ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ធ្វើ​បាយ​ម្ហូប​ជូន​គ្រួសារ​នៅ​ពន្ធនាគារ​ព្រៃ​ស​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

ដោយ សេក បណ្ឌិត
2022.09.20
Share on WhatsApp
Share on WhatsApp
ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ធ្វើ​បាយ​ម្ហូប​ជូន​គ្រួសារ​នៅ​ពន្ធនាគារ​ព្រៃ​ស​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​នាំ​គ្នា​ធ្វើ​ចង្ហាន់​ទៅ​វត្ត និង​រៀបចំ​បាយ​ម្ហូប​ផ្ញើ​ជូន​សមាជិក​គ្រួសារ ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស នៅ​បិណ្ឌ៨ ថ្ងៃ​ទី២០ ខែកញ្ញា ឆ្នាំ២០២២។
រូបភាពពីពលរដ្ឋ

ឱកាស​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​នាំ​គ្នា​ធ្វើ​ចង្ហាន់​ទៅ​វត្ត និង​រៀបចំ​បាយ​ម្ហូប​ផ្ញើ​ជូន​សមាជិក​គ្រួសារ ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស ស្រប​ពេល​រដ្ឋាភិបាល​មិន​ព្រម​ដោះ​លែង​អ្នក​ជាប់​ឃុំ​នយោបាយ​ឱ្យ​ជួបជុំ​គ្រួសារ​ពួក​គេ​បាន​ធ្វើ​បុណ្យទាន​ដូច​គ្រួសារ​ពលរដ្ឋ​ខ្មែរ​ផ្សេង​ទៀត​នោះ​ទេ។ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​អះអាង​ថា ករណី​នេះ គឺ​សមត្ថកិច្ច​របស់​តុលាការ។ ប៉ុន្តែ​មន្ត្រី​សិទ្ធិមនុស្ស​ថា បញ្ហា​នេះ​ផ្ដើម​ចេញ​ពី​វិវាទ​នយោបាយ​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង ដែល​ល្មម​ដល់​ពេល​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ចប់​វិបត្តិ​នេះ​ហើយ ។

ក្រុម​ស្រ្តី​ថ្ងៃ​សុក្រ​ប្រមាណ ១០នាក់ ​នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែកញ្ញា ត្រូវនឹងបិណ្ឌ៩ បាន​នាំ​គ្នា​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​នៅ​ឯ​វត្ត ដើម្បី​បួងសួង​សុំ​សេចក្ដី​សុខ និង​សុំ​ឱ្យ​មេ​ដឹក​រដ្ឋាភិបាល និង​តុលាការ​ដោះ​បន្ទន់​ចិត្ត​លែង​គ្រួសារ​ពួក​គេ ដែល​រង​ភាព​យុត្តិធម៌​មក​វិញ។ ចំណែក​ពេល​រសៀល​វិញ ពួក​គេ​ក៏​បាន​នាំ​គ្នា​ចូល​សួរ​សុខទុក្ខ និង​រៀបចំ​ណី​អាហារ​ផ្ទាល់​ដៃ​ផ្ញើ​ជូន​ប្តី និង​ឪពុក​របស់​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ដែរ ដោយ​ក្នុង​នោះ គ្រួសារ​សកម្មជន​ទាំង​នោះ​មាន​ទឹក​មុខ​សោកសៅ ដោយសារ​គ្មាន​ឱកាស​បាន​ជួបជុំ​គ្រួសារ​ដូច​អ្នក​ផ្សេង​ទៀត។

តំណាង​ស្ត្រី​ថ្ងៃ​សុក្រ និង​ជា​ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​រាជធានី​ភ្នំពេញ ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស លោក កាក់ កុម្ភារ គឺ​លោកស្រី ព្រុំ ចាន់ រៀបរាប់​ថា គ្រួសារ​លោកស្រី​សោកសង្រេង​ពេល​ឃើញ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត និង​ធ្វើ​បុណ្យទាន​ជុំ​គ្នា ចំណែក​គ្រួសារ​ពួក​លោកស្រី​បែរ​ជា​ជាប់​ឃុំ​ទាំង​អយុត្តិធម៌ ដោយសារ​ការ​សម្រេច​របស់​តុលាការ​ស្ថិត​ក្រោម​សម្ពាធ​របស់​អ្នក​នយោបាយ​កាន់​អំណាច។

ប្រពន្ធ​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ឱ្យ​ដឹង​បិណ្ឌ៩ នេះ លោកស្រី​បាន​ចូល​សួរ​សុខ​ទុក្ខ​ប្ដី​នៅ​ក្នុង​ពន្ធនាគារ ដោយ​ប្ដី​លោកស្រី​បាន​បង្ហាញ​ក្ដី​រលឹក​ប្រពន្ធ​កូន និង​សាច់​ញាតិ​ជា​ខ្លាំង ទោះ​យ៉ាង​ណា​គាត់​លើក​ទឹក​ចិត្ត​ឱ្យ​លោកស្រី​រក្សា​ជំហរ​រឹងមាំ​តស៊ូ​ទៅ​មុខ​រហូត​មាន​ដំណោះស្រាយ​នយោបាយ​ខាង​មុខ​នេះ។ ក្នុង​ឱកាស​ភ្ជុំបិណ្ឌ​នេះ លោកស្រី ព្រុំ ចាន់ បួងសួង​ឱ្យ​ប្ដី និង​សកម្មជន​នយោបាយ​ទាំង​អស់​មាន​សុខភាព​ល្អ និង​ទទួល​បាន​សេរីភាព​ជួបជុំ​គ្រួសារ​ឡើង​វិញ៖ «ក្រុម​គ្រួសារ​ពួក​យើង​ខ្ញុំ​ផ្ទាល់​តែ​ម្ដង ពួក​គាត់​អត់​មាន​ទោស​អ្វី​ទេ អ៊ីចឹង​អ្វី​ដែល​ក្រោម​ការ​ដឹកនាំ​របស់​លោក (ហ៊ុន សែនសូម​កុំ​ជិះជាន់​ធ្វើ​បាប ឬ​ធ្វើ​ទុក្ខ​បុក​ម្នេញ ចំពោះ​បក្ស​ប្រឆាំង​ទៀត ដូច្នេះ​លោក​ពួក​លោក​ឈប់​ធ្វើ​បាប​ពួក​គាត់​ទៅ សុទ្ធតែ​ជា​ខ្មែរ​ដូច​គ្នា​ទេ ពួក​គាត់​ចាស់ៗ អស់ហើយ ដើម្បី​ជួប និង​ចិញ្ចឹម​ប្រពន្ធ​កូន​ឡើង​វិញ»

ស្រដៀង​គ្នា​នេះ​ដែរ ប្រពន្ធ​មន្ត្រី​គណបក្ស​ប្រឆាំង ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ម្នាក់​ទៀត លោក គង់ ម៉ាស់ គឺ​កញ្ញា កុល សាត លើក​ឡើង​ថា ថ្ងៃ​កាន់​បិណ្ឌ​នេះ​លោកស្រី​ពុំ​មាន​ឱកាស​ជួប​ជុំ​ប្តី​ទៅ​វត្ត​បង្សុកូល​ឧទ្ទិស​បុណ្យ​កុសល​ជូន​ញាតិ​សន្តាន ដែល​បាន​ចែក​ឋាន​ទៅ​នោះ​ទេ តែ​ពួក​លោកស្រី​បាន​មូលមតិ​គ្នា​រៃ​ប្រាក់​បន្តិចបន្តួច​ធ្វើ​នំបញ្ចុក​សម្ល​ការី និង​ទិញ​សម្ភារៈ​ផ្សេងៗ ផ្ញើ​ឱ្យ​ប្ដី​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស ដើម្បី​ពួក​គាត់​ទទួល​អាហារ​ឆ្ងាញ់ៗ នៅ​រដូវ​បុណ្យទាន​នេះ។ លោកស្រី កុល សាត អួល​ដើម​ក​ពេល​ឃើញ​ទឹក​មុខ​ប្តី​ស្រងូតស្រងាត់​រៀបរាប់​ទឹក​ភ្នែក​រលីងរលោង​នឹក​ម្ដាយ​ឪពុក​នៅ​ស្រុក​កំណើត ដោយសារ​គាត់​បាត់បង់​សេរីភាព​ជិត ២ឆ្នាំ​មក​នេះ។ លោកស្រី​យល់​ថា ការ​ឃុំ​ខ្លួន​ប្ដី​ពុំ​បាន​ប្រព្រឹត្ត​ទោស​កំហុស គឺ​ជា​រឿង​ឈឺ​ចាប់ ចំពោះ​ក្រុម​គ្រួសារ​របស់​សកម្មជន​នយោបាយ ដូច្នេះ​លោកស្រី​យល់​បើ​សិន​តុលាការ​ឯករាជ្យ​គួរតែ​ដោះ​លែង​ប្ដី​លោកស្រី​នៅ​ថ្ងៃ​សវនាការ​ខាង​មុខ​នេះ ដើម្បី​ឱ្យ​គាត់​បាន​វិល ត្រឡប់​មក​ជួបជុំ​គ្រួសារ​វិញ៖ «ធ្លាប់​តែ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​អ៊ីចឹង ប្ដី​របស់​ខ្ញុំ​នៅ​ខាង​ក្រៅ ដែល​មិន​ទាន់​មាន​បញ្ហា​អ្វី គឺ​បាន​ទៅ​វត្ត​ជុំ​គ្នា ជួបជុំ​មិត្តភ័ក្ដិ ក្រុម​គ្រួសារ ទៅ​ស្រុក​ជុំ​បងប្អូន ប៉ុន្តែ​ឥឡូវ​គាត់​ជាប់​ពន្ធនាគារ ពេល​ជួប គាត់​មាន​អារម្មណ៍​ថា ក្ដុកក្ដួល ហើយ​គាត់​ផ្ដាំ​ផ្ញើ​ទាំង​ទឹក​ភ្នែក​រលីងរលោង​ថា នឹក​ម៉ែ​ឪ​បង​ប្អូន ព្រោះ​មិន​បាន​ជួប​គ្នា»

មក​ទល់​ពេល​នេះ មាន​សកម្មជន​គណបក្ស​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល​ជាង ៦០នាក់​ទៀត កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ដោយសារ​តែ​ការ​អនុវត្ត​សិទ្ធិ​សេរី​ភាព​របស់​ខ្លួន។ ពួក​គាត់​ភាគ​ច្រើន ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ កាល​ពី​ដើម​ឆ្នាំ២០២០។ តុលាការ​បាន​ចោទ​ប្រកាន់​ពួក​គេ​ដូចៗ គ្នា គឺ​ពី​បទ​រួម​គំនិត​ក្បត់ ញុះញង់​ឲ្យ​យោធិន​មិន​ស្ដាប់​បង្គាប់ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ជា​ដើម។

ឆ្លើយតប​រឿង​នេះ ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន លើក​ឡើង​ថា រដ្ឋាភិបាល​មិន​មាន​សមត្ថកិច្ច​ដោះលែង​ជន​ជាប់​ឃុំ​ទាំង​នោះ តាម​សំណើ​របស់​គ្រួសារ​នោះ​ទេ ពីព្រោះ​ករណី​ស្ថិត​លើ​ការ​សម្រេច​របស់​តុលាការ។ អះអាង​ថា ការ​ចាប់ និង​ឃុំ​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​កន្លង​ទៅ​មិនមែន​ជា​រឿង​នយោបាយ​ទេ ហើយ​លោក​ជំរុញ​ក្រុម​គ្រួសារ​ឱ្យ​ដាក់​មេធាវី​តតាំង​ក្តី​នៅ​តុលាការ​ជា​ការ​ប្រសើរ​ជាង៖ «គេ​ទាំង​អស់​ហ្នឹង ត្រូវតែ​អនុវត្ត​តាម​គោលការណ៍​យុត្តិធម៌ ដែល​រក្សា​សិទ្ធិ​ពួក​គាត់ ហើយ​គាត់​និយាយ​អ្វី​មិន​ពេញ​ចិត្ត គាត់​និយាយ​អ្វី​មិន​យុត្តិធម៌ ព្រោះ​អ្នក​និយាយ​យុត្តិធម៌​មិនមែន​អ្នក​សាមញ្ញ​ទេ អ្នក​ដែល​ពាក្យ​យុត្តិធម៌​មាន​តែ​ចៅក្រម​ទេ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន ដើម្បី​បញ្ជាក់​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២០ ខែកញ្ញា។

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​នេះ ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន រួម​ទាំង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ និង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ កន្លង​មក​បាន​ថ្កោលទោស​ជា​បន្ត​បន្ទាប់ ចំពោះ​រដ្ឋាភិបាល​ដោយ​ចាត់​ទុក​ថា ការ​ចាប់​ខ្លួន​សកម្មជន​ទាំង​នេះ គឺ​ជា​រឿង​នយោបាយ និង​គ្មាន​មូលដ្ឋាន​ច្បាប់។ ជាមួយ​គ្នា​នេះ ពួក​គេ​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង​នោះ ឱ្យ​មាន​សេរីភាព​ឡើង​វិញ ដោយ​ឥត​លក្ខខណ្ឌ ព្រម​ទាំង​លោក​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា បើក​លំហ​សេរីភាព​សង្គម​ស៊ីវិល និង​នយោបាយ ក្នុង​នោះ ក៏​រាប់​បញ្ចូល​ទាំង​ការ​លុបចោល និង​ការ​កែ​ទម្រង់​ច្បាប់​នានា ដែល​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ផង​ដែរ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​លោក នី សុខា មាន​ប្រសាសន៍​ថា ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​កន្លង​មក គឺ​ផ្ដើម​ចេញ​ពី​វិវាទ​នយោបាយ​មិនមែន​ជា​រឿង​អនុវត្ត​នោះ​ទេ។ លោក នី សុខា សោក​ស្ដាយ​ការ ដែល​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ដូច​កម្ពុជា បែរ​ជា​អ្នក​នយោបាយ​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល និង​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ត្រូវ​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​ជាប់​ពន្ធនាគារ​ព្រាត់ប្រាស​ដូច្នេះ​ទេ។ លោក​យល់​ថា រដ្ឋាភិបាល​ល្មម​ដល់​ពេល​ទទួល​ស្គាល់​ការ​ពិត ហើយ​ងាក​រក​ការ​ចរចា​នយោបាយ ដើម្បី​កុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទទួល​រង​ការ​ឈឺ​ចាប់​បន្ត​ទៀត៖ «យើង​ដឹង​ហើយ​ថា ប្រទេស​យើង​ប្រកាន់​នូវ​លទ្ធិ​ប្រជាធិបតេយ្យ ដែល​និយាយ​ពី​សេរីភាព​នៃ​ការ​ធ្វើ​នយោបាយ សេរីភាព​បញ្ចេញ​មតិ សេរីភាព​ក្នុង​ការ​ទាមទារ​តវ៉ា​ធ្វើ​កូដកម្ម​បាតុកម្ម​ទាំង​អស់​ហ្នឹង គឺ​ជា​សេរីភាព​ស្រប​ច្បាប់​សុទ្ធសាធ អត់​អី​ណា​ទៅ​ខុស​ច្បាប់​នោះ​ទេ។ ក្នុង​របប​ប្រជាធិបតេយ្យ​ហើយ យើង​យក​ការ​ប្រើប្រាស់​សេរីភាព​ទាំង​អស់​ហ្នឹង​បែរ​ជា​ខុស​ច្បាប់​ទៅ​វិញ អ៊ីចឹង​ខ្ញុំ​មិន​ដឹង​ថា លោក (រដ្ឋាភិបាល) កំពុង​យល់​ថា ប្រជាធិបតេយ្យ​របស់​លោក​អនុវត្ត​តាម​រូប​មន្ត​អ្វី​ទេ»

ក្រុម​គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​បញ្ជាក់​ថា ពួក​គេ​នៅ​តែ​ចេញ​តវ៉ា និង​ដាក់​ញត្តិ​ស្វែងរក​កិច្ច​អន្តរាគមន៍​នៅ​តាម​ស្ថាប័ន និង​ស្ថានទូត​បន្ត​ទៀត​ដោយ​មិន​រាថយ​នោះ​ទេ។ លើស​ពី​នេះ ទោះបី​ពួក​គាត់​ទទួល​ភាព​សោក​ក្នុង​ចិត្ត​ពី​ភាព​យុត្តិធម៌​ក្នុង​សង្គម​នៅ​ពេល​នេះ​យ៉ាង​ណា​ក៏​ដោយ ក៏​ពួក​គាត់​រក្សា​ជំហរ​រឹងមាំ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង​អស់ ឱ្យ​មាន​សេរីភាព​ឡើង​វិញ ដោយ​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
បក្សភ្លើងទៀន​រំឭក​ខួប​២៧​ឆ្នាំ និង​កំណត់​ទិសដៅ​ប្រកួតប្រជែង​ការ​បោះឆ្នោត​ឆ្នាំ២០២៣
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។