អង្គការ​អន្តរជាតិ និង​ប្រទេស​ប្រជាធិបតេយ្យ​ជំរុញ​អាជ្ញាធរ​ឱ្យ​បក្ស​ភ្លើងទៀន​ចូលរួម​បោះឆ្នោត​បាន

0:00 / 0:00

អង្គការ​អន្តរជាតិ និង​ប្រទេស​និយម​ប្រជាធិបតេយ្យ​មួយ​ចំនួន ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើងទៀន​អាច​ចូលរួម​ឈរឈ្មោះ​បោះឆ្នោត​ខែកក្កដា​ខាងមុខ​នេះ​បាន។ ពួកគេ​លើកឡើង​ថា ការណ៍​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើងទៀន​ចូលរួម​ឈរ​ឈ្មោះ​បោះឆ្នោត ក្រោម​ហេតុផល​«ខ្វះ​ឯកសារ» គឺជា​ទង្វើ​មិន​ត្រឹមត្រូវ និង​មិន​សមាមាត្រ ឬ​ជ្រុល​ហួស​ហេតុ។

ការ​សម្រេច​របស់​គ.ជ.ប មិន​ឱ្យ​បក្ស​ភ្លើងទៀន​ចូលរួម​ឈរឈ្មោះ​បោះឆ្នោត​ខែ​កក្កដា​ខាងមុខ​បាន កំពុង​បន្ត​ធ្វើ​ឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​លុប​លើ​ព្រឹត្តិការណ៍​បិទ​កីឡា​ស៊ីហ្គេម (SEA Games) របស់​លោក ហ៊ុន សែន។

អស់ពី​សហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី អាល្លឺម៉ង់ និង​ជប៉ុន ឥឡូវ​នេះ​ដល់វេន​បារាំង​វិញ​ម្តង។ ក្រសួង​អឺរ៉ុប និង​ការបរទេស​បារាំង​ កាលពី​ថ្ងៃទី១៦ ខែឧសភា បាន​ចេញ​សេចក្តី​ថ្លែងការណ៍ រិះគន់​ជា​សាធារណៈ​ចំពោះ​ចំណាត់ការ​របស់​គ.ជ.ប កម្ពុជា។ បារាំង​ថា ការ​សម្រេច​នេះ​គឺជា​សញ្ញា​គួរ​ឱ្យ​ព្រួយបារម្ភ​មួយ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លក្ខណៈ​ប្រជាធិបតេយ្យ​នៃ​ការបោះឆ្នោត។ បារាំង​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​កម្ពុជា ឱ្យ​ចាត់​វិធានការ​ចាំបាច់​នានា​ដើម្បី​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើងទៀន​អាច​ចូលរួម​ក្នុង​ដំណើរការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ដ៏​សំខាន់​នេះ។ ក្រសួង​អឺរ៉ុប និង​ការបរទេស​បារាំង​លើកឡើង​ថា ដូច​អ្វី​ដែល​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប ទទួល​បន្ទុក​គោលនយោបាយ​ការបរទេស និង​សន្តិសុខ​បាន​គូសបញ្ជាក់ បារាំង​នឹង​បន្ត​អំពាវនាវ​ឱ្យ​មាន​ការបោះឆ្នោត​ដោយ​សេរី តម្លាភាព ពហុបក្ស ស្របតាម​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។

ដោយឡែក អង្គការ​បណ្តាញ​អាស៊ី​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី(ANFREL) កាលពី​ថ្ងៃទី១៦ ខែឧសភា ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​ចំណាត់ការ​របស់ គ.ជ.ប ដែរ។ អង្គការ​នេះ សង្កត់ធ្ងន់​ថា ចំណាត់ការ​នេះ ធ្វើ​ឱ្យ​ទន់ខ្សោយ​បន្ថែម​ទៀត​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​កំពុង​ផាត់​ចោល​នូវ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ អានហ្វ្រែល​ថា ចំណាត់ការ​របស់ គ.ជ.ប មិន​ឱ្យ​គណបក្ស​ភ្លើងទៀន​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ក្រោម​ហេតុផល​ខ្វះ​ឯកសារ គឺជា​ទង្វើ​មិន​ត្រឹមត្រូវ និង​មិន​សមាមាត្រ។ អង្គការ​នេះ គូសបញ្ជាក់​ថា ការពិត​ដែល​ថា​គណបក្ស​ភ្លើងទៀន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ២០២២​កន្លង​ទៅ បង្ហាញ​ឱ្យ​ឃើញ​ពី​ចេតនា​តាម​ទំនើងចិត្ត និង​មាន​ចរិត​នយោបាយ​នៃ​ការ​សម្រេច​បដិសេធ​នេះ។

អង្គការ​បណ្តាញ​អាស៊ី​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី ហៅ​ចំណាត់ការ​បដិសេធ​របស់ គ.ជ.ប នេះ ថា​ជា​ការប្រមាថ​ដល់​ការប្រកួតប្រជែង​​ពិតប្រាកដ និង​ភាព​ពហុ​និយម​នយោបាយ ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​ការប្រកួតប្រជែង​តាម​បែប​ប្រជាធិបតេយ្យ​ពិតប្រាកដ​ឡើយ។ អានហ្វ្រែល បន្ត​ថា វា​គឺជា​ជំហាន​ធាក់​ថយក្រោយ ដែល​នឹង​រឹតតែ​ពង្រឹង​ការ​ក្តោប​ក្តាប់​អំណាច​របស់​បក្ស​កាន់អំណាច​ និង​ជា​ការ​បង្ក្រាប​លើ​សំឡេង​ក្រុម​អ្នក​ដែល​ចង់​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​តាម​បែប​ប្រជាធិបតេយ្យ។

អានហ្រ្វែល ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្លាស់ប្ដូរ​សេចក្តី​សម្រេចចិត្ត​របស់​ខ្លួន​ជាបន្ទាន់ និង​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ចាត់​នូវ​វិធានការ​ភ្លាមៗ​ក្នុង​ការ​បង្កើត​ឱ្យ​មាន​នូវ​បរិយាកាស​បោះឆ្នោត​មួយ​ដែល​អំណោយផល​ដើម្បី​លើកកម្ពស់​ការប្រកួតប្រជែង​ស្មើភាព​គ្នា​រវាង​គ្រប់​គណបក្ស​នយោបាយ​ដែល​ពាក់ព័ន្ធ។

នៅ​ចំពោះ​មុខ​ការ​ថ្កោលទោស​ស្ទើរ​ជុំ​ទិស​ពី​សហគមន៍​អន្តរជាតិ​បែបនេះ ក្រសួង​ការបរទេស​កម្ពុជា កាលពី​ថ្ងៃទី១៦ ខែឧសភា បាន​ចេញ​មុខ​ការពារ​សេចក្តី​សម្រេច​របស់​ គ.ជ.ប ដោយ​ផ្តល់​អំណះអំណាង​ថា ​អវត្តមាន​របស់​គណបក្ស​នយោបាយ​មួយ «ពុំបាន​ប៉ះពាល់» ដល់​ភាព​សេរី ពហុបក្ស និង​ប្រជាធិបតេយ្យ​របស់​កម្ពុជា​ឡើយ​ព្រោះ​អ្នកបោះឆ្នោត​នៅតែ​ «អាច​ជ្រើសរើស​ដោយ​សេរី» នូវ​គណបក្ស​នយោបាយ​មួយ​ក្នុងចំណោម​គណបក្ស​ប្រកួតប្រជែង​ដទៃទៀត។

ក៏ប៉ុន្តែ អំណះអំណាង​បែប​នេះ​ទំនងជា​ពិបាក​ធ្វើ​ឱ្យ​ពិភពលោក​ជឿ​ទុកចិត្ត ស្របពេល​ដែល​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​បន្ត​យុទ្ធនាការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​គណបក្ស​ប្រឆាំង និង​សំឡេង​រិះគន់​ «ឥត​ស្រាកស្រាន្ត»។

អង្គការ​វេទិកា​អាស៊ី​ដើម្បី​សិទ្ធិមនុស្ស និង​ការអភិវឌ្ឍ (FORUM-ASIA) ដែល​ជា​បណ្តេញ​អង្គការ​ចំនួន ៨៥​មកពី​២៣​ប្រទេស​នៅ​តំបន់​អាស៊ី និង​អង្គការ​សម្ព័ន្ធភាព​ពិភពលោក​សម្រាប់​ការចូលរួម​របស់​ពលរដ្ឋ (CIVICUS) ដែល​មាន​សមាជិក​ជាង ៨ពាន់​នាក់​មកពី ១៧៥ប្រទស​នៅ​ទូទាំង​ពិភពលោក ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​ចំណាត់ការ​របស់ គ.ជ.ប ដែរ។ អង្គការ​ប្រចាំ​តំបន់​ទាំងពីរ​នេះ ថា​ចំណាត់ការ​នេះ ធ្វើ​ឱ្យ​ខូចខាត​ដល់​សិទ្ធិ​របស់​ពលរដ្ឋ​កម្ពុជា​ក្នុង​ការ​ជ្រើសរើស​តំណាង​របស់​ពួកគេ។ អង្គការ FORUM-ASIA និង CIVICUS ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការប្រើប្រាស់​ការ​យាយី និង​ការ​បំភិតបំភ័យ​ដោយ​ប្រើ​ប្រព័ន្ធ​ការិយាធិបតេយ្យ ដើម្បី​បំបិទមាត់​គណបក្ស​ប្រឆាំង និង​សំឡេង​រិះគន់។

នាយិកា​ប្រតិបត្តិ​នៃ​អង្គការ FORUM-ASIA អ្នកស្រី ម៉ារី អែលីន បាកាលសូ (Mary Aileen Bacalso) ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី១៧ ខែ​ឧសភា ថា ការ​រាំងខ្ទប់​​គណបក្ស​ប្រឆាំង​ចម្បង​មិន​ឱ្យ​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ខាងមុខ ក្រោម​លេស​ថា ខកខាន​មិនបាន​ដាក់​រាល់​ឯកសារ​តម្រូវ​ច្បាប់​ដើម របប​លោក ហ៊ុន សែន កំពុង​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​មិន​គោរព​ចំពោះ​ការ​លើក​កម្ពស់​នៃ​គោលការណ៍​នៃ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ អ្នកស្រី​សង្កត់​ធ្ងន់​ថា ការ​យាយី​ដោយ​ប្រព័ន្ធ​ការិយាធិបតេយ្យ​ប្រឆាំង​នឹង​គណបក្ស​ប្រឆាំង​នេះ មិន​គួរ​ត្រូវ​បាន​អត់ឱន​ឱ្យ​ឡើយ ហើយ​ត្រូវតែ​បញ្ចប់។

ដោយឡែក របាយការណ៍​អំពី​លទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោត និង​កំណែទម្រង់​នៅ​កម្ពុជា​ប្រចាំឆ្នាំ២០២២ ទើបនឹង​ចេញ​ផ្សាយ​ដោយ​អង្គការ​ខុមហ្វ្រែល (COMFREL) កាលពី​ថ្ងៃទី១៥ ខែឧសភា បាន​វាយតម្លៃ​ថា ស្ថានភាព​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅតែ​ស្ថិត​ក្នុង​ស្ថានភាព​ «គ្រោះថ្នាក់» ឬ​មិន​ច្បាស់លាស់ ជាមួយ​នឹង​កង្វល់​នានា​អំពី​អស្ថិរភាព​នយោបាយ ការរំលោភ​សិទ្ធិមនុស្ស និង​ការ​រិតត្បិត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។ អង្គការ​នេះ​ថា អនាគត​ដែល​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ប្រសើរ​ឡើង​​សម្រាប់​កម្ពុជា គឺ​អាស្រ័យ​ទៅលើ​ការ​គាំទ្រ​កាន់តែ​ខ្លាំង​ឡើង​របស់​អន្តរជាតិ កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​សង្គម​ស៊ីវិល និង​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចេញមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តិ ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។