គ្រួសារ និង​មេធាវី ស្នើសុំ​ឲ្យ​សាលា​ឧទ្ធរណ៍​ដោះ​លែង​សមាជិក​បក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ប៉ែន មុំ

ដោយ មាន ឫទ្ធិ
2021-08-05
Share

ក្រុម​គ្រួសារ ​និង​មេធាវី​ការពារ​ក្ដី រំពឹង​ថា សាលា​ឧទ្ធរណ៍​ព្រះសីហនុ នឹង​ច្រាន​ចោល​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​ខេត្ត​កំពត ដែល​ផ្ដន្ទាទោស​អ្នកស្រី ប៉ែន មុំ ឲ្យ​ជាប់​ពន្ធនាគារ ៥ឆ្នាំ ពី​បទ" រួម​គំនិត​ក្បត់’’​ទាំង​អយុត្តិធម៌។ ការ​រំពឹង​ទុក​បែប​នេះ គឺ​បន្ទាប់​ពី​សាលា​ឧទ្ធរណ៍​ព្រះសីហនុ បើក​សវនាការ​លើ​បណ្ដឹង​ឧទ្ធរណ៍​របស់​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ កាល​ពី​ថ្ងៃ​ទី៤ ខែសីហា ហើយ​គ្រោង​ប្រកាស​សាលដីកា នៅ​ថ្ងៃ​ទី១៩ ខែសីហា ខាងមុខ។

គ្រួសារ​របស់​សមាជិក​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពត អ្នកស្រី ប៉ែន មុំ លើក​ឡើង​ថា ប្រសិនបើ​សាលាឧទ្ធរណ៍​ព្រះសីហនុ អនុវត្ត​ទៅតាម​ច្បាប់​ដោយ​ឥត​លម្អៀង​រឿង​នយោបាយ នោះ​អ្នកស្រី នឹង​អាច​រួចផុត​ពី​ការ​ចោទ​ប្រកាន់ ហើយ​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរី​ភាព​ឡើងវិញ​ជាក់​ជា​ពុំ​ខាន។

ប្តី​របស់​អ្នកស្រី ប៉ែន មុំ គឺ​លោក គិត យាន ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៥ សីហា​ថា ប្រពន្ធ​របស់​លោក ​ពុំបាន​ប្រព្រឹត្ត​ខុសច្បាប់​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ លោក​យល់​ថា ការ​បន្ត​ឃុំ​ខ្លួន​ប្រពន្ធ​របស់​លោក​ជា​លើក​ទី២ រយៈ​ពេល​ជិត​មួយ​ឆ្នាំ​មក​នេះ គឺ​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ។ លោក​ទទូច​ឲ្យ​សាលា​ឧទ្ធរណ៍​ព្រះសីហនុ ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ដោះ​លែង​ប្រពន្ធ​របស់​លោក​ឲ្យ​មាន​សេរីភាព​ជួបជុំ​គ្រួសារ​ឡើង​វិញ៖ «ខ្ញុំ​សំណូមពរ​ឲ្យ​លោក​តុលាការ​ឧទ្ធរណ៍​ដោះ​លែង​ប្រពន្ធ ខ្ញុំ​មក​រួម​រស់​ជួបជុំ​គ្រួសារ​វិញ​មក ព្រោះ​កូនៗ នឹក​គាត់។ កូន​ទាំង​អស់ ៥នាក់​ហើយ​កូន​តូច​ជាង​គេ​អាយុ ១៣ឆ្នាំ។ ក្រោយ​ចាប់​ខ្លួន​គាត់ គឺ​មាន​ប៉ះពាល់​ច្រើន ដូច​ជា បាត់បង់​មុខ​របរ​លក់ដូរ ​និង​ជំពាក់​បំណុល​ធនាគារ»

កាល​ពី​ថ្ងៃ​ទី៤ ខែសីហា សាលា​ឧទ្ធរណ៍​ព្រះសីហនុ បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​បណ្ដឹង​ឧទ្ធរណ៍​របស់​អ្នកស្រី ប៉ែន មុំ ដែល​ប្ដឹង​ជំទាស់​នឹង​សាល​ក្រម​សាលា​ដំបូង​ខេត្ត​កំពត​ដែល​ផ្ដន្ទាទោស​អ្នកស្រី ​ដាក់​ពន្ធនាគារ ៥ឆ្នាំ ពី​បទ​រួម​គំនិត​ក្បត់ ពាក់ព័ន្ធ​នឹង​ការ​គាំទ្រ​ផែនការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី កាល​ពី​ចុង​ឆ្នាំ២០១៩។ ក្នុង​ពេល​សវនាការ​នេះ អ្នកស្រី ប៉ែន មុំ ស្នើសុំ​ឲ្យ​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ ជួយ​ផ្តល់​យុត្តិធម៌ និង​ដោះ​លែង​អ្នកស្រី​ឡើង​វិញ ព្រោះ​អ្នកស្រី ​គ្មាន​គំនិត និង​មិន​បាន​ធ្វើ​សកម្មភាព'' រួម​គំនិត​ក្បត់​ជាតិ'' ម្ដង​ណា​ឡើយ។ ម្យ៉ាងវិញទៀត ​អ្នកស្រី ​អះអាង​ថា ពេល​សាលា​ដំបូង​ខេត្ត​កំពត​អនុញ្ញាត​ឲ្យ​អ្នកស្រី​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កន្លង​មក​នោះ អ្នកស្រី​ក៏​មិន​ដែល​ធ្វើ​​សកម្មភាព​នយោបាយ និង​មិនដែល​បំពាន​បម្រាម​តុលា​ការ​នោះ​ទេ។​ ក្រោយ​បញ្ចប់​សវនាការ ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលា​ឧទ្ធរណ៍​ព្រះសីហនុ​ លោក អ៊ិត សម្ភស្ស សម្រេច​យក​ថ្ងៃ​ទី១៩ ខែសីហា​ខាង​មុខ ជា​ថ្ងៃ​ប្រកាស​សាលដីកា​សំណុំ​រឿង​នេះ។

មេធាវី​ការពារ​ក្ដី​ប្រទេស​ឲ្យ​អ្នកស្រី ប៉ែន មុំ គឺ​លោក សំ សុគង់ យល់​ថា តុលាការ​ជាន់ខ្ពស់​មួយ​នេះ គួរ​តែ​ពិចារណា​លុប​ចោល​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​កំពត ដែល​ផ្ដន្ទាទោស​លើ​កូន​ក្ដី​របស់​លោក​ទាំង​អយុត្តិធម៌៖ «ខ្ញុំ​យល់​ថា សាលា​ឧទ្ធរណ៍​គួរតែ​ពិចារណា​ធ្វើ​យ៉ាងណា ឲ្យ​កូន​ក្ដី​ខ្ញុំ​បាន​នៅ​ក្រៅ​ឃុំ ឬ​ដោះ​លែង​ឲ្យ​មាន​សេរីភាព ហើយ​នឹង​លុប​ដីកា​ឃុំខ្លួន​របស់​សាលា​ដំបូង​ខេត្ត​កំពត ដែល​បាន​ប្រកាស​ឃុំ​ខ្លួន​ក្នុង​ពេល​ប្រកាស​សាលក្រម​នោះ ព្រមទាំង​ពិចារណា​ផ្តល់​យុត្តិធម៌​ដល់​កូន​ក្ដី​ខ្ញុំ​ផង»

អ្នកស្រី​ ប៉ែន មុំ គឺ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ឃុំ​កណ្ដោល​ ស្រុក​ទឹក​ឈូ ​ខេត្ត​កំពត។​ តុលាការ​ខេត្ត​កំពត​បាន​ឃុំ​ខ្លួន​អ្នកស្រី​ម្ដង​រួច​មក​ហើយ​ចន្លោះ​ពី​ខែតុលា ដល់​ខែ​វិច្ឆិកា ឆ្នាំ២០១៩។ អ្នក​ស្រី ​ត្រូវ​បាន​នគរ​បាល​ចាប់​វាយ​ខ្នោះ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ជា​លើក​ទី​ពីរ​ភ្លាមៗ ក្រោយ​តុលាការ​ខេត្ត​កំពត ប្រកាស​សាលក្រម​ផ្ដន្ទាទោស​អ្នកស្រី កាល​ពី​ថ្ងៃ​ទី៩ កញ្ញា ឆ្នាំ២០២០​។គិតត្រឹម​ថ្ងៃទី៥ ​ខែសីហា ឆ្នាំ២០២១ អ្នកស្រី​កំពុង​ជាប់​ឃុំ​ជិត​មួយ​ឆ្នាំ​មក​ហើយ។

ជុំវិញ​រឿង​នេះ ​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា ​មាន​ប្រសាសន៍​ថា ការ​ដាក់​ទោស​ទណ្ឌកម្ម​លើ​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ គឺជា​ការ​ធ្វើ​ទុក្ខ​បុក​ផ្នែក​នយោបាយ ដូច្នេះ​យុត្តិធម៌​តាម​ផ្លូវ​តុលាការ​ជា​រឿង ដែល​ពិបាក​សង្ឃឹម។ លោក​យល់​ថា រដ្ឋាភិបាល​គួរតែ​បង្ហាញ​ឥរិយាបថ​ដោះ​ស្រាយ​ជម្លោះ​នយោបាយ និង​ស្ដារ​ប្រជាធិបតេយ្យ​ជា​បន្ត​បន្ទាប់​តាម​សំណើ​របស់​សហភាព​អឺរ៉ុប តាម​រយៈ​ការ​ប្រគល់​សេរីភាព​ជូន​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​ទាំង​អស់​ឡើង​វិញ ដើម្បី​ផល​ប្រយោជន៍​សម្រាប់​សង្គម​កម្ពុជា៖ «វា​ពិបាក​ណាស់ ដែល​យើង​យក​រឿង​នយោបាយ​ទៅ​ការពារ​តាម​ផ្លូវ​ច្បាប់​នេះ ពិបាក​ក្នុង​ការ​ការពារ​ណាស់ ទោះ​បី​ជា​មេធាវី​ពូកែ​យ៉ាងម៉េច​ក៏​ដោយ ក៏​ខ្ញុំ​មិន​មាន​ជំនឿ​ថា អាច​មាន​លទ្ធភាព​ការពារ​បាន​ជោគជ័យ​ដែរ។ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​ឥរិយាបថ​ក្នុង​ការ​ឈាន​ទៅ​រក​ការ​សម្រុះសម្រួល​ខាង​ផ្លូវ​នយោបាយ​របស់​រដ្ឋាភិបាល​ទេ ​ដែល​ខ្ញុំ​មើល​ឃើញ​ថា ​ជា​ជំហរ​ល្អ​ ព្រោះ​ថា រឿង​នេះ វា​ពាក់ព័ន្ធ​នឹង​កត្តា​នយោបាយ ​មិន​មែន​ជា​រឿង​ច្បាប់​ទេ»

គិត​មក​ដល់​ដើម​ខែ​សីហា​នេះ តុលាការ​របប​លោក ហ៊ុន សែន បាន​ផ្ដន្ទាទោស​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ហោច​ណាស់ ២០នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ពី ៥ឆ្នាំ ទៅ ៧ឆ្នាំ ក្រោម​បទ​ចោទ «រួម​គំនិត​ក្បត់» ខណៈ​សកម្មជន​ជាង ១រយ​នាក់​ផ្សេង​ទៀត កំពុង​រង់ចាំ​សវនាការ។ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​ទាំង​នោះ មួយ​ចំនួន​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ​ដូចជា​លោក គង់ សំអាន និង​អ្នកស្រី ប៉ែន មុំ ជា​ដើម ខណៈ​មនុស្ស​មួយ​ចំនួន​ទៀត​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស។

សហគមន៍​ជាតិ និង​អន្តរជាតិ រួម​ទាំង​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ផង នៅ​តែ​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​កម្ទេច​គណបក្ស​ប្រឆាំង និង​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ក្នុង​សំណុំ​រឿង​នយោបាយ​ទាំង​អស់​ឱ្យ​មាន​សេរីភាព​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល