អតីតប្រធានគណបក្សអំណាចខ្មែរគ្រោងប្ដឹងប្រធានបក្សនេះទៅតុលាការរឿងក្លែងឯកសារ

សុ ជីវី
2018-09-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា (ពាក់​ក្រវាត់​ក) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៦។
អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា (ពាក់​ក្រវាត់​ក) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៦។
Photo: RFA

អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា បានដាក់​លិខិត​មួយ​ទៅ​ក្រសួងមហាផ្ទៃ​ អោយ​ផ្អាក​​សកម្មភាព​​គណបក្ស​នេះ ជា​បណ្ដោះអាសន្ន ដោយ​សំអាង​ហេតុផល​ថា ប្រធាន​គណបក្ស​បច្ចុប្បន្ន គឺ​លោក សួង សុភ័​ណ្ឌ បាន​បន្លំ​ស្នាម​មេដៃ​លើ​លិ​ខ​ត​ស្នាម​មួយចំនួន ដើម្បី​បាន​ឡើង​ធ្វើជា​ប្រធាន​បក្ស​។ លោក សួង សុភ័​ណ្ឌ បដិសេធ​ការចោទប្រកាន់​នេះ និង​បាន​ជំរុញ​អោយ​លោក សួន សេរី​រដ្ឋា ប្ដឹងទៅ​តុលាការ​បើ​លោក​មាន​ភស្ដុតាង​ត្រឹមត្រូវ​។​

​លោក សួន សេរី​រដ្ឋា អះអាងថា នឹងដាក់​បណ្ដឹង​ទៅ​តុលាការ​ប្រឆាំង​លោក សួង សុភ័​ណ្ឌ ប្រសិនបើ​ក្រសួង​មហាផ្ទៃ​​រកឃើញ​ថា ប្រធាន​គណបក្ស​អំណាច​ខ្មែរ​រូបនេះ ពិតជា​បាន​ឡើងកាន់តំណែង​ប្រធាន​បក្ស​​នេះ​ដោយ​ខុសច្បាប់​។​

​លោក សួន សេរី​រដ្ឋា ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា លោក​បានដាក់​លិខិត​ទៅ​ក្រសួងមហាផ្ទៃ​​កាលពី​ថ្ងៃទី​១០ កញ្ញា ដោយ​ស្នើអោយ​ក្រសួង​ធ្វើ​កោសល្យវិច័យ​លើ​ឯកសារ​លិខិតស្នាម នៃ​សមាជ​ទាំង​២​លើក ដែល​លោក សួង សុភ័​ណ្ឌ បានដាក់​ទៅ​ក្រសួងមហាផ្ទៃ​។ ក្នុង​​លិខិត​​នោះ​លោក បាន​ចោទប្រកាន់​​លោក សួង សុភ័​ណ្ឌ ថា​បាន​បន្លំ​ឯកសារ​ស្នាម​មេដៃ​របស់លោក ធ្វើលិខិត​លាលែង​ក្លែងក្លាយ និង​បន្លំ​ឯកសារ​ដាក់​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​គ្រប់គ្រង​គណបក្ស​អំណាច​ខ្មែរ​៖ «​គោលដៅ​របស់ខ្ញុំ​គឺ​ផ្តោត​​សំខាន់​ទៅលើ​​ការ​បន្លំ​​ហត្ថលេខា ការរៀបចំ​ធ្វើ​សមាជ​មួយ​ដែល​អត់​គ្រប់លក្ខណៈ​អត់​ត្រឹមត្រូវ​តាមច្បាប់​​លក្ខន្តិកៈ​ដើម​ដែល​​តម្កល់​នៅ​ក្រសួងមហាផ្ទៃ​ ការ​យក​​មនុស្ស​ដែល​មានតែ​រូបថត​មានតែ​ឈ្មោះ​យកមក​អត់​មាន​មនុស្ស​ពិតប្រាកដ ​យកតែ​ហត្ថលេខា​មក​បន្លំ ប្រើប្រាស់​លិខិត​ក្លែងក្លាយ​ដាក់ជូន​ក្រសួងមហាផ្ទៃ អ៊ី​ចឹង​គឺ​គោលដៅ​នេះ​ក្រោយពេល​ក្រសួងមហាផ្ទៃ​ឆែក​ឃើញ​ការពិត​ គឺ​ខ្ញុំ​នឹង​ស្នើ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​មួយ​ដំណាក់កាល​ទៀត​​»

​លោក សួន សេរី​រដ្ឋា​ បាន​​សរសេរ​ក្នុង​​លិខិត​​ដដែល​នោះ​​ថា លោក​បាន​ចុះហត្ថលេខា​លើ​លិខិត​មួយ​ដែល​គ្រាន់តែ​តែងតាំង​លោក សួង សុភ​ណ្ឌ អោយធ្វើជា​ប្រធានស្ដីទី​បក្ស ដើម្បី​ដឹកនាំ​​ការងារ​​ប្រចាំថ្ងៃ​នៅ​ពេល​​លោក​​ជាប់​ពន្ធនាគារ​។​

​លោក សួន សេរី​រដ្ឋា ត្រូវ​បាន​​អាជ្ញាធរ​​ចាប់​ឃុំខ្លួន ​កាលពី​ថ្ងៃ​១២ សីហា ឆ្នាំ២០១៧ និង​​ត្រូវ​​ផ្តន្ទាទោស​អោយ​​ជាប់​ពន្ធនាគារ​៥​ឆ្នាំ​ ទាក់ទិន​នឹង​ការប្រមាថ និង​ធ្វើអោយ​ខូច​ទឹកចិត្ត​កងទ័ព ប៉ុន្តែ​ត្រូវ​ព្រះមហាក្សត្រ​ ព្រះ​ប្រទាន​លើកលែងទោស​កាលពី​ថ្ងៃទី​២៣ ខែសីហា​។ ក្នុង​រយៈ​ពេលនេះ​ គណបក្ស​អំណាច​ខ្មែរ​​ត្រូវ​គ្រប់គ្រង​ដោយ លោក សួង សុភ័ណ្ឌ ដោយ​ចាប់​ផ្តើមដំបូង​ជា​ប្រធានស្តីទី​​គណបក្ស​។ គណបក្ស​អំណាច​ខ្មែរ​បានធ្វើ​សមាជ​កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយបាន​ផ្តល់​តំណែង​ប្រធាន​បក្ស​ទៅអោយ​លោក សួង សុភ័​ណ្ឌ​។​

ឆ្លើយតប​នឹង​ការចោទប្រកាន់​របស់លោក សួន សេរី​រដ្ឋា ​នេះ លោក សួង សុភ័ណ្ឌ បាន​លើកឡើងថា កាលណោះ​គឺ​ពេលដែល​លោក សួន សេរី​រដ្ឋា​ ត្រូវ​​កាត់​​អោយ​មាន​​ទោស លោក​​ដែល​ជា​​ប្រធាន​ស្ដីទី​គណបក្ស ​ត្រូវ​ចាប់បង្ខំ​អោយ​រៀបចំ​សមាសភាព​​ក្បាល​ម៉ាស៊ីន​​គណបក្ស​​ជា​ថ្មី​​បញ្ជូនទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ធានាថា​គណបក្ស​ នឹងមិន​ត្រូ​​វ​រម្លាយចោល​ទៅតាម​អំណាច​នៃ​ច្បាប់​ថ្មី​ស្ដីពី​គណបក្សនយោបាយ។ លោក សួង សុភ័​ណ្ឌ ថា​លោក​មាន​ភស្ដុតាង​គ្រប់គ្រាន់​ចំពោះ​អ្វីដែល​លោក​បានធ្វើ ហើយ​ថា ប្រសិនបើ​លោក សួន សេរី​រដ្ឋា​ មាន​ភស្ដុតាង​ពិតមែន​​គួរតែ​​ប្ដឹង​​លោក​​ទៅ​​តុលាការ​៖ «​បើ​យើង​ធ្វើ​មិន​ត្រឹមត្រូវ​ មិន​ស្របច្បាប់​ក្រសួងមហាផ្ទៃ​ក៏​អត់​ទទួលយក ក៏​អត់​ទទួលស្គាល់​ដែរ ពីព្រោះ​គេ​មាន​គណកម្មការ​​គេ​ពិនិត្យ​ ហើយ​ចំពោះ​ការចោទប្រកាន់ថា ​ក្លែងបន្លំ​ឯកសារ​លាលែង​ហ្នឹង​ខ្ញុំ​សុំ​បញ្ជាក់​មួយទៀត​ថា ប្រសិនបើ​លោក សួន សេរី​រដ្ឋា មិនបាន​លាលែង​ពី​គណបក្ស​អំណាច​ខ្មែរ ហើយ​លោក​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​មានចែង​ក្នុង​ក្រមព្រហ្មទណ្ឌ ហើយ​ក្លាយជា​ទណ្ឌិត​ ម្ល៉េះ​គណបក្ស​អំណាច​ខ្មែរ​ត្រូវ​ក្រសួងមហាផ្ទៃ រំលាយចោល​ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ទៅហើយ​។ ខ្ញុំ​ចង់​សួរ​មួយ អោយ​លោក សួន សេរី​រដ្ឋា បង្ហាញ​ភស្ដុតាង ខ្ញុំ​សឹងតែ​និយាយថា បើ​មាន​ភស្ដុតាង​ថា ​ខ្ញុំ​ក្លែងបន្លំ​ឯកសារ​មិនបាច់​ដាក់​ទៅ​ក្រសួងមហាផ្ទៃ​នាំ​ហត់​ទេ ខ្ញុំ​ចុះ​ចេញពី​តំណែង​ភ្លាម​»។

ការ​បែកបាក់ ការដណ្ដើមយក​តំណែង​ប្រធាន​គណបក្ស និង​ការ​ហែកហួ​គ្នា​នៅក្នុង​គណបក្សនយោបាយ​​មួយ តែង​កើតជា​ញឹកញាប់​នៅក្នុង​ឆាកនយោបាយ​នៅ​កម្ពុជា ហើយ​​មាន​​គណបក្ស​ដែលមាន​​ជម្លោះ​បែបនេះ​តែង​ធ្លាក់​ប្រជាប្រិយភាព បាត់ឈ្មោះ ឬ​ត្រូវ​រម្លាយ​តែម្ដង​។ ចំពោះ​គណបក្ស​ល្បីៗ​រាប់​តាំងពី​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធសាសនា របស់លោក សឺ​ន សាន គណបក្ស​ជាតិខ្មែរ​របស់លោក សម រង្ស៊ី និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​(FUNCINPEC) របស់​សម្ដេចក្រុមព្រះ ​ន​រោត្ដម រណ​រិ​ទ្ធ ជាដើម​ត្រូវ​អ្នកវិភាគ​មើលឃើញថា ការបែកបាក់ ការដណ្ដើមយក​គណបក្ស ឬ​តំណែង​ប្រធាន​​បក្ស នៅក្នុង​បក្ស​ទាំងនោះ​ថា ​អាច ជា​ល្បែង​នយោបាយ​បំបែក និង​រម្លាយ​ បង្កើត​​ដោយ​គណបក្សកាន់អំណាច​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល