ឱកាសភ្ជុំបិណ្ឌឆ្នាំនេះ ក្រុមស្ត្រីថ្ងៃសុក្រនាំគ្នាធ្វើចង្ហាន់ទៅវត្ត និងរៀបចំបាយម្ហូបផ្ញើជូនសមាជិកគ្រួសារ ដែលកំពុងជាប់ពន្ធនាគារព្រៃស ស្របពេលរដ្ឋាភិបាលមិនព្រមដោះលែងអ្នកជាប់ឃុំនយោបាយឱ្យជួបជុំគ្រួសារពួកគេបានធ្វើបុណ្យទានដូចគ្រួសារពលរដ្ឋខ្មែរផ្សេងទៀតនោះទេ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា ករណីនេះ គឺសមត្ថកិច្ចរបស់តុលាការ។ ប៉ុន្តែមន្ត្រីសិទ្ធិមនុស្សថា បញ្ហានេះផ្ដើមចេញពីវិវាទនយោបាយរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ដែលល្មមដល់ពេលរដ្ឋាភិបាលដោះស្រាយបញ្ចប់វិបត្តិនេះហើយ ។
ក្រុមស្រ្តីថ្ងៃសុក្រប្រមាណ ១០នាក់ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ត្រូវនឹងបិណ្ឌ៩ បាននាំគ្នាធ្វើចង្ហាន់ប្រគេនព្រះសង្ឃនៅឯវត្ត ដើម្បីបួងសួងសុំសេចក្ដីសុខ និងសុំឱ្យមេដឹករដ្ឋាភិបាល និងតុលាការដោះបន្ទន់ចិត្តលែងគ្រួសារពួកគេ ដែលរងភាពយុត្តិធម៌មកវិញ។ ចំណែកពេលរសៀលវិញ ពួកគេក៏បាននាំគ្នាចូលសួរសុខទុក្ខ និងរៀបចំណីអាហារផ្ទាល់ដៃផ្ញើជូនប្តី និងឪពុករបស់ខ្លួននៅពន្ធនាគារព្រៃសដែរ ដោយក្នុងនោះ គ្រួសារសកម្មជនទាំងនោះមានទឹកមុខសោកសៅ ដោយសារគ្មានឱកាសបានជួបជុំគ្រួសារដូចអ្នកផ្សេងទៀត។
តំណាងស្ត្រីថ្ងៃសុក្រ និងជាប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញ ដែលកំពុងជាប់ពន្ធនាគារព្រៃស លោក កាក់ កុម្ភារ គឺលោកស្រី ព្រុំ ចាន់ រៀបរាប់ថា គ្រួសារលោកស្រីសោកសង្រេងពេលឃើញពលរដ្ឋខ្មែរធ្វើដំណើរទៅលេងស្រុកកំណើត និងធ្វើបុណ្យទានជុំគ្នា ចំណែកគ្រួសារពួកលោកស្រីបែរជាជាប់ឃុំទាំងអយុត្តិធម៌ ដោយសារការសម្រេចរបស់តុលាការស្ថិតក្រោមសម្ពាធរបស់អ្នកនយោបាយកាន់អំណាច។
ប្រពន្ធមន្ត្រីបក្សប្រឆាំងរូបនេះឱ្យដឹងបិណ្ឌ៩ នេះ លោកស្រីបានចូលសួរសុខទុក្ខប្ដីនៅក្នុងពន្ធនាគារ ដោយប្ដីលោកស្រីបានបង្ហាញក្ដីរលឹកប្រពន្ធកូន និងសាច់ញាតិជាខ្លាំង ទោះយ៉ាងណាគាត់លើកទឹកចិត្តឱ្យលោកស្រីរក្សាជំហររឹងមាំតស៊ូទៅមុខរហូតមានដំណោះស្រាយនយោបាយខាងមុខនេះ។ ក្នុងឱកាសភ្ជុំបិណ្ឌនេះ លោកស្រី ព្រុំ ចាន់ បួងសួងឱ្យប្ដី និងសកម្មជននយោបាយទាំងអស់មានសុខភាពល្អ និងទទួលបានសេរីភាពជួបជុំគ្រួសារឡើងវិញ៖ «ក្រុមគ្រួសារពួកយើងខ្ញុំផ្ទាល់តែម្ដង ពួកគាត់អត់មានទោសអ្វីទេ អ៊ីចឹងអ្វីដែលក្រោមការដឹកនាំរបស់លោក ( ហ៊ុន សែន ) សូមកុំជិះជាន់ធ្វើបាប ឬធ្វើទុក្ខបុកម្នេញ ចំពោះបក្សប្រឆាំងទៀត ដូច្នេះលោកពួកលោកឈប់ធ្វើបាបពួកគាត់ទៅ សុទ្ធតែជាខ្មែរដូចគ្នាទេ ពួកគាត់ចាស់ៗ អស់ហើយ ដើម្បីជួប និងចិញ្ចឹមប្រពន្ធកូនឡើងវិញ»។
ស្រដៀងគ្នានេះដែរ ប្រពន្ធមន្ត្រីគណបក្សប្រឆាំង ដែលកំពុងជាប់ឃុំនៅពន្ធនាគារម្នាក់ទៀត លោក គង់ ម៉ាស់ គឺកញ្ញា កុល សាត លើកឡើងថា ថ្ងៃកាន់បិណ្ឌនេះលោកស្រីពុំមានឱកាសជួបជុំប្តីទៅវត្តបង្សុកូលឧទ្ទិសបុណ្យកុសលជូនញាតិសន្តាន ដែលបានចែកឋានទៅនោះទេ តែពួកលោកស្រីបានមូលមតិគ្នារៃប្រាក់បន្តិចបន្តួចធ្វើនំបញ្ចុកសម្លការី និងទិញសម្ភារៈផ្សេងៗ ផ្ញើឱ្យប្ដីនៅក្នុងពន្ធនាគារព្រៃស ដើម្បីពួកគាត់ទទួលអាហារឆ្ងាញ់ៗ នៅរដូវបុណ្យទាននេះ។ លោកស្រី កុល សាត អួលដើមកពេលឃើញទឹកមុខប្តីស្រងូតស្រងាត់រៀបរាប់ទឹកភ្នែករលីងរលោងនឹកម្ដាយឪពុកនៅស្រុកកំណើត ដោយសារគាត់បាត់បង់សេរីភាពជិត ២ឆ្នាំមកនេះ។ លោកស្រីយល់ថា ការឃុំខ្លួនប្ដីពុំបានប្រព្រឹត្តទោសកំហុស គឺជារឿងឈឺចាប់ ចំពោះក្រុមគ្រួសាររបស់សកម្មជននយោបាយ ដូច្នេះលោកស្រីយល់បើសិនតុលាការឯករាជ្យគួរតែដោះលែងប្ដីលោកស្រីនៅថ្ងៃសវនាការខាងមុខនេះ ដើម្បីឱ្យគាត់បានវិល ត្រឡប់មកជួបជុំគ្រួសារវិញ៖ « ធ្លាប់តែរដូវបុណ្យភ្ជុំបិណ្ឌអ៊ីចឹង ប្ដីរបស់ខ្ញុំនៅខាងក្រៅ ដែលមិនទាន់មានបញ្ហាអ្វី គឺបានទៅវត្តជុំគ្នា ជួបជុំមិត្តភ័ក្ដិ ក្រុមគ្រួសារ ទៅស្រុកជុំបងប្អូន ប៉ុន្តែឥឡូវគាត់ជាប់ពន្ធនាគារ ពេលជួប គាត់មានអារម្មណ៍ថា ក្ដុកក្ដួល ហើយគាត់ផ្ដាំផ្ញើទាំងទឹកភ្នែករលីងរលោងថា នឹកម៉ែឪបងប្អូន ព្រោះមិនបានជួបគ្នា»។
មកទល់ពេលនេះ មានសកម្មជនគណបក្សប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាលជាង ៦០នាក់ទៀត កំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន។ ពួកគាត់ភាគច្រើន ត្រូវបានអាជ្ញាធរចាប់ខ្លួនជាបន្តបន្ទាប់ កាលពីដើមឆ្នាំ២០២០។ តុលាការបានចោទប្រកាន់ពួកគេដូចៗ គ្នា គឺពីបទរួមគំនិតក្បត់ ញុះញង់ឲ្យយោធិនមិនស្ដាប់បង្គាប់ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ជាដើម។
ឆ្លើយតបរឿងនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន លើកឡើងថា រដ្ឋាភិបាលមិនមានសមត្ថកិច្ចដោះលែងជនជាប់ឃុំទាំងនោះ តាមសំណើរបស់គ្រួសារនោះទេ ពីព្រោះករណីស្ថិតលើការសម្រេចរបស់តុលាការ។ អះអាងថា ការចាប់ និងឃុំខ្លួនសកម្មជនបក្សប្រឆាំងកន្លងទៅមិនមែនជារឿងនយោបាយទេ ហើយលោកជំរុញក្រុមគ្រួសារឱ្យដាក់មេធាវីតតាំងក្តីនៅតុលាការជាការប្រសើរជាង៖ « គេទាំងអស់ហ្នឹង ត្រូវតែអនុវត្តតាមគោលការណ៍យុត្តិធម៌ ដែលរក្សាសិទ្ធិពួកគាត់ ហើយគាត់និយាយអ្វីមិនពេញចិត្ត គាត់និយាយអ្វីមិនយុត្តិធម៌ ព្រោះអ្នកនិយាយយុត្តិធម៌មិនមែនអ្នកសាមញ្ញទេ អ្នកដែលពាក្យយុត្តិធម៌មានតែចៅក្រមទេ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ដើម្បីបញ្ជាក់រឿងនេះបានទេ នៅថ្ងៃទី២០ ខែកញ្ញា។
ផ្ទុយពីការលើកឡើងរបស់រដ្ឋាភិបាលនេះ ក្រុមអង្គការជាតិ និងអន្តរជាតិជាច្រើន រួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងក្រុមប្រទេសប្រជាធិបតេយ្យធំៗ កន្លងមកបានថ្កោលទោសជាបន្តបន្ទាប់ ចំពោះរដ្ឋាភិបាលដោយចាត់ទុកថា ការចាប់ខ្លួនសកម្មជនទាំងនេះ គឺជារឿងនយោបាយ និងគ្មានមូលដ្ឋានច្បាប់។ ជាមួយគ្នានេះ ពួកគេបន្តទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំទាំងនោះ ឱ្យមានសេរីភាពឡើងវិញ ដោយឥតលក្ខខណ្ឌ ព្រមទាំងលោកអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា បើកលំហសេរីភាពសង្គមស៊ីវិល និងនយោបាយ ក្នុងនោះ ក៏រាប់បញ្ចូលទាំងការលុបចោល និងការកែទម្រង់ច្បាប់នានា ដែលរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋផងដែរ។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកលោក នី សុខា មានប្រសាសន៍ថា ការចាប់ឃុំខ្លួនសកម្មជនបក្សប្រឆាំងដាក់ពន្ធនាគារកន្លងមក គឺផ្ដើមចេញពីវិវាទនយោបាយមិនមែនជារឿងអនុវត្តនោះទេ។ លោក នី សុខា សោកស្ដាយការ ដែលប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យដូចកម្ពុជា បែរជាអ្នកនយោបាយមាននិន្នាការផ្ទុយពីរដ្ឋាភិបាល និងប្រើប្រាស់សិទ្ធិសេរីភាពធានាដោយរដ្ឋធម្មនុញ្ញត្រូវរងការធ្វើទុក្ខបុកម្នេញ និងជាប់ពន្ធនាគារព្រាត់ប្រាសដូច្នេះទេ។ លោកយល់ថា រដ្ឋាភិបាលល្មមដល់ពេលទទួលស្គាល់ការពិត ហើយងាករកការចរចានយោបាយ ដើម្បីកុំឱ្យពលរដ្ឋខ្មែរទទួលរងការឈឺចាប់បន្តទៀត៖ « យើងដឹងហើយថា ប្រទេសយើងប្រកាន់នូវលទ្ធិប្រជាធិបតេយ្យ ដែលនិយាយពីសេរីភាពនៃការធ្វើនយោបាយ សេរីភាពបញ្ចេញមតិ សេរីភាពក្នុងការទាមទារតវ៉ាធ្វើកូដកម្មបាតុកម្មទាំងអស់ហ្នឹង គឺជាសេរីភាពស្របច្បាប់សុទ្ធសាធ អត់អីណាទៅខុសច្បាប់នោះទេ។ ក្នុងរបបប្រជាធិបតេយ្យហើយ យើងយកការប្រើប្រាស់សេរីភាពទាំងអស់ហ្នឹងបែរជាខុសច្បាប់ទៅវិញ អ៊ីចឹងខ្ញុំមិនដឹងថា លោក ( រដ្ឋាភិបាល ) កំពុងយល់ថា ប្រជាធិបតេយ្យរបស់លោកអនុវត្តតាមរូបមន្តអ្វីទេ»។
ក្រុមគ្រួសារសកម្មជនបក្សប្រឆាំងបញ្ជាក់ថា ពួកគេនៅតែចេញតវ៉ា និងដាក់ញត្តិស្វែងរកកិច្ចអន្តរាគមន៍នៅតាមស្ថាប័ន និងស្ថានទូតបន្តទៀតដោយមិនរាថយនោះទេ។ លើសពីនេះ ទោះបីពួកគាត់ទទួលភាពសោកក្នុងចិត្តពីភាពយុត្តិធម៌ក្នុងសង្គមនៅពេលនេះយ៉ាងណាក៏ដោយ ក៏ពួកគាត់រក្សាជំហររឹងមាំ ដើម្បីទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំទាំងអស់ ឱ្យមានសេរីភាពឡើងវិញ ដោយឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។