សាច់ញាតិសកម្មជនបរិស្ថាន និងសកម្មជនសង្គមនាំគ្នាយកបាយម្ហូបនំនែកទៅសួរសុខទុក្ខក្រុមគ្រួសារដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារដោយសាររដ្ឋាភិបាលមិនដោះលែងប្ដី និងកូនរបស់ពួកគាត់ឱ្យជួបជុំគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។ ពួកគាត់អះអាងថា គឺជារឿងឈឺចាប់ និងអយុត្តិធម៌ដែលរដ្ឋាភិបាលចាប់ពង្រាត់គ្រួសាររបស់ពួកគាត់ដាក់ពន្ធនាគារទាំងគ្មានកំហុស។
ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ គឺខុសប្លែកពីឆ្នាំមុនៗដោយសារប្រពន្ធកូន និងបងស្រីរបស់សកម្មជនបរិស្ថាន និងសង្គមត្រូវធ្វើដំណើរទៅតាមបណ្ដាពន្ធនាគារនៅតាមខេត្តដើម្បីសួរសុខទុក្ខ និងយកម្ហូបអាហារឆ្ងាញ់ៗជូនសមាជិកគ្រួសាររបស់ពួកគាត់ពោលគឺពួកគាត់មិនបានជួបជុំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃដូចក្រុមគ្រួសារខ្មែរទូទៅឡើយ។
ប្រពន្ធសកម្មជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា គឺលោកស្រី ប៉ាត់ រស្មី ឱ្យវិទ្យុអាស៊ីសេរីដឹងថា លោកស្រីយកនំនែកបន្តិចបន្តួចឱ្យប្ដីនៅពន្ធនាគារខេត្តត្បូងឃ្មុំក្នុងរដូវបុណ្យភ្ជុំឆ្នាំនេះ។ លោកស្រីរៀបរាប់ទាំងអួលដើមកថា លោកស្រីអាណិតកូនៗដែលត្រូវរស់នៅឃ្លាតឆ្ងាយពីឪពុកដោយសារអំពើអយុត្តិធម៌សង្គម។
លោកស្រី ប៉ាត់ រស្មី៖ «និយាយទៅចំពោះខ្ញុំមានអារម្មណ៍ថា កណ្ដោចកណ្ដែងដោយសារពីមុនយើងធ្លាប់មានបុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំអីយើងនៅដើរលេងធ្វើបុណ្យអីជាមួយដល់ពេលឥឡូវយើងអត់បានទៅធ្វើបុណ្យអីជាមួយគ្នាដើរលេងជាមួយគ្នា អីដែលសំខាន់គឺអាណិតកូនៗវាសួររកតែប៉ាវារហូតនិយាយទៅពេលខ្លះសឹងស្រក់ទឹកភ្នែកពេលកូនសួរ»។
ស្រដៀងគ្នានេះដែរ ម្ដាយរបស់សកម្មជនចលនាមាតាធម្មជាតិលោក លី ចាន់ដារ៉ាវុត ថ្លែងថា បុណ្យភ្ជុំបិណ្ឌឆ្នាំនេះលោកស្រីនឹករលឹកដល់កូនប្រុសដែលកំពុងជាប់ពន្ធនាគារដោយសារការការពារធនធានធម្មជាតិ ពីព្រោះកាលកូនប្រុសនៅមានសេរីភាពលោកស្រីតែងជួបជុំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅតាមទីវត្តអារាម។
ម្ដាយលោក លី ចាន់ដារ៉ាវុត៖ «នារដូវបុណ្យភ្ជុំនេះនាងខ្ញុំសូមសំណូមពរទៅតុលាការឱ្យតុលាការពិចារណាទៅលើរឿងក្ដីដារ៉ាវុត ឡើងវិញដែលតុលាការបានចោទគាត់ពីបទរួមគំនិតក្បត់ហើយកាត់ទោសគាត់ឱ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ សកម្មភាពរបស់គាត់ទាំងអស់ហ្នឹងគឺគាត់ធ្វើទៅលើការការពារធនធានធម្មជាតិ ហើយនិងបរិស្ថានហើយសកម្មភាពទាំងអស់ហ្នឹងគឺវាមិនមែនជាអំពើក្បត់ជាតិទេ»។
ដោយឡែក បងស្រីរបស់សកម្មជនចលនាមាតាធម្មជាតិម្នាក់ទៀតគឺកញ្ញា ភួន កែវរស្មី ដែលកំពុងជាប់ពន្ធនាគារនៅខេត្តពោធិ៍សាត់ រៀបរាប់ថា ប្អូនស្រីកញ្ញា ស្រកទម្ងន់ជាងមុនដោយសារនៅក្នុងពន្ធនាគារពុំសូវសម្បូរនំនែកលក់ដូចនៅពន្ធនាគារព្រៃសនោះទេ។ កញ្ញាខ្លោចចិត្តអាណិតប្អូននៅពេលឃើញរូបរាងប្អូនស្គមស្គាំង ប៉ុន្តែដោយសារពន្ធនាគារនៅឆ្ងាយ ដូច្នេះកញ្ញាពុំសូវមានពេលទៅជួបសួរសុខទុក្ខប្អូនស្រី និងធ្វើម្ហូបឆ្ងាញ់ៗផ្ញើគាត់ឡើយ។
បងស្រីកញ្ញា ភួន កែវរស្មី៖ «ឈឺចាប់ខ្លាំងមិនដឹងនិយាយថា ម៉េចវា ជាការមើលងាយទឹកចិត្តយុវជនយើងទាំងដែលពួកគាត់ជាអ្នកការពារធនធានធម្មជាតិសម្រាប់ប្រទេសជាតិទាំងមូលតែម្ដង។ ប៉ុន្តែគាត់បែរជាមើលងាយលេងសើចទៅលើក្រុមយុវជនទាំងអស់ហ្នឹង ជាអំពើរួមគំនិតក្បត់មិនដឹងថាគាត់ក្បត់អីមិនដឹងថា គាត់ធ្វើអំពើណាមួយជាជនក្បត់វាមិនមែនសោះតែម្ដង។ សកម្មភាពពួកគាត់ការពារបរិស្ថានដល់ពេលធ្វើប៉ះពាល់ដល់អ្នកធំផ្សេងៗ ដែលធ្វើអំពើអាក្រក់ទាំងអស់ហ្នឹងបែរជាចោទប្រកាន់គាត់ថា ជនរួមគំនិតក្បត់»។
រីឯគ្រួសាររបស់សកម្មជនសង្គមស៊ីវិលដែលកំពុងជាប់ឃុំវិញ ពួកគាត់ក៏សោកសៅនៅពេលមិនបានជួបជុំក្រុមគ្រួសារដែរ។
បងស្រីរបស់ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ គឺលោកស្រី កើត យី ថ្លែងថា លោកស្រីបានធ្វើដំណើរពីខេត្តសៀមរាបដើម្បីមកជួបសួរសុខទុក្ខប្អូនប្រុសនៅពន្ធនាគារព្រៃស នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ និងយកនំអន្សមត្រីសាច់មួយចំនួនផ្ញើប្អូនដែរ។ លោកស្រីបន្តថា រដ្ឋាភិបាលគួរតែដោះលែងប្អូនប្រុសលោកស្រីឱ្យមានសេរីភាពដើម្បីជួបជុំក្រុមគ្រួសារឡើងវិញពីព្រោះប្អូនប្រុសលោកស្រីគឺជនស្អាតស្អំ និងគិតពីផលប្រយោជន៍សង្គមជាតិ។
លោកស្រី កើត យី៖ «គាត់ធ្វើមកលើគ្រួសារ ដូចថា ចាប់គាត់គាត់ធ្វើការងារសង្គមចាប់គាត់ដាក់ពន្ធនាគារទាំងអយុត្តិធម៌។ ក្រុមគ្រួសារខ្ញុំក៏មិនសប្បាយចិត្តដែលទង្វើដែលគាត់ចាប់ប្អូនខ្ញុំ គាត់អត់មានខុសអ្វីទេ គាត់ធ្វើដោយចិត្តស្មោះត្រង់អត់មានចង់បានអ្វីមកដើម្បីជួយគ្រួសារអីអត់ទេ គឺគាត់ធ្វើដើម្បីសង្គមច្រើនណាស់ប្អូនខ្ញុំរងភាពអយុត្តិធម៌»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា ថ្លែងថា នាយកដ្ឋានពន្ធនាគារអនុញ្ញាតឱ្យមានរៀបចំពិធីសាសនាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារនៅតាមបណ្ដា រាជធានីខេត្ត ប៉ុន្តែមិនតម្រូវឱ្យក្រុមគ្រួសារអាចជួបគ្នាផ្ទាល់នោះទេ ដោយសារសភាពចង្អៀតណែននៅក្នុងពន្ធនាគារ។
លោក នុត សវនា៖ «បច្ចុប្បន្ននេះយើងមានចំនួនជនជាប់ឃុំច្រើនដល់អ៊ីចឹងមន្ត្រីមានការលំបាក ក្នុងការរៀបចំកម្មវិធីទាំងអស់នេះដែរ។ ប្រសិនជាយើងបើកឱ្យមានការជួបជុំគ្នាយើងពិបាកគ្រប់គ្រង តែមានកម្មវិធីសាសនា កម្មវិធីបុណ្យទៅតាមប្រពៃណីវប្បធម៌ជាតិយើងនៅតាមបណ្ដាមណ្ឌល និងតាមបណ្ឌារាជធានី-ខេត្ត»។
គិតមកទល់ពេលនេះមានសកម្មជនបរិស្ថាន អ្នករិះគន់សង្គម និងសកម្មជននយោបាយជិត១០០នាក់ហើយ កំពុងជាប់ពន្ធនាគារក្រោមការចោទប្រកាន់ទាំងគ្មានភស្តុតាងពីបទរួមគំនិតក្បត់ ប្រមាថអង្គព្រះមហាក្សត្រ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមដែលបញ្ហានេះធ្វើឱ្យអង្គការជាតិ និងអន្តរជាតិចេញសាររិះគន់ធ្ងន់ៗ និងចោទមេដឹកនាំកម្ពុជាពិសេសលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ថា ដឹកនាំប្រទេសបែបផ្ដាច់ការ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា គឺជាការល្អប្រសិនបើមន្ត្រីពន្ធនាគារអនុញ្ញាតឱ្យសាច់ញាតិអាចជួបសួរសុខទុក្ខសកម្មជនជាប់ឃុំដោយផ្ទាល់ជាមួយក្រុមគ្រួសាររបស់ពួកគាត់ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។ លោកបន្តថា ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគាររដ្ឋាភិបាលគួរតែដោះលែងអ្នកទោសមនសិការទាំងអស់ឱ្យមានសេរីភាពឡើងវិញពីព្រោះពួកគាត់មិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់របស់តុលាការឡើយ។
លោក អំ សំអាត៖ «គួរតែមានការបើកឱ្យមានការជួបប្រាស្រ័យទាក់ទងសួរសុខទុក្ខ ដោយផ្ទាល់មិននៅតាមកញ្ជាក់ ហើយជាពិសេសនៅក្នុងរដូវបុណ្យទានដូចជា ភ្ជុំបិណ្ឌ ចូលឆ្នាំអី។ វាគួរតែមានការអនុគ្រោះឱ្យមានការសួរសុខទុក្ខផ្ទាល់បង្កើនឱ្យមានទំនាក់ទំនងផ្លូវអារម្មណ៍ផ្លូវចិត្តរវាងគ្រួសារឪពុកម្ដាយ និងបងប្អូនរបស់ពួកគាត់»។
ក្រុមគ្រួសារសកម្មជនបរិស្ថាន និងសង្គមអះអាងថា ទោះបីពួកគាត់ទទួលភាពបានឈឺចាប់ និងមិនអាចរស់នៅជួបជុំគ្នាដោយសារអំពើអយុត្តិធម៌ក្នុងសង្គមនៅពេលនេះក្ដី ក៏ប៉ុន្តែពួកគាត់នៅតែរក្សាគោលជំហររឹងមាំ ហើយលើកទឹកចិត្តឱ្យយុវជនជំនាន់ក្រោយបន្តការពារធនធានធម្មជាតិ និងហ៊ាននិយាយការពិតពីបញ្ហាសង្គមពីព្រោះពួកគាត់ជឿថា ដរាបណាអំពើអយុត្តិធម៌សង្គមនៅតែកើតមានពលរដ្ឋនឹងរស់នៅរងទុក្ខវេទនាបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
