អ្នកជំនាញនយោបាយការបរទេសព្រមានថាចិនអាចយកកម្ពុជាធ្វើជាមូលដ្ឋានយោធា (ភាគ ១)
2018.02.23
វិបត្តិនយោបាយ និងការរម្លាយប្រជាធិបតេយ្យនៅកម្ពុជា បានរុញច្រានរបបលោក ហ៊ុន សែន បច្ចុប្បន្ន ឲ្យងាកទៅពឹងផ្អែកប្រទេសចិន កាន់តែខ្លាំងឡើងៗ ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ច្រើនជាងពេលណាៗទាំងអស់។ ប្រទេសចិន បានឆ្លៀតឆក់យកឱកាសនេះ ធ្វើការបណ្ដាក់ទុនវិនិយោគ និងពង្រីកឥទ្ធិពលរបស់ខ្លួនស្ទើរគ្រប់វិស័យនៅប្រទេសកម្ពុជា ដែលជាស្នូលនៃតំបន់យុទ្ធសាស្ត្រឥណ្ឌូចិន និងអាស៊ីអាគ្នេយ៍ដីគោក។ ក្រុមអ្នកជំនាញផ្នែកនយោបាយការបរទេស ព្រមានថា មហាអំណាចចិន អាចនឹងឆ្លៀតឱកាសនេះ ជំរុញឲ្យមានការសាងសង់មូលដ្ឋានយោធានៅក្នុងទឹកដីកម្ពុជា ដើម្បីការពារអត្ថប្រយោជន៍យុទ្ធសាស្ត្រនយោបាយពាណិជ្ជកម្ម និងយោធានៅក្នុងតំបន់របស់ខ្លួន ស្របពេលដែលឥទ្ធិពលអាមេរិក កំពុងតែថមថយ។
ចិនបានពង្រីកឥទ្ធិពលនៅកម្ពុជា ជាហូរហែ ដូចជា ភាគីចិន បានស្នើឲ្យកម្ពុជា ឈប់ប្រើប្រាស់រូបិយប័ណ្ណដុល្លារអាមេរិក នៅក្នុងការធ្វើជំនួញពាណិជ្ជកម្មទ្វេភាគីជាមួយខ្លួនតទៅទៀត ដោយងាកមកប្រើប្រាស់រូបិយប័ណ្ណប្រាក់យ័ន ចិន ជំនួសវិញ ក្រោមលេសថា រក្សាស្ថិរភាពសេដ្ឋកិច្ចក្នុងតំបន់ជាដើម។ នេះជាសញ្ញាមួយបញ្ជាក់ថា ចិនកំពុងប្រាប់កម្ពុជា ដែលជាប្រទេសអធិបតេយ្យ ឲ្យធ្វើតាមការបង្គាប់បញ្ជារបស់ខ្លួន។
អ្នកវិភាគគោលនយោបាយការបរទេស និងជាអ្នកនិពន្ធសៀវភៅ «ការពឹងផ្អែកលើជំនួយនៅក្នុងប្រទេសកម្ពុជា៖ វិធីដែលជំនួយបរទេសធ្វើឲ្យលទ្ធិប្រជាធិបតេយ្យទន់ខ្សោយ» (Aid Dependence in Cambodia: How Foreign Assistance Undermines Democracy) លោកសាស្ត្រាចារ្យបណ្ឌិត អៀ សុផល ព្រមានថា ដោយសារតែកម្ពុជា កំពុងតែធ្លាក់ចូលក្នុងអន្ទាក់បំណុល និងវិនិយោគរបស់ប្រទេសចិន ការណ៍នេះ អាចនឹងបណ្ដាលឲ្យមហាអំណាចចិន ប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាមូលដ្ឋានទ័ពយោធារបស់ចិន នៅក្នុងពេលវេលាណាមួយក្នុងពេលអនាគត។ ការព្រមានអំពីលទ្ធភាពនៃការសាងសង់មូលដ្ឋានទ័ពយោធារបស់ចិន ក្នុងទឹកដីកម្ពុជា យ៉ាងដូច្នេះ ធ្វើឡើងស្របពេលដែលក្នុងមួយរយៈពេលចុងក្រោយនេះ មានមតិជាតិ និងអន្តរជាតិមួយចំនួនបានបង្ហាញក្តីកង្វល់ជាបន្តបន្ទាប់អំពីការហូរចូលយ៉ាងសន្ធឹកសន្ធាប់នូវវិនិយោគទុនរបស់ជនជាតិចិន មកក្នុងប្រទេសកម្ពុជា និងស្របពេលដែលប្រទេសទាំង ១០ ក្នុងតំបន់អាស៊ាន និងចិន បានប្រកាសពីគម្រោងនៃការធ្វើសមយុទ្ធយោធានាវាចរណ៍រួមគ្នាមិនធ្លាប់មានពីមុនមកជាលើកទីមួយនៅចុងឆ្នាំ២០១៨ នេះ។
លោកសាស្ត្រាចារ្យបណ្ឌិត អៀ សុផល ពន្យល់ប្រាប់អាស៊ីសេរី តាមសារអេឡិចត្រូនិកថា នៅក្នុងពេលវេលាណាមួយនោះ កម្ពុជា អាចនឹងជំពាក់បំណុលមហាអំណាចចិន កាន់តែច្រើនមហាសាល ដែលអាចធ្វើឲ្យប្រទេសចិន ក្លាយជាម្ចាស់សម្រេចជោគវាសនារបស់កម្ពុជា តែម្ដង។ លោកបន្តថា បើទោះបីជា កម្ពុជាទទួលវិនិយោគទុនដោយផ្ទាល់របស់បរទេស មិនមែនមានតែពីប្រទេសចិន តែមួយក៏ពិតមែន ក៏ប៉ុន្តែនៅពេលដែលវិនិយោគរបស់ចិន ចេះតែកើនឡើង ជាមួយនឹងទំហំទឹកប្រាក់វិនិយោគកាន់តែច្រើន ប្រៀបធៀបទៅនឹងទំហំទឹកប្រាក់វិនិយោគដោយផ្ទាល់របស់បរទេសទាំងមូលនៅកម្ពុជា ការណ៍នេះ អាចនឹងធ្វើឲ្យប្រទេសចិន ទាមទារឲ្យមាននូវការសាងសង់មូលដ្ឋានទ័ពយោធា ឬគ្រប់គ្រងកំពង់ផែណាមួយនៅក្នុងទឹកដីនៃប្រទេសកម្ពុជា។
លោកសាស្ត្រាចារ្យបណ្ឌិត អៀ សុផល ដាក់ជាចម្ងល់ថា នៅពេលដែល ៧០ភាគរយនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងប្រទេសកម្ពុជា ត្រូវបានសាងសង់ដោយប្រទេសចិន ដែលជាចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ នោះកម្ពុជាពិតជានឹងមិនអាចបដិសេធបានទេ នៅពេលដែលនាវាចម្បាំងចិន ចង់ចូលមកសំចតនៅកំពង់ផែកម្ពុជា។ លោកពន្យល់ថា បើទោះបីជាប្រទេសចិន អាចនឹងមិនហៅថា ជាការសាងសង់មូលដ្ឋានយោធាជាផ្លូវការក៏ដោយ ក៏ប៉ុន្តែវានឹងមានន័យដូចគ្នានៅពេលដែលកំពង់ផែរបស់កម្ពុជា ត្រូវបានប្រទេសចិន យកមកធ្វើជាកម្មសិទ្ធិគ្រប់គ្រងនោះ ហើយកម្ពុជា អាចនឹងក្លាយជាអាណាខេត្តមួយរបស់ប្រទេសចិន។ លោកប្រៀបធៀបការវិនិយោគបែបនេះទៅនឹងអ្វីមួយដែលលោកហៅថា ជាការដាក់នឹមត្រួតត្រាអាណានិគមបែបថ្មីក្នុងយុគសម័យទំនើប។
ការព្រមានអំពីការដាក់នឹមអាណានិគមត្រួតត្រាបែបថ្មីក្នុងយុគសម័យទំនើបរបស់លោកសាស្ត្រាចារ្យបណ្ឌិត អៀ សុផល ខាងលើនេះ គឺមិនខុសគ្នាពីអ្វីដែលបានកើតមានឡើង និងកំពុងប្រែក្លាយជាការពិតរួចជាស្រេចទៅហើយនៅក្នុងប្រទេស ឌីប៊ូទី (Djibouti) ដែលស្ថិតក្នុងតំបន់ស្នែងក្របីនៃទ្វីបអាហ្វ្រិក (Horn of Africa) ខណៈដែលប្រទេសដ៏តូច និងក្រីក្រមួយនេះ បានក្លាយជាមូលដ្ឋានយោធាដំបូងបង្អស់របស់មហាអំណាចចិន នៅក្រៅប្រទេស កាលពីឆ្នាំ២០១៧ កន្លងទៅនេះ។
បើទោះជាទីក្រុងប៉េកាំង មិនបានប្រើពាក្យជាផ្លូវការថា ជាមូលដ្ឋានយោធា ឬយកលេសថា គ្រាន់ជាទីតាំងផ្ទុកភស្តុភាររបស់ខ្លួនក៏ដោយ ប្រទេសចិន បានធ្វើពិធីសម្ពោធបង្ហូតទង់ជាតិរបស់ខ្លួននៅលើមូលដ្ឋានយោធាក្នុងប្រទេសមួយនេះ ចំទិវាបុណ្យខួបលើកទី៩០ នៃកងទ័ពរំដោះជាតិប្រជាមានិតចិន។ ប្រទេសចិន បានអះអាងថា ការសាងសង់មូលដ្ឋានទ័ពនេះ គឺដើម្បីចូលរួមថែរក្សាសន្តិភាព និងបេសកកម្មមនុស្សធម៌នៅក្នុងលំហសមុទ្រអន្តរជាតិ រវាងប្រទេសយេមែន និងសូម៉ាលី ដែលពោរពេញដោយក្រុមភេរវកម្ម និងក្រុមចោរសមុទ្រ។
ក្រៅពីករណីនៃប្រទេសឌីប៊ូទីនេះ បច្ចុប្បន្ន ប្រទេសចិន ក៏កំពុងសម្លឹងមើលលទ្ធភាពដើម្បីធ្វើការសាងសង់មូលដ្ឋានយោធារបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសដទៃទៀតនៅតាមឆ្នេរមហាសមុទ្រឥណ្ឌា ដែលសុទ្ធសឹងតែជាប្រទេសដែលមហាអំណាចចិន បានវិនិយោគសាងសង់កំពង់ផែខ្នាតអន្តរជាតិ ក្រោមរូបភាពជាជំនួយឥតសំណង ឬកម្ចីឥណទាន។ ប្រទេសដែលអាចនឹងក្លាយជាគោលដៅបន្ទាប់នៃការដាក់មូលដ្ឋានយោធារបស់មហាអំណាចចិន រួមមានប្រទេស ស្រីលង្កា ប៉ាគីស្ថាន និងមីយ៉ាន់ម៉ា (ភូមា) ដែលកំពង់ផែអន្តរជាតិរបស់បណ្ដាប្រទេសទាំងនោះ សុទ្ធតែមានភាគហ៊ុនរបស់ប្រទេសចិន ក្នុងនោះយ៉ាងច្រើនសន្ធឹកសន្ធាប់។
ទស្សនាវដ្ដី Forbes របស់អាមេរិក រាយការណ៍ថា ប្រទេសស្រីលង្កា ត្រូវបានប្រែក្លាយពីការវិនិយោគរបស់ជនជាតិចិន មកជាការគ្រប់គ្រងដោយជនជាតិចិន ជំនួសវិញ ដោយសារតែប្រទេសនេះបានធ្លាក់ខ្លួនផុងជ្រៅចូលក្នុងបំណុលវ័ណ្ឌកជាមួយប្រទេសចិន ក្នុងតម្លៃទឹកប្រាក់រាប់ពាន់លានដុល្លារ។ ជាលទ្ធផល ប្រទេសនេះ បានបង្ខំចិត្តដាក់លក់ភាគហ៊ុនចំនួន ៨៥ភាគរយ នៃការគ្រប់គ្រងកំពង់ផែអន្តរជាតិឈ្មោះ ហាមបានតូតា (Hambantota) របស់ខ្លួន ទៅឲ្យប្រទេសចិន គ្រប់គ្រង ជាថ្នូរនឹងការលុបចោលទឹកប្រាក់បំណុលចំនួន ១,១ពាន់លានដុល្លារ (១,១ប៊ីលាន)។
ករណីដែលបានកើតឡើងនៅក្នុងប្រទេសទាំងនេះ មិនខុសគ្នាប៉ុន្មានពីអ្វីដែលកំពុងតែកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ពេលបច្ចុប្បន្ននេះឡើយ ដោយសារតែការហូរចូលដ៏ច្រើនសន្ធឹកសន្ធាប់នៃវិនិយោគទុនរបស់ចិន រួមនឹងកំណើននៃបំណុលរដ្ឋ ឬបំណុលសាធារណៈដែលកម្ពុជា ជំពាក់មហាអំណាចចិន។
យោងតាមទិន្នន័យស្ថិតិបំណុលសាធារណៈកម្ពុជា ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមឆមាសទី១ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ បំណុលសាធារណៈសរុបដែលកម្ពុជា ជំពាក់បរទេសសម្រាប់បម្រើឲ្យការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអាទិភាពដទៃទៀត គឺមានចំនួនដល់ទៅជាង ៩ពាន់លានដុល្លារ (៩.២៩៥,២៦) ស្មើនឹងជាង ៤៤ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា ដែលមានទឹកប្រាក់ប្រមាណ ២០,៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៧នេះ។
ក្នុងចំណោមបំណុលសាធារណៈសរុបដែលកម្ពុជា ជំពាក់នេះ បំណុលដែលកម្ពុជា ជំពាក់ចិន មានចំនួនច្រើនជាងប្រទេសណាៗទាំងអស់ គឺស្មើនឹងដល់ទៅជិត ៤ពាន់លានដុល្លារ (៣.៩៩៥,១៥) ឬស្មើនឹង ៤២,៩៨% នៃបំណុលរដ្ឋសរុបទាំងមូល។ ទាំងនេះ នៅមិនទាន់រាប់បញ្ចូលបំណុលដទៃទៀតដែលវិស័យឯកជនកម្ពុជា ជំពាក់ចិន ដែលអាចនឹងកើនឡើងដល់ទៅរាប់ពាន់លានដុល្លារអាមេរិកបន្ថែមទៀត។
មិនខុសពីការព្រមានរបស់លោកសាស្ត្រាចារ្យបណ្ឌិត អៀ សុផល ពីខាងលើនេះប៉ុន្មានទេ អ្នកវិភាគគោលនយោបាយការបរទេសម្នាក់ទៀត គឺលោកបណ្ឌិត ខាល ថៃយ័រ (Carlyle Thayer) សាស្ត្រាចារ្យកិត្តិយសសភាកងទ័ពការពារជាតិអូស្ត្រាលី នៃសាកលវិទ្យាល័យ New South Wales ក៏បានលើកឡើងអំពីលទ្ធភាពដែលថា មហាអំណាចចិន អាចនឹងប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាមូលដ្ឋានយោធានាពេលអនាគតខាងមុខនេះដែរ ប្រសិនកត្តាភូមិសាស្ត្រមួយចំនួនបានក្លាយជាការពិត។ លោកសាស្ត្រាចារ្យបណ្ឌិត ខាល ថៃយ័រ ផ្តល់អំណះអំណាងថា ខណៈប្រទេសចិន ទើបបានបង្កើតរួចហើយនូវមូលដ្ឋានយោធាដំបូងបង្អស់នៅក្នុងប្រទេសឌីប៊ូទី (Djibouti) នៅទ្វីបអាហ្វ្រិក និងស្របពេលដែលគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់មួយ-វិថីមួយ» កំពុងដំណើរការទៅមុខ លោកថា ប្រទេសចិន កំពុងសម្លឹងរកមើលលទ្ធភាពក្នុងការគ្រប់គ្រងកំពង់ផែរបស់បណ្ដាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាមហាសមុទ្រឥណ្ឌា សមុទ្រចិនខាងត្បូង និងត្រើយសមុទ្រចិនខាងកើត។ លោកបណ្ឌិត ខាល ថៃយ័រ បន្តថា បើទោះជាកម្ពុជា មិនស្ថិតក្នុងភូមិសាស្ត្រនាវាចរណ៍យុទ្ធសាស្ត្រទាំងនេះក៏ដោយ ការណ៍នេះទំនងជាអាចនឹងប្រែប្រួល ប្រសិនបើប្រទេសចិន សម្រេចចិត្តផ្តល់ហិរញ្ញប្បទានក្នុងទឹកប្រាក់ ២៨ពាន់លានដុល្លារឲ្យប្រទេសថៃ សាងសង់ព្រែកជីកកាត់តាមទន្លេ «ក្រា» (Kra Isthmus canal) ប្រវែង ១៣៥គីឡូម៉ែត្រ កាត់ភាគខាងត្បូងប្រទេសថៃ ដើម្បីតភ្ជាប់មហាសមុទ្រឥណ្ឌា កាត់តាមឈូងសមុទ្រថៃ ទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក។ លោកពន្យល់ថា ប្រទេសចិន បានអភិវឌ្ឍចំណងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ តាមរយៈការជួយសាងសង់អគារអប់រំវិស័យយោធា វិទ្យាស្ថានបណ្ដុះបណ្ដាលភាសាចិន និងផ្តល់នូវជំនួយយោធា រួមមានគ្រឿងសព្វាវុធ និងរថក្រោះ ជាច្រើនប្រភេទ។ លោកថា ពេលវេលានេះជាពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែត្រូវការការគាំទ្រទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចពីសំណាក់ប្រទេសចិន ក្រោមរូបភាពជាការវិនិយោគ ជំនួយ និងកម្ចី ដើម្បីរក្សារបបរបស់លោកឲ្យនៅគង់វង្សបានយូរ ដោយសារតែលោកកំពុងមានទំនាក់ទំនងល្អក់កករជាមួយក្រុមប្រទេសបស្ចិមលោក។
បន្ថែមពីលើការយល់ឃើញខាងលើនេះ សម្រាប់លោក ស៊ិបប៊េស្ទៀន ស្រេ្ទងជីអូ (Sebastian Strangio) អ្នកកាសែតជនជាតិអូស្ត្រាលី និងជាអ្នកនិពន្ធសៀវភៅ «កម្ពុជារបស់ហ៊ុនសែន ឬ Hun Sen’s Cambodia» លោកលើកឡើងថា បើទោះជាលទ្ធភាពនៃការដាក់មូលដ្ឋានយោធារបស់ចិន នៅក្នុងទឹកដីកម្ពុជា ជាហេតុការណ៍មួយដែលពិបាកនឹងទស្សន៍ទាយក៏ដោយ ក៏ប៉ុន្តែការពឹងផ្អែកហួសហេតុពេកទៅលើប្រទេសចិន តែមួយ ប្រាកដណាស់នឹងបណ្ដាលឲ្យមានហានិភ័យសម្រាប់របបលោក ហ៊ុន សែន ក្នុងការទប់ទល់ទៅនឹងលទ្ធភាពនៃការបាត់បង់អំណាចគ្រប់គ្រងជោគវាសនាប្រទេសរបស់ខ្លួន។ លោកបន្តថា របបលោក ហ៊ុន សែន ប្រហែលជាមិនបានគិតគូរដល់ករណីមួយនេះទេ។
កាលពីឆ្នាំ២០១៧ កន្លងទៅ ទំហំពាណិជ្ជកម្មសរុបទ្វេភាគីរវាងកម្ពុជា និងចិន មានតម្លៃជាទឹកប្រាក់មិនតិចជាង ៥,១ពាន់លានដុល្លារឡើយ។ ប្រទេសចិន ឈរនៅលំដាប់ទីមួយនៃវិនិយោគទុនដោយផ្ទាល់របស់បរទេសក្នុងប្រទេសកម្ពុជា។ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតត្រឹមខែសីហា ឆ្នាំ២០១៧ វិនិយោគទុនចិននៅកម្ពុជា មានទឹកប្រាក់សរុបប្រមាណ ១៦,២ពាន់លានដុល្លារ។ ក្នុងនោះ ការវិនិយោគរបស់ចិន ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ មានគម្រោងវិនិយោគសរុបចំនួន ១១០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣១០លានដុល្លារ។ បច្ចុប្បន្ន មានក្រុមហ៊ុនវិនិយោគចិនមិនតិចជាង ២ពាន់ក្រុមហ៊ុនឡើយ កំពុងវិនិយោគនៅកម្ពុជា ខណៈដែលចំនួនក្រុមហ៊ុនទាំងនេះដែលបានមកវិនិយោគនៅកម្ពុជា ចេះតែបន្តកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ វិនិយោគិនចិន នៅកម្ពុជា មាននៅក្នុងស្ទើរគ្រប់វិស័យ រួមមានវិស័យវាយនភណ្ឌ និងស្បែកជើង ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ទូរគមនាគមន៍ បច្ចេកវិទ្យា ធនាគារ និងហិរញ្ញវត្ថុ កសិកម្ម កសិឧស្សាហកម្ម អចលនទ្រព្យ និងសំណង់ និងវិស័យទេសចរណ៍ជាដើម។
នៅក្រោយកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ នៅកម្ពុជា នាយករដ្ឋមន្ត្រីចិន លោក លី ឃឺឈាង និងលោក ហ៊ុន សែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគចំនួន ១៩។ នៅមួយខែមុនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទាំងនេះ វិនិយោគិនចិន បានសន្យាថា នឹងវិនិយោគទឹកប្រាក់ជាង ៧ពាន់លានដុល្លារ ដែលក្នុងនោះរួមមានការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ ប្រវែង ២០០គីឡូម៉ែត្រ ក្នុងតម្លៃជាង ២ពាន់លានដុល្លារ ការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីលើផ្ទៃដី ២.៦០០ហិកតារនៅខេត្តកណ្ដាល ក្នុងតម្លៃទឹកប្រាក់ជាង ១.៥០០លានដុល្លារ ដែលនឹងក្លាយជាព្រលានយន្តហោះធំជាងគេបង្អស់ទី៩ នៅលើពិភពលោក រួមនឹងនឹងគម្រោងបង្ហោះផ្កាយរណបដំបូងបង្អស់របស់កម្ពុជា ក្នុងតម្លៃទឹកប្រាក់ ១៥០លានដុល្លារ ។ល។
ក្រៅពីនេះ ក្រុមហ៊ុនចិន ក៏បានវិយោគគម្រោងកសាងទីក្រុងរណប កសាងមជ្ឈមណ្ឌលផ្ដល់សេវាទេសចរណ៍ និងការវិនិយោគខ្នាតធំលើវិស័យធនាគារ ផងដែរ។ កាលពីពាក់កណ្ដាលខែសីហា ឆ្នាំ២០១៧ ចិនបានប្រកាសវិនិយោគសាងសង់ព្រលានយន្តហោះនៅខេត្តសៀមរាប ក្នុងតម្លៃទឹកប្រាក់ជិត ១ពាន់លានដុល្លារ (៩៦២) និង សាងសង់ព្រលានយន្តហោះអន្តរជាតិនៅខេត្តកោះកុង ដែលមានតម្លៃជាង ៣៥០លានដុល្លារ (លើផ្ទៃដី ៧៥០ហិកតារ)។ កាលពីឆ្នាំ២០១៦ ក្រុមហ៊ុនចិន បានវិយោគកញ្ចប់ទឹកប្រាក់សរុប ៣,៨ពាន់លានដុល្លារ បង្កើតគម្រោងទេសចរណ៍ធម្មជាតិ រួមមានរមណីយដ្ឋានឆ្នេរសមុទ្រ «តារាសាគរ» ទីក្រុងរណប ឬហៅថា «ទីក្រុងមិត្តភាពកម្ពុជា-ចិន» ជាផ្នែកមួយគ្របដណ្ដប់នៅលើផ្ទៃដីវិនិយោគសរុប ៤ម៉ឺន ៥ពាន់ហិកតារ ក្នុងស្រុកបុទុមសាគរ និងស្រុកថ្មបាំង ខេត្តកោះកុង។
កាលពីឆ្នាំ២០១៣ ចិនក៏បានប្រកាសវិនិយោគទឹកប្រាក់ចំនួន ១១ពាន់លានដុល្លារ ដើម្បីធ្វើការសាងសង់កំពង់ផែទឹកជ្រៅនៅខេត្តកោះកុង ផ្លូវរថភ្លើងតភ្ជាប់ពីខេត្តព្រះវិហារ ទៅកាន់កំពង់ផែខេត្តកោះកុង និងរោចក្រស្លដែក ដែលនេះសុទ្ធសឹងតែជាគម្រោងវិនិយោគដ៏ធំបំផុតដែលចិន បានវិនិយោគនៅកម្ពុជា។ កំពង់ផែនេះនឹងអនុញ្ញាតឲ្យកប៉ាល់ផ្ទុកទម្ងន់រហូតដល់ទៅ ១ម៉ឺនតោនចូលសំចត ដោយសារតែសមុទ្រនៅទីនោះមានជម្រៅ ១១ម៉ែត្រ។ បើទោះបីជាទីក្រុងប៉េកាំង មិនដែលបញ្ជាក់ថា ខ្លួនមានផែនការប្រើប្រាស់កំពង់ផែថ្មីនេះ ដើម្បីបម្រើឲ្យគោលដៅវិស័យយោធាក៏ដោយ ក៏ប៉ុន្តែអ្នកជំនាញអំពីអាស៊ីនៅសាកលវិទ្យាល័យជាតិអូស្ត្រាលី គឺលោក ចេហ្វ វេដ (Geoff Wade) ត្រូវបានកាសែត ហ្វាយណេនស្យល ថែមស៍ (Financial Times) ស្រង់ប្រសាសន៍អំពីការវិភាគរបស់លោកនៅក្នុងអត្ថបទស៊ើបអង្កេតចេញផ្សាយថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ដាក់ចំណងជើងថា «វិធីសាស្ត្រដែលចិនប្រើប្រាស់លុយដើម្បីចូលមកវិនិយោគនៅកម្ពុជា» ដែលលោកវិភាគថា កំពង់ផែនៅខេត្តកោះកុងនេះ មានទំហំធំល្មមអាចនឹងឲ្យនាវាចម្បាំងពិឃាដប្រភេទ frigates និងdestroyers របស់ចិន ចូលសំចតបាន ប្រសិនបើមានតម្រូវការចាំបាច់ណាមួយនោះ។
មិនមែនមានតែវិស័យវិនិយោគទុនប៉ុណ្ណោះទេដែលចិន ឈរនៅលំដាប់ទីមួយ។ ក្នុងឆ្នាំ២០១៧ នេះ ផ្អែកតាមទិន្នន័យរបស់ក្រសួងទេសចរណ៍ ភ្ញៀវទេសចរណ៍ជនជាតិចិន ក៏ឈរនៅលំដាប់ទីមួយដែរ ក្នុងចំណោមភ្ញៀវទេសចរបរទេសសរុបដែលបានមកទស្សនាកម្ពុជា ចំនួនជាង ៥លាន ៦សែននាក់ ដោយក្នុងនោះភ្ញៀវទេសចរជនជាតិចិន មានចំនួនរហូតដល់ទៅជាង ១លាន ២សែននាក់ ដែលបាននាំយកនូវទឹកប្រាក់មិនតិចជាង ៧០០លានដុល្លារ មកចាយវាយនៅកម្ពុជា។ កម្ពុជាគ្រោងទាក់ទាញយកភ្ញៀវទេសចរចិន ឲ្យបានយ៉ាងហោចណាស់ចំនួន ២លាននាក់នៅឆ្នាំ២០២០ ខាងមុខនេះ។ បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន ១២ក្រុមហ៊ុន កំពុងប្រតិបត្តិការជើងហោះហើរចំនួន ១៥៥ជើងហោះហើរ ដោយផ្ទាល់ពីប្រទេសចិន មកកាន់កម្ពុជា រៀងរាល់សប្ដាហ៍។
គម្រោងវិនិយោគចិនទាំងនេះ គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រដែលជាមហិច្ឆតាប្រចាំសតវត្សរបស់ចិន ក្រោមគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់មួយ-វិថីមួយ» ឬហៅថា «វិថីសូត្រថ្មី» ដែលមានតម្លៃទឹកប្រាក់សរុបជាង ១២៤ពាន់លានដុល្លារអាមេរិក ហើយដែលត្រូវបានលាតត្រដាងដោយប្រទេសចិន ជាលើកដំបូងកាលពីឆ្នាំ២០១៣ ក្នុងគោលបំណងផ្សារភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដើម្បីសម្រួលការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសក្នុងទ្វីបអាស៊ី ទៅកាន់ទ្វីបអាហ្វ្រិក និងអឺរ៉ុប និងទៅកាន់តំបន់ផ្សេងពីនេះក្នុងពិភពលោក៕