លោក សុខ ឥសាន សុំទោស​ខ្មែរក្រោម ធ្វើ​ដោយ​ប្រយោល និង​គ្មាន​ការ​ទទួលខុសត្រូវ

ដោយ សេក បណ្ឌិត
2024.07.24
លោក សុខ ឥសាន សុំទោស​ខ្មែរក្រោម ធ្វើ​ដោយ​ប្រយោល និង​គ្មាន​ការ​ទទួលខុសត្រូវ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៦។
RFA File

អ្នកប្រើប្រាស់​បណ្តាញ​សង្គម​នៅតែ​បន្ត​បង្ហោះ​សារ​ផ្តោត​ទៅ​លើ​ខ្មែរ​កម្ពុជា​ក្រោម ជាពិសេស​ពួកគាត់​រិះគន់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក សុខ ឥសាន តែង​ម្តង ក្រោយពី​លោក​និយាយ​ថា​៖ ខ្មែរក្រោម គឺជា​«​ជនជាតិ​វៀតណាម​» មិនមែន «ជនជាតិ​ខ្មែរ»

ទោះបីជា​លោក សុខ ឥសាន ព្រម​សុំទោស​ជា​សាធារណៈ​លើ​បណ្ដាញ​សង្គម​លើ​អ្វី​ដែល​លោក​បាន​និយាយ។

ប៉ុន្តែ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយចំនួន​យល់​ថា ការ​សុំ​ទោស​នេះ ធ្វើ​ឡើង​ដើម្បី​បង្គ្រប់កិច្ច នូវ​អ្វី​ដែល​លោក​បាន​និយាយ​ទាំង​បំពាន​ច្បាប់ និង​ការពិត អំពី​ខ្មែរ​កម្ពុជា​ក្រោម។

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​យល់​ឃើញ​ថា ការ​ថ្លែង​របស់ សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា អំពី​ខ្មែរក្រោម​នេះ ស​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា ពុំ​បាន​យកចិត្តទុកដាក់​ដល់​សុខទុក្ខ​របស់​ពលរដ្ឋ​ខ្មែរក្រោម ដែល​គ្រប់គ្រង​ដោយ​វៀតណាម​នោះ​ទេ។

ម្ចាស់​គណនី​ហ្វេសប៊ុក​ដែល​ដាក់​ឈ្មោះ​ថា ផៅ សុចាន់ យល់​ឃើញ​ថា ការ​សុំទោស​របស់ សុខ ឥសាន នេះ​មិនមែន​ជា​ការ​សុំ​ទោស​ដោយ​សុទ្ធចិត្ត​នោះ​ទេ គ្រាន់តែ​សុំ​ទោស​ដោយ​ប្រយោល​ប៉ុណ្ណោះ​...!!

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម មួយទៀត មាន​ដែល​ដាក់​ឈ្មោះ​ថា ស្រុក​សម្តេច (Srok Samdach) ក៏បាន​បញ្ចេញមតិ​ជុំវិញ​រឿង​នេះ​ដែរ​ថា។

គួរ​ឱ្យ​ខ្មាស​យួន​ណាស់ យួន​មក​រស់នៅ​ស្រុក​ខ្មែរ អ្នកដឹកនាំ​យួន​គេ​ទាមទារឱ្យមាន​សិទ្ធិ​គ្រប់យ៉ាង ឯ​បក្ស​ប្រជាជន មិន​បាន​ជួយ​អ្វី​សោះ ដល់​ខ្មែរ​ក្រោម ថែមទាំង​យក​ជើងរាទឹក ដល់​គេ​ថា ខ្ញុំ​យួន ចោទ​គេ​ថា លាប​ពណ៌។

គាត់​ថា​ហួស​ព្រំដែន តែ​បើ​ខ្មែរ​មាន​អ្នកដឹកនាំ​ដែល​ស្រឡាញ់​ជាតិ​ពិត​ត្រូវ​ទាមទារ​យក​កម្ពុជា​ក្រោម​មក​វិញ អាហ្នឹង​គឺ​នៅក្នុង​ព្រំដែន​ហើយ។

ចំណែក អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ដែល​មាន​ឈ្មោះថា លឹម សំអាត​(Lim Samath) មាន​ទស្សន​ថា គ្រាន់តែ​ស្នើ​គ្មានអ្វី​ថា​មិនកើត​ទេ បើ​មាន​ឆន្ទៈ​ស្រឡាញ់​ខ្មែរ ព្រោះ​ខ្មែរ​ជា​ម្ចាស់​ទឹកដី​នៅ​ទីនោះ ហើយ​ត្រូវ​បាន​គេ​ប្លន់​យក​ទឹកដី​។ គាត់​និយាយ​បែបនេះ​មកពី​គាត់​កំពុង​ស្រវឹងអំណាច លក់​មនសិការ​ទៅ​ឲ្យ​បរទេស និយាយ​រួម​ជា​ជន​ក្បត់ជាតិ​សាសន៍​ខ្លួនឯង។

ចំណែក​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ដែល​ដាក់​ឈ្មោះ​ថា ផល ជូ (Paull Chu) វិញ បាន​បន្ទរ​ថា​៖ «​គ្រួសារ ហ៊ុន សែន ខ្លាច​យួន​ណាស់ អ្វី​ដែល​ពួកគេ​មាន​សព្វថ្ងៃ​គឺ​ផ្តល់​ដោយ​យួន ហើយ​យួន​អាច​បំផ្លាញ​គ្រួសារ​នេះ​ក្នុង​មួយ​វិនាទី បើ​យួន​មិន​សប្បាយ​ចិត្តនឹង​គ្រួសារ​ហ៊ុន ដូច្នេះ គ្រួសារ ហ៊ុន នឹង​មិន​និយាយ​អំពី​ខ្មែរក្រោម​ឡើយ។

ទាក់ទង​រឿងរ៉ាវ ដែល​ថា ខ្មែរក្រោម ជា​ជនជាតិ​នេះ​ដែរ លោក សេង វណ្ណ​លី អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក៏បាន​ផ្ញើ​សារ​ឆ្លើយតប​ទៅ​លោក សុខ ឥសាន តាមរយៈ​ទំព័រ​ហ្វេសប៊ុក របស់​លោក ដោយ​ដាក់​ចំណងជើង​ថា​៖ រឿង​ខ្មែរក្រោម ជា ខ្មែរ ឬ វៀតណាម​? លោក​បាន​លើកឡើង​ចំនួន​៤​ចំនុច។

លោក​សរសេរ​ថា ការ​លើកឡើង​របស់​លោក សុខ ឥសាន ដែល​ថា ខ្មែរក្រោម គឺជា «​ជនជាតិ​វៀតណាម​» មិនមែន «​ជនជាតិ​ខ្មែរ​» ផ្ទុយ​ពី​ច្បាប់​កម្ពុជា​ស្ដីពី ‘​សញ្ជាតិ​’ ដែល​ចែង​ក្នុង​មាត្រា​ទី ៩ នៃ​ជំពូក​ទី ៤ ថា​៖«​ត្រូវ​បាន​សញ្ជាតិ​ខ្មែរ​ទោះបី​កើត​នៅ​ទីណា​ក៏ដោយ»។ ម្យ៉ាងទៀត ការណ៍​ដែល​លោក​និយាយ​ថា «​គ្មាន​ខ្មែរក្រោម​ណា​ម្នាក់​កាន់​សញ្ជាតិ ឬ​លិខិតឆ្លងដែន​ខ្មែរ​»​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​មិន​ទទួលស្គាល់​ខ្មែរក្រោម​រាប់​លាន​នាក់​ដែល​កំពុង​រស់នៅ​កម្ពុជា និង​បរទេស​និង​បង្ហាញ​ពី​ការ​មិន​យល់ដឹង​ពី​នីតិវិធី​នៃ​អត្តសញ្ញាណកម្ម​សម្រាប់​ខ្មែរក្រោម​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ចំណុះ​ឲ្យ​ក្រសួងមហាផ្ទៃ។ ការ​លើកឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់ ស្មើនឹង​បដិសេធ​ច្បាប់​ស្ដីពី​សញ្ជាតិ​ខ្មែរ​សម្រាប់​ជនរួមជាតិ​/​ឈាម​ខ្មែរក្រោម និង​មិន​សាក​សមជា​អ្នកនយោបាយ​ខ្មែរ និង​ជា​សមាជិក​ព្រឹទ្ធសភា​ទាល់តែសោះ។ ជាក់ស្តែង ស្ទើរ​គ្រប់​ប្រទេស​នៅ​ពិភពលោក ការ​លើក​របៀប​នេះ​ស្មើនឹង​ទោស‘​ក្បត់ជាតិ​’ និង​មិន​សក្ដិសម​កើត​មក​ជា​ខ្មែរ​នោះ​ទេ។

ស្រដៀង​គ្នា​នេះ​ដែរ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ម្នាក់ទៀត​ដែល​ដាក់​ឈ្មោះ​ថា ខៀវ សាវ៉ាត ក៏​បញ្ចេញ​ទស្សនៈ និង មាន​សំណួរ​ទៅកាន់​លោក​លោក សុខ ឥសាន ដែរ​ថា «​ឈាម​ជា​ខ្មែរ បើ​ខ្មែរ​មិន​ទទួលស្គាល់​ខ្មែរ​ខ្លួនឯង យួន​រឹត​តែ​បានដៃ​ធ្វើបាប​ខ្មែរ កាន់តែ​ខ្លាំង​ហើយ តើ​លោកតា មាន​បេះដូង ជា​ខ្មែរ​ដែរ​ទេ​? តើ​កំហុស​អ្នកណា..?

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។