេដឹកនាំនយោបាយ និងមន្ត្រីយោធានៅកម្ពុជាដែលទទួលខុសត្រូវចំពោះអំពើរំលោភសិទ្ធិមនុស្ស «ធ្ងន់ធ្ងរ» ចំពោះការរម្លាយគណបក្សសង្គ្រោះជាតិ និងឲ្យចាត់វិធានការប្រឆាំងនឹងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចរបស់មន្ត្រីកម្ពុជាទាំងនោះ ដោយប្រើច្បាប់ដាក់ទណ្ឌកម្មជាសាកលរបស់សហភាពអឺរ៉ុបប្រឆាំងនឹងអំពើរំលោភសិទ្ធិមនុស្ស។ ចំណុចទី១៥ នៃសេចក្តីសម្រេចនោះបានកត់សម្គាល់ថា សហភាពអឺរ៉ុបមិនគួរអនុញ្ញាតឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះទេ លុះត្រាតែកម្ពុជាស្តាប្រជាធិបតេយ្យឡើងវិញ។
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនេះ នឹងមានមេដឹកនាំកំពូលៗមកពីអាស៊ី និងអឺរ៉ុប សរុបចំនួន៥៣ ប្រទេសចូលរួម ក្នុងនោះ ២១ប្រទេសមកពីអាស៊ី និង៣០ប្រទេសមកពីអឺរ៉ុប ព្រមទាំងអគ្គលេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុប។ ប្រទេសជាដៃគូអាស៊ី-អឺរ៉ុប ឬ ASEM តំណាងឲ្យ ៦៥ភាគរយ នៃសេដ្ឋកិច្ចពិភពលោក ៦០ភាគរយនៃប្រជាជនពិភពលោក ៥៥ភាគរយនៃពាណិជ្ជកម្មពិភពលោក និង៧៥%នៃទេសចរណ៍ពិភពលោក។ កិច្ចប្រជុំកំពូលនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ដើម្បីលើកកម្ពស់សន្តិភាព វិបុលភាពសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ កិច្ចប្រជុំកំពូលនេះ ប្រព្រឹត្តិទៅរៀងរាល់ពីរឆ្នាំម្តង ដោយប្ដូរវេនគ្នាធ្វើជាម្ចាស់ផ្ទះ ម្ដងប្រព្រឹត្តិទៅនៅក្នុងប្រទេសណាមួយជារដ្ឋសមាជិកនៅអឺរ៉ុប ហើយម្តងទៀតនៅអាស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។