គណបក្ស​ ហ៊្វុនស៊ិនប៉ិច​ ថា ការ​​បណ្ដេញ​​មន្ត្រី​​កំពូលៗ​ ចេញ​ពី​​បក្ស​​ដោយសារ​​ពួក​គេ​​គ្មាន​​វិន័យ

ថន ថារ៉ូ
2018.08.24
នរោត្ដម ចក្រាវុធ ៦២២ ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ព្រះរាជ​បុត្រា​ច្បង​របស់​ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ។
Screenshot

គណបក្ស​ហ៊្វុនស៊ិនប៉ិច​អះអាង​ថា ការ​បណ្ដេញ​អតីតមន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន ចេញ​ពី​គណបក្ស​នោះ ជា​ការ​សម្រេច​ព្រះទ័យ​របស់​ប្រធាន​ស្តីទី​គណបក្ស ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ដែល​ផ្នែក​មួយ​នៃ​កំណែទម្រង់​ផ្ទៃក្នុង​បក្ស។ អតីត​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជឿ​ថា គណបក្ស​នេះ​គ្មាន​ថ្ងៃ​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ឡើយ ដរាបណា​នៅតែ​ធ្វើ​នយោបាយ​កំដរ​បក្ស​កាន់​អំណាច​នោះ។

អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ណុប សុធារិទ្ធិ អះអាង​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២៤ សីហា​ថា ការ​បណ្ដេញ​អតីត​មន្ត្រី​ជាន់ខ្ពស់ ៤​រូប ចេញ​ពី​គណបក្ស​នេះ គឺ​ដោយសារ​ពួកគេ​គ្មាន​វិន័យ និង​បាន​ប្រព្រឹត្ត​កំហុស​នៅ​ក្នុង​បក្ស៖ «ជា​ការ​ឈ្វេងយល់​របស់​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ចំពោះ​បុគ្គល​ដែល​ធ្វើ​ខុស​គ្មាន​វិន័យ​នៅ​ក្នុង​បក្ស»

អតីត​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ៤ រូប រួមមាន លោក យូ ហុកគ្រី លោក ប៉ោ ប៊ុនស្រ៊ឺ លោក ញ៉េប ប៊ុនជិន និង​លោក វ៉ាន់ សុផាន់ណា ត្រូវ​បាន​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ បណ្ដេញ​ចេញពី​បក្ស​កាល​ពី​ថ្ងៃ​ទី​២០ សីហា គឺ​ក្រោយ​ពេល ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បាន​ចេញ​លិខិត​បញ្ចប់​មុខតំណែង អនុប្រធាន​គណបក្ស និង​មុខតំណែង​ផ្សេងៗ​ទៀត​នៅ​ក្នុង​បក្ស ដោយ​កំណត់​ឱ្យ​អតីត​អនុប្រធាន​បក្ស​ទាំង ៣ ទៅ​ធ្វើ​ជា​សមាជិក​ក្រុមប្រឹក្សា​ព្រឹទ្ធាចារ្យ​គណបក្ស​វិញ តែ​អ្នក​ទាំង ៣ មិន​សុខចិត្ត និង​បាន​ប្រកាស​លា​ឈប់​ពីមុខ​តំណែង​សមាជិក​ក្រុមប្រឹក្សា​ព្រឹទ្ធាចារ្យ ដោយ​សុំ​ធ្វើ​ត្រឹម​សមាជិក​ធម្មតា​វិញ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អតីតមន្ត្រី​ជាន់ខ្ពស់​ហ៊្វុនស៊ិនប៉ិច​ទាំង ៤ រូប ដើម្បី​ឆ្លើយតប​នឹង​ការ​ចោទប្រកាន់​របស់​គណបក្ស​បាន​ឡើយ នៅ​ថ្ងៃ​ទី២៤ សីហា ដោយ​មិន​មាន​លេខ​ទូរស័ព្ទ​ទាក់ទង និង​ខ្លះ​ទៀត​មិន​លើក​ទូរស័ព្ទ។ ក៏ប៉ុន្តែ​អតីត​អនុប្រធាន​គណបក្ស​លោក ញ៉េប ប៊ុនជិន បាន​ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី២៣ សីហា ថា ការ​បណ្តេញ​ពួក​លោក​ចេញពី​បក្ស​នេះ ធ្វើឡើង​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់ និង​ខុស​លក្ខន្តិកៈ​របស់​គណបក្ស។ លោក​ចាត់ទុកថា នេះ​ជា​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ពួក​លោក​ដែល​ជា​អ្នកមាន​ភក្ដីភាព និង​មាន​អតីតភាព​រាប់​សិប​ឆ្នាំ​ជាមួយ​គណបក្ស។

អតីត​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ដែល​បាន​ដើរ​ចេញពី​គណបក្ស​នេះ​ប្រមាណ ១០​ឆ្នាំ​ទៅ​ហើយ​នោះ ថ្លែង​ថា លោក​មិន​គាំទ្រ​ចំពោះ​ការ​បញ្ចប់​មុខតំណែង និង​សមាជិកភាព​របស់​អតីតមន្ត្រី​ជាន់ខ្ពស់​ទាំង ៤ រូប​នោះ​ឡើយ។ លោក​ថា​ពួកគេ​ជា​អ្នក​ដែល​បាន​តស៊ូ​បម្រើ​គណបក្ស​នេះ​ជា​យូរ​មក​ហើយ ហើយ​ជា​អ្នកមាន​ភក្ដីភាព​ជាមួយ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទៀត​ផង។ លោក​ថា​អ្នក​ដែល​គ្មាន​វិន័យ និង​មិន​ស្មោះត្រង់​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ពិតប្រាកដ​នោះ គឺ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​ជា​ប្រធាន​គណបក្ស​ទៅវិញ​ទេ ព្រោះ​ទ្រង់​បម្រើ​នយោបាយ​ឱ្យ​លោក ហ៊ុន សែន រហូត​មក៖ «គាំទ្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​តាំងពី​ឆ្នាំ ១៩៨០​មក ហើយ​មិន​គួរ​មក​ចោទ​ពេល​នេះ​ថា ពួកគាត់​មិន​ស្មោះស្ម័គ្រ ចិត្ត​មិន​ត្រង់។ មេ​បក្ស​ហ៊្វុនស៊ិនប៉ិច​ហ្នឹង​ទេ ដែល​ចិត្ត​មិន​ត្រង់​នោះ ព្រោះ​អែប​សម្ដេច ហ៊ុន សែន រហូត។ រឿង​ហ្នឹង​វា​អ៊ីចឹង​តើ ក្បាលម៉ាស៊ីន​ទៅ​ហើយ អ្នក​ក្រោម​ប្រាកដជា​ទៅតាម»

លោក​បន្ថែម​ថា ការតែងតាំង​បុត្រា​របស់​ទ្រង់​ឱ្យ​កាន់​តំណែង​ជា​ប្រធាន​ស្តីទី​គណបក្ស​នោះ ក៏​ជា​ការ​ធ្វើ​ខុស​លក្ខន្តិកៈ​បក្ស​ផង​ដែរ ព្រោះ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ មិនមែន​ជា​សមាជិក​គណបក្ស ហើយ​ក៏​គ្មាន​អតីតភាព​ជាមួយ​គណបក្ស​ផង​ដែរ ផ្ទុយទៅវិញ ប្រធាន​ស្ដីទី​គណបក្ស​គួរតែ​ជ្រើសរើស​ចេញពី​ក្នុងចំណោម​អនុប្រធាន​ទាំង ៣​រូប មិនមែន​ជា​ការ​បញ្ចប់​មុខតំណែង​ពួកគេ ហើយ​រហូត​ដល់​បណ្ដេញ​ពួកគេ​ចេញពី​បក្ស​បែប​នេះ​ឡើយ។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ បាន​យាង​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ។ អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ណុប សុធារិទ្ធិ បញ្ជាក់​ថា គណបក្ស​របស់​លោក​គាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​បង្កើត “​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​” របស់​លោក ហ៊ុន សែន ដោយ​យល់ថា នេះ​ជា​យន្តការ​ដែល​គណបក្ស​អាច​ចូលរួម​ជួយ​តម្រង់​ទិស​របប​ក្រុងភ្នំពេញ​ចំពោះ​ការ​អនុវត្ត​តួនាទី​របស់​ខ្លួន។ លោក​ជឿ​ថា ក្រោម​ការដឹកនាំ​របស់​ទ្រង់ ចក្រាវុឌ្ឍ គណបក្ស​ហ៊្វុនស៊ិនប៉ិច​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ឡើង​វិញ។

ទោះជា​យ៉ាងណា លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ជឿជាក់​ថា ការ​ចូលរួម​នេះ គឺ​ដើម្បី​គ្រាន់តែ​ទទួល​បាន​តំណែង​ពី​លោក ហ៊ុន សែន ប៉ុណ្ណោះ។ លោក​សង្កត់ធ្ងន់​ថា គណបក្ស​រាជានិយម​នេះ​គ្មាន​អនាគត​ឡើយ ដរាបណា​នៅតែ​ធ្វើ​នយោបាយ​បម្រើ​ឱ្យ​គណបក្ស​កាន់អំណាច​របស់​លោក ហ៊ុន សែន បែប​នេះ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។