អ្នក​វិភាគ​ថា​ការ​បោះបង់​ជំនួយ​អាមេរិក​ដោយ​អាង​មាន​ជំនួយ​ពី​ចិន​ជា​រឿង​គ្រោះថ្នាក់​ធំ

ដោយ យាង សុជាមេត្តា
2017.06.15
អ៊ូ វីរៈ ៨៥៥ ២០១៦ ប្រធាន​អង្គការ​វេទិកា​អនាគត និង​ជា​អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ លោក អ៊ូ វីរៈ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦។
Photo: RFA

អ្នក​វិភាគ​គាំទ្រ​គំនិត​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ដែល​ថ្លែង​លែង​ឲ្យ​តម្លៃ​ជំនួយ​បរទេស​របស់​សហរដ្ឋ​អាមេរិក។ ការ​លើក​ឡើង​ដូចនេះ​របស់​អ្នក​វិភាគ ក្រោយ​ពី​លោក ហ៊ុន សែន ថ្លែង​ថា បើ​ទោះ​ជា​សហរដ្ឋ​អាមេរិក កាត់​ជំនួយ​ទាំងអស់​មក​កម្ពុជា ក៏​កម្ពុជា គ្មាន​បញ្ហា​នោះ​ឡើយ។

ទោះ​ជា​យ៉ាង​ណា អ្នក​វិភាគ​ថា​បើ​រដ្ឋាភិបាល​កម្ពុជា ថ្លែង​មិន​ឲ្យ​តម្លៃ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក ដោយសារ​តែ​រដ្ឋាភិបាល​អាង​មាន​ជំនួយ​សន្ធឹកសន្ធាប់​ពី​ចិន នោះ វា​គឺ​ជា​គ្រោះថ្នាក់​ខ្លាំង​សម្រាប់​កម្ពុជា ទៅ​វិញ​ទេ។

ការ​លើក​ឡើង​របស់​អ្នក​វិភាគ​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​របៀប​ឌឺដង​ទៅ​កាន់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដែល​ប្រកាស​មិន​ផ្តល់​ជំនួយ​ស្ទើរ​ទាំងស្រុង​ដល់​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក ក្នុង​នោះ​ក៏​មាន​កម្ពុជា មួយ​ផង​ដែរ។

លោក ហ៊ុន សែន ថ្លែង​ថា បើ​ទោះ​ជា​សហរដ្ឋ​អាមេរិក កាត់​ជំនួយ ១០០​ភាគរយ​មក​ឲ្យ​កម្ពុជា ក៏​កម្ពុជា គ្មាន​បញ្ហា​នោះ​ដែរ។ ប៉ុន្តែ​លោក​ថា ការ​កាត់​បន្ថយ​ជំនួយ​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក​នេះ គឺ​ដោយសារ​តែ​រដ្ឋបាល​ប្រធានាធិបតី​លោក ដូណាល់ ត្រាំ (Donald Trump) ត្រូវការ​លុយ​សម្រាប់​សហរដ្ឋ​អាមេរិក៖ «ខ្ញុំ​និយាយ​រឿង​មួយ ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៣ ពេល​នោះ​ខ្ញុំ​និយាយ​នៅ​ខ្សាច់​កណ្ដាល ក្រោយ​ការ​បោះឆ្នោត ៣​ថ្ងៃ។ ខ្ញុំ​ថា​បើ​អាមេរិក​កាត់ៗ​ទៅ កុំ​និយាយ​ច្រើន​ពេក ហើយ​អ្នក​ដែល​ងាប់ មិន​មែន​ប្រជាជន​ខ្មែរ​ទេ ងាប់​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​អាមេរិក ងាប់​ទាំងអស់ មិន​មែន​ងាប់​ខ្ញុំ​ទេ»

ទោះ​ជា​យ៉ាង​ណា លោក ហ៊ុន សែន និយាយ​ការពារ​ពី​រឿង​ដែល​លោក​តែង​បញ្ឈឺ​ចិត្ត​សហរដ្ឋ​អាមេរិក ពី​ការ​កាត់​ជំនួយ​នេះ ដោយ​លោក​ថា​បើ​សហរដ្ឋ​អាមេរិក ខ្លួន​ឯង មិន​និយាយ​ពី​រឿង​កាត់​ជំនួយ​មក​កម្ពុជា នោះ​ទេ លោក​ក៏​មិន​និយាយ​ដល់​រឿង​នេះ​ដែរ។

ក្នុង​ពេល​ដែល​លោក ហ៊ុន សែន និយាយ​ក្នុង​ន័យ​ឌឺដង​ហាក់​មិន​ត្រូវការ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នេះ ចំណែក​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន ក្នុង​ជំនួប​ជាមួយ​លោក ផាតទ្រិក មឺហ្វី (Patrick Murphy) ឧបការី​រង​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក នៅ​ភ្នំពេញ​កាល​ពី​ចុង​ខែ​មេសា ដែល​ពេល​នោះ​លោក ប្រាក់ សុខុន បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ជំនួយ​អភិវឌ្ឍន៍​របស់​សហរដ្ឋ​អាមេរិក និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ពិសេស​លើ​វិស័យ​អប់រំ សុខាភិបាល បរិស្ថាន ការ​ដោះ​មីន ការ​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស ការ​រត់​ពន្ធ​គ្រឿង​ញៀន ការ​ស្វែងរក​អដ្ឋិធាតុ​ទាហាន​អាមេរិក​បាត់​ខ្លួន​ក្នុង​សម័យ​សង្គ្រាម ការ​លើក​កម្ពស់​សមត្ថភាព​របស់​កង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា ព្រម​ទាំង​ការ​សម្រេច​របស់​សហរដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ​២០១៦ ផ្តល់​ដល់​កម្ពុជា នូវ​ការ​លើកលែង​ពន្ធ​ចំពោះ​មុខ​ទំនិញ​សម្រាប់​ធ្វើ​ដំណើរ​ចំនួន ២៧​ប្រភេទ​ដែល​ផលិត​នៅ​កម្ពុជា។

ស្ថានទូត​សហរដ្ឋ​អាមេរិក ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១៤ សហរដ្ឋ​អាមេរិក បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា ប្រមាណ ៧៨​លាន​ដុល្លារ​អាមេរិក។ បច្ចុប្បន្ន ចិន កំពុង​នាំ​មុខ​ប្រទេស​ដទៃ​ទៀត​ក្នុង​ការ​ផ្តល់​ជំនួយ​មក​កម្ពុជា។

បញ្ហា​ជំនួយ​បរទេស​នេះ ត្រូវ​បាន​ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ មើល​ឃើញ​ថា វា​គួរ​ដល់​ពេល​ដែល​កម្ពុជា ពង្រឹង​ខ្លួន​ឯង​ឲ្យ​រឹងមាំ​ទាំង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច ដើម្បី​កុំ​ឲ្យ​ប្រទេស​មួយ​នេះ​បន្ត​រស់​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស​ដូច​ពេល​បច្ចុប្បន្ន មិន​ថា​ជំនួយ​នោះ​មក​ពី​សហរដ្ឋ​អាមេរិក ចិន ឬ​ប្រទេស​ណា​ផ្សេង​ទៀត​ឡើយ។

បើ​ទោះ​ជា​គាំទ្រ​គំនិត​របស់​លោក ហ៊ុន សែន មិន​ឲ្យ​តម្លៃ​ជំនួយ​មក​ពី​សហរដ្ឋ​អាមេរិក​ក្តី តែ​លោក​ថា បើ​ការ​ថ្លែង​នេះ​ដោយសារ​តែ​លោក ហ៊ុន សែន អាង​មាន​ប្រទេស​ចិន នៅ​ពី​ក្រោយ​រង់ចាំ​ផ្តល់​ជំនួយ​នោះ វា​គឺ​ជា​គ្រោះថ្នាក់​កាន់​តែ​ខ្លាំង​សម្រាប់​កម្ពុជា ទៅ​វិញ​ទេ។ ផ្ទុយ​ទៅ​វិញ​លោក​ថា បើ​កម្ពុជា នៅ​តែ​ពឹង​ផ្អែក​លើ​ជំនួយ​គេ​ទេ លោក​យល់​ថា​កម្ពុជា គួរ​ពឹង​ផ្អែក​ឲ្យ​បាន​ច្រើន​ប្រទេស ដើម្បី​កុំ​ឲ្យ​ប្រទេស​ណា​មួយ​មាន​ឥទ្ធិពល​លើ​ប្រទេស​កម្ពុជា ខ្លាំង​ពេក៖ «បើ​សិន​ជា​គាត់​គិត​ថា​ការ​ឈប់​យក​ជំនួយ ឬ​ការ​ឈប់​ពឹង​ផ្អែក​ជំនួយ​ពី​សហរដ្ឋ​អាមេរិក ដោយសារ​មាន​ចិន វា​គឺ​ជា​គ្រោះថ្នាក់​មួយ​ធំ​មែន​ទែន ដោយសារ​តែ​យើង​ពឹង​ផ្អែក​លើ​គេ​ដដែល ដោយ​គ្រាន់​តែ​យើង​ដូរ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ផ្សេង​ទៀត។ យើង​នៅ​តែ​ចូល​ស៊ង បើ​មិន​ចូល​ស៊ង​ប្រទេស​មួយ ក៏​ចូល​ស៊ង​ប្រទេស​មួយ​ទៀត​ដដែល។ ខ្ញុំ​មើល​ទៅ​នៅ​តែ​ជា​ការ​ធ្វើ​នយោបាយ​ទី​ពឹង​ផ្ដេកផ្ដួល មិន​អាច​ជ្រោមជ្រែង​ខ្លួន​ឯង​បាន»

លោក អ៊ូ វីរៈ ថ្លែង​ថា ក្នុង​កាលៈទេសៈ​នេះ កម្ពុជា មាន​សមត្ថភាព​ក្នុង​ការ​ពង្រឹង​ខ្លួន​ឯង​ដោយ​មិន​ចាំបាច់​រស់​ពឹង​លើ​ជំនួយ​បរទេស។ ដើម្បី​ធ្វើ​ដូចនេះ​បាន លោក​ថា​ទាល់​តែ​កម្ពុជា មាន​ស្ថិរភាព​នយោបាយ​ប្រកប​ដោយ​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ បញ្ឈប់​ការ​ហែកហួរ​គ្នា លុប​បំបាត់​អំពើ​ពុក​រលួយ និង​ការិយាធិបតេយ្យ ពង្រឹង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ភ្លើង ផ្លូវ និង​ទឹក ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មន្ត្រី​បក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន បញ្ចេញ​សារ​រឿង​បដិសេធ​យុវជន​ម្នាក់​នៅ​ជប៉ុន​ស្នើ​សុំ​ធ្វើជា​ទីប្រឹក្សា​ជា​នយោបាយ​ប្រជាភិថុតិ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។