គណបក្ស​ហ៊្វុនស៊ិនប៉ិច​រង​ការ​បែកបាក់​ផ្ទៃ​ក្នុង​កាន់តែ​ខ្លាំង​ដោយ​អំពើ​ពុករលួយ​និង​បក្ខពួក​និយម

ដោយ ម៉ៅ សុធានី
2018.06.12
នរោត្ដ រណឫទ្ធិ ៦២២ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ មាន​បន្ទូល​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សកម្មជន និង​បូក​សរុប​ការងារ​ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣០ មករា ឆ្នាំ​២០១៦។
Photo: RFA

អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​មួយ​ចំនួន បាន​ទម្លាយ​ថា គណបក្ស​ដែល​ទទួល​បាន ការ​គាំទ្រ​ពី​គណបក្ស​កាន់អំណាច​មួយ​នេះ​កំពុងតែ​បែកបាក់​ផ្ទៃក្នុង​កាន់តែ​ខ្លាំង ដោយសារតែ​បញ្ហា ពុករលួយ បក្ខពួក​និយម និង​ខ្វះ​ការ​សាមគ្គីភាព។ រីឯ​អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំងនេះ។

អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ត្រូវ​បាន​បញ្ចប់​មុខ​ដំណែង ដោយសារ​តែ​ទំនាស់​ផ្ទៃក្នុង​ដ៏​ចម្រូងចម្រាស បាន​ព្រមាន​ពី​ការ​បែកបាក់​គណបក្ស​មួយ​នេះ​កាន់តែ​ខ្លាំង​សាជាថ្មី បើ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅតែ​ដឹកនាំ​ខ្វះ​គុណធម៌ បន្ត​ស្ដាប់​មន្ត្រី​ដែល​តែងតែ​អែបអប ញុះញង់ និង​លោភលន់ បក្ខពួក​និយម​ជាដើម។

អតីត​ប្រធាន​លេខាធិការដ្ឋាន​គណបក្ស​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ជា​អនុប្រធាន​ក្រុម​ការងារ​ខេត្ត​ព្រៃវែង លោក ភាព ភាជន៍ មាន​ប្រសាសន៍​ថា មកដល់ពេលនេះ គណបក្ស​ហ៊្វុនស៊ិនប៉ិច កាន់តែ​បែកបាក់​កាន់តែ​ខ្លាំង​ចាប់​តាំង​ពី​ថ្នាក់លើ​ដល់​ថ្នាក់​មូលដ្ឋាន។ មូលហេតុ​ដែល​បែក​បាក់​ដោយ​សារ​តែ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដឹកនាំ​ខ្វះ​គុណធម៌ គ្មាន​គោលការណ៍​ច្បាស់លាស់ ហើយ​មាន​បក្ខពួក​និយម និង​គ្រួសារនិយម។ ជា​ពិ​សេស​ការ​ប្រព្រឹត្ត​អំពើពុករលួយ​នៅ​ក្នុង​បក្ស​ដូចជា​ការ​ដក​តំណែង​មន្ត្រី​ដែល​គ្មាន​លុយ​យក​ទៅ​អោយ​ក្រុម​មនុស្ស​ដែល​មាន​លុយ​ទិញ​វិញ។

កាល​ពី​ពេល​ថ្មីៗ​នេះ មាន​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចំនួន ៦​រូប ក្នុង​នោះ​មាន​តួនាទី​ជាទីប្រឹក្សា​រាជរដ្ឋាភិបាល​ចំនួន​ពីរ​រូប​គឺ​លោកស្រី មាស ស្រីពៅ និង​លោកស្រី សំ ចាន់ថន និង​ថ្នាក់​ដឹក​នាំ​នៅ​ខេត្ត​ពោធិសាត់​ចំនួន​៤​រូប​ទៀត បាន​ដាក់​ពាក្យ​លាលែង​ពី​សមាជិកភាព​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដោយសារ​អស់​ជំនឿ និង​គ្មាន​មាគ៌ា​នយោបាយ​បង្រួបបង្រួម​សាមគ្គី ផ្ទៃក្នុង​ឲ្យ​បាន​ត្រឹមត្រូវ។ កាល​ពី​ដើម​ឆ្នាំ​២០១៨ សម្ដេចក្រុមព្រះ ក៏​បញ្ចប់​មុខ​ដំណែង អតីតមន្ត្រី​ជាន់ខ្ពស់​ទាំង​៨​នាក់​ដែរ​រួមមាន​លោក សេង ហាក់ស្រ៊ុន លោក មៀច សំរួល លោក គឹម រ៉ាវី និង​លោក ណុប ផន ជាដើម។

លោក ភាព ភាជន៍ ក៏​បាន​លើកឡើង​ដែរ​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច គ្មាន​សមត្ថភាព​ទៅ​ប្រកួត​ប្រជែង ដើម្បី​បាន​កៅអី​សភា​នៅ​ពេល​ខាងមុខ​នោះ​ទេ ព្រោះ​ថ្នាក់ដឹកនាំ​គ្មាន​សមត្ថភាព​គ្រប់គ្រាន់ និង​គ្មាន​ឆន្ទៈ​បម្រើ​ជាតិ និង​ប្រជាជន​ឡើយ សូម្បីតែ​ការដឹកនាំ​នៅ​ក្នុង​គណបក្ស​ខ្លួនឯង គ្មាន​ការ​រួបរួម និង​សាមគ្គី​ផង។ លោក​បន្ត​ថា មូលហេតុ​ដែល​គណបក្ស​នេះ ចេះតែ​អាច​នៅ​ឈរជើង​ក្នុង​ឆាក​នយោបាយ បច្ចុប្បន្ន​បាន ព្រោះ​តែ​មាន​គណបក្ស​កាន់អំណាច​ជួយ​ជ្រោមជ្រែង​នៅ​ពីក្រោយ។ «»

កាលពី​ចុងខែ​ឧសភា​កន្លង​ទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទម្លាយ​ថា សម្តេច​ក្រុមព្រះ​ដែល​ឃោសនា​សន្យា​ដោះស្រាយ​បំណុល​ប្រជាពលរដ្ឋ​ពេល​ឈ្នះ​ឆ្នោត​នោះ បាន​សរសេរ​សំបុត្រ​ខ្ចី​ថវិកា​លោក​ចំនួន ១​លាន ៣​សែន ៥​ម៉ឺន​ដុល្លារ​អាមេរិក យក​ទៅ​ធ្វើ​សកម្មភាព​នយោបាយ ហើយ​សន្យា​សង​វិញ​ក្រោយ​បោះឆ្នោត​រួច។

អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន បាន​ច្រានចោល​ថា គ្មាន​ការ​បែកបាក់​ណាមួយ​កាន់តែ​ខ្លាំង និង​គ្មាន​បញ្ហា​បក្ខពួក​និយម​នោះ​ទេ។ លោក​បញ្ជាក់​ថា បើ​សមាជិក​នៅ​ខាង ក្រោម​អាច​មាន​អ្នក​រត់​ចូល និង​រត់​ចេញទៅ​ចូល​ជាមួយ​គណបក្ស​របស់​លោក ញឹក ប៊ុនឆៃ ប៉ុន្តែ​សម្រាប់​មន្ត្រី​ជាន់ខ្ពស់ កាលពី​ប៉ុន្មាន​ខែ​មុន​មាន ៤​ទៅ​៥​នាក់​ដែរ។ ចំពោះ​រឿង​ចោទ​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច​មាន​គាំទ្រ​ពី​គណបក្ស​កាន់អំណាច​នោះ លោក​ក៏​ច្រាន​ចោល​ដែរ។ «»

រីឯ​ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក ហង្ស វិទូ មាន​ប្រសាសន៍​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច គឺ​មាន ភាព​ល្បីល្បាញ​ខាង​រង្គោះរង្គើ​ផ្ទៃក្នុង​នេះ​ជា​យូរ​មក​ហើយ ជុំវិញ​ចែក​ផលប្រយោជន៍​មិន​ត្រូវរ៉ូវ​គ្នា។លោក​បន្ថែម​ថា បញ្ហា​ផ្ទៃក្នុង​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច អាច​កើត​ឡើងជា​ការពិត ព្រោះ​ការ​លើក ឡើង​របស់​អតីតមន្ត្រី​គណបក្ស​នេះ និង​ពី​ប្រភព​ផ្សេងទៀត មាន​ភាព​ស៊ី​សង្វាក់​គ្នា។ «»

គណបក្ស​ហ៊្វុនស៊ិនប៉ិច ធ្លាប់​ទទួលជោគជ័យ​ក្នុង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​១៩៩៣។ តែ​ក្រោយមក បក្ស​រាជា​និយម​មួយ​នេះ បាន​បាត់បង់​ការ​គាំទ្រ​របស់​ពលរដ្ឋ​ជា​បន្តបន្ទាប់ ដោយសារ​ការ​បែកបាក់​ផ្ទៃក្នុង ជាច្រើនលើក​ច្រើនសា ការ​ដណ្តើម​អំណាច​គ្នា អំពើពុករលួយ បក្សពួកនិយម និង​មានការ​បំបែក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។ ក្នុង​ពេល​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៣ កន្លងទៅ គណបក្ស​ហ៊្វុនស៊ិនប៉ិច មិន​ទទួល​បាន​សូម្បីតែ​១​អាសនៈ​តំណាងរាស្ត្រ​នៅ​ក្នុង​រដ្ឋសភា ខណៈ​ដែល​គណបក្ស​ផ្សេងទៀត ជាពិសេស​គណបក្ស​សង្គ្រោះជាតិ បាន​កើន​ចំនួន​អាសនៈ​គួរ​ឲ្យ​កត់សម្គាល់។ ទោះយ៉ាងណា​ក្តី កាលពី​ចុង​ឆ្នាំ​២០១៧ គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏បាន​ក្លាយ​ជា​តួអង្គ​សំខាន់​មួយ​ដែរ ដែល​បាន​ចូលរួម គាំទ្រ​ជាមួយ​របប​លោក ហ៊ុន សែន ក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​ដណ្ដើម​យក​អាសនៈ សភា​របស់​គណបក្ស​សង្រោះជាតិ​ជាង ៤០​អាសនៈ។ មជ្ឈដ្ឋាន​មួយ​ចំនួន ចាត់​ទុក​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ដែល​ទទួលយក​អាសនៈ​របស់​គណបក្ស​សង្គ្រោះជាតិ ដោយ​មិន​មាន​ការ​បោះឆ្នោត​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ថា ជា​គណបក្ស​ចោរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។