ទូត​បរទេស​ងាក​ទៅ​ជួប​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន «ព្រោះ​ជា​អ្នក​ក្ដោប​អំណាច​កំពូល»

ដោយ ខាន់ លក្ខិណា
2024.06.20
ទូត​បរទេស​ងាក​ទៅ​ជួប​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន «ព្រោះ​ជា​អ្នក​ក្ដោប​អំណាច​កំពូល» លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា (ស្ដាំ) ជួបឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាលោក អ៊ីហ្គោរ៍ ទ្រីសម៉ាន់(Igor Driesmans) នៅ​វិមាន​ព្រឹទ្ធសភា កាលពីថ្ងៃទី១២ មិថុនា ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

អ្នកឃ្លាំមើល​លើកឡើង​ថា អ្នកការទូត​មិនសូវ​ចាប់អារម្មណ៍​ការងារ​របស់​រដ្ឋសភា ដែល​ជា​ស្ថាប័ន​តំណាង​ប្រជាពលរដ្ឋ​ផ្ទាល់ តែ​បែរជា​ទៅ​មាន​ជំនួប​ជាមួយ​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ដោយសារតែ អ្នកការទូត​បរទេស​យល់​ថា លោក ហ៊ុន សែន ជា​អ្នក​ក្ដោប​ក្តាប់​អំណាច​ស្ថាប័ន​កំពូលៗ​ទាំងអស់​នៅ​កម្ពុជា។

ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ លោក ហ៊ុន សែន ហាក់​មមាញឹក​ខ្លាំង​ក្នុង​ការ​ទទួល​ជួប​ជាមួយ​ភ្ញៀវ និង​អ្នកការទូត​បរទេស បើ​ទោះបីជា​លោក​គ្រាន់តែ​ជា​ប្រធាន​ព្រឹទ្ធសភា ដែល​តំណែង​នេះ កើត​ចេញ​ពី​ការបោះឆ្នោត​តាម​បែប​អសកល​ក្តី។

ការ​វិវត្ត​នេះ កើតឡើង​ផុសផុល​ក្រោយពី​មានការ​រុះរើ​រចនាសម្ព័ន្ធ​ដឹកនាំ​ស្ថាប័ន​ជាតិ​សំខាន់ៗ ដូចជា រដ្ឋសភា រដ្ឋាភិបាល និង​ជាពិសេស​បន្ទាប់ពី​ការផ្លាស់ប្ដូរ​តំណែង ប្រធាន​ព្រឹទ្ធសភា​ទៅ​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ឪពុក​របស់​នាយករដ្ឋមន្ត្រី​។​

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស និង​សង្គម លោក ស៊ឹង សែន​ករុណា លើកឡើង​ថា នាយករដ្ឋមន្ត្រី និង​ប្រធានរដ្ឋសភា ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មីៗ​នេះ គឺជា​មនុស្ស​អត់​មាន​ឥទ្ធិពល​ដូច​ប្រធាន​ព្រឹទ្ធសភា ដែល​ជា​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ឡើយ ហើយ​ប្រធាន​ព្រឹទ្ធសភា ក៏​ជា​មនុស្ស​មាន​ឥទ្ធិពល  ​ដោយសារ លោក​គឺជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ថែមទៀត​។​

លោក ស៊ឹង សែន​ករុណា លើកឡើង​ថា អ្នកការទូត​បរទេស​អាច​យល់​ថា ការ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធានរដ្ឋសភា​អ្នកស្រី ឃួន សុដារី ឬក៏​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គ្មាន​ប្រយោជន៍ ឬ​គ្មាន​ឥទ្ធិពល​ក្នុង​ការ​សម្រេច​កិច្ចការ​ផ្សេងៗ ដូច​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន នោះ​ទេ។

លោក ស៊ឹង សែនករុណា៖ «ការដឹកនាំ​ប្រទេស​យើង វា​មិនមែន​អាស្រ័យ​ទៅ​លើ​ស្ថាប័ន​ដែល​ជា​តំណាង​របស់​ប្រជាពលរដ្ឋ​អី​ទេ គឺជា​ការដឹកនាំ​មួយ​ដែល​មាន​ទម្រង់​ប្រហាក់ប្រហែល​ទៅ​ហ្នឹង ការដឹកនាំ​តាម​ប្រទេស​បែប​ផ្ដាច់ការ ឬ​កុម្មុយនីស្ត។ អ៊ីចឹង​វា​មិនបាន​ផ្ដល់​នូវ​អំណាច ឬ​ឯករាជ្យភាព​ទៅ​ឱ្យ​ប្រធាន​រដ្ឋសភា ឬក៏​នាយក​មន្ត្រី ឬក៏​ខាង​តុលាការ​អី​ទេ​។ អ៊ីចឹង​យើង​យល់ថា ការ​ជួប​ទាំងឡាយ​បណ្ដា​ហ្នឹង គឺ​ប្រទេស​នានា​ក៏​គេ​យល់​អ៊ីចឹង​ដែរ»

ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៩ ខែ​មិថុនា​ថា លោក​មិន​បាន​ដឹង​ពី​មូលហេតុ ដែល​អ្នកការទូត​នានា មិន​សូវ​ចាប់​អារម្មណ៍​ជួប​ប្រធានរដ្ឋសភា​អ្នកស្រី ឃួន សុ​ដា​រី តែ​បែរជា​ទៅ​ជួប​លោក ហ៊ុន សែន ទៅវិញ​នោះ​ឡើយ។

លោក ឡេង ប៉េងឡុង៖ «បាទ​! អាហ្នឹង​ទាល់តែ​សួរ​ម្ចាស់ យើង​មិនដឹង​ហេតុ​អី​គេ​មិន​មក​ជួប​ខ្ញុំ​ម៉េច​ដឹង​។ ខ្ញុំ​មិនអាច​មិន​មាន​យោបល់​ចំពោះ​រឿង​នេះ​ទេ​បាទ»

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​លោក ម៉ែន ណាត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១៨ ខែមិថុនា ថា តាម​គោលការណ៍​រដ្ឋធម្មនុញ្ញ​អ្នកស្រី ឃួន សុដារី មានអំណាច ពិតប្រាកដ​មួយ ក្នុងនាម​ជា​ប្រធាន​អង្គការនីតិបញ្ញត្តិ ប៉ុន្តែ​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន ត្រូវ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន និង​បក្ខពួក​បំពាន​ទៅ​ហើយ ហើយ​ត្រួតត្រា​គ្រប់ ស្ថាប័ន​ជាតិ រួម​ទាំង​ស្ថាប័ន​ព្រះមហាក្សត្រ​ផង។

លោក ម៉ែន ណាត ថា អ្នកការទូត​សំខាន់ៗ ដឹង​ច្បាស់​ថា លោក ហ៊ុន សែន គឺជា​តំណាង​អំណាច​ពិតប្រាកដ​តែមួយគត់​នៅ​កម្ពុជា ទើប​ពួកគេ​ជួប​លោក ហ៊ុន សែន និង​តែងតែ​ស្នើ​ឱ្យ​ស្ដារ​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស ព្រមទាំង​ជំរុញ​ឱ្យ ដោះលែង​អ្នកទោស​មនសិការ។

លោក ម៉ែន ណាត​៖ «ស្ថាប័ន​នីតិបញ្ញត្តិ ទាំង​នីតិប្រតិបត្តិ ទាំង​តុលាការ ទាំង​ស្ថាប័ន ព្រះមហាក្សត្រ​គឺ​លោក ហ៊ុន សែន ត្រួតត្រា​ទាំងអស់​។ អ៊ីចឹង​ហើយ បានជា​គេ​ចូលចិត្ត​ទៅ​ជួប​សំណេះសំណាល​ជាមួយ​លោក ហ៊ុន សែន ហើយ​បន្តបន្ទាប់​មក​ទៀត គឺ​ជួប​លោក ហ៊ុន ម៉ាណែត។ ដោយឡែក​អ្នកស្រី ឃួន សុដារី ដែល​ជា​ប្រធានរដ្ឋសភា គេ​មើល​ឃើញ​ថា គាត់​មិនមែន​ជា​អ្នកតំណាង​ឱ្យអំណាច​នីតិប្បញ្ញតិ​ពិត​ប្រាកដ អ៊ីចឹង​គេ​ជួប​ធ្វើ​អី»

ចំណែកឯ​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ​លោក សេក សុជាតិ លើកឡើង​ថា គោលដៅ​របស់​អ្នកការទូត​ផ្តោត​លើ​ការ​ជួប​ជាមួយ​អ្នក​ដែល​មាន​អំណាច​សម្រេច​ចិត្ត ហើយ​នៅ​កម្ពុជា​ក្រុម​អ្នកការទូត​អាច​មើល​ដឹង​ថា  ​អ្នក​មាន​អំណាច​ពិតប្រាកដ គឺជា​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ជាជាង​អ្នកស្រី ឃួន សុដារី និង លោក ហ៊ុន ម៉ាណែត។

លោក សេក សុជាតិ៖ «នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ផ្ដោត​ទៅ​លើ​គណបក្ស​ជាធំ ដូច្នេះ គេ​អាច​និយាយ​បាន​ដោយ​ខ្លី​ពេល​ដែល​ជួប​ប្រធាន​គណបក្សកាន់អំណាច​អ្វីៗ គឺ​អាច​ដោះស្រាយ​បាន​ទាំងអស់ ដោយ​ពុំ​បាច់​ឆ្លងកាត់​ដំណាក់កាល​ផ្សេងៗ​ទៀត»

អ្នកសិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត ក៏​មើលឃើញ​ដែរ​ថា នៅ​កម្ពុជា​បច្ចុប្បន្ន លោក ហ៊ុន សែន ជា​បុគ្គល​គន្លឹះ​ទើប​អ្នកការទូត​ជួប​ជជែក​ការងារ​ច្រើន​។​

យ៉ាងណា លោក​ពន្យល់​ថា ការដឹកនាំ​ដែល​ពឹងផ្អែក​តែ​លើ​បុគ្គល​ម្នាក់ ឬ​មនុស្ស​មួយ​ក្រុម​ដោយ​មិន​អើពើ​ពី​ដំណើរការ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស នឹង​នាំ​ប្រទេសជាតិ​ទៅ​រក​ភាព​បរាជ័យ។

លោក វ៉ន ចាន់ឡូត៖ «កាលណា​តែ​សង្គមជាតិ​មួយ​អាស្រ័យ​ទាំងស្រុង​តែ​លើ​បុគ្គល​ម្នាក់ ឬក៏​បក្ខពួក​មួយ​ក្រុម សង្គមជាតិ​នោះ នឹង​មិនអាច​រីកចម្រើន​រុងរឿង​ពលរដ្ឋ​រស់នៅ​ដោយ​សេចក្ដីថ្លៃថ្នូរ​បានទេ​។ ទី​២ សង្គមជាតិ​នោះ ក៏​មិនអាច​ស៊ីវិល័យ​ជឿនលឿន​ដែល​ជា​សង្គមជាតិ​មនុស្ស​រស់នៅ​ដោយ​ការគោរព​សិទ្ធិមនុស្ស មនុស្ស​រស់នៅ​ដោយ​សេចក្ដីថ្លៃថ្នូរ​បាន​ដែរ»

តាម​រដ្ឋធម្មនុញ្ញ​តំណាងរាស្ត្រ គឺជា​តំណាង​ប្រជាជាតិ​ខ្មែរ​ទាំងមូល​។ រីឯ​រដ្ឋសភា​គឺ​ស្ថាប័ន​ជាតិ​កំពូល​មួយ ដែល​មាន​អំណាច​ពិនិត្យ​សកម្មភាព​របស់​រដ្ឋាភិបាល រហូតដល់​អាច​ទម្លាក់​សមាជិក​រដ្ឋាភិបាល ឬ​ទម្លាក់​រាជរដ្ឋាភិបាល​ទាំងមូល​តែម្ដង។

ប៉ុន្តែ​ស្ថាប័ន​នេះ រង​ការ​គំរាម​ចំៗ​ពី​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។ មុន​ដើរ​ចេញពី​រដ្ឋសភា​លោក ហ៊ុន សែន បាន​ថ្លែង​បង្ហាញ​ ឥទ្ធិពល​របស់​ខ្លួន​ថា ទោះបីជា​លោក​លែង​នៅក្នុង​រដ្ឋសភា​ក៏ដោយ ក៏​លោក​នៅ​មាន​សិទ្ធិអំណាច​ពេញលេញ ក្នុង​ការ​ដក​ឬ​ដាក់​តំណាងរាស្ត្រ ព្រមទាំង​អាច​ផ្លាស់ប្ដូរ តំណែង​តួនាទី​របស់​តំណាងរាស្ត្រ​នៅក្នុង​សភា​ដែរ។អ្នកឃ្លាំមើល​លើកឡើង​ថា មិនមែន​តែ​អ្នកការទូត​ទេ ដែល​មើលឃើញ​អំពី​ការ​ក្ដោប​អំណាច​ពេញដៃ​របស់​លោក ហ៊ុន សែន សូម្បីតែ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ក៏​មើល​យ៉ាង​ដូច្នេះ​ដែរ​។​

ជាក់ស្ដែង​ពេល​ពលរដ្ឋ​មាន​បញ្ហា ពួកគាត់​នាំគ្នា​លើក​បដា​រូបថត​លោក ហ៊ុន សែន និង​ប្រពន្ធ​ឱ្យ​ជួយ​ដោះស្រាយ រីឯ​ថ្នាក់ដឹកនាំ​រដ្ឋសភា និង​តំណាងរាស្ត្រ​វិញ ដែល មាន​តួនាទី​ជា​តំណាង​ប្រជាពលរដ្ឋ និង​ត្រូវ​ការពារ​ពលរដ្ឋ​នោះ មិន​ហ៊ាន​ចេញមុខ អន្តរាគមន៍​ទៅ​រដ្ឋាភិបាល ឱ្យ​ជួយ​រក​យុត្តិធម៌​ឡើយ។

ចំពោះ​រដ្ឋាភិបាល​វិញ លោក ហ៊ុន សែន ចេញប្រកាស​សម្រេច​កាត់​មុខ​នាយករដ្ឋមន្ត្រី​ស្ទើរតែ​គ្រប់​រឿង​ធំៗ​របស់​ជាតិ ដូចជា ការ​ជំរុញ​ឱ្យ​កំណត់ពេល​វេលា សាងសង់​ព្រែកជីក​ហ្វូណន​ឱ្យ​បាន​លឿន ការសម្រេច​មិន​ឱ្យ​កម្ពុជា​ចូលរួម​វេទិកា​សន្តិភាព​សម្រាប់​អ៊ុយក្រែន​នៅ​ប្រទេស​ស្វីស និង​អះអាង​ពី​ទំនាក់ទំនង​កម្ពុជា​-​ចិន​ជាដើម ដែល​ទាំងនេះ សុទ្ធតែ​ជា​តួនាទី​ការងារ​របស់​នាយករដ្ឋមន្ត្រី និង​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ព្រះចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​បន្ទាប់​ពី​ចូលរួម​បុណ្យ​ខួប​បាញ់សម្លាប់​បណ្ឌិត កែម ឡី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។