ប្រពន្ធ និង​អ្នក​គាំទ្រ សោក​ស្ដាយ​តុលាការ​អូស​បន្លាយ​សវនាការ ខណៈ​សុខ​ភាព​លោក ថាច់ សេដ្ឋា កាន់​តែ​ធ្ងន់ធ្ងរ

2023.08.16
ប្រពន្ធ និង​អ្នក​គាំទ្រ សោក​ស្ដាយ​តុលាការ​អូស​បន្លាយ​សវនាការ ខណៈ​សុខ​ភាព​លោក ថាច់ សេដ្ឋា កាន់​តែ​ធ្ងន់ធ្ងរ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ពេលត្រូវបាននាំមកសវនាការនៅ​តុលាការ​កំពូល កាលពីថ្ងៃទី១៩ មិថុនា ២០២៣។
រូបពីពលរដ្ឋ

ប្រពន្ធ និង​គាំទ្រ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ដែល​ចូល​រួម​ឃ្លាំមើល​សវនាការ​ស្លុត​ចិត្ត​នៅ​ពេល​ឃើញ​សុខភាព​របស់​លោក ថាច់ សេដ្ឋា កាន់​តែ​ធ្ងន់​ធ្ងរ​សឹង​តែ​មិន​អាច​ដើរ​បាន ប៉ុន្តែ​តុលាការ​ចេះ​តែ​អូស​បន្លាយ​សំណុំ​រឿង​បន្ត​ទៀត។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា សំណុំរឿង​លោក​ ថាច់ សេដ្ឋា គឺ​ជា​រឿង​នយោបាយ​តាំង​ពី​ដំបូង​ ដូច្នេះ​តុលាការ​ហើយ​បើ​គួរ​តែ​ដោះ​លែង​លោក ថាច់​ សេដ្ឋា។

សាលាដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី១៦ ខែសីហា បើក​សវនាការ​ជំនុំ​ជម្រះ​លើ​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក​ ថាច់ សេដ្ឋា ក្រោម​បទ «មិន​បាន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញ​ដូរ​បាន» ឬ​ការ​ចេញ​សែក​ដោយ​គ្មាន​សាច់​ប្រាក់។

ក្រោយ​ចេញ​ពី​សវនាការ​ សហ​មេធាវី​ ដែល​ការ​ពារ​ក្ដី​ឱ្យ​លោក ថាច់ សេដ្ឋា គឺ​លោក​ សឺន ជុំជួន បាន​ឱ្យ​ដឹង​តុលាការ​នឹង​បន្ត​សវនាការ​សំណុំរឿង​របស់​លោក ថាច់ សេដ្ឋា នៅ​ថ្ងៃ​ក្រោយ​ទៀត ដោយ​ចៅក្រម​ជំនុំ​ជម្រះ​បង្គាប់​ឱ្យ​ភាគី​ដើមចោទ និង​ចុង​ចោទ​រក​ភស្តុតាង​បន្ថែម។ ទោះ​ជា​យ៉ាង​ណា​ក្ដី ចៅក្រម​ជំនុំ​ជម្រះ​អ្នកស្រី ឈុន​ ដាវី ក៏​មិន​ទាន់​កំណត់​ពេល​សវនាការ​ជាក់​លាក់​សម្រាប់​សវនាការ​លើក​ក្រោយ​នោះ​ទេ។

លោក សឺន ជុំជួន៖ «គាត់​នៅ​តែ​បដិសេធ​ការ​ចេញ​មូលប្បទានប័ត្រ​ស្អុយ យើង​នៅ​តែ​ព្យាយាម​រក​ភស្តុតាង​បន្ថែម ដើម្បី​ដោះ​បន្ទុក។ បើ​យើង​និយាយ​ជា​រួម​ទៅ​ធម្មតា​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជន​ជាប់​ចោទ​តែងតែ​មាន​ការ​រំពឹង​រក​យុត្តិធម៌​ឱ្យ​កូន​ក្ដី​របស់​ខ្លួន ផ្អែក​ទៅ​តាម​ការ​លើក​ឡើង​របស់​សហ​មេធាវី ក៏​ស្នើ​ឱ្យ​មាន​នៅ​ក្រៅ​ឃុំ​ដែរ»

ប្រពន្ធ​លោក ថាច់ សេដ្ឋា គឺ​លោកស្រី ថាច់ សុខបូរ៉ានី បង្ហាញ​ទឹក​មុខ​ព្រួយ​បារម្ភ​ និង​តក់ស្លុត​នៅ​ពេល​ឃើញ​ប្ដី​លោកស្រី​មាន​សភាព​កាន់​តែ​យ៉ាប់យ៉ឺន​ស្ទើរ​ដើរ​មិន​រួច និង​មិន​អាច​ទ្រាំទ្រ​ជាមួយ​នឹង​ស្ថានភាព​ពន្ធនាគារ​ដែល​ចង្អៀត​ណែន​ក្នុង​ពន្ធនាការ​បាន​នោះ។ លោកស្រី ថាច់ សុខបូរ៉ានី យល់​ថា ចៅក្រម​មិន​បាន​ផ្ដល់​ឱកាស​ដល់​ប្ដី​លោកស្រី និង​មេធាវី​លើក​ឡើង និង​បង្ហាញ​ភស្តុតាង ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​នោះ​ទេ ប៉ុន្តែ​បែរ​ជា​ផ្ដល់​ពេល​វេលា​ច្រើន​ដល់​ភាគី​ម្ខាង​ដែល​ជា​ដើម​ចោទ​ទៀត​ឱ្យ​សួរ​ដដែលៗ ដើម្បី​ដាក់​បន្ទុក​លើ​ប្ដី​លោក​ស្រី។

លោកស្រី ថាច់ សុខបូរ៉ានី៖ «ចង់​និយាយ​ថា មិន​អយុត្តិធម៌​ជា​មួយ​ប្ដី​ខ្ញុំ​នោះ​ទេ ដោយសារ​ចូល​ចង់ ៨ខែ​ហើយ​រឿង​ហ្នឹង ហើយ​សុខភាព​គាត់​មិន​សូវ​ល្អ​ទៀត​ ហើយ​ចង់​ឱ្យ​គាត់​នៅ​ក្រៅ​ឃុំ​ជួបជុំ​គ្រួសារ​ ហើយ​ទៅ​ឆែក​សុខភាព​ ហើយ​នៅ​ក្នុង​ហ្នឹង​គាត់​ទ្រុឌទ្រោម​មែន​ទែន ហើយ​ខ្ញុំ​មើល​ទៅ​គាត់​ពិបាក​ណាស់ គាត់​ទ្រាំ គាត់​ទ្រាំ​នឹង​ជំងឺ​គាត់ ហើយ​មើល​ទៅ​ចៅក្រម​លើក​ឡើង​មិន​យុត្តិធម៌​ដោយសារ​អី​គេ​កោះ​ហៅ​គាត់​ចូល​ខ្លួន​ពីរ​ដង​គាត់​អត់​ចូល ការ​ពិត​ផ្ទះ​ខ្ញុំ​មិន​មែន​នៅ​បឹង​ឈូក​ទេ»

លោកស្រី ថាច់ សុខបូរ៉ានី បន្ត​ថា ប្រសិន​បើ​តុលាការ​នៅ​តែ​អូស​បន្លាយ​លើ​សំណុំ​រឿង​ប្ដី​របស់​លោក​ស្រី​នោះ ប្ដី​លោក​ស្រី​នឹង​រង​ទុក្ខ​វេទនា​ក្នុង​ពន្ធនាគារ និង​រង​ភាព​​អយុត្តិធម៌​កាន់​តែ​ខ្លាំង ទាំង​ដែល​ប្ដី​លោក​ស្រី​មិន​មាន​កំហុស​អ្វី​នោះ​ទេ។

ចំណែក​នៅ​ខាង​មុខ​តុលាការ​ឯណោះ​វិញ អ្នក​គាំទ្រ​លោក ថាច់ សេដ្ឋា ជាង ១០នាក់ អង្គុយ​រង​ចាំ​ដំណឹង និង​រង​ចាំ​មើល​លោក ថាច់ សេដ្ឋា។

ចំណែក​ប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទាន​ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល លោកស្រី ម៉ី សុហន ដែល​មក​តុលាការ​ដើម្បី​បង្ហាញ​បង្ហាញ​ការ​គាំទ្រ​និង​លើក​ទឹក​ចិត្ត​លោក ថាច់ សេដ្ឋា ថ្លែង​ថា ការ​ចាប់​ខ្លួន​លោក ថាច់ សេដ្ឋា គឺ​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ និង​ជា​រឿង​អយុត្តិធម៌​តាំង​ពី​ដំបូង​មក​ម្ល៉េះ។ លោកស្រី​ថា ករណី​លោក ថាច់ សេដ្ឋា គឺ​ជា​ឧទាហរណ៍​មួយ​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​សកម្មជន​នយោបាយ​បាយ​បក្ស​ប្រឆាំង និង​ទទូច​ឱ្យ​តុលា​ការ​ដោះ​លែង​អ្នក​នយោបាយ​ឈាមជ័រ​ខ្មែរ​ក្រោម​រូប​នេះ។

លោកស្រី ម៉ី សុហន៖ «ការ​ដែល​ចេញ​សែក​ស្អុយ​ហ្នឹង វា​ជា​រឿង​យូរ​ណាស់​ហើយ វា​អត់​ត្រូវ​សើរើ​ទេ ព្រោះ​រឿង​ហ្នឹង​គាត់​ឈ្នះ​ក្ដី​ហើយ ដល់​ពេល​អត់​មាន​រឿង​អី​ចាប់ គាត់​ទៅ​ជា​យក​បទ​ហ្នឹង​សើរើ​ឡើង​វិញ ទាំង​ដែល​យើង​ចរចា​ជាមួយ​អ្នក ដែល​ប្ដឹង​រួច​អស់​ហើយ​ហ្នឹង សម្រួល​ហើយ​គាត់​ឈ្នះ​ហើយ​ហ្នឹង គួរ​តែ​ទម្លាក់​បទ​ចោទ​ហ្នឹង​ហើយ មិន​ត្រឹម​តែ​មិន​ទម្លាក់​ទេ បែរ​ជា​បន្ថែម​មួយ​ទៀត»

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​តំណាង​អយ្យការ​ដែល​ចោទប្រកាន់​លោក ថាច់ សេដ្ឋា គឺ​លោក ប្លង់ សុផល បាន​ទេ នៅ​ថ្ងៃ​ទី១៦ ខែ​សីហា ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត លើក​ឡើង​ថា ទាំង​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ដែល​បាន​ឃ្លាំ​មើល​ករណី​នេះ​យល់​ថា គឺ​ជា​រឿង​នយោបាយ​តាំង​ពី​ដំបូង និង​ជា​ការ​កៀប​សង្កត់​ផ្នែក​នយោបាយ​ក្រោយ​ពី​លោក ថាច់ សេដ្ឋា ក្លាយ​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ភ្លើង​ទៀន។

លោក អំ សំអាត៖ «យើង​ឃើញ​ហើយ​ករណី​លោក ថាច់ សេដ្ឋា តាំង​ពី​ដំបូង​យើង​ឃើញ​ថា អង្គការ​ជាតិ និង​អន្តរជាតិ ដែល​ធ្វើការ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ គេ​មើល​ឃើញ​ថា ការ​ចាប់ និង​ការ​ឃុំ​ខ្លួន​លោក ថាច់ សេដ្ឋា ក្នុង​ករណី​ហ្នឹង​ជា​ហេតុ​ផល​នយោបាយ ច្រើន​ជាង​អនុវត្ត​ច្បាប់ ពី​ព្រោះ​រឿង​កើត​យូរ​ហើយ ការ​ដោះ​ស្រាយ​យូរ​ហើយ។ ប៉ុន្តែ នៅ​ពេល​ដែល​លោក ថាច់ សេដ្ឋា ចាប់​ផ្ដើម​ប្រឡូក​វិស័យ​នយោបាយ​ជា​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ស្រាប់តែ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ពេល​ហ្នឹង​ទៅ»

លោក អំ សំអាត យល់​ថា តុលាការ​មិន​បន្ត​គួរ​ឃុំ​ខ្លួន លោក ថាច់ សេដ្ឋា នោះ​ទេ ព្រោះ​ថា ចៅក្រម​ស៊ើប​សួរ​បាន​បិត​បញ្ចប់​ការ​ស៊ើប​សួរ​រួច​ហើយ និង​មិន​មាន​ភស្តុតាង​ជាក់​លាក់​ណាមួយ​ដាក់​បន្ទុក​លើ​លោក ថាច់ សេដ្ឋា នោះ​ឡើយ។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ លោក ថាច់ សេដ្ឋា និង​ក្រុម​គ្រួសារ​ក៏​បាន​ធានា​អះអាង​ដោយ​តម្កល់​ថវិកា​ធានា​នៅ​ក្រៅ​ឃុំ​ផង និង​បាន​សន្យា​ថា នឹង​ចូល​រួម​គ្រប់​នីតិវិធី​របស់​តុលាការ​ថែម​ទៀត។

ក្រៅពី​ចោទ​ប្រកាន់ ពី​បទ «មិន​បាន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍​អាច​ជួញ​ដូរ​បាន» ការ​ចេញ​សែក​ដោយ​គ្មាន​សាច់​ប្រាក់ លោក ថាច់ សេដ្ឋា ក៏​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​បទល្មើស​ព្រហ្មទណ្ឌ​ពីរ​ករណី​ទៀត គឺ​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា៤៩៤ ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ និង​បទ​ញុះញង់​ឱ្យ​មាន​ការរើសអើង​តាម​មាត្រា ៤៩៦ តាម​ក្រមព្រហ្មទណ្ឌ​ដដែល។

លោក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជា​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ម្ដុំ​វត្ត​សំរោង​អណ្ដែត ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃ​ទី១៦ ខែ​មករា ឆ្នាំ២០២៣។ ក្រោយ​ចាប់​ខ្លួន​លោក ថាច់ សេដ្ឋា ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ភ្លាមៗ នៅ​ពន្ធនាគារ​ព្រៃស ក្រោម​ការ​ចោទ​​ប្រកាន់ ពី​បទ «មិន​បាន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍​អាច​ជួញ​ដូរ​បាន» ឬ​ការ​ចេញ​សែក​ដោយ​គ្មាន​សាច់​ប្រាក់ ចំនួន ៥សន្លឹក ទៅ​ឱ្យ​ក្រុមហ៊ុន រិន ឆាយ ផនសប (Rin Chhay Pawn Shop) ដែល​ប្រព្រឹត្ត​តាំង​ពី​ឆ្នាំ២០១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។