មន្ត្រី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​មួយ​ចំនួន​ទៅ​ចូលរួម​ជាមួយ​បក្ស​របស់​សម្ដេច​ក្រុម​ព្រះ

ដោយ សេក បណ្ឌិត
2017-07-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច (ពី​ឆ្វេង) ថ្លែង​ក្នុង​សមាជ​វិសាមញ្ញ​គណបក្ស​លើក​ទី​២ នៅ​ថ្ងៃ​ទី១២ មីនា ២០១៥។
សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច (ពី​ឆ្វេង) ថ្លែង​ក្នុង​សមាជ​វិសាមញ្ញ​គណបក្ស​លើក​ទី​២ នៅ​ថ្ងៃ​ទី១២ មីនា ២០១៥។
RFA/Leng Maly

មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក ញឹក ប៊ុនឆៃ មួយ​ចំនួន បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច របស់​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ។ ការ​សម្រេច​ត្រឡប់​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ចាស់​វិញ​នេះ ក្រោយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្តាច់​សម្ពន្ធភាព​ជាមួយ​លោក ញឹក ប៊ុនឆៃ។

អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន បាន​ឲ្យ​អាស៊ីសេរី​ដឹង​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ថា ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ សព្វ​ព្រះទ័យទទួល​ស្វាគមន៍​អ្នក​ទាំងនោះ ហើយ​បាន​អំពាវនាវ​ឲ្យ​អតីត​កូន​ចៅ​របស់​លោក​ទាំងអស់ វិល​មក​រួម​រស់​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច ដូច​កាល​ពី​អតីតកាល៖ «ម្សិលមិញ​ហ្នឹង​មាន​មន្ត្រី​ជាន់​ខ្ពស់​ថ្នាក់​អនុរដ្ឋលេខាធិការ និង​ទីប្រឹក្សា​អី​ហ្នឹង​មួយ​ចំនួន​ដែរ ដង្ហែ​សម្ដេច​ក្រុម​ព្រះ​នៅ​នឹង​វាំង។ ចឹង​ខ្ញុំ​សន្និដ្ឋាន​ថា​ឥឡូវ​នេះ​ជា​បណ្ដើរៗ​ហ្នឹង យើង​ឃើញ​ថា ៧-៨​រូប​ហើយ​ជា​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ត្រឡប់​មក​ចូលរួម​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច វិញ»

អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​លោក ញឹក ប៊ុនឆៃ ដើម្បី​បញ្ជាក់​អំពី​រឿង​នេះ​បាន​នៅ​ឡើយ​កាល​ពី​ថ្ងៃ​២២ កក្កដា។

គណបក្ស​ប្រជាជន​កម្ពុជា ផ្តាច់​សម្ពន្ធភាព​ជាមួយ​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​បញ្ចប់​មុខ​តំណែង​មន្ត្រី​គណបក្ស​នេះ​ពី​ទីប្រឹក្សា​រដ្ឋាភិបាល​ជាច្រើន​នាក់។

ក្នុង​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ចុះ​កាល​ពី​ថ្ងៃ​ទី​១៨ កក្កដា បាន​សម្រេច​បញ្ចប់​មុខ​តំណែង​មន្ត្រី​ជាន់​ខ្ពស់​ចំនួន ១២​រូប​ពី​ទីប្រឹក្សា​រដ្ឋាភិបាល ដែល​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ។ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ រង​ការ​ចោទ​ថា បាន​លួច​ទាក់ទង​ដោយ​សម្ងាត់​តាម​ទូរស័ព្ទ​ជាមួយ​លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​អំឡុង​ពេល​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​កន្លង​ទៅ ប៉ុន្តែ​លោក ញឹក ប៊ុនឆៃ បាន​បដិសេធ​ថា រឿង​នោះ​ពុំ​មែន​ជា​ការពិត​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល