ក្រសួង​មហាផ្ទៃ​បើក​ផ្លូវ​ឲ្យ​អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ម្នាក់​បង្កើត​បក្ស​ថ្មី ក្រោយ​សុំ​​សិទ្ធ​ធ្វើ​នយោបាយ​​ឡើង​វិញ

ដោយ ទីន ហ្សាការីយ៉ា
2019-04-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក រៀល ខេមរិន្ទ្រ អតីត​អ្នក​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​បើក​ផ្លូវ​ឲ្យ​បង្កើត​បក្ស​ថ្មី ឈ្មោះ​ថា "ខ្មែរ​អភិរក្ស​និយម"។
លោក រៀល ខេមរិន្ទ្រ អតីត​អ្នក​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​បើក​ផ្លូវ​ឲ្យ​បង្កើត​បក្ស​ថ្មី ឈ្មោះ​ថា "ខ្មែរ​អភិរក្ស​និយម"។
រូប៖ ហ្វេសប៊ុក រៀល ខេមរិន្ទ្រ Real Camerin

លោក​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ សម្រេច​ឲ្យ​លោក រៀល​ ខេមរិន្ទ្រ បង្កើត​គណបក្ស​ថ្មី ដែល​ឈ្មោះ​ថា "ខ្មែរ​អភិរក្ស​និយម"​ តាម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ ក្រោយ​ពី​អតីត​អ្នក​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ពី​របប​ក្រុង​ភ្នំពេញ កាល​ពី​ពាក់​កណ្ដាល​ខែ​មីនា។

ក្នុង​លិខិត​ក្រសួង​មហាផ្ទៃ​ផ្ញើ​ជូន​ លោក រៀល​ ខេមរិន្ទ្រ​ នៅ​ថ្ងៃ​ទី២៣ មេសា បញ្ជាក់​ថា ដើម្បី​ទទួល​បាន​នូវ​សុពលភាព និង​អាច​ធ្វើ​សកម្មភាព​ស្រប​តាម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ គណបក្ស​ខ្មែរ​អភិរក្ស​និយម ត្រូវ​ស្នើសុំ​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ស្រប​តាម​មាត្រា៩ មាត្រា១៨ ថ្មី មាត្រា១៩ ថ្មី និង​មាត្រា២០ នៃ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ។

លោក​ រៀល​ ខេមរិន្ទ្រ​ និង​មន្ត្រី​បក្ស​ប្រឆាំង ៨នាក់​ទៀត ត្រូវ​បាន​ប្រមុខ​រដ្ឋ​ស្ដី​ទី លោក​ សាយ ឈុំ ចេញ​ព្រះរាជ​ក្រឹត្យ ផ្ដល់​នីតិ​សម្បទាន​នយោបាយ​ឡើង​វិញ បន្ទាប់​ពី​ពួក​គាត់​បាន​ដាក់​លិខិត​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ។

អតីត​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន ក្នុង​ចំណោម ១១៨រូប ត្រូវ​បាន​តុលាការ​កំពូល​នៃ​របប​ក្រុង​ភ្នំពេញ ចេញ​បម្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥ឆ្នាំ រហូត​ដល់​ឆ្នាំ២០២២ ក្រោយ​ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ខែ​វិច្ឆិកា ឆ្នាំ២០១៧៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល