អង្គការឃ្លាំមើលសេរីភាពពិភពលោក (Freedom House) ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាថ្មីម្តងទៀត បង្កើតនូវបរិយាកាសអរិភាពនៅមុនការបោះឆ្នោតជាតិ ថ្ងៃទី២៣ ខែកក្កដា រាប់ចាប់តាំងពីការយាយីទៅលើគណបក្សប្រឆាំង រហូតដល់ការរឹតត្បិតនៅលើអនឡាញ។
អង្គការអន្តរជាតិនេះ កាលពីថ្ងៃទី០៧ ខែកក្កដា ដាក់ចំ ណាត់ថ្នាក់កម្ពុជាឱ្យជាប់ពិន្ទុ២៩ ក្នុងសន្ទស្សន៍ភាពងាយរងគ្រោះនៃការបោះឆ្នោត ដែលជាពិន្ទុទាបមួយបើធៀបទៅនឹងប្រទេសដទៃទៀត ដែលត្រៀមរៀបចំការបោះឆ្នោតនៅក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ខាងមុខ។ ពិន្ទុ ១០០ មានន័យថា ការបោះឆ្នោត មានភាពងាយរងគ្រោះតិចតួចបំផុត។
បើតាម អង្គការឃ្លាំមើលសេរីភាពពិភពលោក ចំណាត់ថ្នាក់នៃការបោះឆ្នោតនៅកម្ពុជានេះ ឆ្លុះបញ្ចាំងឱ្យឃើញពីទិដ្ឋភាពនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយដែលត្រូវបានរឹតបន្តឹងយ៉ាងតឹងរ៉ឹង ខណៈសេរីភាពនៃការបញ្ចេញមតិ និងការជួបប្រជុំត្រូវបានគាបសង្កត់យ៉ាងធ្ងន់ធ្ងរ ទាំងនៅលើអ៊ីនធឺណិត និងនៅក្នុងសង្គម។ លើសពីនេះទៀត ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសង្គមស៊ីវិល ជារឿយៗត្រូវបានកំណត់គោលដៅបង្ក្រាបដោយសារតែការរិះគន់ចំពោះអ្នកមានអំណាច។
Freedom House កត់សម្គាល់ពីការជ្រៀតជ្រែកឌីជីថលដែលចាំបាច់ត្រូវឃ្លាំមើលនៅមុនថ្ងៃបោះឆ្នោត។ ក្នុងនោះ មានដូចជា ការចាប់ខ្លួន និងផ្ដន្ទាទោសដោយសារសកម្មភាពរិះគន់លើអនឡាញ ការបិទខ្ទប់គេហទំព័រព័ត៌មាន ការលុបចោលខ្លឹមសារនៅលើអនឡាញ និងប្រតិបត្តិការចែករំលែកព័ត៌មានក្លែងក្លាយនៅលើអនឡាញជាដើម។
អង្គការឃ្លាំមើលសេរីភាពពិភពលោក Freedom House វាយតម្លៃថា ការបោះឆ្នោតជាតិថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ដែលត្រូវបានគេគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្ននោះ ធ្វើឡើងដើម្បីធានានូវផែនការផ្ទេរអំណាចតពូជរបស់លោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។