សម្ដេច​ក្រុមព្រះ៖ ហ៊្វុនស៊ិនប៉ិច​រលាយ​ដោយសារ​អ្នក​ស៊ី​បាយ​បោក​ឆ្នាំង

ដោយ ប្រាជ្ញ ចេវ
2016-01-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ មាន​បន្ទូល​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សកម្មជន និង​បូក​សរុប​ការងារ​ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ មករា ឆ្នាំ​២០១៦។
ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ មាន​បន្ទូល​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សកម្មជន និង​បូក​សរុប​ការងារ​ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ មករា ឆ្នាំ​២០១៦។
RFA/Brach Chev

សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះ​ប្រធាន​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច (FUNCINPEC) មាន​បន្ទូល​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច រលាយ​ដោយសារ​មាន​អ្នក​ស៊ី​បាយ​បោក​ឆ្នាំង ប៉ុន្តែ​ទ្រង់​មិន​បង្ហាញ​ឈ្មោះ​ថា បុគ្គល​នេះ​ជា​អ្នក​ណា​ទេ។ ទាក់ទង​រឿង​នេះ​ដែរ លោក ញឹក ប៊ុនឆៃ ដែល​ធ្លាប់​ធ្វើ​បក្ស​ប្រហារ​បណ្ដេញ​សម្ដេច​ក្រុមព្រះ​ចេញ​ពី​បក្ស​និយាយ​ថា លោក​មិន​យល់​ហេតុ​អី​ព្រះអង្គ​មាន​បន្ទូល​បែប​នេះ។ ករណី​នេះ អ្នក​វិភាគ​បញ្ហា​សង្គម​យល់​ឃើញ​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច នឹង​បែក​បាក់​ផ្ទៃក្នុង​ជា​ថ្មី​ម្ដង​ទៀត។

ការ​លើក​ឡើង​របស់​អ្នក​វិភាគ​ពី​ដំណើរ​ទៅ​រក​ការ​បែក​បាក់​ជា​ថ្មី​របស់​គណបក្ស​រាជា​និយម​មួយ​នេះ បន្ទាប់​ពី​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​ព្រះ​ប្រធាន​គណបក្ស និង​លោក ញឹក ប៊ុនឆៃ ជា​អនុ​ប្រធាន​បក្ស បង្ហាញ​ការ​មិន​ចុះ​សម្រុង​នឹង​គ្នា​នៅ​រយៈពេល​ចុង​ក្រោយ​នេះ។

​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ មាន​បន្ទូល​ថា បើ​សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច មិន​ពេញ​ចិត្ត​ការ​ដឹកនាំ​របស់​ព្រះអង្គ ពួកគេ​អាច​ដើរ​ចេញ​ពី​គណបក្ស​នេះ​បាន។ ប៉ុន្តែ​ព្រះអង្គ​បញ្ជាក់​ថា មិន​បណ្ដេញ​អ្នក​ណា​ម្នាក់​ចេញ​ពី​បក្ស​ទេ។ ព្រះអង្គ​រំលឹក​រឿង​ចាស់​ថា គណបក្ស​ពី​មាន​សំឡេង​ឆ្នោត​នៅ​ក្នុង​សភា រហូត​គ្មាន​កៅអី​សូម្បី​តែ​មួយ​ដូច​នេះ ព្រោះ​មាន​អ្នក​ខ្លះ​ស៊ី​បាយ​ហើយ​បោក​ឆ្នាំង​ចោល«ដោយសារ​តែ​អ្នក​ហ៊្វុនស៊ិនប៉ិច ស៊ី​បាយ​ហើយ​បោក​ឆ្នាំង ដល់​តែ​បោក​ឆ្នាំង​បាន​អី​ដាំ​ទៀត ចាញ់​ម្តង​ហើយ ឥឡូវ​ចង់​បោក​ទៀត»

ទោះ​ថ្លែង​មិន​ចេញ​ឈ្មោះ​ចំពោះ​អ្នក​មិន​ពេញ​ចិត្ត​ក្នុង​ការ​ដឹកនាំ​របស់​ព្រះអង្គ ប៉ុន្តែ​អនុ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ ទើប​លើក​ឡើង​នៅ​ពេល​ថ្មីៗ​នេះ​ថា ការ​ដឹកនាំ​របស់​សម្ដេច​ក្រុមព្រះ​មួយ​ឆ្នាំ ប្រជាប្រិយភាព​បក្ស​មាន​តែ​ធ្លាក់​ចុះ។

​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក មាស នី និយាយ​ថា ស្ថានភាព​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ពេល​នេះ ស្ថិត​ក្នុង​មាត់​ជ្រោះ​នៃ​ការ​បែក​បាក់​ម្ដង​ទៀត ប្រសិនបើ​ស្ថានភាព​​ដូច​សព្វ​ថ្ងៃ​នេះ។ លោក​បន្ត​ថា គណបក្ស​នេះ​បាន​ញែក​ជា​ពីរ​ក្រុម គឺ​ក្រុម​សម្ដេច​ក្រុមព្រះ និង​ក្រុម​លោក ញឹក ប៊ុនឆៃ ហើយ​គណបក្ស​នេះ​មិន​បាន​យក​មេរៀន​ចាស់​មក​រៀន​សូត្រ​ឡើង​វិញ​ទេ«យើង​មើល​ទៅ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បើ​ទោះ​ជា​ឥឡូវ​នេះ​រួម​គ្នា​ក៏ដោយ ប៉ុន្តែ​អត់​ឃើញ​យក​មេរៀន​ចាស់​នោះ​សិក្សា​ឡើង​វិញ​ទេ ថា​ហេតុ​អី​រលាយ​ពី​មុន? ហើយ​ត្រូវ​ដើរ​យ៉ាង​ម៉េច​ទេ

ក្នុង​ពិធី​ជួបជុំ​សមាជិក​គណបក្ស​ជាង ១០០​នាក់​នៅ​ទូទាំង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែ​មករា មិន​ឃើញ​មាន​វត្តមាន​លោក ញឹក ប៊ុនឆៃ ចូល​រួម​ទេ។ ដូច​គ្នា​នេះ​ដែរ ក្នុង​ពិធី​ប្រគល់​ត្រា​ដល់​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​រាជធានី ខេត្ត ស្រុក ឃុំ ទូទាំង​ប្រទេស កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា ក៏​គ្មាន​វត្តមាន​លោក ញឹក ប៊ុនឆៃ ដែរ។

​ទាក់ទង​រឿង​នេះ​ដែរ អនុ​ប្រធាន​គណបក្ស​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ ឆ្លើយ​តប​ថា លោក​មិន​ដឹង ហើយ​ក៏​មិន​យល់​ថា តើ​បន្ទូល​សម្ដេច​ក្រុមព្រះ ថា​អ្នក​ស៊ី​បាយ​បោក​ឆ្នាំង​សំដៅ​ទៅ​លើ​អ្នក​ណា ហើយ​ដើម្បី​អ្វី? លោក ញឹក ប៊ុនឆៃ នៅ​តែ​អះអាង​ថា លោក​មិន​ចាក​ចេញ​ពី​គណបក្ស​នេះ​ជា​ដាច់ខាត«ខ្ញុំ​មិន​ដឹង​ថា​លោក​ថា​ឲ្យ​អ្នក​ណា​ទេ ស៊ី​បាយ​បោក​ឆ្នាំង ឬ​ក៏​អ្នក​ដែល​មក​ដង្ហែ​ព្រះអង្គ ឬ​ក៏​ចង់​ថា​ឲ្យ​ខ្ញុំ​ក៏​មិន​ដឹង»

កាល​ពី​ឆ្នាំ​២០០៦ លោក ញឹក ប៊ុនឆៃ បាន​ធ្វើ​បក្ស​ប្រហារ​ទម្លាក់​សម្ដេច​ក្រុមព្រះ​ចេញ​ពី​ប្រធាន​គណបក្ស​ដោយ​ចោទ​ប្រកាន់​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​លក់​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស។

​លោក ញឹក ប៊ុនឆៃ នៅ​តែ​បន្ត​រិះគន់​សម្ដេច​ក្រុមព្រះ​ថា ការ​ដឹកនាំ​របស់​ព្រះអង្គ​ជាង​មួយ​ឆ្នាំ​នេះ ការ​សម្រេច​តែងតាំង​សមាជិក​ផ្ទៃក្នុង​បក្ស​ធ្វើ​ឲ្យ​មន្ត្រី​ខ្លះ​បាត់បង់​ការងារ និង​តួនាទី។ លោក​ថា ការ​សម្រេច​នោះ​ទៀតសោត សម្ដេច​ក្រុមព្រះ​មិន​បាន​ជជែក​ជាមួយ​លោក ដែល​ទង្វើ​នេះ​ខុស​ពី​កិច្ច​ព្រមព្រៀង​នៃ​ការ​រួបរួម​គ្នា​ឡើង​វិញ​កាល​ពី​ដើម​ឆ្នាំ​២០១៥។ លោក ញឹក ប៊ុនឆៃ បង្ហាញ​ភាព​ខ្មាសអៀន ព្រោះ​សម្ដេច​ក្រុមព្រះ​តែងតាំង​ក្បាល​ម៉ាស៊ីន​បក្ស​ឲ្យ​មាន​អនុ​ប្រធាន ៦​នាក់ និង​អគ្គលេខាធិការ​រង ១២​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (12)
Share

អ្នក​អាន​អនាមិក

ថាសមាជិកខ្លួនសុីបាយបោកឆ្នាំងស្អី?ខ្លួនជាប្រធានអន់អោយគេធ្វើដូចនេះបាននៅអួតទៀត។

Jan 31, 2016 09:33 PM

អ្នក​អាន​អនាមិក

ពី កោះត្រល់

វ័យចំណាស់នេះទៅហើយ នៅចង់បង្ហាញស្នាដៃអ្វីទៀត ម៉េចក៏មិនសម្លឹងមើលការដឹកនាំរបស់ខ្លួនក្នុងពេលកន្លងមកចឹង ទៅចោទប្រកាន់នរណាគេស៊ីបាយបោកឆ្នាំងនោះ លេងលែងសមហើយ បញ្ហាស្រុកខ្មែរនាពេលបច្ចុប្បន្ន ទុកឲ្យអ្នកជំនាន់ក្រោយ ទទួលខុសត្រូវទៅចុះបានទេ?

Jan 31, 2016 11:19 AM

ហានិភ័យ

ពី តាកែវ

ជាងមិនកើត បន្ទោសដែក

Jan 30, 2016 03:25 PM

អ្នក​អាន​អនាមិក

It's interesting to read comments below. An organization has a leader, who are supposed to lead a party to victory or defeat. If a party is defeated, the leader steps down as you see this in many matured democracy countries. So it's the leader to blame for failure to meet its goal because he responsible for everything from structure of organization to ranking file people in that organization. He supposed to weed out bad incompetent people and installed good people. Sadly, Prince Ranaridth didn't do any of that which led to the demise of FUNCINPEC. Prince Ranaridth is smart but that is not enough to lead a party. He has to have vision and charismatic which he lacked.

Jan 30, 2016 02:03 PM

អ្នក​អាន​អនាមិក

ម្ដេចក៏ទើបតែដឹងនៅពេលនេះ ច្រែះកើត​ពី​ដែក​វា​ស៊ី​ដែក វាមិនបានទៅស៊ីក្រមរឈើឯណា...

Jan 30, 2016 12:02 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល