អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានចាប់អារម្មណ៍ផ្តោតលើដំណើរទស្សនកិច្ចរបស់របស់លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលស្និទ្ធនឹងលោកបានមកដល់ទឹកដីប្រទេសមួយចំនួនក្នុងតំបន់អាស៊ី ជាពិសេសចុងក្រោយនេះ ក្រុមលោក សម រង្ស៊ី បានមកដល់ប្រទេសម៉ាឡេស៊ី ដែលស្ថិតនៅកៀកនឹងកម្ពុជាមែនទែន។
អ្នកប្រើប្រាស់បណ្ដាញសង្គមបញ្ចេញទស្សនៈយល់ឃើញថា លោក ហ៊ុន សែន កំពុងកើតរោគភ័យខ្លាចស្រមោលលោក សម រង្ស៊ី។
អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានចែករម្លែក ឬshare នូវព័ត៌មានទាក់ទងនឹងដំណើរទស្សនកិច្ចរបស់របស់លោក សម រង្ស៊ី នៅម៉ាឡេស៊ី។
ជាមួយគ្នានេះពួកគាត់ហាក់មានក្តីសង្ឃឹមអំពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ថា លោក សម រង្ស៊ី អាចមានលទ្ធភាពប្រើជំនាញការទូតរបស់លោកក្នុងការត្រួសត្រាយបើកផ្លូវប្រជាធិបតេយ្យឡើងវិញសម្រាប់កម្ពុជា ខណៈប្រទេសមួយចំនួននៅតំបន់អាស៊ីបានផ្លាស់ប្ដូរមេដឹកនាំថ្មី ហើយមេដឹកនាំទាំងនោះជាបុគ្គលនិយមប្រជាធិបតេយ្យដូចលោកដែរ។
ម្ចាស់គណនីហ្វេសប៊ុកមួយ ដែលដាក់ឈ្មោះថា ស្រឡាញ់នយោបាយ ទ្បូយប្រាំបួន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់គាត់ថា៖ «ពួកគាត់ទៅដល់ប្រទេសម៉ាឡេស៊ី ដោយមានបងប្អូនខ្មែរអ៊ីស្លាមទៅទទួលយ៉ាងកក់ក្តៅ។ បើ ហ៊ុន សែន នៅមិនក្លាហានបើកឱ្យភ្លើងទៀនចូលប្រកួតទេ នាងខ្ញុំសង្ឃឹមថាលោកប្រធានស្តីទីសមរង្ស៊ីនឹងដឹកនាំពលរដ្ឋខ្មែរទាមទារដោយអហិង្សាយកលទ្ធិប្រជាធិបតេយ្យសេរីភាព និងអំណាចជូនពលរដ្ឋខ្មែរវិញ ឱ្យបានមុននឹងកៀកថ្ងៃបោះឆ្នោតក្លែងក្លាយមកដល់ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃ២៣ កក្កដា ២០២៣ ខាងមុខ ដោយសារគ . ជ . បនិងក្រុមប្រឹក្សាធម្មនុញ្ញបានបំបាត់បេក្ខភាពបក្សប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជា គឺបក្សភ្លើងទៀនព្រោះខ្លាចចាញ់ឆ្នោត។ សូមពលរដ្ឋទាំងអស់គ្នាចូលរួមគ្នាជាមួយអ្នកប្រជាធិបតេយ្យដើម្បីទទួលបានប្រទេសមួយដែលមានការបោះឆ្នោតដោយសំងាត់ សេរី ត្រឹមត្រឹមត្រូវពិតប្រាកដ។ សូមកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ការពារប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលជាជនរួមជាតិ រួមឈាម រួមទឹកដី រួមផ្ទៃមាតា សាច់ញាតិ បង ប្អូន ក្មួយ ចៅ ចៅទួតរបស់យើង។ នាងខ្ញុំសូមបួងសួងដល់វិញ្ញាណបុព្វបុរសខ្មែរនិងវត្ថុសក្កសិទ្ធក្នុងលោកទាំងអស់ជួយឱ្យកម្ពុជាយើងបានរួចពីការដឹកនាំផ្ដាច់ការរបស់លោក ហ៊ុន សែន និងពលរដ្ឋរួចផុតពីទុក្ខភ័យទាំងពួង»។
ដោយឡែក ម្ចាស់គណនីហ្វេសប៊ុកមួយទៀតដែលដាក់ឈ្មោះថា Mono Tep គាត់ក៏បានសរសេរទាក់ទងនឹងរឿងនេះដែរថា៖ «លោក សម រង្ស៊ី ទៅទស្សនកិច្ចនៅម៉ាឡេស៊ី ដោយមានភ្នាក់ងារមន្ត្រីការពារជាតិ ប្រទេសម៉ាឡេស៊ីមកការពារសុវត្ថិភាពលោកក្នុងព្រលានយន្តហោះទីក្រុងកូឡាឡាំពួរ (Kuala Lumpur) ប្រទេសម៉ាឡេស៊ី។ បន្ទាប់មកលោក សម រង្ស៊ី ជួបប្រជុំជាមួយមន្ត្រីរដ្ឋាភិបាល ម៉ាឡេស៊ី នៅក្នុងរដ្ឋសភាប្រទេសម៉ាឡេស៊ី។
ចំណែក ព័ត៌មានថា រដ្ឋាភិបាលម៉ាឡេស៊ីបណ្តេញលោក សម រង្ស៊ី និងប្រតិភូចេញពីប្រទេសម៉ាឡេស៊ីនោះ មិនពិតទេ ហ៊ុន សែន ផ្សាយព័ត៌មានភូតភរបោកប្រាស់ ប្រជាពលរដ្ឋខ្មែរសុទ្ធសាធ។
រួចពីការងារជាមួយប្រតិភូអមដំណើរដើរកម្សាន្ត ក្នុងទីក្រុងកូឡាឡាំពួរ និងជាមួយបងប្អូនខ្មែរឥស្លាម ដែលរស់នៅ ប្រទេសម៉ាឡេស៊ី។
លោក សម រង្ស៊ី និងគណៈប្រតិភូ បានទៅដល់ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៩ ឧសភា និងបានជួបតំណាងរាស្ត្រ និងមន្ត្រីរដ្ឋាភិបាលម៉ាឡេស៊ីមួយចំនួន ជជែកអំពីបញ្ហាលំហសេរីភាព និងប្រជាធិបតេយ្យនៅកម្ពុជា ដែលរបបលោក ហ៊ុន សែន កំពុងតែបំផ្លាញចោល ថ្វីត្បិតមន្ត្រីទូតខ្មែរប្រចាំនៅប្រទេសម៉ាឡេស៊ី បានព្យាយាមទៅរារាំង និងសុំឲ្យមន្ត្រីការបរទេសម៉ាឡេស៊ី កុំឱ្យលោក សម រង្ស៊ី បន្តនៅម៉ាឡេស៊ីយ៉ាងណាក្ដី។
ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិលើកឡើងថា លោក សម រង្ស៊ី បានទៅជាន់ទឹកដីម៉ាឡេស៊ីជាថ្មីទៀត ក្រោយពីរបបលោក ហ៊ុន សែន រារាំងមិនឲ្យលោកវិលទៅកម្ពុជាកាលពីថ្ងៃទី៩វិច្ឆិកាឆ្នាំ២០១៩ នោះ ប្រៀបដូចជាបានទះកំផ្លៀងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូច្នោះដែរ។
ការលើកឡើងរបស់អ្នកវិភាគនេះ នៅក្រោយពេលលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានអួតអាង ក្រោយពីលោកបានជួបលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) កាលពីខែមីនាឆ្នាំ២០២៣ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម មិនឲ្យក្រុមមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា ជាន់ទឹកដី ឬប្រើប្រាស់ទឹកដីម៉ាឡេស៊ី ដើម្បីធ្វើនយោបាយប្រឆាំងនឹងរូបលោកឡើយ។
ម្ចាស់គណនីហ្វេសប៊ុកផ្សេងទៀត ដែលដាក់ឈ្មោះថា ខ្មែរហ្វ័រខ្មែរ ( Khmer Fourkhmer) បញ្ចេញទស្សនៈបែបទំនងចំអកឲ្យលោក ហ៊ុន សែន ថា៖ មកក្បែរ សោះ ភ័យដល់ម្លឹង ភ័យខ្លាំងរហូតដល់ឮតែឈ្មោះ ចង់ប្រកាច់ ដាច់ខ្យល់....!!
រីឯម្ចាស់គណនីយហ្វេសប៊ុកផ្សេងទៀតដាក់ឈ្មោះថា៖ បង ពេជ្យ (Bong Pich) ក៏បានសរសេរសារចំអក លោក ហ៊ុន សែនដែរថា៖ ចង់ចាប់គេ ម៉េចក៏ មិនឱ្យគេចូលស្រុកទៅ ហើយចាប់ទៅឆ្ងល់ដែរតើ...?
ទស្សនៈស្រដៀងគ្នានេះដែរ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សុខ រី បានសរសេរដាក់ជាចម្ងល់ដែរថា៖ ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរមួយរូប មានចម្ងល់យ៉ាងខ្លាំងថា ហេតុអ្វីបានជាសម្ដេចខ្លាចលោក សម រង្ស៊ី ម្ល៉េះ បើលោក សម រង្ស៊ី មកមិនស្រួល ? ព្រោះសម្តេចចង់ចាប់ដាក់គុកផងចាំបាច់រារាំងធ្វើអី..? ។
ដោយឡែក ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ សុវណ្ណា(Sovan Na) មើលឃើញថា លោក ហ៊ុន សែន សព្វថ្ងៃកំពុងកើតរោគភ័យខ្លាចស្រមោលលោក សម រង្ស៊ី....។
ចំណែក ឯម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ សុខ មករា វិញ យល់ថា៖ « រដ្ឋាភិបាលឯកបក្ស ភ័យ អី ភ័យយ៉ាងនេះ ប្រហែលដើរជិតដល់មាត់ជ្រោះហើយ ...!!»
ដោយឡែក ម្ចាស់គណនីហ្វេសប៊ុក ដាក់ឈ្មោះ ជាភាសាថៃ ថា ប្រជាជនកម្ពុជា(ประชาชน กัมพูชา) សរសេរថា៖ «ហ៊ុន សែន ស្អប់ លោកប្រធាន សម រង្ស៊ី ព្រោះលោក សម រង្ស៊ី បានបង្ហាញថា គាត់ជាឃាតកសម្លាប់ខ្មែរ»។
ស្របពេលម៉ាឡេស៊ីនៅតែទទួលស្វាគមន៍លោក សម រង្ស៊ី ប៉ុន្តែលោក ហ៊ុន សែន នៅតែសង្ឃឹមថា ប្រទេសថៃដែលនឹងមានរដ្ឋាភិបាលថ្មី កើតចេញពីការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ នឹងមិនអនុញ្ញាតឱ្យលោក សម រង្ស៊ី ចូលទឹកដីរបស់ខ្លួន ដូចជាម៉ាឡេស៊ីឡើយ។ លោក ហ៊ុន សែន ព្រមានជាមុនថា លោកនឹងឱ្យគេប្រើកាំភ្លើងធំឬគ្រាប់បេ ប៊ី.អឹម២១ ដើម្បីបាញ់កម្ទេច ប្រសិនបើលោក សម រង្ស៊ី ដឹកនាំក្រុមអ្នកគាំទ្រឆ្លងដែនប្រទេសថៃ ដើម្បីវិលចូលកម្ពុជាវិញ។
ឆ្លើយតបនឹងការគំរាមបែបនេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ(វ៉ាន់ឌី វ៉ាន់ដាហ្គា) សរសេរសារ ហាក់ចង់ឌឺដងឲ្យលោក ហ៊ុន សែន ថា៖ «សម្តេចគាត់និយាយលេងទេ គាត់មិនហ៊ានបាញ់បេអីទេ ...!!»។
ប៉ុន្តែ លោក ហ៊ុន សែន ធ្លាប់ប្រកាសថា តែថា គឺធ្វើហើយ...!!
រីឯម្ចាស់គណនីហ្វេសប៊ុកមួយទៀត ដែលដាក់ឈ្មោះថា៖ ប៉ាវ ជុំ (Pao Chum ) បញ្ចេញទស្សនៈដោយក្តីសង្ឃឹមថា៖ សម រង្សី មកតាមថែពលករចំណាកស្រុក លោក រ៉ុង ឈុន រួមជាមួយខ្មែរក្នុងស្រុក នៅថ្ងៃតែមួយច្បាស់ជាផ្អើលដល់ពិភពលោកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
