អតីតសមាជិកបក្សហ៊្វុនស៊ិនប៉ិចខេត្តមណ្ឌលគិរីបីនាក់ឈ្លោះគ្នាដណ្ដើមដីទីស្នាក់ការបក្ស
អតីតសកម្មជនគណបក្សហ៊្វុនស៊ិនប៉ិច ចំនួន បីនាក់ដែលបានចាកចេញពីគណបក្សរាជានិយមជាមួយគ្នា ហើយទៅចូលជាសមាជិកគណបក្សបីផ្សេងគ្នា កើតមានជម្លោះដណ្ដើមដីទីស្នាក់ការ និងជម្លោះវាយស្លាកសញ្ញាគណបក្ស។ សកម្មជនទាំងបី អះអាងដូចគ្នាថា នេះជាទំនាស់បុគ្គលមិនទាក់ទិនបញ្ហានយោបាយ។
អតីតសកម្មជនគណបក្សហ៊្វុនស៊ិនប៉ិច ខេត្តមណ្ឌលគិរី ចំនួន បីនាក់ កំពុងប្រឈមរឿងប្ដឹងផ្ដល់គ្នាតាមផ្លូវតុលាការចំនួនពីរករណីផ្សេងគ្នា រួមមានបណ្ដឹងទាក់ទិនការវាយស្លាកសញ្ញាគណបក្ស និងបណ្ដឹងទាមទារដីអតីតទីស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិច ដែលមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច ខ្ចីពីសកម្មជន។
សកម្មជនទាំងបីរួមមាន លោក សៅ សារីម បច្ចុប្បន្នជាសមាជិកជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ខេត្តមណ្ឌលគិរី។ លោក ឆាន់ រី បច្ចុប្បន្នជាសមាជិកគណបក្សប្រជាជន និងលោក ខឹម ជា បច្ចុប្បន្នជាប្រធានគណបក្សខ្មែររួបរួមជាតិ ខេត្តមណ្ឌលគិរី។
ប្រធានគណបក្សខ្មែររួបរួមជាតិ ខេត្តមណ្ឌលគិរី លោក ខឹម ជា បញ្ជាក់នៅថ្ងៃទី២៤ ខែធ្នូ ថា បានដាក់ពាក្យប្ដឹងលោក ឆាន់ រី ទៅសាលាដំបូងខេត្តមណ្ឌលគិរី កាលពីរសប្ដាហ៍កន្លងទៅក្រោយពេលលោក ឆាន់ រី បានវាយបំផ្លាញស្លាកសញ្ញាគណបក្សខ្មែររួបរួមជាតិ មានទីតាំងនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ដែលជាអតីតទីស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិច។
លោកចាត់ទុកថា សកម្មភាពវាយស្លាកសញ្ញាគណបក្សខ្មែររួបរួមជាតិនេះ ជារឿងបុគ្គលមានចេតនាបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ៖ «ខ្ញុំមកជាប្រចាំរាល់ថ្ងៃ ការិយាល័យខ្ញុំនៅហ្នឹងមានអនុប្រធានបក្សម្នាក់ដេកនៅហ្នឹង គាត់មកវាយទម្លាក់អស់ទៅ»។
ចំណែកអតីតសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច ម្នាក់ទៀត គឺលោក សៅ សារីម បានដាក់ពាក្យប្ដឹងមួយករណីផ្សេងគ្នាទៅសាលាដំបូងខេត្តរួចហើយ ដើម្បីទាមទារដីអតីតទីស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិច នៅទីតាំងកើតមានជម្លោះវាយស្លាកសញ្ញាគណបក្សដោយចោទទៅលើលោក ឆាន់ រី និងតំណាងគណបក្សហ៊្វុនស៊ិនប៉ិច មួយរូបទៀតថា បានឃុបឃិតគ្នាយកដីទីស្នាក់ការនេះចែកគ្នា ខណៈដែលដីនោះជាកម្មសិទ្ធិរបស់លោកបានប្រគល់ឲ្យគណបក្សហ៊្វុនស៊ិនប៉ិច ខ្ចីធ្វើទីស្នាក់ការ។
លោក សារឹម បន្តថា លោកមានឯកសារគ្រប់គ្រាន់ដែលបញ្ជាក់ថា មន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច បានខ្ចីដីលោកធ្វើទីស្នាក់ការ ប៉ុន្តែដីនោះត្រូវបានលោក ឆាន់ រី និងតំណាងគណបក្សហ៊្វុនស៊ិនប៉ិច ខេត្តមណ្ឌលគិរី បច្ចុប្បន្នឃុបឃិតចែកដីគ្នាជាពីរចំណែកស្មើគ្នា៖ «ដល់ខ្ញុំដឹងថា គេឃុបឃិតចែកគ្នាពាក់កណ្ដាលម្នាក់អ៊ីចឹង បានខ្ញុំប្ដឹងគាត់ទៅសាលាដំបូងខេត្ត»។
ឯកសារដែលអាស៊ីសេរី ទទួលបានពីលោក សៅ សារីម បញ្ជាក់ថា កាលពីឆ្នាំ១៩៩៥ ដីអតីតទីស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិច ទំហំ ៤០ម៉ែត្រ គុណនឹង ៧០ម៉ែត្រនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ គឺជាដីដែលលោក សៅ សារីម ដូរដីពីប្រជាពលរដ្ឋបីគ្រួសារ ហើយប្រគល់ដីនោះទៅឲ្យគណបក្សហ៊្វុនស៊ិនប៉ិច ខ្ចីបង្កើតជាទីស្នាក់ការគណបក្សនៅឆ្នាំ១៩៩៩ ដោយមានលោក ញឹក ប៊ុនឆៃ ជាអតីតអគ្គលេខាធិការរងគណបក្សហ៊្វុនស៊ិនប៉ិច ជាអ្នកចុះហត្ថលេខាខ្ចី ប៉ុន្តែក្រោយពេលគណបក្សហ៊្វុនស៊ិនប៉ិច បែកបាក់ចាប់ពីឆ្នាំ២០១៥ មក ទីស្នាក់ការនោះត្រូវបានលោក ខឹម ជា ដែលចូលជាសមាជិកគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ គ្រប់គ្រងរហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៦ ទើបដូរស្លាកសញ្ញាគណបក្សខ្មែររួបរួមជាតិ ជំនួសស្លាកសញ្ញាគណបក្សហ៊្វុនស៊ិនប៉ិចវិញ។
ទាក់ទិនការវាយបំផ្លាញស្លាកសញ្ញាគណបក្សខ្មែររួបរួមជាតិនេះ លោក ឆាន់ រី បញ្ជាក់ថា ស្លាកសញ្ញាគណបក្សហ៊្វុនស៊ិនប៉ិចនោះ គឺជាកម្មសិទ្ធិរបស់លោកបានចំណាយប្រាក់ផ្ទាល់ខ្លួនធ្វើ ក៏ប៉ុន្តែលោក ខឹម ជា បានយកស្លាកសញ្ញាគណបក្សហ៊្វុនស៊ិនប៉ិច ទៅកែច្នៃធ្វើស្លាកគណបក្សខ្មែររួបរួមជាតិ ជំនួស ទើបលោកវាយកម្ទេចចោល។
លោកបន្តដីទីស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិច ចៅក្រមសាលាដំបូងបានកាត់ក្ដីឲ្យលោកឈ្នះមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច បច្ចុប្បន្ន ក៏ប៉ុន្តែលោកនឹងអ្នកគ្រប់គ្រងទីស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិច បច្ចុប្បន្នបានសម្របសម្រួលចែកដីគ្នាពាក់កណ្ដាល ខណៈរឿងក្ដីនេះ ភាគីទាំងពីរសុំដកពាក្យប្ដឹងនៅសាលាឧទ្ធរណ៍៖ «រួបរួមជាតិទើបកើតមនបិទស្លាកលើរបស់គេ ហើយអត់លិខិតស្នាមលើកស្លាកបើកទីស្នាក់ការផង។ ឥឡូវទុកឲ្យគេចាត់ការតាមផ្លូវតុលាការទៅ»។
ទោះបីជាយ៉ាងណាក៏ដោយ រឿងក្តីអតីតសកម្មជនគណបក្សហ៊្វុនស៊ិនប៉ិច ទាំងបីនាក់នេះ ទាក់ទិនការប្ដឹងពីបទបំផ្លាញស្លាក និងទាមទារដីទីស្នាក់ការគណបក្សកំពុងឋិតក្នុងចំណាត់ការសាកសួរភាគីពាក់ព័ន្ធពីសំណាក់មន្ត្រីសាលាដំបូងខេត្តមណ្ឌលគិរី នៅឡើយ៕