ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ប្រកាស​ចេញ​តវ៉ា​ជាមួយ​បក្ស​កម្លាំង​ជាតិ​ទាមទារ​ដោះលែង​អ្នកទោស​មនសិការ

ដោយ ច័ន្ទ ដារ៉ូ
2024.04.05
ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ប្រកាស​ចេញ​តវ៉ា​ជាមួយ​បក្ស​កម្លាំង​ជាតិ​ទាមទារ​ដោះលែង​អ្នកទោស​មនសិការ ក្រុមស្ត្រីថ្ងៃសុក្រ ជួបជុំគ្នាក្រោយពីដាក់ញត្តិនៅស្ថានទូតបារាំងប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។
រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ

ក្រុម​ស្រ្តី​ថ្ងៃសុក្រ​ប្រកាស​ចេញ​តវ៉ា​ជាមួយ​បក្ស​កម្លាំង​ជាតិ ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​អ្នកទោស​មនសិការ​ដែល​កំពុង​ជាប់ឃុំ​ក្រោម​ហេតុផល​នយោបាយ។ អាជ្ញាធរ​ក្រុងភ្នំពេញ​អះអាង​ថា​ការ​ជូន​ដំណឹង​ស្ដីពី​ការ​សម្ដែង​មតិ ដើម្បី​ទាមទារ​ដោះលែង​សមាជិក​របស់​គណបក្ស​កម្លាំង​ជាតិ គឺ​ធ្វើឡើង​ខុស​ច្បាប់។ ប៉ុន្តែ​មន្ត្រី​បក្ស​ជាន់ខ្ពស់​កម្លាំង​ជាតិ និង​មន្ត្រី​សិទ្ធិមនុស្ស​ថា​ការ​សម្ដែង​មតិ​ដោយ​សន្តិវិធី​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​នានា​ដែល​អាជ្ញាធរ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ។

ក្រុម​ស្រ្តីថ្ងៃសុក្រ​ដែល​ជា​ប្រពន្ធ​របស់​សកម្មជន​គណបក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ​បាន​ប្រកាស​ចេញ​សម្ដែង​មតិ​ដោយ​សន្តិវិធី​សា​ជា​ថ្មី។ សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃទី៣ ខែមេសា បាន​បញ្ជាក់​ថា​ពួក​គេ​នឹង​ចូលរួម​ជួបជុំ​សម្ដែង​មតិ​ដោយសន្តិវិធី​ជាមួយ​ថ្នាក់ដឹកនាំ និង​សមាជិក​គណបក្ស​កម្លាំង​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ​រយៈពេល​បី​ថ្ងៃ​ជាប់​គ្នា​ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​ប្ដី និង​សាច់ញាតិ​ដែល​កំពុង​ជាប់​ឃុំ​ក្រោម​ហេតុផល​នយោបាយ និង​ការ​បញ្ចេញ​មតិ​កន្លងទៅ​ដោយ​អយុត្តិធម៌។

តំណាង​ក្រុម​ស្រ្តីថ្ងៃសុក្រ និង​ជា​ប្រពន្ធ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ព្រៃស​លោក កាក់ កុម្ភារ គឺ​លោកស្រី ព្រំ ចាន់ថា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា មូលហេតុ​ដែល​ពួក​លោកស្រី​គ្រោង​ចេញ​តវ៉ា​ដោយ​សន្តិវិធី​នៅ​ពេល​ខាងមុខ​នេះ​ដោយសារ​ប្ដី​លោកស្រី រួម​ជាមួយ​កញ្ញា សេង ធារី លោក ថាច់ សេដ្ឋា និង​អ្នកជាប់ឃុំ​បក្ស​ប្រឆាំង​ដទៃ​ទៀត​មិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ។ ម្យ៉ាង​ទៀត​លោកស្រី​ឱ្យ​ដឹង​ថា ការ​ជួបជុំ​លើក​នេះ ក៏​ជា​ឱកាស​សម្រាប់​សមាជិក​គ្រួសារ​​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សមាជិក​គណបក្ស​ជំទាស់ ដើម្បី​ស្ការ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ។

លោកស្រី ព្រំ ចាន់ថា៖ «ដោយសារ​គេ​កើតទុក្ខ​មិន​សុខ​ចិត្ត​ការ​ធ្វើបាប​ប្រជាពលរដ្ឋ​ហ្នឹង​ហើយ បាន​ជា​គេ​ប្រមូល​ផ្ដុំ​បញ្ចេញមតិ​តស៊ូ​ដោយ​អហិង្សា សូម​កុំ​ធ្វើ​បាប​ប្រជាពលរដ្ឋ កុំ​ធ្វើ​បាប​ពួក​ខ្ញុំ អ៊ីចឹង​ឱ្យ​ខ្ញុំ​តវ៉ា​ដោយ​សន្តិវិធី​ទៅ ត្រូវ​យក​អ្វី​ដែល​ប្រជាពលរដ្ឋ អ្វី​ដែល​ខ្ញុំ​និយាយ​ហ្នឹង​ទៅ​ពិភាក្សា ស្ដាប់ ហើយ​(រដ្ឋាភិបាល) ត្រូវ​គិត​ថា ខ្លួន​ធ្វើខុស ឬ​ត្រូវ​ដែល​មក​ធ្វើបាប​ពលរដ្ឋ​ខ្លួនឯង​បែប​នេះ»

គណបក្ស​កម្លាំង​ជាតិ​កាល​ពី​ថ្ងៃ​ទី២ ខែមេសា បាន​ដាក់​លិខិត​ទៅ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ស្នើ​សុំ​ជួបជុំ​សម្ដែង​មតិ​ដោយ​សន្តិវិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ​ស្ថិតនៅ​ខណ្ឌឫស្សីកែវ​ក្នុង​គោលបំណង​ទាមទារ​ឱ្យ​ដោះ​លែង​សមាជិក​បក្ស​ពីរ​រូប ដែល​ត្រូវ​បាន​អាជ្ញាធរ ចាប់​ខ្លួន​កាល​ខែមីនា។ ពួក​គេ​ចាត់​ទុក​ការ​ចាប់​ខ្លួន​មន្ត្រី​ទាំង​នេះ​ថា ជា​រឿង​អយុត្តិធម៌​ក្រោម​រូបភាព​នយោបាយ។

គម្រោង​ជួបជុំ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នេះ​មាន​រយៈ​ពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី២២ ដល់​ថ្ងៃ​ទី២៤ ខែមេសា ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ ១៥០នាក់​លើក​បដា និង​រូបថត​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​ក្រុម​ការងារ​ខេត្ត​កំពង់ចាម និង​ជា​បេក្ខជន​ក្រុម​ប្រឹក្សា​ខេត្ត​លេខរៀង​ទី១ គឺ​លោក គា វិសាល រួម​ទាំង​អគ្គហេរញ្ញិក និង​បេក្ខជន​ព្រឹទ្ធសភា​លេខរៀង​ទី១ នៅ​ភូមិ​ភាគ៧ គឺ​លោក អ៊ំ វីរៈរដ្ឋ ផង​ដែរ។

ឆ្លើយតប​រឿង​នេះ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ប្រាប់​វិទ្យុ​អាស៊ី​សេរី​ដោយ​ខ្លី​ថា​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​កម្លាំង​ជាតិ​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នោះ​ទេ ដោយ​លោក​អះអាង​ថា លិខិត​ជូន​ដំណឹង​របស់​គណបក្ស​នោះ​មិន​ស្រប​នឹង​ច្បាប់​ស្ដីពី​ការ​សម្ដែង​មតិ។ តែ​យ៉ាង​ណា​ក្ដី លោក ឃួង ស្រេង ឱ្យ​ដឹង​ថា មន្ត្រី​របស់​លោក​បាន​អញ្ជើញ​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ​ទៅ​ប្រជុំ​ពិភាក្សា​គ្នា​នៅ​ពេល​ឆាប់ៗ នេះ​ដែរ។

លោក ឃួង ស្រេង៖ «ប៉ុន្តែ​យើង (អាជ្ញាធរ​ក្រុងភ្នំពេញ) មិន​អាច​ឱ្យ​គាត់ (គណបក្ស​កម្លាំង​ជាតិ) បាន​ទេ ពីព្រោះ​ការ​សម្ដែង​មតិ​របស់​គាត់​ទាមទារ​ឱ្យ​តុលាការ​អ៊ីចឹង ច្បាប់ គឺ​ច្បាប់​មិនមែន​ច្បាប់​មក​ធ្វើ​ការ​តវ៉ា ប្រឆាំង ឬ​សម្ដែង​មតិ​ទេ ច្បាប់​ប្រទេស​ណា​សម្ដែង​មតិ​ទៅ​ច្បាប់​លាយ​ចេញ​វិញ​នោះ »

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ចេញ​លិខិត​អញ្ជើញ​ថ្នាក់ដឹកនាំ​គណបក្ស​កម្លាំង​ជាតិ​ឱ្យ​ចូលរួម​ប្រជុំ​នៅ​ម៉ោង ២រសៀល​នៅ​ថ្ងៃ​ទី៨ ខែមេសា​ខាង​មុខ ក្នុង​គោលបំណង​ពិភាក្សា​ស្ដីពី​ការ​ជូន​ដំណឹង​ជួបជុំ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ដោះលែង​ថ្នាក់ដឹកនាំ​គណបក្ស​កម្លាំង​ជាតិ។

ទាក់ទង​រឿង​នេះ ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ប្រាប់​ថា ថ្នាក់​ដឹកនាំ​គណបក្ស​នឹង​ចូលរួម​ប្រជុំ​ជាមួយ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ទាក់ទង​ការ ជូន​ដំណឹង​កាល​ពី​ពេល​ថ្មីៗ នេះ។ លោក​បញ្ជាក់​ថា ការ​រៀបចំ​សម្ដែង​មតិ​ខាង​មុខ​នេះ ធ្វើ​ឡើង​ស្រប​តាម​រដ្ឋធម្មនុញ្ញ ជាពិសេស ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​គួរ​ចាប់​ផ្ដើម​បង្ហាញ​ពី​ការ​គោរព​សិទ្ធិ​សេរីភាព​ឱ្យ​បាន​ទូលំទូលាយ​ដូច​ច្បាប់​បាន​ចែង​ដើម្បី​ផល​ប្រយោជន៍​ជាតិ។

លោក រ៉ុង ឈុន៖ «ការ​ជូន​ដំណឹង​មិន​ចាំបាច់​រង់ចាំ​ការ​សម្រេច​ចិត្ត​ពី​សាលា​រាជធានី​ភ្នំពេញ​ទេ នៅ​ក្នុង​ច្បាប់​ស្ដីពី​បាតុកម្ម​ហ្នឹង គឺ​ជូន​ដំណឹង​មាន​សិទ្ធិ​ធ្វើ​ហើយ។ ចំណែក​អាជ្ញាធរ​ចូលរួម​សហការ​ទាក់ទង​ការ​សម្ដែង​មតិ ដូចជា ការ​ធ្វើ​ចរាចរណ៍ ឬ​មួយ​ការពារ​សុវត្ថិភាព​ជូន​អ្នក​ចូលរួម​ហ្នឹង​បាទ អា​ហ្នឹង បើ​យើង​មើល​ទៅ​លើ​ខ្លឹមសារ​នៃ​ច្បាប់ ប៉ុន្តែ​អ្វី​ដែល​លោក​អភិបាល​អះអាង​ថា ការ​ជូន​ដំណឹង​ខុស​នឹង​ច្បាប់​ឱ្យ​លោក​ចង្អុល​បង្ហាញ​ថា ច្បាប់​ណា? ត្រង់​ចំណុច​ណា? មាត្រា​ណា? ជំពូក​ណា? បាទ»

ចំណែក​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licado) លោក អំ សំអាត មាន​ប្រសាសន៍​ថា​គោលបំណង​ប្រមូលផ្ដុំ​គ្នា​សម្ដែង​មតិ​របស់​គណបក្ស​កម្លាំង​ជាតិ​ពុំ​មាន​ខុស​ផ្លូវ​ច្បាប់​នោះ​ទេ។ លោក​យល់​ថា អាជ្ញាធរ​គួរ​សម្របសម្រួល​ឲ្យ​ពួកគេ​អាច​ប្រើប្រាស់​សិទ្ធិ​ជួប​ជុំ​សម្ដែង​មតិ ដើម្បី​បើក​លំហ​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​បញ្ចៀស​ការរិះគន់​នានា​ពី​សហគមន៍​ជាតិ​និង​អន្តរជាតិ ចំពោះ​អាជ្ញាធរ​រារាំង​លើ​ការ​ប្រមូល​ផ្ដុំ​របស់​ពលរដ្ឋ។

លោក អំ សំអាត៖ «នៅ​ពេល​គណបក្ស​នយោបាយ​ស្នើ​សុំ​ជួបជុំ ការ​ប្រមូល​ផ្ដុំ​ហ្នឹង គឺ​វា​ជា​សិទ្ធិ​ដូច​ពលរដ្ឋ​ដទៃ​ទៀត​ដែរ ហ្នឹង​គួរ​តែ​ពិចារណា​ឱ្យ​បាន​ច្បាស់លាស់​ដែរ ដើម្បី​កុំ​ឱ្យ​មាន​ការ​រិះគន់​ថា ជា​ការ​រើសអើង​ជា​ដើម។ លិខិត​ជូន​ដំណឹង ឬ​ការ​អនុវត្ត​ឱ្យ​តែ​សមស្រប​តាម​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី និង​ការ​គោរព​សិទ្ធិ ដែល​ជា​បទដ្ឋាន​សិទ្ធិមនុស្ស​ដែល​កម្ពុជា​ទទួលស្គាល់​មក​អនុវត្ត​ដើម្បី​បង្ហាញ​ពី​លំហ​សេរីភាព ការអនុវត្ត​សិទ្ធិ​របស់​ពលរដ្ឋ​បាទ»

ទោះបី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ប្រកាស​ជា​មុន​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​កម្លាំង​ជាតិ​ធ្វើ​ការ​សម្ដែង​មតិ​យ៉ាង​ណា​ក្ដី តែ​មាត្រា៣៧ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា សិទ្ធិ​ធ្វើ​កូដកម្ម និង​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី ត្រូវ​យក​មក​អនុវត្ត​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់ ខណៈ​មាត្រា៤១ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​បោះពុម្ព​ផ្សាយ និង​សេរីភាព​ខាង​ជួបជុំ​ជាដើម។

ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​ពន្យល់​ថា​ពលរដ្ឋ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ប្រមូលផ្ដុំ​គ្នា​សម្ដែង​មតិ ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​កំពូល និង​ច្បាប់​​អន្តរជាតិ​ជាច្រើន រួមមាន​រដ្ឋធម្មនុញ្ញ សេចក្ដី​ប្រកាស​ជា​សាកល​ស្ដីពី​សិទ្ធិមនុស្ស ព្រមទាំង​កតិកាសញ្ញា​អន្តរ​ជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ។ សូម្បីតែ​នៅ​ក្នុង​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី ក៏​មិន​បាន​តម្រូវ​ឱ្យ​ពលរដ្ឋ​ទៅ​​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ដែរ គឺ​ត្រឹមតែ​ការ​ជូន​ដំណឹង​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។