មន្ត្រី​បក្ស​ប្រឆាំង​ភៀស​ខ្លួន​​នៅ​​ថៃ​​ជួប​​ប្រជុំ​​គ្នា​​​​​ត្រៀម​​ផែនការ​​អម​​ដំណើរ​​លោក សម រង្ស៊ី វិល​ចូល​​ស្រុក

0:00 / 0:00

មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​ ប្រមាណ​ ៤០​នាក់​ កាល​ពី​រសៀល​ថ្ងៃ​ទី​៧​ កក្កដា​ បាន​ជួប​ជុំ​គ្នា​នៅ​ទី​ក្រុង​បាងកក​ ត្រៀម​ផែនការ​​អម​ដំណើរ​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម រង្ស៊ី​ វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ លើក​ឡើង​ថា ការ​ទៅ​ទទួល​លោក សម រង្ស៊ី ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ស្រប​ច្បាប់​។

មន្ត្រី​សម្របសម្រួល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ទីក្រុង​បាងកក​ លោក ម៉ោញ​ សារ៉ាត់​ ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​៨កក្កដា​ថា ពួកគាត់​បាន​ប្រជុំ​រៀបចំ​ផែនការ និង​ត្រៀម​កម្លាំង​សកម្មជន​នៅ​ក្នុង​នឹង​ក្រៅ​ប្រទេស​អម​ដំណើរ​លោក​ សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ ដោយ​មិន​ខ្លាច​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ធ្វើ​ទុក្ខបុកម្នេញ​នោះ​ទេ។ លោក​បន្ត​ថា ផែន​ការ​ទាំង​នោះ​ បាន​​រៀបចំ​​ច្បាស់លាស់ ប៉ុន្តែ​មិន​អាច​បក​ស្រាយ​លំអិត​នៅ​ពេល​នេះ​បាន​ទេ​ ព្រោះ​ជា​ផែន​ការ​​សម្ងាត់​ សម្រាប់​ធ្វើ​ដំណើរ​​ទៅ​ឱ្យ​ដល់​គោល​ដៅ៖ «ខ្ញុំ​ក៏​ដូច​ជា​បងប្អូន​ដទៃ​ទៀត​ដែរ​ថា​អ្វី​ដែល​យើង​បាន​បាត់បង់​គឺ​បាត់បង់​អស់​ទៅ​ហើយ​អ្វី​ដែល​នៅ​សេស​សល់​បន្តិច​បន្តួច​នឹង​ដែល​ជា​ទ្រព្យ​សម្បត្តិ​ដែល​ជា​មរតក​ដូនតា​ ជាពិសេស​​កេរដំណែល​ផ្ទះ​សម្បែង​​នៅ​ស្រុក​ខ្មែរ​នេះ​ ដូច្នេះ​យើង​ទាំង​អស់​គ្នា​បាន​ត្រៀម​លក្ខណៈ​រួច​រាល់​ហើយ​ថា​ បើ​ទោះ​ជា​យើង​ត្រូវ​ប្រឈម​ការ​គំរាមកំហែង​​របស់​របប​ក្រុង​ភ្នំពេញ​ដល់​កម្រិត​ណា​ក៏​ដោយ​ ក៏​នៅ​ពេល​នេះ​យើង​នៅ​តែ​ដើរ​ទៅ​មុខ​ដល់​នាទី​ចុងក្រោយ​ ថា​តើ​យើង​ត្រូវ​បាត់បង់​អ្វី​ក៏​យើង​ព្រម​បាត់បង់​នៅ​ពេល​នោះ​ប្រសិន​បើ​ជា​មាន »

លោក​បន្ត​ថា អ្នក​ចូល​រួម​ប្រជុំ​ទាំង​អស់​ភាគ​ច្រើន​ជា​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​ខេត្ត​ទូទាំង​ប្រទេស និង​បាន​នាំ​​ផែន​ការ​​ទាំង​នោះ​ទៅ​ផ្សព្វផ្សាយ​​ដល់​សកម្មជន​គណបក្ស​ខ្លួន​នៅ​តាម​មូលដ្ឋាន​បន្ត​ទៀត។

ចំណែក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង លោក ម៉ៅ វិបុល​ ដែល​បាន​ចូល​រួម​ប្រជុំ​នៅ​ទីក្រុង​បាងកក​ដែរ​ ថ្លែង​ថា នៅ​ខេត្ត​ស្វាយ​រៀង​​មាន​សកម្មជន​រាប់ពាន់​នាក់​បាន​ត្រៀម​ទៅ​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​។ លោក​បន្ត​ថា មិន​មែន​តែ​ខេត្ត​ស្វាយ​រៀង​នោះ​ទេ​ គឺ​នៅ​ខេត្ត​​ដទៃ​ទៀត ​ក៏​បាន​ត្រៀម​កម្លាំង​រួច​ជា​ស្រេច​ហើយ​ដែរ គឺ​រង់ចាំ​តែ​បញ្ជា​ពី​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខាង​ក្រៅ​ប្រទេស​តែ​ប៉ុណ្ណោះ៖ «ប្រទេស​ជាតិ​លិចលង់​ប៉ុណ្ណេះ​ហើយ យើង​ជា​ជនជាតិ​ខ្មែរយើង​ស្រលាញ់​ទឹក​ដី​ស្រលាញ់​ប្រទេស​ជាតិ អីចឹង​លោក​ប្រធាន​ទៅ​តាម​ផ្លូវ​ណា​យើង​នឹង​ទៅ​តាម​ផ្លូវ​នោះ​ទាំង​អស់​គ្នា​ មិន​ខ្លាច​ទេ​កាំភ្លើង​ ខ្លាច​អី​បើ​បាត់បង់​អស់​ហើយ​​យើង​នៅ​ខ្លាច​កាំភ្លើង​អី​ទៀត​ ព្រោះ​កើត​មក​ដើម្បី​ប្រទេស​ជាតិ​ដើម្បី​ទឹក​ដី​ ដើម្បី​កូន​​ចៅ​ជំនាន់​ក្រោយ​បើ​យើង​បណ្ដោយ​ឱ្យ​របប​សព្វ​ថ្ងៃ​ធ្វើ​ទុក្ខបុកម្នេញ​ឱ្យ​ពលរដ្ឋ​រង​ទុក្ខវេទនា ហើយ​យើង​នៅ​សំងំ​សុខ​មិន​បាន​ទេ »

រីឯ​ពលករ​ធ្វើ​នៅ​ប្រទេស​ថៃ​ លោក វិន មករា ថ្លែង​ថា លោក​នឹង​ពលករ​ជា​ច្រើន​នាក់​ទៀត​ធ្វើ​ការ​នៅ​ទីក្រុង​បាងកក​ សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​​ទទួល​ដំណឹង​មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ផែនការ​ច្បាស់​លាស់​ ដើម្បី​ទទួល​លោក សម រង្ស៊ី​ វិល​ចូល​ស្រុក​វិញ។ លោក​បន្ត​​ថា ពលករ​នៅ​តំបន់​ពួកគាត់​ធ្វើ​ការ​ជា​ច្រើន​នាក់​ក៏​នឹង​​រួម​ដំណើរ​វិល​ទៅ​កម្ពុជា​​ជា​មួយ​លោក សម រង្ស៊ី ​វិញ​ដែរ៖ «បាទ ! មតិ​ភាគ​ច្រើន​គឺ​ចង់​ឃើញ​ប្រទេស​ខ្មែរ​មាន​ការ​ផ្លាស់​ប្ដូរ​នាយករដ្ឋមន្ត្រី​ មាន​ការ​ផ្លាស់​ប្ដូរ​របប​ដឹក​លោក​ ហ៊ុន សែន​ ចេញ​គឺ​យើង​មិន​ចង់​ឱ្យ​នាយករដ្ឋមន្ត្រី​សព្វ​ថ្ងៃ​បន្ត​អំណាច​ទៅ​មុខ​ទៀត​ទេ ព្រោះ​លោក​ដឹក​នាំ​ប្រទេស​ជាង​ ៤០​ឆ្នាំ​ហើយ​ មិន​មាន​ការ​រីក​ចំរើន​ទេ ហើយ​ចិន​និង​យួន​រស់​នៅ​ពេញ​ស្រុក​ ហើយ​ផ្លូវ​ថ្នល់​ភ្លើង​មិន​ឃើញ​មាន​ការ​អភិវឌ្ឍន៍​ទៅ​​ណា​ទេ​ គឺ​នៅ​តែ​ដដែល »

កាល​ពី​ពេល​ថ្មីៗ​នេះ​លោក សម រង្ស៊ី ​បាន​ប្រកាស​ជា​លើក​ទី​២​ថា នឹង​​ចូល​ស្រុក​វិញ​​យ៉ាង​យូរ​ក្នុង​ខែ​កញ្ញា​ខាង​មុខ​។ លោក សម រង្ស៊ី បន្ត​ថា​ គម្រោង​វិល​ត្រលប់​ចូល​កម្ពុជា នៅ​ឆ្នាំ​២០១៩ ​នេះ​ លោក​នៅ​តែ​មាន​បំណង​ចង់​ចរចា​ជាមួយ​របប​ក្រុងភ្នំពេញ ហើយ​លោក​ក៏​​អំពាវនាវ​ឱ្យ​បង្កើន​ការ​ដាក់​សំពាធ លើ​របប​ក្រុង​ភ្នំពេញ គ្រប់​វិធីសាស្ត្រ ដើម្បី​បង្ខំ​ឱ្យ​លោក ហ៊ុន សែន ងាក​មក​រក​ការចរចា ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ។ គណបក្ស​កាន់​អំណាច​បាន​ច្រាន​ចោល គំនិត​របស់​លោក សម រង្ស៊ី ឲ្យ​មាន​ការ​ចរចា​នេះ​។ មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក​ ហ៊ុន សែន បាន​ព្រមាន​ថា លោក សម រង្ស៊ី នឹង​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​នៅ​ពេល​ដែល​លោក​ឈាន​ជើង​ចូល​មក​ដល់​ទឹក​ដី​កម្ពុជា បើ​ទោះ​បី​ជា​មាន​អ្នក​អម​ដំណើរ​ក៏​មិន​រួច​ខ្លួន​ដែរ​។ក្រៅ​ពី​នេះ​លោក ហ៊ុន សែន ក៏​ធ្លាប់​ព្រមាន​​​ប្រើ​កាំភ្លើង​យន្ត​បាញ់​ពី​ក្នុង​លេណដ្ឋាន ​(ត្រង់សេ)​ កងទ័ព​ប្រឆាំង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បើ​ហ៊ាន​វិល​ត្រលប់​ចូល​កម្ពុជា តាម​ច្រក​ព្រំដែន​ប្រទេស​ថៃ​ដែរ។

​​​​អ្នក​សម្រប​សម្រួល ​និង​អង្កេត​នៃ​​អង្គការ ​ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស លើក​ឡើង​ថា​ ការ​ទៅ​ទទួល​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​​ក្នុង​ការ​ស្រលាញ់​បុគ្គល​ណា​ម្នាក់​ ដោយ​មិន​ខុស​ច្បាប់​នោះ​ទេ​។ ទោះ​ជា​យ៉ាង​ណា​លោក​ បន្ត​ថា​ ការ​វិល​ចូល​ស្រុក​ឬ​មិន​ចូល​ស្រុក​មិន​មែន​ជា​​ដំណោះ​ស្រាយ​នយោបាយ​នោះ​ឡើយ ប្រសិន​បើ​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​មិន​ឆាប់​​ចរចា​ត្រូវ​រ៉ូវ​គ្នា​ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើង​វិញ​នោះ៖ «ខ្ញុំ​គិត​ថា​គួរ​តែ​មាន​ការ​សម្របសម្រួល​គ្នា​មក​ដល់​នេះ​ហើយ​ យើង​ត្រូវ​មើល​ក្បែរ​យើង​ផង​ គេ​បាន​ទ្រព្យសម្បត្តិ​គេ​បាន​លាភសក្ការៈ​យ៉ាង​ច្រើន​ទាញ​ចេញ​ពី​ជម្លោះ​របស់​ខ្មែរ​។ យើង​គួរ​តែ​ល្មម​ដោះដូរ​កែសម្រួល​ការងារ​ចារឹក​នយោបាយ​ឱ្យ​អាច​រក​វិធី​ជជែក​គ្នា​ ដើម្បី​ដោះ​ស្រាយ​​បញ្ហា​នយោបាយ​ប្រសើរ​ជាង​ កុំ​ឱ្យ​ខ្លាំង​រៀង​ខ្លួន​នាំ​ឱ្យ​ខាត​បង់​ប្រយោជន៍​ជាតិ »

មន្ត្រី​សង្គម​ស៊ីវិល​រូប​បន្ត​ថា ជម្លោះ​នយោបាយ​​របស់​កម្ពុជា​បាន​​អូស​បន្លាយ​ពេល​ប្រមាណ ​២ឆ្នាំមក​នេះ​ បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ជា​បន្ត​បន្ទាប់ និង​មាន​ឈ្មោះ​មិន​ល្អ​នៅ​លើ​ឆាក​អន្តរជាតិ​​ ហើយ​កម្ពុជា​អាច​ប៉ះពាល់​កាន់​តែ​ខ្លាំង​នៅ​ពេល​សហគមន៍​​អឺរ៉ុប​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ EBA ជា​ផ្លូវ​ការ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។