គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បដិសេធ​ថា​ពុំ​ដែល​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ពី​គណបក្ស​កុម្មុយនិស្ត​ចិន

ដោយ សេក បណ្ឌិត
2017-12-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
និមិត្ត​សញ្ញា​គណបក្ស​ហ៊្វុនស៊ិនប៉ិច
និមិត្ត​សញ្ញា​គណបក្ស​ហ៊្វុនស៊ិនប៉ិច
screenshot

គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ដឹកនាំ​ដោយ​ទ្រង់ រណឫទ្ធិ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ច្រាន​ចោល​ព័ត៌មាន​ថា ទ្រង់ រណឫទ្ធិ សុំ​ជំនួយ​ហិរញ្ញវត្ថុ​ពី​គណបក្ស​កុម្មុយនិស្ត​ចិន។

ការ​បដិសេធ​នេះ ក្រោយ​ពេល​មាន​មតិ​ជា​ច្រើន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ផ្លូវច្បាប់​ទៅ​លើ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ព្រោះ​ថា ការ​ស្នើ​សុំ​ជំនួយ​បរទេស​អាច​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់​ជាតិ​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ចោទ​ប្រកាន់​ពី​ទំនាក់ទំនង​នឹង​បរទេស។

​សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ​បញ្ជាក់​ថា នៅ​ក្នុង​ជំនួប​ជាមួយ​ភាគី​ចិន នៅ​សណ្ឋាគារ Intercontinental កាល​ពី​ថ្ងៃ​ទី​២៥ ធ្នូ ទ្រង់ រណឫទ្ធិ បាន​មាន​ព្រះបន្ទូល​ប្រាប់​គណៈប្រតិភូ មេដឹកនាំ​ចិន ពី​ចំណង​មេត្រីភាព​រវាង​ព្រះ​បរម​រតន​កោដ្ឋ ជាមួយ​ថ្នាក់ដឹកនាំ​គ្រប់​ជំនាន់​របស់​បក្ស​កុម្មុយនិស្ត​ចិន។ សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ថា ពេល​នោះ​ទ្រង់ រណឫទ្ធិ បាន​ថ្លែង​អំណរគុណ​មហាមិត្ត​ចិន ដែល​បាន​ជួយ​ពិនិត្យ​ព្រះរាជ​សុខភាព និង​ព្យាបាល​ព្រះរោគ​ថ្វាយ​ព្រះមហាក្សត្រ។ ក្រៅ​ពី​នេះ គណបក្ស​កុម្មុយនិស្ត​ចិន ធ្លាប់​ផ្តល់​ជំនួយ​ជា​ម៉ាស៊ីន​ជីក​អណ្ដូង ម៉ាស៊ីន​បូម​ទឹក គ្រឿង​ម៉ាស៊ីន​កសិកម្ម ដែល​ត្រូវ​បាន​ខូចខាត​អស់​ហើយ និង​ឧបករណ៍​ផ្សេងៗ​ទៀត​តាម​រយៈ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាល​ពី​នៅ​ក្នុង​រាជ​រដ្ឋាភិបាល​ជម្រុះ​ក្នុង​អាណត្តិ​ទី​១​ម្ល៉េះ។ ទោះ​បី​យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​ការ​ផ្ដល់​បទសម្ភាសន៍​ដល់​ក្រុម​អ្នក​កាសែត​នៅ​ក្រោយ​ជំនួប​កាល​ពី​ថ្ងៃ​ទី​២៥ ធ្នូ នោះ ទ្រង់ នរោត្តម រណឫទ្ធិ ឲ្យ​ដឹង​ថា ទ្រង់​បាន​ដាក់​សំណើ​ទៅ​កាន់​ប្រធាន​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សង្គម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក វ៉ាង វៃគួង ឲ្យ​ជួយ​ដល់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។

​តាម​រយៈ​ខ្លឹមសារ​នៃ​បន្ទូល​របស់​ទ្រង់​ រណឫទ្ធិ បែប​នេះ អ្នក​វិភាគ​នយោបាយ និង​សង្គម​ស៊ីវិល​មើល​ឃើញ​ថា គណបក្ស​រាជា​និយម​មួយ​នេះ នឹង​មិន​ចំណេញ​ប្រជាប្រិយភាព​នោះ​ទេ ផ្ទុយ​ទៅ​វិញ ពួកគាត់​យល់​ថា ការ​សុំ​ជំនួយ​ពី​ប្រទេស​ចិន នឹង​ធ្វើ​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ប្រឈម​នឹង​ការ​អនុវត្ត​តាម​ផ្លូវ​ច្បាប់ ពីព្រោះ​សំណើ​នេះ​បាន​ប្រឆាំង​ទៅ​នឹង​ច្បាប់​គណបក្ស​នយោបាយ​ថ្មី ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​ច្បាប់​ឲ្យ​មាន​ស្តង់ដារ​តែមួយ ដូច​អនុវត្ត​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ កន្លង​នោះ ក្រសួង​មហាផ្ទៃ​ មិន​ចាំបាច់​ស៊ើប​អង្កេត​នោះ​ទេ គឺ​អាច​ដាក់ពាក្យ​ប្ដឹង​ទៅ​តុលាការ​កំពូល​បាន​ក្នុង​ករណី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ទទួល​ជំនួយ​ពី​ប្រទេស​ចិន នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អាប្រុញ

ទ្រង់ រណឫទ្ធិបានថ្លែងពីថ្ងៃមុនថាចិននឹងផ្តល់ជំនួយដល់
ទ្រង់ អ្នកវិភាគនយោបាយយល់ឃើញថាបើទ្រង់នឹងទទួល
ជំនួយពីចិនមែននោះ នោះនឹងខុសច្បាប់ហើយបក្សរបស់
ទ្រង់នឹងត្រូវគេរំលាយចោល។

Dec 28, 2017 07:53 AM

គេហទំព័រ​ទាំងមូល