គ្រួសារ​មន្ត្រី​គណបក្ស​ភ្លើងទៀន​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​ប្តី​មក​វិញ

0:00 / 0:00

ប្រពន្ធ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន​នៅ​នៅ​រាជធានី​ភ្នំពេញ ស្នើ​ដល់​អាជ្ញាធរ​ដោះលែង​ប្តី​ឱ្យ​មាន​សេរីភាព​មក​វិញ ពីព្រោះ​ពួកគាត់​ជា​អ្នក​នយោបាយ​ដែល​មាន​កិត្តិយស និង​កេរ្តិ៍ឈ្មោះ​ស្អាត​ស្អំ​ដែល​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច។ មន្រ្តី​សិទ្ធិមនុស្ស​មើល​ឃើញ​ថា​ការ​ចាប់​ខ្លួន​សមាជិក​បក្ស​ប្រឆាំង​នេះ​ធ្វើឲ្យ​បរិយាកាស​នយោបាយ​នៅមុន​ការបោះឆ្នោត​កាន់តែ​រួម​តូច ជាពិសេស​រង​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ​បន្ថែម​ទៀត ដែល​អ្នកនយោបាយ​ត្រូវ​ដោះស្រាយ​បញ្ចប់​ជម្លោះ​ឱ្យ​បាន​ឆាប់។

ក្រុម​គ្រួសារ​ចាត់​ទុក​ការ​ចោទ​ប្រកាន់ និង​ការ​ចាប់​ខ្លួន​មន្ត្រី​គណបក្ស​ភ្លើងទៀន​ទាំងនោះ​ថា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។

ប្រពន្ធ​មន្ត្រី​គណបក្ស​ភ្លើងទៀន​នៅ​រាជធានី​ភ្នំពេញ​លោក លី រី គឺ​លោកស្រី លី គឹមហួង ប្រាប់​អាស៊ីសេរី​ថា ក្រោយ​ពេល​ប៉ូលិស​ស្លៀកពាក់​ឯកសណ្ឋាន និង​ស៊ីវិល​ប្រមាណ ២០នាក់​ចាប់​ប្តី​លោកស្រី​ដល់​ផ្ទះ ដោយ​គ្មាន​បង្ហាញ​ដីកា គឺ​មក​ដល់​ពេលនេះ​លោកស្រី​មិន​ទាន់​ដឹង​មូលហេតុ​ទាក់ទង​នឹង​ការ​ចាប់​ខ្លួន និង​មិន​បាន​ទទួល​ដំណឹង​អំពី​ប្តី​សុខទុក្ខ​យ៉ាងណា​នៅ​ឡើយ។ លោកស្រី​ចាត់ទុក​ការ​ចាប់ខ្លួន​ប្តី​ទាំង​កំរោល​នេះ​ថា ជា​រឿង​នយោបាយ ពីព្រោះ​មុន​ពេល​ប្តី​លោកស្រី​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន គឺ​លោក លី រី ត្រូវ​បាន​មន្ត្រី​គណបក្ស​កាន់​អំណាច​តាម​អូសទាញ​ឱ្យ​ចុះចូល​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើន​ដង ដោយ​សន្យា​ផ្តល់​លុយ​កាក់ ប៉ុន្តែ​គាត់​តែងតែ​បដិសេធ។

លោកស្រី លី គឹមហួង៖ «គ្មាន​អ្នកណា​ទទួល​យក​បាន​ទេ គឺ​ចាប់​គ្មាន​ដីកា​ហើយ គ្មាន​កំហុស ខ្ញុំ​ហួសចិត្ត​ដោយ​មិន​ដឹង​និយាយ​ថា មិច​ទេ ធ្វើ​អ៊ីចឹង​លើស​ពី​អាក្រក់​ពេក ប្តី​របស់​ខ្ញុំ​អត់​មាន​កំហុស​អ្វី​ដែល​ត្រូវ​ចាប់​គាត់​ទេ ខ្ញុំ​ចង់​ដឹង​ថា កំហុស​អ្វី​ដែល​ត្រូវ​ចាប់​គាត់ ហើយ​បើ​គាត់​គ្មាន​កំហុស​ទេ​សូម​ដោះ​លែង​គាត់​មក​វិញ​មក»។

ស្រដៀងគ្នា​នេះ​ដែរ ប្រពន្ធ​មន្ត្រី​គណបក្ស​ភ្លើងទៀន នៅ​រាជធានី​ភ្នំពេញ​ម្នាក់ទៀត​លោក ប៊ុន ខេត គឺ​លោកស្រី កឹម សារី ប្រាប់​ថា ត្រឹម​រសៀល​ថ្ងៃ​ទី១៥ ខែ​កក្កដា អាជ្ញាធរ​បាន​ឃុំខ្លួន​និង​សាកសួរ​ប្តី​លោកស្រី នៅ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដោយ​មិន​អញ្ញាត​ឱ្យ​គ្រួសារ​ផ្ញើ​សម្ភារៈ​ថ្នាំ​ពេទ្យ ឬ​ជួប​មុខ​ប្តី​នោះ​ឡើយ។ លោកស្រី​រៀបរាប់​ទាំង​ទឹកភ្នែក​ថា លោកស្រី​ព្រួយ​បារម្ភ​ពី​សុខភាព​ប្ដី​ជា​ខ្លាំង ពីព្រោះ​ប្ដី​គាត់​មាន​វ័យ​កាន់តែ​ចាស់ និង​មាន​ជំងឺ​ប្រចាំ​កាយ​ច្រើន​មុខ​ដូច​ជា​ជំងឺ​លើស​ឈាម និង​ជំងឺ​ទឹកនោម​ផ្អែម​ដែល​ត្រូវការ​ថែទាំ​ឱ្យ​បាន​ដិត​ដល់​ពី​ប្រពន្ធ​កូន។ លោកស្រី កឹម សារី អះអាង​ថា ប្ដី​លោកស្រី​គឺ​ជា​អ្នក​នយោបាយ​ស្អាតស្អំ​បាន​លះបង់​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដើម្បី​ជាតិ ហើយ​លោកស្រី​ស្នើ​ដល់​សមត្ថកិច្ច​ដោះលែង​ប្តី​ឱ្យ​មាន​សេរីភាព​មក​វិញ។

លោកស្រី កឹម សារី៖ «វា​មិន​ត្រឹមត្រូវ​ទេ ពីព្រោះ​សម្រុក​មក​ចាប់​ដោយ​គ្មាន​ដីកា ប្តី​របស់​ខ្ញុំ​អត់​មាន​កំហុស​អ្វី​ទេ គាត់​ជា​គណបក្ស​ប្រឆាំង​មួយ​រូប គឺ​និយាយ​ទៅ​គាត់​អត់​ខុស​តែម្តង​ដែល​គេ​ចាប់​ទៅ​ហ្នឹង ខ្ញុំ​សុំ​ឱ្យ​អាជ្ញាធរ​ដោះលែង​គាត់​មក​វិញ​មក គាត់​ចាស់​ហើយ ណាមួយ​គាត់​មាន​ជំងឺ​លើស​ឈាម និង​ជំងឺ​ទឹក​នោម​ផ្អែម​លេប​ថ្នាំ​រាល់​ថ្ងៃ សូម​ដោះលែង​គាត់​មក​បាន​នៅ​ជួប​ជុំ​កូន​ចៅ​វិញ»។

អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ព័ទ្ធ​ផ្ទះ​ឆ្មក់​ចាប់​ខ្លួន​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន​ពីរ​នាក់​ទាំង​យប់ កាល​ពី​ថ្ងៃ​ទី១៤ ខែ​កក្កដា រួមមាន​អនុប្រធាន​ក្រុម​ការងារ​នៅ​រាជធានី​ភ្នំពេញ លោក លី រី និង​ប្រធាន​ស្តីទី​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​ប្រចាំ​រាជធានី​ភ្នំពេញ​លោក ប៊ុន ខេត ដោយ​មិន​ដឹង​មូល​ហេតុ។

ទាក់ទង​រឿង​នេះ​អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក សាន សុខសីហា បដិសេធ​មិន​ឆ្លើយ​តប​នឹង​សំនួរ​របស់​វិទ្យុ​អាស៊ីសេរី​ទាក់ទង​ករណី​ចាប់ខ្លួន​មន្ត្រី​គណបក្ស​ភ្លើងទៀន​នោះ​ទេ ដោយ​លោក​រុញ​ឱ្យ​សួរ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ វិញ។ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក ខៀវ សុភ័ក្រ ដើម្បី​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៥ ខែកក្កដា។

ទោះយ៉ាងណា​លោក ខៀវ សុភ័គ ប្រាប់​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន​ថា សមត្ថកិច្ច​បាន​ចាប់​ខ្លួន​មន្រ្តី​គណបក្សភ្លើង​ទៀន​ពីរ​នាក់​គឺ​លោក លី រី និងលោក ប៊ុន ខេត តាម​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​ការ​ញុះញង់​ប្រជាពលរដ្ឋ​គូស​សន្លឹកឆ្នោត​ចោល។ លោក​ឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​សាក​សួរ និង​កំពុង​កសាង​សំណុំ​រឿង​អនុវត្ត​តាម​នីតិវិធី។

ជុំវិញ​វិញ​រឿង​នេះ​អ្នក​នាំពាក្យ​គណបក្ស​ភ្លើងទៀន​លោក គីម សួរភីរិទ្ធិ លើកឡើង​ថា គណបក្ស​ព្រួយ​បារម្ភ​ជា​ខ្លាំង ចំពោះ​ករណី​សមត្ថកិច្ច​ចាប់ខ្លួន​សមាជិក​បក្ស​ជា​បន្តបន្ទាប់​មក​នេះ។ លោក​ឱ្យ​ដឹង​ថា មេធាវី​គណបក្ស​គឺ​លោក សំ សុខគង់ និង​លោក ជូង ជូងី កំពុង​ពិនិត្យ​មើល​ករណី​នេះ​ដោយ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ការពារ​សិទ្ធិ​ជូន​ពួកគេ ដែល​ត្រូវ​អាជ្ញាធរ​ចោទ​ប្រកាន់​នោះ។

លោក គីម សួរភីរិទ្ធិ៖ «គណបក្ស​ភ្លើងទៀន​មិន​បាន​ចូលរួម​ការបោះឆ្នោត​ទេ អ៊ីចឹង​ទេ​មេត្តា​អាជ្ញាធរ​ពិនិត្យ​ឡើង​វិញ​នូវ​ការ​ឃាត់​ខ្លួន និង​ការ​ចាប់​ខ្លួន​ទាំង​ឡាយ​ណា​មេត្តា​ធ្វើ​ឱ្យ​ស្រប​តាម​នីតិវិធី និង​មាន​ភស្តុតាង​ជាក់ស្តែង​ផង ពីព្រោះ​យើង​បាន​ណែនាំ​ឱ្យ​ថ្នាក់​ដឹកនាំ​ទាំង​អស់​មិន​ត្រូវ​ធ្វើ​សកម្មភាព​អ្វី​ដែល​ផ្ទុយ​ពី​ច្បាប់​បោះឆ្នោត​ទេ»។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc)នី សុខា មាន​ប្រសាសន៍​ថា ប្រសិន​បើ​បទល្មើស​នេះ​មិន​ជាក់​ស្តែង ហើយ​សមត្ថកិច្ច​មិន​បាន​បង្ហាញ​ដីកា​ចាប់​ខ្លួន ឬ​មិន​ប្រាប់​ពី​មូល​ហេតុ​នៃ​ការ​ចាប់​ខ្លួន គឺ​ជា​ការអនុវត្ត​ខុស​នីតិវិធី ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពួក​គាត់។ ការ​ចាប់ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​វិញ លោក នី សុខា កត់​សម្គាល់​ថា​ករណីនេះ​កើតឡើង​ក្រោយ​ពេល​គណបក្ស​ភ្លើងទៀន​មិន​មាន​ឱកាស​ចូល​រួម​ការបោះឆ្នោត​នៅ​ថ្ងៃ​ទី២៣ ខែកក្កដា ខាង​មុខ រួម​ទាំង​ការ​កែ​ច្បាប់​បោះឆ្នោត​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ឈរឈ្មោះ​បោះឆ្នោត​ដែល​មតិ​ជាតិ​និង​អន្តរ​ជាតិ​មើលឃើញ​ថា ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ។

លោក នី សុខា៖ «បើសិន​យើង​នៅតែ​បន្ត​មាន​ការ​ចាប់​ខ្លួន ការ​គំរាមកំហែង ឬ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​គណបក្ស​ដៃគូ ឬ​គណបក្ស​ប្រឆាំង​ដែល​គណបក្ស​ហ្នឹង​គ្មាន​ឱកាស​ចូលរួម​ប្រកួតប្រជែង​ផង​នោះ ខ្ញុំ​គិត​ថា នេះ​ធ្វើ​ឱ្យ​បញ្ហា​នយោបាយ​កាន់តែ​ចង្អៀត​ទៅៗ គឺ​ចង់​មិន​ចង់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ ឬ​ដំណើរការ​នៃ​បរិយាកាស​ការបោះឆ្នោត​ផង​ដែរ»។

ការ​បោះឆ្នោត​នៅ​កម្ពុជា​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៣ ខែ​កក្កដា ខាង​មុខ​នេះ ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់ទុក​ថា ជា​ការ​បោះឆ្នោត«ក្លែងក្លាយ» រួច​ទៅ​ហើយ ពីព្រោះ​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​ផាត់ចោល​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ គឺ​គណបក្ស​ភ្លើងទៀន។

បន្ថែម​ពី​នេះ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​កម្ពុជា​មើល​ឃើញ​ថា របប​ដឹកនាំ​របស់​លោក ហ៊ុន សែន កំពុង​បង្កើន​កម្ដៅ​នយោបាយ និង​ព្យុះភ្លៀង​បោកបក់​ទៅលើ​គណបក្ស​ប្រឆាំង​តាម​គ្រប់​រូបភាព មាន​ទាំង​ការ​គំរាម​កំហែង និង​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើជា​អាវុធ។ ក្នុង​នោះ​រួមមាន​ការ​ប្ដឹង​ទារ​សំណង​ជំងឺចិត្ត​រាប់​សែន​ដុល្លារ ពី​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ការ​រឹបអូស​ផ្ទះ​សម្បែង និង​ដីធ្លី​របស់​ឧត្ដម​ទីប្រឹក្សា​គណបក្ស​ភ្លើងទៀន លោក គង់ គាំ រួមទាំង​ការ​ចោទ​ប្រកាន់​ចាប់ខ្លួន​លោក ថាច់ សេដ្ឋា និង​សកម្មជន​ជាច្រើន​នាក់​ទៀត​ដាក់​ពន្ធនាគារ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដែល​មតិ​ជាតិ​និង​អន្តរជាតិ​ចាត់ទុក​ជា​រឿង​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។