លោក សម រង្ស៊ី កំពុងរៀបចំយុទ្ធនាការជាវនាឡិកាផ្ទាល់ខ្លួនរបស់លោកម៉ាកកាស្យូ (Casio) តម្លៃ ៥ដុល្លារ ដើម្បីកៀរគរថវិកាទិញស្បៀងជូនពលរដ្ឋក្រីក្រ ដែលកំពុងរងគ្រោះដោយជំងឺកូវីដ១៩។ អ្នកវិភាគថា សកម្មភាពលោក សម រង្ស៊ី គឺដើម្បីជំរុញទៅរដ្ឋាភិបាលបន្ថែមការគិតគូរទៅពលរដ្ឋ ប៉ុន្តែបង្កការបញ្ឈឺទៅលោក ហ៊ុន សែន។
ខុសពីលោក ហ៊ុន សែន ពាក់នាឡិកាដៃតម្លៃរាប់លានដុល្លារ ប្រភេទ ផាថេក ហ្វីលីប (Patek Philip)។ រីឯមេបក្សប្រឆាំងលោក សម រង្ស៊ី វិញ កំពុងរៀបចំកៀរគរថវិកាតាមរយៈការជាវនាឡិការបស់ខ្លួនតម្លៃត្រឹមតែ ៥ដុល្លារប៉ុណ្ណោះ។
លោក សម រង្ស៊ី មានប្រសាសន៍ថា ការលះបង់នាឡិកាដៃរបស់លោកគឺជានិមិត្តរូប ដូច្នេះស្នើទៅមហាជនទូទៅចូលរួមគាំទ្រថវិកាម្នាក់ ៥ដុល្លារ ដើម្បីអាចជួយពលរដ្ឋដែលកំពុងជួបការលំបាក។ លោករំពឹងថា បើសិនមានមនុស្សចូលរួម ១ម៉ឺននាក់ក៏អាចប្រមូលលុយបាន ៥ម៉ឺនដុល្លារដែរ៖ «នាឡិកាខ្ញុំតែប្រាំដុល្លារទេ ដូច្នេះ សូមបងប្អូនណាយល់ឃើញថា អ្វីដែលខ្ញុំធ្វើជាកាយវិការល្អសូមធ្វើដូចគ្នាទៅដាក់ប្រាំដុល្លារម្នាក់ធ្វើតាម សម រង្ស៊ី»។
កម្មវិធីរកប្រាក់ជួយពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩ នេះ តម្រូវឱ្យអ្នកចាប់អារម្មណ៍ជាវប័ណ្ណ ដែលមានតម្លៃ ៥ដុល្លារក្នុងមួយសន្លឹក ហើយមនុស្សម្នាក់អាចទិញប័ណ្ណនេះបានច្រើនសន្លឹក។
ប្រធានគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស (CNRP-O) លោក ម៉ែន វណ្ណា ដែលទទួលបន្ទុករៀបចំកម្មវិធីនេះឱ្យអាស៊ីសេរីដឹងថា អ្នកដែលចង់ចូលរួមបរិច្ចាគថវិកាអាចជាវប័ណ្ណនេះបាន នៅគ្រប់សាខាគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ដែលមានជាង ៤០សាខា ទូទាំងពិភពលោក។ អ្នករៀបចំកម្មវិធីដដែលបន្តទៀតថា ពេលកំណត់ក្រុមការងារនឹងផ្ញើកន្ទុយប័ណ្ណទាំងអស់ទៅប្រទេសបារាំង៖ «ទោះទិញនៅឯណាក៏ដោយក៏យើងបញ្ជូនទៅបារាំងទាំងអស់ដើម្បីឱ្យគាត់បើកនៅបារាំង សន្លឹកមានលេខទូរស័ព្ទទាំងអស់ដើម្បីផ្ញើទៅបើកនៅបារាំង»។
យុទ្ធនាការ ជាវនាឡិកាលោក សម រង្ស៊ី នៅពេលនេះ ក្នុងពលរដ្ឋខ្មែរជាពិសេសពលរដ្ឋរស់នៅរាជធានីភ្នំពេញកំពុង ខ្វះស្បៀងអាហារក្នុងពេលរដ្ឋាភិបាលលោក ហ៊ុន សែន បិទខ្ទប់តំបន់មួយចំនួន ដើម្បីបង្ការជំងឺកូវីដ១៩។ ជាញឹកញាប់ លោក សម រង្ស៊ី តែងរិះគន់រដ្ឋាភិបាល លោក ហ៊ុន សែន ថា អសមត្ថភាពក្នុងការដោះស្រាយបញ្ហានេះ ហើយលោកធ្លាប់ណែនាំពលរដ្ឋឱ្យសរសេរពាក្យសុំជំនួយពីអង្គការស្បៀងអាហារពិភពលោក (World Foods Program) ថែមទៀតផង។
ជុំវិញរឿងនេះ អាស៊ីសេរីមិនទាន់អាចសុំប្រតិកម្មពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អ្នកពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទេនៅថ្ងៃទី១៤ ខែឧសភា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
អ្នកវិភាគនយោបាយលោកបណ្ឌិត សេង សារី យល់ថា អ្វីដែលលោក សម រង្ស៊ី ធ្វើនេះជាតិចនិក បង្កប់ដោយវិធីបញ្ឈឺចិត្តជំរុញទៅរដ្ឋាភិបាលគិតគូរបន្ថែមទៀតដល់ការផ្ដល់ស្បៀងអាហារឲ្យពលរដ្ឋ។ អ្នកវិភាគដដែលបន្តថា ប្រជាប្រិយភាពលោក សម រង្ស៊ី អាចនឹងកៀរគរថវិកាបាន តាមរយៈជាវនាឡិកានេះ៖ «កន្លងមកយើងឃើញថា មានព័ត៌មានបង្ហាញនាឡិកាលោកនាយករដ្ឋមន្ត្រីមានតម្លៃខ្ពស់រហូតដល់បីបួនលានដុល្លារឯណោះ ដែលសឹងតែលក់នាឡិកាមួយអាចជួយមនុស្សបានរាប់ម៉ឺននាក់»។
យុវជនគាំទ្រគណបក្សសង្គ្រោះជាតិនៅប្រទេសកូរ៉េខាងត្បូង(South Korea) លោក ម៉ាត់ វណ្នី គាំទ្រគម្រោងនេះ។ លោកអះអាងថា នឹងចូលរួមកម្មវិធីសប្បុរសធម៌មួយនេះ។ លោកយល់ថា ថវិកា ៥ដុល្លារបស់លោកនឹងអាចចូលរួមចំណែកជួយដល់ពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ព្រោះបញ្ហាកូវីដ១៩៖ «សំខាន់យើងមានចូលរួមជាមួយមូលនិធិហ្នឹងដើម្បីបានមានលទ្ធភាពបានជួយប្រជាជន»។
រីឯយុវជនម្នាក់ទៀត លោក សេង ម៉េងប៊ុនរ៉ុង ស្នើទៅលោក ហ៊ុន សែន គួរហ៊ានលក់នាឡិការបស់ខ្លួនដែលមានតម្លៃរាប់លានដុល្លារជួយដល់ពលរដ្ឋ៖ «មេដឹកនាំគណបក្សកាន់អំណាចដែលនាឡិកាគាត់មានតម្លៃរាប់លានដុល្លារហើយមិនមែនមានតែមួយគ្រឿងទេ ហើយមិនមែនមានតែនាឡិកាទេ គឺគាត់មានរបស់គាត់របស់របរប្រើប្រាស់ពេញដងខ្លួនរបស់គាត់សុទ្ធតែតម្លៃរាប់លានដុល្លារ ប៉ុន្តែគាត់អត់ហ៊ានលក់ចំណាយឱ្យពលរដ្ឋទេ គាត់សុខចិត្តឱ្យប្រជាពលរដ្ឋស្រែកយំ»។
បណ្ដាញព័ត៌មានប្រព័ន្ធអ៊ីនធឺណិតឈ្មោះថា វ៉ាយស៍ (VICE) បានចេញផ្សាយអត្ថបទមួយ កាលពីចុងឆ្នាំ២០២០ ថា លោក លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃប្រទេសក្រីក្រមួយមានប្រាក់ខែត្រឹមជាង ១០លានរៀល ឬប្រមាណ ២៥.០០០ដុល្លារអាមេរិកនោះ បែរជាមាននាឡិកាដៃប្រណិតជាច្រើនគ្រឿង ក្នុងតម្លៃរាប់លានដុល្លារ។
សារព័ត៌មានអន្តរជាតិនេះ បន្តថា នាឡិកាដៃដ៏ប្រណិតមួយគ្រឿងថ្មីទៀត ដែលលោក ហ៊ុន សែន កំពុងពាក់ គឺជាប្រភេទនាឡិកាដៃម៉ាក ផាថេក ហ្វីលីប (Patek Philip) ផលិតនៅប្រទេសស្វីសអំឡុងឆ្នាំ២០១៤-២០១៦ មានតម្លៃ ១លាន ២សែនដុល្លារ។ នាឡិកាប្រភេទនេះ មានតម្លៃដល់ ៣លានដុល្លារនៅពេលគេដាក់ឲ្យដេញថ្លៃ។ ជាមួយគ្នានេះគេក៏ប្រទះឃើញលោក ហ៊ុន សែន ធ្លាប់ពាក់នាឡិកាជាច្រើនគ្រឿងទៀត ដែលមានតម្លៃសរុបដល់ទៅ ៩លានដុល្លារ ក្នុងនោះក៏មាននាឡិកាម៉ាក រីឆាត មៀល (Rechard Mill Sapphire Dragon Tuorbilon) ដែលជាប្រភេទកម្រ គឺមានតែ ៥៥គ្រឿងប៉ុណ្ណោះលើពិភពលោក។
កម្មវិធីជាវប័ណ្ណ ដើម្បីបាននាឡិកាលោក សម រង្ស៊ី នឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យទី១៦ ឧសភា ដែលនឹងផ្សាយផ្ទាល់តាមប្រព័ន្ធហ្ស៊ូម (Zoom)។ ប័ណ្ណនីមួយៗ មានលេខសម្គាល់នៅលើនោះ។ អ្នកជាវប័ណ្ណសម្គាល់នៅលើប័ណ្ណរៀងៗខ្លួន ដើម្បីផ្ទៀងផ្ទាត់នៅពេលលោក សម រង្ស៊ី នឹងចាប់យកតែប័ណ្ណមួយសន្លឹកក្នុងចំណោមប័ណ្ណទាំងអស់ ១ម៉ឺនសន្លឹក ក្នុងរយៈពេលបីសប្ដាហ៍បន្ទាប់ ដើម្បីប្រគល់នាឡិការបស់លោក ជូនអ្នកដែលមានសំណាងតាមរយៈប័ណ្ណមួយសន្លឹកដែលចាប់បាន។ ថវិកាទាំងអស់ដែលបានមកពីការជាវប័ណ្ណនេះ លោក សម រង្ស៊ី នឹងយកទៅទិញស្បៀងអាហារសំរាប់ចែកជូនអ្នកដែលដាច់ស្បៀង ដោយសារតែរដ្ឋាភិបាលបិទខ្ទប់ ក្នុងពេលវិបត្តិជំងឺកូវីដ១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។