គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នឹង​បញ្ជាក់​ជំហរ​ជុំវិញ​ករណី​មន្ត្រី​បក្ស​ទៅ​ចូលរួម​ជាមួយ​ហ៊្វុនស៊ិនប៉ិច

ដោយ រាជ វិញ្ញូ
2017-07-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Morm Moniroth
ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Morm Moniroth
RFA/Morm Moniroth

មនុស្ស​ស្និទ្ធ​នឹង​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បញ្ជាក់​ថា រយៈពេល ៣​ថ្ងៃ​ខាង​មុខ​នេះ នឹង​មាន​ការ​បកស្រាយ​ច្បាស់លាស់​ជុំវិញ​ជំហរ​របស់​គណបក្ស​ក្រោយ​ពី​មាន​សមាជិក​ជាន់​ខ្ពស់​ជាច្រើន​រូប​បាន​សម្រេច​ដើរ​ចេញ​ពី​បក្ស និង​វិល​ត្រឡប់​ទៅ​រួម​រស់​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច របស់​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ វិញ។ រីឯ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏​បញ្ជាក់​ថា គណបក្ស​ខ្លួន​រីករាយ និង​ចាំ​ស្វាគមន៍​ជានិច្ច​ចំពោះ​ការ​វិល​ត្រឡប់​មក​វិញ​របស់​អតីត​មន្ត្រី​បក្ស​ទាំងនោះ។

មក​ដល់​ពេល​នេះ ពុំ​ទាន់​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ពី​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ថា​គណបក្ស​នេះ​នឹង​សម្រេច​ចិត្ត​យ៉ាង​ណា​ទៀត បន្ទាប់​ពី​មាន​សមាជិក​ជាន់​ខ្ពស់​របស់​លោក​ជាច្រើន​រូប បាន​សម្រេច​ទៅ​រួម​រស់​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ចាស់ ដែល​លោក​ធ្លាប់​ជ្រកកោន​អស់​រយៈពេល​រាប់​ទសវត្សរ៍ គឺ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច។

រីឯ​ជំនួយការ​ផ្ទាល់​របស់​លោក ញឹក ប៊ុនឆៃ គឺ​លោក ម៉ៅ សុផាន់ណា ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៣ កក្កដា ថា លោក​សុំ​ពេល​ចំនួន ៣​ថ្ងៃ​បន្ថែម​ទៀត ដើម្បី​ឆ្លើយ​បំភ្លឺ​ឲ្យ​បាន​ច្បាស់លាស់​ចំពោះ​ការ​វិវឌ្ឍន៍​ទៅ​មុខ​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បន្ទាប់​ពី​មាន​សមាជិក​ចំនួន ២៣​រូប​ដែល​ពី​មុន​សុទ្ធតែ​មាន​តំណែង​ស្មើ​រដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ បាន​ដើរ​ចេញ​ពី​បក្ស​ជា​បន្តបន្ទាប់ និង​អ្នក​ខ្លះ​បាន​ទៅ​សុំ​ចុះ​ចូល​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច«សុំ​ពេល​យ៉ាង​យូរ​ពីរ​បី​ថ្ងៃ ដើម្បី​ឆ្លើយ​បំភ្លឺ​ថ្នាក់​ដឹកនាំ សកម្មជន និង​ដំណើរ​វិវឌ្ឍន៍​របស់​គណបក្ស​យ៉ាង​ណា»

បន្ទាប់​ពី​មាន​ពាក្យ​លេចឮ​ថា​លោក ញឹក ប៊ុនឆៃ បាន​ទាក់ទង​តាម​ទូរស័ព្ទ​ជា​សម្ងាត់​ជាមួយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ស្រាប់​តែ​ព្រះមហាក្សត្រ​បាន​ត្រាស់​បញ្ចប់​មុខ​តំណែង​របស់​លោក ញឹក ប៊ុនឆៃ ពី​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល​ដែល​មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី ហើយ​បើ​គិត​មក​ដល់​ពេល​នេះ មន្ត្រី​របស់​លោក ញឹក ប៊ុនឆៃ សរុប​ជិត ២០​នាក់​ហើយ​ដែល​មាន​តួនាទី​ជា​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល និង​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ ក៏​ត្រូវ​បាន​ព្រះមហាក្សត្រ​ដក​តំណែង​ជា​បន្តបន្ទាប់​ដែរ។ ក៏ប៉ុន្តែ​លោក ញឹក ប៊ុនឆៃ ធ្លាប់​បាន​បដិសេធ​ជាច្រើន​ដង​ពី​ព័ត៌មាន​សម្ងាត់ ដែល​ថា​លោក​ទាក់ទង​នឹង​មន្ត្រី​បក្ស​ប្រឆាំង​នេះ។

ថ្វីត្បិតតែ​មាន​ការ​ដក​តំណែង​ចេញ​ពី​ទីប្រឹក្សា​រដ្ឋាភិបាល​របស់​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បែប​នេះ​ក្ដី ក៏​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​ថា ពុំ​បាន​ដាក់​បម្រាម​ណា​មួយ​មិន​ឲ្យ​លោក ញឹក ប៊ុនឆៃ ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ឡើយ ថ្វីត្បិត​តែ​គេ​ប្រទះ​ឃើញ​រូបថត​របស់​លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​បិទ​ជាប់​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខាង​ប៉ូលិស​អន្តោប្រវេសន៍​ថៃ​ក្ដី។ ប្រភព​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ឲ្យ​ដឹង​ថា រូបថត​លោក ញឹក ប៊ុនឆៃ ម្ដង​គេ​បិទ​ភ្ជាប់​នៅ​ច្រក​ចេញ​ទៅ​ប្រទេស​ថៃ ម្ដង​គេ​ដក​ទុក​វិញ ក៏ប៉ុន្តែ​ការ​បិទ​រូបថត​លោក ញឹក ប៊ុនឆៃ នេះ លោក ខៀវ សុភ័គ អះអាង​ថា លោក​មិន​ដឹង​ពី​បញ្ហា​នេះ​ទេ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បកស្រាយ​ពី​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក កែវ វណ្ណថន បាន​ទេ​នៅ​ថ្ងៃ​ទី២៣ កក្កដា ដោយសារ​ទូរស័ព្ទ​គ្មាន​អ្នក​ទទួល។

ជាមួយ​គ្នា​នេះ កាល​ពី​ថ្ងៃ​ទី​៧ កក្កដា មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រកាស​ផ្ដាច់​សម្ពន្ធភាព​ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់​លោក ញឹក ប៊ុនឆៃ និង​បាន​ប្ដេជ្ញា​ថា នឹង​បញ្ចប់​មុខ​តំណែង​មន្ត្រី​របស់​លោក ញឹក ប៊ុនឆៃ ទាំងអស់​ចេញ​ពី​គ្រប់​ស្ថាប័ន​រាជ​រដ្ឋាភិបាល។ លោក សុខ ឥសាន ក៏​បាន​ចោទ​ប្រកាន់​លោក ញឹក ប៊ុនឆៃ ថា​ជា​អ្នក​ក្បត់​សម្ពន្ធភាព​ជាមួយ​គណបក្ស​កាន់​អំណាច​របស់​លោក។

ជំនួយការ​ផ្ទាល់​លោក ញឹក ប៊ុនឆៃ អះអាង​បន្ថែម​ថា លោក ញឹក ប៊ុនឆៃ តែងតែ​មាន​គោល​បំណង​ដើម្បី​ជួយ​ឲ្យ​ខ្មែរ​មាន​ក្ដី​សុខ និង​ចេះ​រួបរួម​គ្នា ហើយ​លោក​ក៏​មិន​ដែល​ចោទ​ប្រកាន់ និង​លាប​ពណ៌​គណបក្ស​ណា​មួយ​ដែរ។ ជំនួយការ​រូប​នេះ​បញ្ជាក់​ទៀត​ថា ការ​ញុះញង់ និង​ការ​បំបែក​បំបាក់​ខ្មែរ​គ្នា​ឯង​បែប​នេះ គឺ​មាន​ផល​ចំណេញ​សម្រាប់​តែ​បរទេស​ប៉ុណ្ណោះ។

អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន ថ្លែង​ថា គិត​មក​ដល់​ថ្ងៃ​ទី​២៣ កក្កដា មាន​មន្ត្រី​មក​ពី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់​លោក ញឹក ប៊ុនឆៃ សរុប​ជាង ១០​នាក់ បាន​មក​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច វិញ។ លោក​អះអាង​ថា មក​ដល់​ពេល​នេះ គឺ​ពុំ​មាន​ថ្នាក់​ដឹកនាំ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ណា​មួយ​មក​ចរចា​ដើម្បី​ធ្វើ​ការ​រួបរួម​គ្នា​ទៅ​ជា​គណបក្ស​តែ​មួយ​នៅ​ឡើយ​ទេ«មុន​នឹង​បែកបាក់​គ្នា​ហ្នឹង បាន​សុំ​អង្វរ​ណែនាំ​ថា​ការ​បែកបាក់​គ្នា​ហ្នឹង មិន​ដែល​ចំណេញ​ទេ។ អ៊ីចឹង​គាត់​ថា​ចំណេញ​បាន​ចាកចេញ​ទៅ តែ​ឥឡូវ​មាន​បញ្ហា​ត្រឡប់​មក​វិញ យើង​ទទួល»

ចំណែក​អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា ប្រហែល​កំពុង​មាន​សម្ពាធ​មួយ​ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច បូក​បញ្ចូល​គ្នា​ជា​បក្ស​តែ​មួយ​ឡើង​វិញ។ លោក​បណ្ឌិត មាស នី បន្ត​ថា ស្រប​ពេល​លទ្ធផល​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​មាន​សំឡេង​គាំទ្រ​កាន់​តែ​ប្រកៀកប្រកិត​គ្នា ហើយ​ជា​សញ្ញា​មួយ​មិន​អាច​ធ្វើ​ឲ្យ​គណបក្ស​មួយ​ទទួល​បាន​ជ័យជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី​ដូច​កាល​មុន​ទៀត​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ។ លោក​សង្ស័យ​ថា គណបក្ស​កាន់​អំណាច​កំពុង​ត្រៀម​យុទ្ធសាស្ត្រ​ទី​២ ប្រសិន​បើ​បក្ស​ខ្លួន​មិន​អាច​ទទួល​សំឡេង​ឆ្នោត​គាំទ្រ​គ្រប់គ្រាន់​ចំនួន ៥០+«ជា​ធម្មតា យុទ្ធសាស្ត្រ​គណបក្ស​នយោបាយ គឺ​តែង​មាន​គិត​ឈ្នះ​ទាំងស្រុង ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី និង​ឈ្នះ​ប្រកៀកប្រកើយ ដូច្នោះ​គេ​ត្រូវ​គូប្រកួត​មួយ​ទៀត គឺ​ភាគី​ទី​៣ មក​ជួយ»

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​រូប​នេះ​បញ្ជាក់​ថា ចំណែក​គណបក្ស​ប្រឆាំង​ដែល​ហាក់​មិន​អាច​មាន​លទ្ធភាព​ឈ្នះ​ការ​បោះឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​បាន គឺ​មិន​បាន​រៀបចំ​យុទ្ធសាស្ត្រ​ទី​ពីរ​ដូច​បក្ស​កាន់​អំណាច​នេះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល